រស់នៅដូចបៀមថ្មគ្រួស

(ស្ទឹងត្រែង)៖ ភេ ឆៃ ភេទប្រុស មានអាយុ ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឆៃ និយាយថា របបខ្មែរក្រហមជារបបមួយដ៏ឃោរឃៅ ដែលគាត់ចងចាំមិនភ្លេច។
អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ គ្រួសាររបស់ឆៃ បានផ្លាស់ប្តូរទីលំនៅពីខេត្តតាកែវ មកខេត្តស្ទឹងត្រែង តាមរយៈគោលនយោបាយការពារព្រំដែននាសម័យសង្គមរាស្ត្រនិយម។ នៅពេលនោះ ភូមិអូរស្វាយ ត្រូវបានបង្កើតឡើងដោយមានការកសាងផ្ទះកាឡុងជាច្រើនខ្នង សម្រាប់ឲ្យប្រជាជនរស់នៅដោយសម្បូរសប្បាយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ភូមិអូរស្វាយ ត្រូវទទួលរងការទម្លាក់គ្រាប់បែករហូតដល់ឆ្នាំ១៩៧៣ ដែលធ្វើឲ្យគ្រួសាររបស់ឆៃ ត្រូវរត់ចេញពីភូមិអស់មួយរយៈ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច។ នៅឆ្នាំដដែល ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិអូរស្វាយ។ ឪពុកម្ដាយរបស់ឆៃ ត្រូវបានខ្មែរក្រហមជម្លៀសទៅនៅសហករណ៍អូររនោង ស្រុកសៀមប៉ាង។ ចំណែក ឆៃ ត្រូវបានបញ្ជូនទៅធ្វើការក្នុងកងចល័ត ដោយត្រូវជីកប្រឡាយ និងលើកទំនប់។ ក្រោយមក ឆៃ ត្រូវបញ្ជូនទៅធ្វើការតាមអង្គភាពភូមិភាគ ដោយត្រូវកាប់ឈើ, លីសែងឈើ, អារឈើ និងធ្វើផ្លូវ។ ឆៃ និយាយថា គាត់ត្រូវរស់នៅដូចបៀមថ្មគ្រួស ដោយសារការបង្អត់អាហារ និងការធ្វើការហួសកម្លាំងទាំងស្គមស្គាំង។ នៅសម័យនោះ របបអាហារមានតែបាយលាយជាមួយផ្លែល្វា, គល់ចេក និងគល់ល្ហុងស្ងោរមួយកូនចានចង្កឹះ ដោយក្នុងមួយថ្ងៃហូបត្រឹមតែពីរពេលប៉ុណ្ណោះ។
អំពីការសម្លាប់ក្នុងរបបខ្មែរក្រហម ឆៃ បានឲ្យដឹងថាបងប្អូនជីដូនមួយរបស់គាត់ម្នាក់ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យជីករណ្ដៅកប់ខ្លួនឯង។ ចំណែកសមាជិកអង្គភាពដែលធ្វើការជាមួយឆៃ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅគីឡូលេខ២ ដោយសារបានដើរចូលកន្លែងដែលខ្មែរក្រហមហាមឃាត់។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឆៃ បានត្រលប់មកភូមិនិងរៀបការ។ ឆៃ មានកូន៦នាក់ ក្នុងនោះស្រី៤នាក់ និងបច្ចុប្បន្ន ឆៃ ប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ ឆៃ និយាយថា គាត់មានការព្រួយបារម្ភចំពោះការធ្លាក់ចុះទិន្នផលត្រី ដែលធ្វើឲ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃ៕
សម្ភាសន៍ដោយ ទួច ស្រីទីន ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥