ប៉ិច មិន៖ បើមានថ្នាំលេបហើយបំភ្លេចកូនបាន គាត់នឹងទិញលេបភ្លាម

ឈ្មោះ ប៉ិច មិន[1] អាយុ៧៩ឆ្នាំ(២០០៣) រស់នៅភូមិត្រពាំងរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ មិន មានប្ដីឈ្មោះ អិត មុយ និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ ប្ដីរបស់មិន ស្លាប់នៅអំឡុងឆ្នាំ២០០០។ ក្នុងចំណោមកូន ៥នាក់ មាន៣នាក់បាត់ដំណឹង និង២នាក់ទៀតរស់នៅខេត្តបាត់ដំបង។ កូនរបស់ មិន ឈ្មោះ ណូយ បាត់ដំណឹង, ឈ្មោះ នីម ហៅភាព រស់នៅបាត់ដំបង, ឈ្មោះ រឹម បាត់ដំណឹង, រិន រស់នៅបាត់ដំបង និងញ៉េ[2] បាត់ដំណឹង។
នៅក្នុងសម័យខ្មែរក្រហម កូនទាំងអស់របស់មិន បានស្ម័គ្រចិត្តចូលបដិវត្តន៍ តាមការឃោសនារបស់អង្គការ។ មិន ត្រូវរស់នៅក្នុងសហករណ៍ម្នាក់ឯង ព្រោះប្ដីរបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យទៅក្នុងកងឃុំ ដើម្បីធ្វើបង្គី និងនង្គ័ល ដាក់សហករណ៍ ហើយរយៈពេល១សប្ដាហ៍ ឬកន្លះខែទើបគាត់អាចមកសម្រាកនៅផ្ទះបានមួយយប់។
មិន បានឲ្យដឹងថា គាត់មានបំណងសុំអង្គការទុកកូនស្រីពៅឲ្យរស់នៅជាមួយខ្លួន ព្រោះកូនគាត់នៅតូច មានអាយុត្រឹមតែ១០ឆ្នាំ ប៉ុន្តែត្រូវបានអង្គការបដិសេធ ហើយណាមួយ ញ៉េ ខ្លួនឯងចង់ចេញទៅធ្វើការងារជាមួយក្មេងផ្សេងទៀតនៅក្នុងភូមិ។ ញ៉េ បានចេញពីផ្ទះ ទៅរស់នៅក្នុងកងកុមារជាមួយឈ្មោះ ផន ជាប្រធានក្រុម។ នៅក្នុងកងកុមារ ញ៉េ ធ្វើការងារប្រមូលសំរាម, រកជី និងរើសអាចម៍គោ។ នៅពេលដែល ញ៉េ ចេញទៅដំបូងៗ គាត់អាចសុំអង្គការមកសម្រាកនៅផ្ទះមួយយប់ក្នុងមួយសប្ដាហ៍ ប៉ុន្តែក្រោយមក មិន មិនឃើញកូនត្រលប់មកផ្ទះទៀតទេ ហើយគាត់ក៏មិនដឹងថាកូនទៅធ្វើការងារនៅទីណាដែរ។
បន្ទាប់មក ឈ្មោះទង បានទៅជួប ញ៉េ ដោយចៃដន្យនៅពេទ្យ ៦ មករា ក្នុងទីក្រុងភ្នំពេញ នៅពេលដែលគាត់ទៅសម្រាកព្យាបាលជំងឺហើមពោះ(ពោះកាន់តែធំៗ)។ នៅពេលដែលបានជួបអ្នកស្គាល់គ្នា ញ៉េ បានផ្ដាំឲ្យ ទង មកប្រាប់ម្ដាយថាខ្លួននឹងត្រលប់មកលេងផ្ទះនៅក្នុងខែ កញ្ញា។ ពេលឮដូច្នេះ មិន សប្បាយចិត្តណាស់ ហើយចាំផ្លូវកូនរាល់ថ្ងៃ ប៉ុន្តែ ញ៉េ មិនបានត្រលប់មក និងបាត់ដំណឹងចាប់ពីពេលនោះមក។
នៅក្នុងសហករណ៍ អង្គការចាត់តាំង មិន និងនារីចំណាស់២នាក់ទៀត ឲ្យធ្វើការមើលក្មេងធំល្មម ដែលទើបតែចេះដើរចំនួន៧នាក់ នៅក្នុងភូមិ។ ក្នុងចំណោម យាយមើលក្មេង៣នាក់ មិន មានអាយុច្រើនជាងគេ។ ជារៀងរាល់ថ្ងៃ មិន ត្រូវធ្វើការ បញ្ចុកបបរ៣ពេល, ងូតទឹក និងដាក់ឲ្យកុមារដេក។ មិន ត្រូវមើលកុមារចាប់ពីពេលព្រឹកម្ដាយចេញទៅធ្វើការងារ រហូតដល់ម៉ោងប្រមាណ ១០យប់។ ចំពោះក្មេងៗដែលនៅតូចខ្លាំង ឬនៅបំបៅដោះ មានយាយផ្សេងទៀតមើលថែ។ ក្មេងដែល មិន មើលថែភាគច្រើនគឺជាកូនរបស់ប្រជាជនថ្មី និងមិនសូវមានជំងឺអ្វីទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីខ្មែរក្រហមដួលរលំ ប្ដីរបស់មិន បានត្រលប់មកជួបប្រពន្ធវិញ លើកលែងតែកូនទាំង៥នាក់របស់គាត់។ មិន និងប្ដី ចាប់ផ្ដើមស៊ើបសួរដំណឹងពីកូនរបស់គាត់តាមរយៈប្រជាជនដែលត្រលប់មកភូមិវិញ និងប្រកបរបររកស៊ីវេញខ្សែ និងដឹកអុសលក់ ចិញ្ចឹមជីវិតបន្តទៀត។ មិន បានសួរដំណឹងកូន រហូតបានជួបជាមួយអ្នកដែលធ្វើការងារជាមួយកូនឈ្មោះណូយ និងអ្នករត់ភៀសខ្លួនជួបកូនឈ្មោះរីម។ ប្រជាជនដែលត្រលប់ចូលភូមិ បានប្រាប់ មិន ថាកូនរបស់គាត់ឈ្មោះរីម គឺអង្គការសម្លាប់បាត់ទៅហើយ ប៉ុន្តែកូនឈ្មោះណូយ គឺកំពុងតែព្យាបាលជំងឺហើមនៅលើភ្នំមួយ(មិនស្គាល់ឈ្មោះ) ទើបមិនអាចត្រលប់មកផ្ទះវិញបាន។ ពេលឮដូច្នេះ មិន ចាំមើលផ្លូវកូនបន្តទៀត និងព្យាយាមរកហោរាទាយពីដំណឹងកូនផ្សេងទៀត។ នៅពេលដែល មិន ទៅរកហោរ គ្រូទាយថាកូនរបស់គាត់នឹងវិលត្រលប់មកផ្ទះវិញ ទើបធ្វើឲ្យគាត់មានសង្ឃឹមចាំកូនបន្តទៀត។
មិន បានឲ្យដឹងថា ប្រសិនបើមានថ្នាំផឹកទៅកុំឲ្យនឹកកូន គាត់នឹងទិញហូបភ្លាម ព្រោះគាត់នឹកអាណិតកូនខ្លាំងពេក។ នៅឆ្នាំ១៩៩៣ មិន បានទទួលដំណឹងពីកូនឈ្មោះ នីម ហៅភាព និងរិន ថានៅត្រពាំងធំ។ ពេលដឹងដំណឹង មិន បានផ្ដាំទៅអ្នកស្គាល់ថា ឲ្យកូនរបស់គាត់ត្រលប់មកផ្ទះវិញ។ មិន បានជួបជាមួយ នីម និងរិន ជាលើកដំបូងបន្ទាប់ពីមានការបោះឆ្នោតលើកទី១ ឆ្នាំ១៩៩៣។ ពេលមកដល់ផ្ទះ កូនទាំង២នាក់របស់មិន បានប្រាប់ថាខ្លួនរស់នៅសំពៅលូន ខេត្តបាត់ដំបង។ មូលហេតុដែលគាត់មិនបានផ្ដល់ដំណឹងឲ្យម្ដាយ ដោយសារតែខ្លាចបែកការណ៍។ ក្រោយមក កូនទាំងពីរនាក់ បានត្រលប់ទៅបាត់ដំបងវិញ ហើយ មិន ត្រូវរស់នៅជាមួយប្ដី ប៉ុន្តែនៅពេលប្ដីស្លាប់ ទើបគាត់ទៅរស់នៅជាមួយក្មួយ៕
អត្ថបទដោយ ភា រស្មី
[1] ឯកសារលេខ TKI0075, កិច្ចសម្ភាសជាមួយ ប៉ិច មិន, នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៣ ដោយ អ៊ីសា ឧស្មាន។
[2] ឯកសារលេខ I05242, ពិនិត្យប្រវត្តិរូបបដិវត្តរបស់ស.មមិត្ត អ៊ីន ញ៉េ, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងប្រវត្តិរូប ញ៉េ មានឈ្មោះបដិវត្ត អ៊ិត សារ៉ាន់, អាយុ១៥ឆ្នាំ, អ្នកនាំចូលបដិវត្តគឺជាប្រធានភូមិ។