ប្រធានកងនារីសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ផឹង ជូ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧៧ ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ជូ រៀន បានថ្នាក់ទី៨ នៅសម័យសង្គមរាស្រ្តនិយម។ នៅសម័យខ្មែរក្រហម ជូ រស់នៅស្រុករំដួល ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។

ជូ ធ្វើជាប្រធានកងនារីនៅសហករណ៍ កំពង់អំពិល ដោយមើលការខុសត្រូវ និងចាត់ចែងឲ្យក្រុមនារី ជីកដីលើករងដំាដំឡូងដោយកំណត់ម្នាក់ឲ្យបាន ១០ម៉ែត្រ។ ចំណែកឯចាស់ៗត្រូវបានប្រើឲ្យរែងអង្ករ។ ចំណែក ជូ ក៏ត្រូវធ្វើការជីកដី និងដំាបាយឬបបរឲ្យសមាជិកកងនារីហូប។ នៅក្នុងកងនារីដែល ជូ គ្រប់គ្រងមានពេទ្យឈ្មោះ កាន ចាំពិនិត្យអ្នកជំងឺពេលណាមានអ្នកជំងឺក្តៅខ្លួន ឬជំងឺផ្សេងៗ។ ពេទ្យ កាន បានផ្តល់តែថ្នាំផ្សំពីឬសរុក្ខជាតិ និងសម្បកដើមឈើកិនលុញមូលៗរាងដូចអាចម៍ទន្សាយប៉ុណ្ណោះពេលអ្នកជំងឺឈឺម្តងៗ។

ក្រោយពីធ្វើការនៅសហករណ៍កំពង់អំពិលបានមួយរយៈ ជូ ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅស្រុក​មោង​ឬស្សី ខេត្តបាត់ដំបងដោយរស់នៅសហករណ៍ក្រាំងឬស្សី។ ជូ ត្រូវបានគេប្រើឲ្យច្រូតស្រូវតាំងពីព្រឹករហូតដល់ល្ងាចគ្មានពេលសម្រាក។ នៅស្រុកមោងឬស្សី ជូ ធ្លាប់ឃើញខ្មែរក្រហមចងខ្សែបណ្តើរមនុស្ស​២០​ទៅ​៣០​នាក់ យកទៅសម្លាប់ ដោយវាយទម្លាក់ចូលរណ្តៅធំៗ ទំហំប្រហែលជាង១០០ម៉ែត្រ ដែលត្រូវបានជីកដោយប្រជាជន។ ក្រុមគ្រួសារពូ របស់ ជូ ក៏ត្រូវបានគេសម្លាប់ទម្លាក់ចូលក្នុងរណ្តៅនោះដែរ។

នៅវត្តកំពង់អំពិល ជូ ធ្លាប់បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យបំផ្លាញវត្ត វាយកម្ទេចព្រះ ដោយសែងយកទៅទម្លាក់ស្រះទឹក និងចាប់ព្រះសង្ឃផ្សឹក។ ចំណែកបរិវេណវត្តខ្មែរក្រហមបានប្រែក្លាយជាកន្លែងស្តុកស្រូវ អង្ករ និងជីសម្រាប់ដាក់ស្រែ។

ជូ បានឃើញខ្មែរក្រហមរៀបការយុវជន យុវនារី ក្នុងសហករណ៍កំពង់អំពិល។ ការរៀបការម្តងៗមានចាប់ពី៣០ទៅ១០០គូ។ យុវជន យុវនារី មួយចំនួនមិនពេញចិត្តចំពោះការរៀបការនោះទេ ប៉ុន្តែមិនហ៊ានប្រកែក និងគ្មានជម្រើសអ្វីក្រៅពីធ្វើតាមគេរៀបចំនោះទេ បើមិនដូច្នោះទេគេនឹងសម្លាប់ចោល។

បច្ចុប្បន្ន ជូ មានជំងឺលើសឈាម ដែលបណ្តាលឲ្យគាត់ឧស្សាហ៍វិលមុខ និងរោយកញ្ចឹងក។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin