កម្មករោងចក្រឫស្សីកែវ

(កណ្ដាល)៖ អឿង ង៉ែត ភេទស្រី មានអាយុ ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ង៉ែត ជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់។
នៅរបបខ្មែរក្រហម ង៉ែត ជាយុទ្ធនារី ធ្វើការនៅរោងចក្រកាត់ដេរ នៅឫស្សីកែវ (គីឡូលេខ៦) រហូតដល់ឆ្នាំ១៩៧៩។ កម្មករទាំងអស់នៅរោងចក្រ មានចំនួនប្រហែលមួយពាន់នាក់ ដែលភាគច្រើនមកពីភូមិភាគបូព៌ា។ ង៉ែត បានបែកបាក់ឪពុកម្ដាយតាំងពីពេលនោះមក។
នៅពេលរបបខ្មែរក្រហមកំពុងដួលរលំ កម្មករតម្បាញនៅក្នុងរោងចក្របឹងខ្នារ បានចេញពីកន្លែងធ្វើការមុនពេលកំណត់ខុសពីធម្មតា។ ង៉ែត និងកម្មករដទៃទៀតដែលកំពុងពាក់ម៉ាស និងកាត់ដេរ ឮអំពីសភាពការណ៍ដូច្នេះ បានចេញពីរោងចក្រទៅកន្លែងសម្រាក និងប្រមូលសម្ភារផ្សេងៗ ដើម្បីគេចខ្លួន។ នៅពេលនោះ ប្រធានក្រុមរបស់ង៉ែត បាននិយាយថា «ប្រទេសជាតិកំពុងមានទុក្ខ ដូច្នេះមិត្តទាំងអស់ត្រូវចាកចេញពីទីនេះ»។ ង៉ែត និយាយថា គាត់មានទូក និងថូផ្កាពណ៌បៃតង លំអដោយផ្កាក្រដាស ប៉ុន្តែគាត់មិនអាចយកសម្ភារទាំងនោះមកតាមខ្លួនបាន។ ង៉ែត បន្តថា ថូផ្កាទាំងនោះ គឺទុកសម្រាប់ភ្ញៀវជនជាតិចិន មកទស្សនកិច្ចនៅរោងចក្រ។ ង៉ែត បានចាក់សោររបស់របរទាំងនោះទុក និងរត់ចេញទៅដោយមិនបានយកអ្វីទៅតាមខ្លួននោះទេ។
នាថ្ងៃនោះ នៅម៉ោង៨យប់ ង៉ែត បានធ្វើដំណើរជាមួយកម្មករដទៃទៀត ឆ្ពោះទៅពោធិ៍ចិនតុង និងសម្រាកនៅតាមផ្លូវ។ ពេលកំពុងសម្រាក ង៉ែត បានឮសំឡេងរថក្រោះ។ ដូច្នេះ ង៉ែត ក៏ធ្វើដំណើររហូតដល់កំពង់ស្ពឺ ទាំងមិនបានសម្រាក។ នៅតាមផ្លូវ ង៉ែត បានជួបកម្មកររោងចក្រនៅទីនេះ ដែលបានឲ្យឪឡឹកបីផ្លែដល់កម្មករជាង៣០នាក់ ហូបដើម្បីធ្វើដំណើរបន្ត។ កម្មករនៅទីនោះ ប្រាប់គាត់ឲ្យធ្វើដំណើរទៅត្រពាំងក្រឡឹង ទើបមានបាយហូប។
ស្អែកឡើង នៅម៉ោង៤ល្ងាច បន្ទាប់ពីហូបបាយនៅត្រពាំងក្រឡឹងរួច ង៉ែត និងកម្មករដែលមកជាមួយគ្នា ត្រូវធ្វើដំណើរតាមព្រៃភ្នំទាំងយប់ឆ្ពោះទៅក្រាំងក្រវ៉ាយ។ ង៉ែត រស់នៅទីនោះបានកន្លះខែ ដោយធ្វើការស្ទូងស្រូវ និងបុកអង្ករ ដើម្បីបានបាយហូប។
ក្រោយមក ង៉ែត បន្តដំណើរតាមភ្នំត្រាង ឆ្ពោះទៅសំឡូត ចេញទៅប៉ៃលិន ដោយគ្មានអាហារ និងកើតជំងឺគ្រុនចាញ់តាមផ្លូវ។ ដល់ស្ពានអូរប៉ៃលិន មានយោធាខ្មែរក្រហមយកដូង, អំពៅ និងចេក ចែកដល់ ង៉ែត និងកម្មករផ្សេងទៀត។ បន្ទាប់មក ង៉ែត ក៏ធ្វើដំណើរទៅបឹងបេង និងឆ្លងទៅប្រទេសថៃ ធ្វើជាអ្នកដាំបន្លែ។
អ្វីដែល ង៉ែត ចងចាំមិនភ្លេចនៅរបបខ្មែរក្រហមនោះ គឺ នៅពេលគាត់ទៅបូមឈាមឲ្យយុទ្ធជននៅពេទ្យរុស្សី។ ង៉ែត មិនបានដឹងថាឪពុកម្ដាយគាត់កំពុងព្យាបាលនៅទីនោះទេ។ ក្រោយមក ទើបគាត់ដឹងតាមរយៈប្រធានរោងចក្រថា មានបងប្អូនធ្វើជាកងចល័តនៅស្វាយរលំ ផ្ញើសំបុត្រមកថាឪពុកម្ដាយគាត់ស្លាប់ ដោយសារជំងឺនៅពេទ្យរុស្សី។ ង៉ែត សាកស្ដាយដែលគាត់មិនបានដឹង និងទៅជួបឪពុកម្ដាយជាលើកចុងក្រោយ។
សព្វថ្ងៃ ង៉ែត ជួបការលំបាកដោយសារជាស្ត្រីមេម៉ាយ និងមានជំងឺប្រចាំកាយ។ ង៉ែត សង្ឃឹមថា អ្នកជំនាន់ក្រោយនឹងបានសិក្សារៀនសូត្រពីរបបខ្មែរក្រហម៕
សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥