កូនស្រីម្នាក់ត្រូវបានសម្លាប់ និងកូនស្រីម្នាក់ទៀតបាត់ដំណឹង

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

នាងខ្ញុំមានឈ្មោះ នួន ឃុត[1] កើតឆ្នាំ១៩១៨ នៅភូមិបញ្ញជី ឃុំត្បូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។​ ខ្ញុំមានប្ដីឈ្មោះ ជី​ ជិន បានស្លាប់ក្នុងអំឡុងឆ្នាំ ១៩៩០។​ ខ្ញុំមានកូនសរុប ៤នាក់ ស្រី៣ តែនៅសល់តែម្នាក់ទេ ដោយកូនប្រុសបានស្លាប់តាំងពីមានអាយុ ៤ឆ្នាំ ហើយកូនស្រី ២នាក់ទៀតស្លាប់ក្នុងជំនាន់ខ្មែរក្រហម។ កូនស្រីបងបង្អស់របស់ខ្ញុំ ម្នាក់ឈ្មោះ ជិន វី បានចូលបដិវត្តន៍ជាមួយប្រធានកងខ្មែរក្រហមម្នាក់ឈ្មោះ ឈុំ តែពេលនោះឈ្មោះ ឈុំ នោះមិនបានបង្ខំ ឬមកយកអ្វីនោះទេ គឺដោយសារឃើញគេចូលច្រើន ក៏នាំគ្នាចូលបដិវត្តន៍នោះទៅ។ នៅក្រោយរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ចេញពីអំណាចនៅក្នុងខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមបានហៅខ្លួនឯងជារដ្ឋាភិបាលរួបរួមជាតិ​កម្ពុជា ដែលរដ្ឋាភិបាលដែលបង្កើតឡើងនៅនៅទីក្រុងប៉េកាំង នៅក្នុងឆ្នាំ១៩៧០ មានសម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ។ នៅក្នុងឆ្នាំ១៩៧២​ ខ្មែរក្រហមបានត្រួតត្រា និងកាន់កាប់លើចលនាតស៊ូនេះស្ទើរតែទាំងស្រុងទៅហើយ ហើយក៏មានការគាំទ្រពីសំណាក់ប្រជាជនច្រើនផងដែរ ដោយខ្មែរក្រហមបានយកព្រះនាមព្រះបាទ សីហនុ មកប្រើប្រាស់ ទើបមានប្រជាជនជាច្រើនបានរត់ចូលព្រៃទៅចូលរួមបដិវត្តន៍ជាមួយខ្មែរក្រហម។[2]

នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់​មួយតាមទីជនបទប្រទេសកម្ពុជា។ ក្រោយពេលដែលខ្មែរក្រហមបានចូលកាន់កាប់តាមតំបន់ទាំងអស់នោះហើយ ខ្មែរក្រហមបានប្រកាសប្រាប់ប្រជាជនពីចលនាបដិវត្តន៍របស់ខ្លួន ហើយស្របនឹងការអំពាវនាវ របស់សម្តេចព្រះ នរោត្តម សីហនុ នៅប្រទេសចិន កាលពីឆ្នាំ១៩៧០ ទៀតនោះ ប្រជាជននៅតាមទីជនបទភាគច្រើន ជាពិសេសយុវជន បានសម្រេចចិត្តរត់ចូលព្រៃដើម្បីធ្វើការតស៊ូជាមួយក្រុមទាហានខ្មែរក្រហម។ នៅក្នុងកំឡុងពេលនោះដែរ ក៏ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងរបស់អាមេរិក និងកងទ័ពសាធារណរដ្ឋខ្មែរ នៅតាមទីតាំងនានា តាមទីជនបទ និងតាមទីរួមខេត្តខ្លះផង។

នៅពេលដែលមានការទម្លាក់ម្តងៗ ខ្ញុំតែងតែរត់ចូលលេណដ្ឋានដើម្បីគេចពីការទម្លាក់គ្រាប់បែក។ នៅពេលដែលមានការទម្លាក់ អ្នកភូមិជាច្រើនត្រូវរងរបួស ហើយនៅពេលដែលគ្រាប់បែកធ្លាក់ចំភូមិវិញ ផ្ទះភាគច្រើនត្រូវបានបំផ្លាញខ្ទេចខ្ចីអស់។ មិនត្រឹមតែលំនៅដ្ឋានរបស់ប្រជាជនទេ សូម្បីតែវត្តអារាម ក៏ត្រូវបានបំផ្លាញដែរនៅពេលដែលគ្រាប់បែកធ្លាក់ត្រូវនោះ សូម្បីព្រះវិហារ ឬព្រះពុទ្ធប្បដិមា ក៏ត្រូវបំផ្លិចបំផ្លាញគ្មានសល់ដែរ។

នៅអំឡុងឆ្នាំ១៩៧៥​ ខ្ញុំបានទទួលដំណឹងថា កូនស្រីទីមួយរបស់ខ្ញុំ ដែលមានឈ្មោះ ជិន វី ត្រូវខ្មែរក្រហមជ្រើសរើសឲ្យធ្វើជាគ្រូពេទ្យនៅទីក្រុងភ្នំពេញ។ ខ្ញុំបានដឹងដំណឹងពេលដែលនាងបានមកលេងផ្ទះ។ នៅពេលកូនស្រីរបស់ខ្ញុំឈ្មោះ វី វិលត្រឡប់ទៅវិញ នាងបានយកប្អូនស្រីរបស់នាងម្នាក់ទៀត ឈ្មោះ ជិន វឿត ទៅធ្វើជាពេទ្យនៅមន្ទីរពេទ្យកេតុមាលាជាមួយគ្នាដែរ។ ខ្ញុំបានទៅលេងកូនទាំងពីរ នៅទីក្រុងភ្នំពេញម្ដងដែរ។ ពេលដែលខ្ញុំទៅដល់មន្ទីរពេទ្យ នឹងបានឃើញកូនស្រីទីមួយ ខ្ញុំគិតថាកូនស្រីទីមួយរបស់ខ្ញុំ ជាប្រធានមន្ទីរពេទ្យ ឬប្រធានក្រុមអ្វីមួយហើយ ដោយសារតែពេលដែលខ្ញុំបានឃើញកាំភ្លើងខ្លីមួយជាប់នឹងខ្លួនរបស់គេ ហើយកូនស្រីទីពីរ ឈ្មោះ ជិន វឿត វិញ គេធ្វើជាពេទ្យធម្មតាទេ។​ វី មានតួនាទីជាប្រធានក្រុមពេទ្យ​ នៅកងពលលេខ ៣១០[3]។ នៅពេលដែលខ្ញុំបានវិលត្រឡប់មកកាន់ខេត្តកំពង់ធំ​វិញ ខ្ញុំមិនទទួលបានដំណឹងអ្វីពីកូនស្រីទាំងពីររបស់ខ្ញុំនៅទីក្រុងភ្នំពេញនោះទេ រហូតដល់ឆ្នាំ១៩៧៦ ខ្ញុំបានទទួលដំណឹងតាមបុរសម្នាក់ឈ្មោះ អឿន ថា កូនស្រីទីមួយរបស់ខ្ញុំឈ្មោះ វី ត្រូវអង្គការចាប់យកទៅទួលស្លែងបាត់ហើយ។ ចំណែកកូនស្រីទីពីររបស់ខ្ញុំ ខ្ញុំមិនបានឮ អឿននិយាយពីគាត់ឡើយ តែនៅក្នុងការគិតរបស់ខ្ញុំ ដឹងបាត់ទៅហើយថា បើខ្មែរក្រហមចាប់បងស្រីទៅហើយ ប្អូនស្រីក៏នឹងត្រូវបានគេចាប់យកទៅដែរ។ ដំណឹងនេះខ្ញុំមិនទាន់ទុកចិត្តច្បាស់នោះទេ ព្រោះឮតែគេថា ដូចនេះខ្ញុំមិនទាន់ទុកចិត្តបាន។នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ទើបខ្ញុំបានឃើញរូបកូនស្រីទីមួយរបស់ខ្ញុំឈ្មោះ ជិន វី នៅទួលស្លែង តែសម្រាប់កូនទីពីរឈ្មោះ ជិន វឿត នៅតែមិនទាន់ទទួលបានដំណឹងអ្វីពីគេ។

ជិន ​វី មានតួនាទីជាប្រធានក្រុមពេទ្យ​ នៅកងពល៣១០ ត្រូវបានចាប់ខ្លួននៅកងពល៣១០ ថ្ងៃទី១១ ធ្នូ ១៩៧៦៕[4]

អត្ថបទដោយ លី ដេវីត

[1] ឯកសារ KTI0098 KCDC-Cam6252 បទសម្ភាសន៍ នួន ឃុត សម្ភាសន៍ដោយ វ៉ាន់ ថាន់ពៅដារ៉ា ថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០០២, ចម្លងចេញពីកាសែតដោយ លី សុខឃាង, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨

[3] ឯកសារ​ I09360

[4] ដដែល

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin