សម័យខ្មែរក្រហម គ្មានកុមារចង់រៀននោះទេ
(រតនគិរី)៖ អុញ ណាង មានអាយុ ៧៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ អុញ ណាង ជាជនជាតិដើមភាគតិចកាវែតដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។
អុញ ណាង បានរៀបរាប់ថា នៅសម័យខ្មែរក្រហម ប្រជាជនទាំងអស់ត្រូវបានបែងចែកឲ្យរស់នៅតាមអាយុ និងភេទ នៅក្នុងសហករណ៍នីមួយៗ។
នៅសម័យនោះ គាត់គឺជាគ្រូពេទ្យម្នាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវដើររកស្លឹកឈើ និងវល្លិរុក្ខជាតិនៅក្នុងព្រៃជ្រៅ សម្រាប់ធ្វើថ្នាំបុរាណដើម្បីព្យាបាលប្រជាជននៅក្នុងសហករណ៍។ ក្រៅពីនោះ គាត់ត្រូវបោសសម្អាតផ្ទះ និងកន្លែងធ្វើការ។ ថ្ងៃខ្លះ គាត់ត្រូវធ្វើការប្រជុំឃោសនាអំពីអនាម័យក្នុងការរស់នៅក្នុងសហករណ៍។
ក្រោយមក អុញ ណាង ត្រូវបានអង្គការខ្មែរក្រហមចាត់តាំងឲ្យធ្វើជានារីឃុំ ដោយគាត់ត្រូវចុះតាមដានប្រជាជននៅពេលកំពុងធ្វើការ និងធ្វើដំណើរទស្សនកិច្ចតាមភូមិឃុំផ្សេងៗដូចជា ភូមិឡាម៉ឺយ ភូមិរ៉ក ភូមិឡាឡៃ និងភូមិត្រាក់ ដើម្បីតាមដានប្រជាជនក្នុងភូមិទាំងនោះនិងកំណត់ថាភូមិណាធ្វើការយឺត ភូមិណាធ្វើការបានលឿន។
បន្ទាប់ពីធ្វើការជានារីឃុំអស់រយៈពេលជិតពីរឆ្នាំ គាត់បានលាឈប់ពីការងារ និងត្រឡប់មកធ្វើការតាមសហករណ៍វិញ។ គាត់ត្រូវជីកប្រឡាយ លើកទំនប់នៅភូមិកាលឹម និងបន្តទៅលើកទំនប់នៅភូមិអូរតាង ក្រៅពីនោះគាត់ត្រូវដកសំណាប ស្ទូងស្រូវ និងបង្ហូរទឹកដាក់តាមស្រែចម្ការ។
មូលហេតុដែលគាត់លាឈប់ពីការងារជានារីឃុំ គឺដោយសារខ្មែរក្រហមបានបង្ខំឲ្យគាត់សម្លាប់មនុស្ស និងធ្វើទារុណកម្មទៅលើប្រជាជនស្លូតត្រង់។
របបអាហារនៅសម័យខ្មែរក្រហម គឺគ្មានអ្វីក្រៅពីបាយចំនួនពីរវែក លាយជាមួយទឹកប្រហុក និងជួនកាលមានបន្លែលាយជាមួយសាច់ត្រីបន្តិចបន្តួចប៉ុណ្ណោះ ដែលប្រជាជនហូបមិនគ្រប់គ្រាន់នោះទេ។
នៅសម័យខ្មែរក្រហម គឺគ្មានសាលារៀន និងសម្ភាររៀនសូត្រគ្រប់គ្រាន់នោះទេ មានតែធ្យូង និងក្តារឆ្នួនសម្រាប់រៀនសរសេរអក្សរខ្មែរប៉ុណ្ណោះ។ កុមារត្រូវរៀនសូត្រក្រោមម្លប់ដើមឈើនៅតាមវាលស្រែ ដោយគ្មានគ្រូបង្រៀន ដែលមានសមត្ថភាពនោះទេ ដូច្នេះគា្មនកុមារណាម្នាក់ចង់រៀននោះទេ ដោយសារអស់កម្លាំង និងតែងតែឃ្លានបាយគ្រប់ពេលវេលា៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤