ខ្សែកមាសដោះដូរជាមួយសណ្ដែកបាយមួយកំប៉ុង
(ស្ទឹងត្រែង)៖ ភិម ស៊ិង មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅលើកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ ស៊ិង មានបងប្អូនចំនួន៣នាក់ និងបានរស់នៅលើកោះនេះតាំងពីកំណើត។
នៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសនៅឆ្នាំ១៩៧៥ គ្រួសាររបស់ ស៊ិង និង ប្រជាជនប្រមាណជាប្រាំគ្រួសារផ្សេងទៀតដែលរស់នៅលើកោះត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសទៅរស់នៅភូមិសំអាង ឃុំសំអាង ដោយសារខ្លាចប្រជាជនរត់គេចខ្លួនទៅប្រទេសឡាវ។
នៅអាយុប្រហែល៩ឆ្នាំ ស៊ិង ត្រូវធ្វើការលើកទំនប់ កាត់ទន្រ្ទានខេត្តធ្វើជី ដោយគ្មានការតវ៉ាអ្វីទាំងអស់។ ប្រជាជនមួយចំនួនបានបាត់បង់ជីវិត ដោយសារធ្វើការហួសកម្លាំង ការតវ៉ា និង ការហូបចុកមិនគ្រប់គ្រាន់។ មានពេលខ្លះ ស៊ិង បានលួចសំបកដំឡូងមី យកមកដុតហូប ពេលឃ្លាន។ ឪពុករបស់ ស៊ិង បានលាយបបរជាមួយម្អម និងជួនកាលហូបក្តួចក្នុងព្រៃដើម្បីរស់។ ដំណាំដាំដុះដូចជាដំឡូងមីជុំវិញផ្ទះ មិនត្រូវអនុញ្ញាតឲ្យហូបនោះទេ។
ស៊ិង បានបន្តថា មានជនជាតិចិន ដែលត្រូវបានជម្លៀសមកពីទីក្រុង ត្រូវបានខ្មែរក្រហមសម្លាប់ដោយមិនដឹងមូលហេតុ និងឃើញសាកសពជាច្រើននៅតាមវាលស្រែ។ ថ្ងៃមួយ មានជនជាតិចិនម្នាក់បានយកខ្សែកមាសមកដោះដូរជាមួយសណ្ដែកបាយមួយកំប៉ុងពីឪពុករបស់ស៊ិង។ ជួនកាលអ្នកនោះយកលុយទាំងបាវៗ ទៅបោះបង់ចោល នៅពេលដឹងថាលុយទាំងនោះគ្មានតម្លៃ និងត្រូវធ្វើការហួសកម្លាំងរហូតដល់បាត់បង់ជីវិត។ ក្រោយមកគ្រួសារ ស៊ិង មកចេញបន្តទៅភូមិវាលខ្សាច់ ឃុំអូរផ្អាវ ទើបមានការរំដោះ។
ពេលត្រឡប់មកសុ្រកកំណើតវិញ ផ្ទះឈើរបស់គ្រួសារ ស៊ិង ត្រូវបានខ្មែរក្រហមរុះរើទៅធ្វើរោងសហករណ៍កុមារ។ ក្រោយសម័យខ្មែរក្រហម ស៊ិន បានទៅសិក្សានៅភូមិព្រះរំកិល បន្ទាប់មកនៅស្រុកថាឡាបរិវាត់ត្រឹមថ្នាក់ទី៦។
ស៊ិង បានបាត់បង់ភរិយានៅឆ្នាំ២០០៧ គាត់មានកូនៗចំនួន ៥នាក់ដែលត្រូវចិញ្ចឹម។ ស៊ិង បានខ្ចីលុយអ្នកភូមិ ដើម្បីចាប់ផ្ដើមធ្វើទូកនេសាទ និង យកទិន្នផលត្រីដែលរកបានដោយសន្ទូច មង និង សំណាញ់ យកទៅលក់នៅប្រទេសឡាវ។ ក្នុងមួយយប់ ស៊ិងអាចរកបានត្រីរៀលប្រហែល ៥ ទៅ ៦ ពាង នៅរដូវវស្សា។
ចាប់តាំងពីការកសាងវារីអគ្គីសនីនៅឡាវមក ទិន្នផលត្រីមានការធ្លាក់ចុះដោយសារទឹកស្រក់ធ្វើឲ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកត្រីពង និងការប្រើប្រាស់ឧបករណ៍ឆក់។ ប្រជាជនខ្លះបានទៅធ្វើកម្មករដើម្បីចិញ្ចឹមក្រពះ ចំណែក ស៊ិង បានប្រកបមុខរបរលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត និងស្នើសូមឲ្យមានការអភិរក្សតំបន់ព្រៃលិចទឹកទាំងនោះនៅតាមដងទន្លេមេគង្គ៕
សម្ភាសន៍ដោយ យ៉ោន ចំរើន ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤