ក្រុមត្បាញកន្ទេល
(រតនគិរី)៖ ផើវ ឡាំ មានអាយុ ៧៣ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
នៅសម័យខ្មែរក្រហម ផើវ ឡាំ ត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅខេត្តកំពង់ធំ។ នៅទីនោះ ផើវ ឡាំ ត្រូវរស់នៅតាមសហករណ៍តូចមួយ ដែលមានចំនួន៣ គ្រួសារ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។ បន្ទាប់មកគាត់ត្រូវបានបែកបាក់គ្រួសារ ដោយទៅតាមក្រុមត្បាញកន្ទេល ចំណែកឪពុករបស់គាត់ត្រូវទៅយាមនៅចម្ការដំឡូង និងដឹកជញ្ជូនស្មៅឲ្យគោស៊ី និងប្តីរបស់គាត់ ត្រូវធ្វើការនៅតាមរោងគោ និងរោងក្របី។
ជារៀងរាល់ព្រឹកខ្មែរក្រហមវាយជួង ដើម្បីឲ្យប្រជាជនងើបទៅធ្វើការតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ទើបបានសម្រាក និងហូបបាយ និងបន្តទៅធ្វើការរហូតដល់ពេលយប់។
សម័យនោះប្រជាជនត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដោយគា្មនពេលសម្រាក និងគ្មានការហូបចុកគ្រប់គ្រាន់។ នៅក្នុងសហករណ៍របស់គាត់ គឺហូបបបររាវលាយជាមួយបន្លែបន្តិចបន្តួចមានដូចជាត្រកួន មើមដំឡូង និងដើមចេក។ នៅថ្ងៃខ្លះប្រជាជនមានផ្លែកន្តួតព្រៃសម្រាប់ហូបក៏មាន។ នៅថ្ងៃអាទិត្យ ប្រជាជនមានបាយសម្រាប់ហូប ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់គ្រួសារនៅក្នុងសហករណ៍។
ផើវ ឡាំ បានបន្តថា គាត់ត្រូវដាំស្រូវ កាប់ដី ឆ្ការព្រៃសម្រាប់ធ្វើចម្ការជាដើម និងប្រមូលលាមកសត្វគោក្របីយកទៅលាយជាមួយស្មៅដែលគាត់បានចិញ្ច្រាំសម្រាប់ធ្វើជីធម្មជាតិ។
នៅពេលយប់ប្រជាជននៅក្នុងសហករណ៍ ត្រូវបុកស្រូវឲ្យអស់មួយកាផា ទើបបានសម្រាក។ ដូច្នេះក្នុងមួយថ្ងៃ មួយនាក់ត្រូវបុកស្រូវយ៉ាងតិចចំនួនមួយកាផា។
ក្រោយពីច្រូតស្រូវរួចនៅតាមសហករណ៍ គាត់និងអ្នកឯទៀតត្រូវទៅជួយច្រូតស្រូវនៅតាមសហករណ៍ផ្សេងទៀតឲ្យបានឆាប់រួចរាល់។ ផលស្រូវដែលប្រមូលបាន ត្រូវបានអង្គការខ្មែរក្រហមចាត់ចែង និងទុកទាំងអស់។ ប្រជាជនគ្មានសិទ្ធិមានទ្រព្យសម្បត្តិ ឬសម្ការធ្វើជាកម្មសិទ្ធិឯកជនឡើយ អ្វីៗរួមទាំងដំណាំជុំវិញផ្ទះត្រូវដាក់ជារបស់រួម។ អ្នកដែលបេះ ឬលួចនិងត្រូវអង្គការចាប់ខ្លួនយកទៅធ្វើទារុណកម្ម ឬសម្លាប់ទៅតាមទោសដែលបុគ្គលម្នាក់ៗបានប្រព្រឹត្ត។
ផើវ ឡាំ បានបញ្ជាក់ថា នៅសម័យនោះ ប្រជាជនគ្មានការចាយប្រាក់កាសនោះទេ។ ក្រោយពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ផើវ ឡាំ ក៏បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញរហូតមកទល់បច្ចុប្បន្ន៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤