គ្រូពេទ្យគ្មានជំនាញ

 

(តាកែវ) ៖ ផាន់ យ៉េង ភេទស្រី មានអាយុ៧១ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅអំឡុងឆ្នាំ១៩៧៥ អង្គការបានបញ្ជាគាត់ឲ្យទៅធ្វើការនៅក្នុងសហករណ៍ ដើម្បីជីកព្រែក ជីកប្រឡាយ និងដកស្ទូងជាដើម។ យើងអាចទទួលទានអាហារបាននៅពេលដែលអង្គការវាយជួងជាសញ្ញាដើម្បីឲ្យប្រជាជនទាំងអស់មកហូបអាហារជុំគ្នា។ គាត់បានរៀបការនៅក្នុងរបបខ្មែរក្រហម ហើយមានកូនម្នាក់។

យ៉េង បានប្រាប់ថានៅក្នុងសម័យនោះគាត់បានបាត់ក្មួយពីរនាក់ បាត់រហូតមកដល់សព្វថ្ងៃនេះមិនទទួលដំណឹងអ្វីឡើយ។ គាត់មិនដែលត្រូវអង្គការធ្វើបាបឡើយ ព្រោះតែគាត់ខិតខំធ្វើការងារមិនហ៊ានត្អូញត្អែរ។ នៅក្នុងរបបនោះដែរពេលដែលប្រជាជនធ្វើខុសអ្វីមួយ គឺអង្គការបានហៅទៅស្ដីបន្ទោស ឬហៅម្យ៉ាងទៀតថាកសាង។ នៅក្នុងរបបខ្មែរក្រហម គ្រប់ទ្រព្យសម្បត្តិទាំងគឺត្រូវដាក់បញ្ចូលជារបស់សមូហភាព ដោយមិនមានប្រជាជនណាម្នាក់ប្រើប្រាស់ទ្រព្យដែលដាក់ជាសមូហភាពទៀតឡើយ។

ផាន់ យ៉េង បាននិយាយបន្ថែមទៀតថានៅក្នុងរបបខ្មែរក្រហមមិនមានការចាយលុយនោះទេ។ សាសនាក៏ត្រូវលុបបំបាត់ចោល វត្តអារាមត្រូវវាយកម្ទេច ព្រះសង្ឃត្រូវចាប់ផ្សឹកឲ្យទៅធ្វើការដូចជាប្រជាជនធម្មតា។

កូនក្មេងតូចៗក៏មិនបានរៀនសូត្របានជ្រៅជ្រះនោះដែរ បានត្រឹមតែរៀនជាមួយអង្គការ ដែលអង្គការបង្រៀនឲ្យស្មោះត្រង់តែជាមួយអង្គការតែមួយមុខគត់។ នៅពេលដែលមានជំងឺមិនមានការនាំទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺមានត្រឹមតែពេទ្យសហករណ៍មិនមានជំនាញច្បាស់លាស់ ដែលឲ្យត្រឹមតែថ្នាំអាចម៍ទន្សាយមួយគ្រាប់សម្រាប់លេបតែប៉ុណ្ណោះ។ ប្រជាជនជាច្រើនបានស្លាប់ដោយសារតែគ្មានការព្យាបាលត្រឹមត្រូវ។

នៅពេលដែលរបបខ្មែរក្រហមជិតដួលរលំ អង្គការបានជម្លៀសគាត់ទៅដល់ភ្នំចំបាប់ ដែលនៅទីនោះមានកងការពារបានស្ទាក់ឲ្យគាត់ត្រឡប់ទៅកាន់ភូមិស្រុកវិញ៕

សម្ភាសន៍ដោយ ឈួន ស៊ីនួន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin