ផាន់ ផៃ៖ កងកុមារ(មើលចម្ការទុរេន និងសាវម៉ាវនៅកំពត)

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៧ ផៃ ត្រូវបានខ្មែរក្រហមជ្រើសរើសចេញពីកងកុមារក្នុងភូមិម្លូរ ទៅចូលរួមជាមួយកងកុមារទឹកឈូ ក្នុងខេត្តកំពត ហើយ ផៃ មានតួនាទីធ្វើស្មៅក្នុងចម្ការទុរេន និងសាវម៉ាវ។

ផាន់ ផៃ[1] ភេទប្រុស អាយុ៦០ឆ្នាំ។ សព្វថ្ងៃ ផៃ មានមុខរបរធ្វើចម្ការ។ ផៃ មានស្រុកកំណើតនៅក្នុងភូមិម្លូរ ឃុំស្រែចែង ស្រុកឈូក(សព្វថ្ងៃស្រុកជុំគិរី) ខេត្តកំពត។ បច្ចុប្បន្ន ផៃ រស់នៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តកំពត។ ឪពុករបស់ ផៃ ឈ្មោះ ភឺន រស់នៅស្រុកកំណើត ក្នុងខេត្តកំពត។ ចំណែកម្ដាយឈ្មោះ រ៉ូ (ស្លាប់) អំឡុងពេលរត់ភៀសខ្លួនចូលទៅក្នុងព្រៃឆ្នាំ១៩៨១។ ផៃ មានបងប្អូនបង្កើតចំនួន៣នាក់ (ប្រុស) ហើយ ផៃ ជាកូនច្បងក្នុងគ្រួសារ។ ប្អូនរបស់ ផៃ ស្លាប់ម្នាក់ និងនៅរស់រានមានជីវិតម្នាក់។ ប្រពន្ធទី២ឈ្មោះ បឹន ទូច មានអាយុ៤៨ឆ្នាំ និងមានកូនចំនួន៤នាក់ (ស្រីម្នាក់)។  កាលនៅវ័យកុមារ ផៃ មិនបានចូលរៀនសូត្រនោះទេ ព្រោះក្នុងភូមិស្រុកកើតមានសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។

នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មានយន្តហោះរបស់ទាហានអាមេរិកាំង បានបើកមកទម្លាក់គ្រាប់បែកនៅក្នុងភូមិម្លូរយ៉ាងច្រើន ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាជនក្នុងភូមិជាច្រើនខ្នង។ រៀងរាល់មានការទម្លាក់គ្រាប់បែក ផៃ និងក្រុមគ្រួសារបានរត់ចូលទៅពួនក្នុងត្រង់សេ ដើម្បីការពារខ្លួន។ ថ្ងៃមួយ ម្ដាយរបស់ ផៃ ឃើញសភាពស្ងប់ស្ងាត់ ទើបចេញពីត្រង់សេ ដើរសំដៅទៅលេងផ្ទះបងប្រុស (ត្រូវជាអ៊ុំរបស់ ផៃ)។ ភ្លាមៗ ស្រាប់តែមានយន្តហោះមួយបើកមកទម្លាក់គ្រាប់បែកនៅចំសំយ៉ាបផ្ទះអ៊ុំរបស់ ផៃ ទើបធ្វើឲ្យអ៊ុំរបស់ ផៃ និងក្រុមគ្រួសារត្រូវបានស្លាប់ទាំងអស់ចំនួនបីនាក់(ប្ដី ប្រពន្ធ និងកូនម្នាក់)។ រីឯម្ដាយរបស់ ផៃ ត្រូវបានអំបែងគ្រាប់បែកខ្ទាតត្រូវធ្វើឲ្យមានរបួសធ្ងន់ត្រង់ដើមទ្រូង។ ចំណែក ផៃ ខ្ទាតអំបែងគ្រាប់ត្រង់ក្រលៀន​​​​​ធ្លាយដល់គូទធ្វើឲ្យរងរបួសធ្ងន់។ បន្ទាប់មក ផៃ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យវៀតណាមនៅក្បែរទំនប់ស្ទឹងភេ ស្ថិតក្នុងភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត​។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយដណ្ដើមបានទីក្រុងភ្នំពេញបានដោយជោគជ័យ។ បន្ទាប់មក​ ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិម្លូរ និងចាប់ផ្ដើមប្រមែប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជនទៅដាក់ក្នុងសហករណ៍រួម។ មិនយូរប៉ុន្មាន ផៃ បានឃើញខ្មែរក្រហមជម្លៀសប្រជាជន១៧ មេសា មកពីទីក្រុងភ្នំពេញ និងតាមបណ្ដា ខេត្តមួយចំនួនមករស់នៅក្នុងភូមិម្លូរ។ ក្រោយមក ផៃ ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារ និងបំបែកមិនឲ្យនៅជាមួយឪពុកម្ដាយទៀតនោះឡើយ។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ផៃ ត្រូវបានខ្មែរក្រហមប្រើឲ្យរើសអាចម៌គោ កាប់ទន្រ្ទានខែត្រ ដើម្បីយកទៅចិញ្ច្រាំធ្វើជីដាក់ស្រែ។ ផៃ មិនទទួលបានអាហារហូបគ្រប់គ្រាន់នោះទេ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ផៃ និងកុមារម្នាក់ឈ្មោះ លឹម ត្រូវបានខ្មែរក្រហមជ្រើសរើសចេញពីកងកុមារក្នុងភូមិម្លូរ ឲ្យទៅកាន់ស្រុកទឹកឈូ ខេត្តកំពត។ ខ្មែរក្រហមបានឲ្យ ផៃ ចូលក្នុងកងកុមារធ្វើស្មៅក្រោមដើមទុរេន និងសាវម៉ាវក្នុងចម្ការមួយ នៅស្រុកទឹកឈូ។ ក្នុងកងកុមាររបស់ ផៃ មានកុមារសរុបប្រហែល៣០០ទៅ៤០០ នាក់។ កម្មាភិបាលគ្រាប់គ្រងកងកុមារនៅចម្ការទុរេន និងសាវម៉ាវឈ្មោះ តា​ ញើង។ កងកុមារទឹកឈូ មានកុមារមកពីគ្រប់ស្រុក ក្នុងខេត្តកំពត និងតាមបណ្ដា ខេត្តមួយចំនួនទៀត។ សម្រាប់របបអាហារ ផៃ ហូបបាយបានគ្រប់គ្រាន់។ ផៃ និងកុមារដទៃអាចបេះផ្លែសាវម៉ាវហូបក្នុងចម្ការដែលខ្លួនធ្វើស្មៅបាន ប៉ុន្តែមិនអាចទៅបេះនៅចម្ការផ្សេងៗបាននោះទេ។ ផែ និងកុមារតូចៗមានតួនាទីធ្វើស្មៅមួយមុខប៉ុណ្ណោះ។ ចំណែក កងបុរសៗត្រូវមើលថែផ្លែទុរេន និងផ្លែសាវម៉ាវឲ្យទទួលបានផលល្អ។ រាល់រដូវប្រមូលផលទុរេន និងសាវម៉ាវ ផៃ​ បានឃើញមានឡាន និងរទេះសេះចូលទៅដឹកទុរេន និងសាវម៉ាវដល់ក្នុងចម្ការ ប៉ុន្តែមិនបានដឹងថាដឹកយកទៅទីណានោះទេ។ ផៃ បាននៅធ្វើស្មៅក្នុងចម្ការទុរេន និងសាវម៉ាវរហូតដល់ចុងឆ្នាំ១៩៧៨។ ក្នុងអំឡុងពេលជាមួយគ្នា ផៃ មិនបានត្រឡប់មកលេងឪពុកម្ដាយនៅភូមិកំណើតនោះឡើយ។​

នៅដើមឆ្នាំ១៩៧៩ ផៃ បានឮខ្មែរក្រហមប្រកាសថា កងទ័ពវៀតណាមជិតចូលមកដល់ស្រុកទឹកឈូហើយ ទើប ផែ មានការភ័យខ្លាចកងទ័ពវៀតណាម និងបានរត់តាមកងទ័ពខ្មែរក្រហមចេញពីទឹកឈូ ទៅកាន់ភ្នំបូកគោ។ បន្ទាប់មក ខ្មែរក្រហមបានយកកាំភ្លើងបំពាក់ឲ្យ ផៃ និងកុមារមួយចំនួនដែលមានវ័យជំទង់ ដើម្បីឲ្យចូលច្បាំងជាមួយកងទ័ពវៀតណាម ប៉ុន្តែ ផៃ បានបោះកាំភ្លើងចោល រួចលួចរត់ចេញពីភ្នំបូកគោ។ ផៃ បានជួបជាមួយគ្រួសារអ្នកភូមិកំណើតជាមួយគ្នា ទើបរត់តាមអ្នកភូមិចុះពីភ្នំបូកគោ ដើម្បីទៅរកម្ដាយឪពុកនៅភូមិម្លូរវិញ។ ផៃ បានស្នាក់នៅផ្ទះបានរយៈពេលប្រហែលពីរ ទៅបីថ្ងៃ ស្រាប់តែប្រធានក្រុមខ្មែរក្រហមម្នាក់(មិនស្គាល់ឈ្មោះ) បានមកតាមរក ផៃ ដល់ផ្ទះ ដើម្បីឲ្យចូលរួមជាមួយកងទ័ពខ្មែរក្រហម ប៉ុន្តែ ផៃ មិនព្រម។ បន្ទាប់មក ឪពុកម្ដាយរបស់ ផៃ បាននាំរត់ចេញពីភូមិម្លូរ ទៅរស់នៅក្នុងភូមិផ្សេងទៀត។ អំឡុងពេលរត់ភៀសខ្លួន ឪពុកម្ដាយរបស់ ផៃ បានឮប្រជាជននិយាយថា «យួនចូលមកចាប់ដោតដៃដោតជើង » ទើបរត់បន្តទៅដល់ភូមិអន្លង់ភ្លៀវ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ផៃ ឪពុកម្ដាយ និងប្រជាជនរត់ភៀសខ្លួនទាំងអស់បានជួបជាមួយ តា ម៉ុក កំពុងអង្គុយក្នុងឡាន ក្នុងភូមិអន្លង់ភ្ញៀវ។ តា ម៉ុក បានស្រែកសួរប្រជាជនថា អេ នាំគ្នាទៅណា? ប្រជាជនឆ្លើយថា «បម្រុងឆ្លងផ្លូវលេខបួន » តាម៉ុក បាននិយាយបន្តថា ឲ្យត្រឡប់ទៅភូមិកំណើតវិញ ហើយ តា ម៉ុក បានបន្តដំណើរទៅមុខទៀត។ បន្ទាប់មក ប្រជាជនបានបកក្រោយដើរត្រឡប់ទៅភូមិកំណើតរៀងៗខ្លួនវិញ។ ផៃ និងឪពុកម្ដាយបានដើរទៅដល់ស្ទឹងភេ ទើបកងទ័ពវៀតណាមបានស្ទាក់ផ្លូវ រួចបញ្ចូនទៅភូមិត្នោតជុំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

នៅឆ្នាំ១៩៨០ ក្រុមគ្រួសាររបស់ ផៃ ត្រូវបានកងទ័ពវៀតណាមបញ្ចូនចេញពីភូមិត្នោតជុំ ទៅកាន់ភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ឆ្នាំ១៩៨១ ផៃ ត្រូវបានពូជីដូនមួយម្នាក់ឈ្មោះ តឿង មានតួនាទីជាប្រធានវរសេនាធំ ក្នុងរបបខ្មែរក្រហម បបួលឲ្យទៅតស៊ូជាមួយកងកម្លាំងខ្មែរក្រហមនៅព្រៃមួយ ក្នុងខេត្តតាកែវ។ ផៃ​ បានចូលក្នុងកងពលនិរតី-ភ្នំពេញ ដែលមេគ្រប់គ្រងឈ្មោះ តា បិត និង តា រ៉ន។ ផៃ ចូលរួមជាមួយកងទ័ពខ្មែរក្រហម វាយជាមួយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមនៅក្នុងខេត្តតាកែវ-កំពត។ ផៃ មានតួនាទីជាកងការពាររបស់ តា រ៉ន ហើយ តា រ៉ន មានកងទ័ពការពារសរុបប្រហែល៥០នាក់។ ប្រពន្ធរបស់ តា រ៉ន ឈ្មោះ រ៉ុន និងមានកូនចំនួន៤នាក់(ស្រី៣នាក់)។ សព្វថ្ងៃ កូន និងប្រពន្ធរបស់ តា រ៉ន រស់នៅវាលចម្បាំង(ភូមិព្រៃធំ ឃុំកំពង់ល្តៅ ស្រុកសំឡូត ខេត្តបាត់ដំបង)។ កូនច្បងរបស់ តា រ៉ន ឈ្មោះ លាង។ អំឡុងពេលប្រយុទ្ធ ផៃ និងកងទ័ពប្រហែល២០០ទៅ៣០០ នាក់ ធ្លាប់បានដើរមកដឹកជញ្ចូនគ្រាប់បេ និងថ្នាំពេទ្យ នៅភូមិច្រេស ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រហូតឆ្នាំ១៩៨៨ តា រ៉ន បានដកកងទ័ពទាំងអស់ផ្លាស់មកនៅតាមព្រំដែនកញ្ជែរវ-៤ នៅលើទឹកដីប្រទេសថៃ ដែលមានទីតាំងនៅជាប់ភូមិអូរត្រែង ឃុំកំពង់ល្តៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្រោយមក​ កងទ័ពក្នុងកងពលរបស់ តា រ៉ន ទាំងអស់ត្រូវបានប្រគល់ទៅឲ្យ មាស មុត មកពីភូមិភាគនិរតី គ្រប់គ្រងជំនួសវិញ។ ចំណែក តា រ៉ន នៅសល់ត្រឹមកងការពារចំនួន៥០នាក់ រួម​ទាំង ផៃ ដដែល។ ក្នុងឆ្នាំ១៩៨៩ តា រ៉ន បានរៀបចំឲ្យ ផៃ រៀបការ។ លុះដល់ឆ្នាំ១៩៩០ តា រ៉ន បានស្លាប់ដោយសារជំងឺ។ តា រ៉ន បានស្លាប់​នៅក្នុងភូមិអូរដើមចេក ស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់ពី តា រ៉ន ស្លាប់ ផៃ បានទៅចូលរួមក្នុងកងពល(មិនចាំលេខកងពល) ដែលដឹកនាំដោយ អៀង ផាន។ ក្រោយមក ផៃ​ បានទៅប្រយុទ្ធនៅមួយកងទ័ពរបស់រដ្ឋាភិបាលមួយជួរខេត្តបាត់ដំបង។ ក្រោយមកទៀត ផៃ​ បានប្ដូរចេញពីកងពលរបស់ អៀង ផាន ទៅចូលរួមជាមួយកងទ័ពរបស់ តា គុយ នួន ដែលឈរជើងនៅខាងកោះកុងវិញ ហើយ ផៃ​ មានតួនាទីជាប្រធានវរសេនាតូច គ្រប់គ្រងកងទ័ពប្រហែល២០នាក់។  ផៃ បានប្រចាំការនៅកោះកុងអស់រយៈពេលប្រហែលជិត២ឆ្នាំ ទើប តា គុយ នួន បញ្ជាឲ្យ ផៃ ដកកងទ័ពមួយកងវរសេនាតូចទៅវាយនៅប៉ៃលិន។ ក្រោយចូលរួមជាមួយកងទ័ពរបស់រដ្ឋាភិបាលឆ្នាំ១៩៩៦ ផៃ បានប្ដូរមករស់នៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ដែលចូលមករស់នៅដំបូងមានក្រុមគ្រួសារកងទ័ពប្រហែល៣ទៅ៤គ្រួសារប៉ុណ្ណោះ៕

អត្ថបទដោយ មឿន ស្រីណុច


[1] ឯកសារលេខ PTI0162 , តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ឡុង ដានី សម្ភាសន៍ជាមួយឈ្មោះ ផាន់ ផៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin