ភេម ញាញ់៖ខ្ញុំចង់បានសន្តិភាពនិងស្ថិរភាព

ភេម ញាញ់[1] ភេទប្រុស អាយុ៥៥ឆ្នាំ ទីកន្លែងកំណើតនៅក្នុងភូមិស្វាយស ឃុំចន្ទស ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ បច្ចុប្បន្ន ញាញ់ រស់នៅក្នុងភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
ញាញ់ បានរៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួន នៅក្នុងចលនាតស៊ូរបស់ខ្មែរក្រហមថា៖ «ខ្ញុំបានកើតនៅក្នុងគ្រួសារកសិករមួយ ដែលពឹងផ្អែកទាំងស្រុងលើស្រែ។ ខ្ញុំគឺជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើតចំនួន៧នាក់ (ស្លាប់ចំនួនពីរនាក់)។ ខ្ញុំមានអាយុប្រហែល៤ឬ៥ឆ្នាំប៉ុណ្ណោះ ក្នុង ពេលសង្គ្រាម លន់ នល់ និងការទម្លាក់គ្រាប់បែកជាដើម។ ខ្ញុំនៅចងចាំថា ម្តាយឪពុករបស់ខ្ញុំបានប្រាប់ថាកុំឲ្យដើរលេងឆ្ងាយពីផ្ទះ និងលេណដ្ឋាន។ ជាទម្លាប់ នៅវេលាម៉ោង៤ឬ៥ល្ងាច យន្តហោះឆ្វែលចុះឡើងៗ ដែលអ្នកភូមិចាត់ទុកថាជាការស៊ើបការណ៍ជាមុន។ ពីរឬបីម៉ោងក្រោយ ស្នូរសន្ធឹកយន្តហោះ និងការបាញ់រះពីលើអាកាសបានចាប់ផ្តើម។ អ្នកភូមិទាំងចាស់ទាំងក្មេងត្រូវរត់ឲ្យបានលឿន ដើម្បីគេចចូលក្នុងលេណដ្ឋាន ដែលស្ថិតនៅក្បែរផ្ទះរៀងៗខ្លួន។ ជួនកាល នៅពេលដែលយើងកំពុងហូបបាយជុំគ្នានៅក្នុងគ្រួសារ យន្តហោះទម្លាក់គ្រាប់ក៏មកដល់។ យើងត្រូវប្រញាប់ប្រញាល់ទាញឆ្នាំងចាន និងរត់ចូលក្នុងលេណដ្ឋាន។ ពេលខ្លះ គ្រួសាររបស់ខ្ញុំទាំងមូលត្រូវក្រាលកន្ទេលដេកនៅក្នុងលេណដ្ឋាននោះតែម្តង។
បងប្រុសខ្ញុំបានចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម ដើម្បីប្រយុទ្ធជាមួយទាហាន លន់ នល់។ ការចូលបម្រើបដិវត្តន៍ខ្មែរក្រហមបានធ្វើឲ្យគាត់ចាកចេញពីគ្រួសារ ចាប់តាំងពីពេលនោះមកម៉្លេះ។ ក្រុមគ្រួសាររបស់ខ្ញុំបានបាត់ដំណឹងរបស់គាត់សូន្យឈឹង ដែលមិនដឹងថាគាត់ស្លាប់ឬរស់ទេ។
ខ្ញុំមិនបានដឹងជាក់លាក់អំពីថ្ងៃដែលសង្គ្រាមរវាង លន់ នល់ និងខ្មែរក្រហមបានបញ្ចប់ទេ ដោយសារក្រុមគ្រួសាររបស់ខ្ញុំរស់នៅឆ្ងាយពីទីប្រជុំជន។ ខ្ញុំក៏មិនដឹងពីការជម្លៀសប្រជាជនដែរ ប៉ុន្តែខ្ញុំបានដឹងថាម្តាយឪពុកខ្ញុំ និងប្រជាជនផ្សេងទៀត បានចាប់ផ្តើមវិលត្រឡប់មករស់នៅតាមភូមិឋានវិញ។
នៅក្នុងជំនាន់ខ្មែរក្រហមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្ញុំមានវ័យធំគួរសមហើយ។ ខ្ញុំក៏ត្រូវបានដាក់បញ្ចូលទៅក្នុងក្រុម ដែលត្រូវលើកទំនប់ប្រឡាយ ដើររើសគួរស្រូវ និងធ្វើជីសម្រាប់ដាក់ស្រែ។ ចំពោះអាហារវិញ ក្រុមកុមារទទួលបានបបរចំនួនមួយចាន ក្នុងមួយនាក់។ នៅពេលឭស្នូរជួងជាសញ្ញា កុមារទាំងឡាយត្រូវរត់ទៅកាន់កន្លែងហូបអាហារ។ បើពុំដូច្នេះទេ អាហារប្រាកដជាអស់។ កុមារខ្លះលួចដំឡូងហូប ដោយសារតែការស្រេកឃ្លានពេក។ កុមារទាំងឡាយត្រូវរស់នៅឆ្ងាយពីឪពុកម្តាយ ដែលធ្វើការនៅតាមសហករណ៍នៅតាមភូមិ។
បន្ទាប់ការដួលរលំនៃរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩ មេភូមិបានប្រាប់ថា គោក្របីរបស់គ្រួសារខ្ញុំត្រូវបានយកធ្វើជាអាហារអស់ហើយ។ ខ្ញុំបានឆ្លើយតបទៅមេភូមិវិញថា៖ «យី.. យកគោ ក្របីទៅវ៉ៃស៊ីអស់ បានគោក្របីអី ធ្វើសែ្រ ធ្វើចម្ការ»។ ដោយសារតែការឆ្លើយតបបែបនេះ មេភូមិបានរករឿងបង្កហេតុដាក់ខ្ញុំវិញ។ ខ្ញុំក៏បានភៀសខ្លួនចេញពីភូមិ ហើយបានមករស់នៅជាមួយមីងមានៅត្រង់ម្តុំភ្នំគូលែន អស់រយៈពេលមួយឆ្នាំ។
នៅក្នុងខែចូលឆ្នាំខ្មែរ នៃឆ្នាំ១៩៨១ ការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងនៅត្រង់ម្តុំភ្នំគូលែន ដែលបង្កឲ្យមានភាពច្របូកច្របល់យ៉ាងខ្លាំង។ ប្រជាជននៅក្នុងភូមិចាប់ផ្តើមរត់គេចចេញពីភូមិ ដោយសារវៀតណាមចោទអ្នកភូមិថាចូលដៃជើងជាមួយខ្មែរក្រហម។ អ្នកភូមិបានរស់នៅក្នុងព្រៃជាមួយខ្មែរក្រហម ហើយខ្មែរក្រហមបានប្រាប់ថា៖«ទៅផ្ទះវិញ យួនចាប់យកទៅអាករងាប់ ឬចាប់ដាក់គុក»។ ដូច្នេះ ខ្ញុំ និងអ្នកភូមិ៤ឬ៥នាក់ផ្សេងទៀត បានចូលបម្រើក្នុងជួរកងទ័ពខ្មែរក្រហម ចាប់តាំងពីឆ្នាំ១៩៨១មកម៉្លេះ។
មួយឆ្នាំក្រោយមក ខ្ញុំបានក្លាយជាសមាជិកពេញសិទ្ធិ និងចូលក្នុងវរសេនាធំ៣៣០ នៃកងពល៩៨០។ អង្គភាពរបស់ខ្ញុំធ្វើសកម្មភាពនៅតាមបណ្តោយថ្នល់ជាតិនៃស្រុកជីក្រែង ខេត្តសៀមរាប។ អង្គភាពខ្ញុំតែងតែដើររកបាយហូប និងដេកនៅក្បែរភូមិ។ នៅពេលដែលអង្គភាពខ្ញុំពើបប្រទះជាមួយកងទ័ពវៀតណាម ការវាយប្រយុទ្ធក៏ផ្ទុះឡើង។ យើងត្រូវដកថយចូលតាមព្រៃវិញ។ នៅក្នុងគ្រាមួយនោះ ក្រុមអ្នកកាប់ឈើបានរាយការណ៍ទៅវៀតណាមថា ខ្លួនបានឃើញកន្លែងលាក់ខ្លួនរបស់ខ្មែរក្រហម នៅក្បែរផ្លូវរទេះគោ។ កងកម្លាំងខ្មែរក្រហមនៅទីនោះត្រូវទទួលរងការបាញ់ប្រហារតែម្តង។ ខ្ញុំបានរងរបួសដៃនៅក្នុងឆ្នាំ១៩៨៦។ បីខែក្រោយមក ខ្ញុំត្រូវគ្រាប់ធ្លាយកំភ្លៅទៀត។ ដោយសារតែពិការភាពនេះ ខ្ញុំឈប់ចូលប្រឡូកក្នុងសមរភូមិទៀតហើយ។ តែទោះជាយ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នាបែបនេះបានថយចុះយ៉ាងខ្លាំង នៅពេលដែលកងទ័ពវៀតណាមបានដកចេញពីកម្ពុជានៅក្នុងឆ្នាំ១៩៨៩។
ខ្ញុំបានឈប់ពីកងទ័ពខ្មែរក្រហមនៅក្នុងឆ្នាំ១៩៩២ឬ៩៣ ដែលអ៊ុនតាក់បានគ្រោងរៀបចំការបោះឆ្នោតលើកដំបូងបង្អស់នៅកម្ពុជា។ ខ្ញុំ និងអ្នករួមដំណើរប្រមាណជា២០ឬ៣០នាក់ទៀត បានចំណាយពេលចំនួនពីរថ្ងៃសម្រាប់ការធ្វើដំណើរថ្មើរជើងពីសៀមរាបមកអន្លង់វែង។ នៅក្នុងពេលមួយ ខ្ញុំត្រូវភៀសខ្លួនបន្តទៅកាន់ជប់ម្លូរ ដោយសារតែការវាយប្រហារពីសំណាក់កងកម្លាំងរបស់រាជរដ្ឋាភិបាលមកលើអន្លង់វែង។ នៅឯជប់ម្លូរ ខ្ញុំក៏បានសែនព្រែនរៀបការជាមួយប្រពន្ធខ្ញុំ។
ខ្ញុំនឹកឃើញថាសប្បាយចិត្តណាស់ ដែលសង្គ្រាមបានបញ្ចប់ ហើយសមាហរណកម្មនៅតំបន់អន្លង់វែងនៅក្នុងឆ្នាំ១៩៩៨។ ខ្ញុំនិងប្រជាជនដទៃទៀតបានផុតទុក្ខភ័យ និងរស់នៅក្នុងភាពសុខសាន្តត្រាណឡើងវិញ។ កាលៈទេសៈពេលនោះហាក់ដូចជាមានភាពអំណោយផលដល់ការធ្វើសមាហរណកម្មណាស់ ដោយសារតែកត្តាបីយ៉ាងគឺ៖ ទី១) ខ្មែរក្រហមបានអស់កម្លាំងតស៊ូហើយ ទី២) ខ្មែរក្រហមអត់មានអ្នកជំនួយទេ និង ទី៣) ផ្ទៃក្នុងរបស់ខ្មែរក្រហមបែកបាក់និងប្រយុទ្ធគ្នាឯងរវាងក្រុមស្និទ្ធិនឹងតាម៉ុក និងក្រុមស្និទ្ធិនឹង ប៉ុល ពត។
ខ្ញុំនិងប្រជាជនដទៃទៀតនៅលើភ្នំបានចាប់ផ្តើមចុះមករស់នៅ និងបង្កើតភូមិឋានផ្សេងៗនៅតាមអង្គភាព នៅអន្លង់វែង។ ជាក់ស្តែង ទីតាំងឈរជើងរបស់កងពល៩៨០ បានបង្កើតជាភូមិ៩៨០ ហើយបន្តបំបែកទៅជាភូមិផ្សេងៗទៀត ដូចជាភូមិថ្នល់បំបែក ភូមិថ្នល់កែង ភូមិថ្នល់ទទឹង ជាដើម។ អ្វីដែលខ្ញុំចង់ឃើញសម្រាប់ប្រទេសជាតិយើងគឺសន្តិភាព និងស្ថិរភាព»៕
អត្ថបទដោយ លី សុខឃាង
[1]សួត វិចិត្រ សម្ភាសន៍ជាមួយ ភេម ញាញ់ ភេទប្រុស អាយុ៥៥ឆ្នាំ នៅក្នុងភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ០១៨។