ជីវិតធ្វើជាយោធារបស់ខ្ញុំ ចាប់ផ្ដើមពីការចូលធ្វើបដិវត្តន៍ និងបញ្ចប់ត្រឹមការចូលនិវត្តន៍
នៅឆ្នាំ១៩៧២ សាន្ត បានស្ម័គ្រចិត្តចូលធ្វើបដិវត្តន៍ក្នុងព្រៃជាមួយពូម្នាក់ឈ្មោះ ភោគ ចាន់[1] ។ ការតស៊ូគឺលំបាក ព្រោះត្រូវរត់ លូន គេចពីគ្រាប់បែក គ្រាប់ផ្លោង និងគ្រាប់កាំភ្លើង។ អ្នកចូលព្រៃជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការទម្លាក់គ្រាប់បែក ការប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ ពេលទទួលបានជ័យជម្នះ ក្រុមរបស់ សាន្ត មិនបានរស់នៅសុខស្រួលនោះទេ។ អង្គការ បានប្រើក្រុមរបស់គាត់ ឲ្យធ្វើការងារធ្ងន់ធ្ងរ និងហូបចុកមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀត អង្គការបានយកក្រុមរបស់ សាន្ត ទៅសម្លាប់ចោលនៅបាភ្នំ ដោយចោទប្រកាន់ថាក្បត់នឹងបដិវត្តន៍។ អំឡុងពេលនោះ អង្គការបានជម្លៀសគ្រួសារ សាន្ត ឲ្យទៅរស់នៅខេត្ត បាត់ដំបង ហើយនៅទីនោះជួបការលំបាកកាន់តែខ្លាំង។ ក្រោយរបបខ្មែរក្រហមដួលរលំ សាន្ត បានសម្រេចចិត្តចូលធ្វើទាហានម្ដងទៀត ដើម្បីប្រឆាំងក្រុមខ្មែរក្រហមវិញ។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់ឈ្មោះ ភោគ សាន្ត ចាប់តាំងពីចូលបដិវត្តន៍ រហូតដល់ការចូលនិវត្តន៍របស់ខ្លួន៖
ឈ្មោះ ភោគ សាន្ត ភេទប្រុស អាយុ៧១ឆ្នាំ។ សាន្ត មានស្រុកកំណើតនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុករបស់ សាន្ត ឈ្មោះ ភោគ ប៊ិន ហើយម្ដាយឈ្មោះ សុច[2] ម៉ៅ និងមានបងប្អូន៨នាក់[3] ស្រី១នាក់។ គ្រួសាររបស់គាត់ មានជីវភាពខ្វះខាត ធ្វើស្រែបន្តិចបន្តួច និងដឹកស្រូវឲ្យចិន វៀតណាម។ កាលពីក្មេង សាន្ត បានចូលរៀនដំបូងនៅសាលាវត្តព្រៃស្វាយ រហូតដល់ចប់ថ្នាក់ទី១០។ ក្រៅពីការរៀនសូត្រគាត់ បានជួយគ្រួសារមើលក្របី ប៉ុន្តែដោយសារក្របីបាត់ញឹកញាប់ពេកទើបសម្រេចចិត្តឈប់រៀន។
នៅឆ្នាំ១៩៧០ បន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទ នរោត្តម សីហនុ រួច បងប្រុសរបស់សាន្ត ឈ្មោះ ភោគ បេ បានរត់ចូលព្រៃម៉ាគី។ នៅពេល បេ ចេញទៅព្រៃរួច ខាងមេភូមិ និងអ្នកធ្វើការឲ្យ លន់ នល់ មានបំណងចង់យកឪពុករបស់ សាន្ត ទៅសម្លាប់ចោល ព្រោះមានកូនចូលទៅធ្វើបដិវត្តន៍ និងលួចលាក់ខ្មាំងនៅក្នុងព្រៃ។ ក្រោយមកទៀត គ្រួសាររបស់ សាន្ត កាន់តែជួបការលំបាក ព្រោះមានការទម្លាក់គ្រាប់បែក។ ការទម្លាក់គ្រាប់បែកបានធ្វើឲ្យជ្រូក ៤ក្បាល និងក្របី២ក្បាលងាប់ ហើយក្រៅពីនោះគឺខូចខាតផ្ទះសម្បែងបន្តិចបន្តួច។ នៅឆ្នាំ១៩៧២ សាន្ត បានសម្រេចចិត្តចូលព្រៃម៉ាគីជាមួយពូឈ្មោះ ចាន់ ព្រោះឈ្មោះ បេ បានរត់ត្រឡប់មកផ្ទះវិញ។ ទីតាំងរបស់ សាន្ត ទៅគឺនៅព្រៃក្រឹម ខាងជើងស្ពានកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅទីនោះ សាន្ត ឃើញមានទាហានវៀតណាម ៣០ នាក់ និងខ្មែរ៣នាក់។ ពេលទៅដល់ដំបូង ខាងវៀតណាមគិតថា សាន្ត គឺជាអ្នកស៊ើបការរបស់ លន់ នល់ ព្រោះនៅពេលធ្វើដំណើរទៅដល់កន្លែងណាមានការទម្លាក់គ្រាប់បែកនៅកន្លែងនោះ។ វៀតណាម មានបំណងចង់យកគាត់ ទៅសម្លាប់ ប៉ុន្តែបានពូ ចាន់ ធានាអះអាងទើបរួចខ្លួន។ ក្រុមរបស់ សាន្ត ត្រូវផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតជាញឹកញាប់ ហើយរាល់ការធ្វើដំណើរគឺ សាន្ត ត្រូវស្ពាយអង្ករ ចាន និងឆ្នាំង។ ខាងវៀតណាម មិនឲ្យ សាន្ត ស្ពាយកាំភ្លើងទេ ព្រោះមិនទុកចិត្ត រហូតដល់គាត់នៅជាមួយបាន២ខែទើបកាន់បាន។ សាន្ត រស់នៅក្នុងព្រៃកាន់តែយូរ គាត់ឃើញអ្នកចូលរួមធ្វើបដិវត្តន៍កាន់តែមានចំនួនច្រើនឡើងៗ។
នៅឆ្នាំ១៩៧៣ សាន្ត បានចូលវឹកហាត់ គេចគ្រាប់បែក គេចគ្រាប់បាញ់ត្រង់ លូន ក្រាប នៅខាងភូមិត្មាតពង ឃុំសំបួរ។ អំឡុងពេលវឹកហាត់ សាន្ត ជួបការលំបាកយ៉ាងខ្លាំង ព្រោះមានទាហាន លន់ នល់ ទម្លាក់គ្រាប់បែកជាញឹកញាប់ ហើយពេលខ្លះមានយន្តហោះមកស៊ើបការណ៍នៅពេលយប់ទៀតផង។ សាន្ត ទទួលបានការវឹកកហាត់រយៈពេលប្រមាណ២ខែ រួចបន្តចូលមកបន្លំខ្លួនរស់នៅជាមួយប្រជាជននៅក្នុងភូមិ។ ក្រៅពីការរៀនអំពីការប្រយុទ្ធ សាន្ត ក៏បានចូលរួមប្រជុំដែលនិយាយអំពី នយោបាយ និងរៀបចំគម្រោងក្នុងការវាយឆ្មក់ផ្សេងៗ ហើយហាមដាច់ខាតមិនឲ្យទុកមិត្តដែលរបួស ឬក៏ស្លាប់នៅកន្លែងប្រយុទ្ធ។ ក្រុមរបស់ សាន្ត តែងតែលួចវាយឆ្មក់ទាហាន លន់ នល់ ដែលធ្វើដំណើរតាមផ្លូវ និងវាយគ្នាទៅវិញទៅមក។ ក្នុងការធ្វើសកម្មភាពក្រុមរបស់ សាន្ត ភាគច្រើនគឺទទួលបានជ័យជម្នះ ហើយខាងទាហាន លន់ នល់ បាក់ទ័ព។ ក្រុមរបស់ សាន្ត ឈ្នះដោយសារតែបានត្រៀមខ្លួនជីករណ្ដៅត្រង់សេក្បែរៗផ្លូវដើម្បីលួចបាញ់។ លើសពីនេះទៅទៀត នៅពេលដែលប្រើប្រាស់រថក្រោះ ឬឡានរួច គឺត្រូវយកទៅលាក់ទុកក្នុងព្រៃវិញ ព្រមទាំងលុបស្នាមកង់ពីក្រោយ ដើម្បីកុំឲ្យខាង លន់ នល់ ល្បាតតាមឧទ្ធធម្ភាគចក្រយកការណ៍បាន។ ការរស់នៅក្នុងព្រៃគឺមានអាហារហូបគ្រប់គ្រាន់ ហើយត្រូវផ្លាស់ប្ដូរទីតាំងជាញឹកញាប់ និងត្រូវប្រុងប្រយ័ត្នបំផុត សូម្បីតែការធ្វើអាហារក៏មិនឲ្យមានផ្សែងច្រើនដែរ។
នៅខែមេសា ឆ្នាំ១៩៧៥ ក្រុមរបស់ សាន្ត បានចូលរួមវាយសមរភូមិខេត្តស្វាយរៀង នៅតាមច្រកខាងកើត។ នៅពេលទទួលបានជ័យជម្នះ ក្រុមរបស់ សាន្ត បានលើកទិសមកខាងអូរសំដី ហើយធ្វើការងារជីកប្រឡាយពីខាងស្វាយរៀង រហូតដល់អូរស្រងាំ។ នៅពេលជីកប្រឡាយ សាន្ត បានជួបការលំបាកយ៉ាងខ្លាំង ព្រោះត្រូវធ្វើការហួសកម្លាំង ហើយការហូបចុកគឺ បានបាយកន្លះកំប៉ុងដួសដាក់លើស្លឹកចេក និងមានឃើញអាចម៍រុយពេញបាយទាំងអស់។ ក្រោយមក នៅពេលអង្គការមានបំណងវាយវៀតណាមម្ដងទៀត សាន្ត បានទៅការពារនៅខ្សែត្រៀមកោះខ្មាស់ ព្រំដែនចេកមាស។ អំឡុងពេលនោះ សាន្ត ស្ថិតនៅក្នុង វរសេនាធំ ឃ៤៦ ហើយ គាត់គឺជាប្រធានខ។ នៅខ្សែត្រៀម ក្រុមរបស់គាត់បានជួបការលំបាកបន្ថែមទៀត ព្រោះត្រូវត្រាំទឹកក្នុង១រណ្ដៅត្រង់សេ២នាក់ និងត្រូវឈរទាំងយប់ទាំងថ្ងៃ ហើយពេលខ្លះត្រូវប្រយុទ្ធគ្នាជាមួយវៀតណាម ប៉ុន្តែការហូបអារហារបានគ្រាន់បើបន្តិច ព្រោះបានបាយស្បោងបញ្ជូនពីសហករណ៍ដូចសម័យវាយជាមួយទាហាន លន់ នល់។ បន្ទាប់មក មានការចោទប្រកាន់ថា សោភឹម បានក្បត់បដិវត្តន៍ អង្គការចាប់ផ្ដើមមិនទុកចិត្តក្រុមរបស់ សាន្ត និងបានចាប់ផ្ដើមបំបែកយកទៅសម្លាប់ទម្លាក់អណ្ដូងនៅភ្នំឈើកាច់ ស្រុកបាភ្នំ។ ក្នុងពេលនោះ សាន្ត បានឮដំណឹងថា សោភឹម នឹងយកកាំភ្លើង ហើយគ្រាប់៤ឡានមកជួយក្រុមគាត់ ប៉ុន្តែក្រោយមកស្ងាត់ទៅវិញ។ ចំណែក សាន្ត វិញបានរួចខ្លួនព្រោះត្រូវមករៀបការជាមួយមិត្តនារីម្នាក់ឈ្មោះ គង់ សាត នៅខាងភូមិត្រកៀត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ សាន្ត រៀបការជាមួយប្ដីប្រពន្ធផ្សេងទៀតចំនួន៨៨គូ នៅឃុំត្រពាំងស្រែ និងបានរស់នៅទីនោះបន្តទៀត។
នៅចុងឆ្នាំ១៩៧៨ ពេលរៀបការរួចមិនបានប៉ុន្មាន អង្គការបានបញ្ជូន សាន្ត ឲ្យទៅខេត្តបាត់ដំបង។ សាន្ត បានធ្វើដំណើរជិះឡានមកភ្នំពេញ រួចបន្តឡើងលើរថភ្លើងទៅអូក្រៀត។ ការងាររបស់ សាន្ត នៅទីនោះគឺជីកប្រឡាយ និងជីកអាងកំពីងពួយ។ នៅទីនោះ សាន្ត ខិតខំធ្វើការងារខ្លាំងណាស់ ប៉ុន្តែនៅតែមានអ្នកច្រណែន ហើយរាយការណ៍ទៅអង្គការថាគាត់លួចបាយ និងហូបរបបទឹកលើស។ ការរស់នៅគឺលំបាកខ្លាំង ព្រោះអង្គការបានចែកទឹកឲ្យមួយនាក់ បានមួយកំប៉ុងទឹកដោះគោ ក្នុងមួយដង ហើយបាយក៏មិនបានគ្រប់គ្រាន់។ ជាញឹកញាប់ សាន្ត បានលួចលូនទៅស្ដាប់កម្មាភិបាលខ្មែរក្រហមប្រជុំគ្នា ហើយនៅយប់មួយនោះអង្គការនិយាយអំពីផែនការយកប្រជាជនទៅសម្លាប់។ ពេលដឹងពីផែនការនេះរួច សាន្ត បានលូនត្រឡប់មកវិញ កាត់ក្រោមផ្ទះ ហើយពេលខ្លះលូនចំលាមកស្អុយពេញខ្លួន។ ពេលដឹងដំណឹងនេះ សាន្ត បានលួចប្រជុំក្រុមអំពីផែនការរត់ចូលទៅខាងកងទ័ពរំដោះមុនពេលគេយកទៅសម្លាប់។ សាន្ត បានប្រាប់ក្រុមរបស់គាត់ថា នៅពេលឮសម្លេងគ្រាប់បែកផ្ទុះ ត្រូវនាំគ្នាស្រែកថាវៀតណាមចូលមក រួចនាំគ្នារត់ចេញទៅ។ ពេលយប់មកដល់ សាន្ត បានបោកគ្រាប់បែកមួយគ្រាប់ដែលរើសបាននៅលើភ្លឺអាងឲ្យចំសេនាជនរបស់អង្គការ រួចនាំគ្នារត់មកឲ្យកងទ័ពវៀតណាមជួយ។ នៅតាមផ្លូវ កម្មាភិបាលខ្មែរក្រហម បានជិះសេះដេញតាមពីក្រោយ ប៉ុន្តែសំណាងល្អបានកងទ័ពវៀតណាមជួយទាន់ពេល និងជិះឡានបណ្ដើរក្រុមរបស់ សាន្ត ឲ្យមកដល់កន្លែងមានសុវត្តិភាព។ ក្រោយមកទៀត គ្រួសារ សាន្ត បានសម្រេចចិត្តត្រឡប់មកព្រៃវែង ហើយគាត់ត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល៣ខែទើបមកដល់ភូមិត្រកៀតវិញ។
នៅឆ្នាំ១៩៨០ ដោយសារលំបាកក្នុងការរកអូសឲ្យប្រពន្ធអាំងភ្លើងពេលសម្រាលកូនពេក សាន្ត បានសម្រេចចិត្តត្រឡប់មករស់នៅឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀងវិញ។ នៅក្នុងភូមិ សាន្ត ប្រកបរបបធ្វើស្រែ រហូតដល់មានការរើសទាហានប្រយុទ្ធជាមួយ ខ្មែរក្រហម ទើបគាត់ចូលរួមម្ដងទៀត។ សាន្ត បានទៅប្រយុទ្ធជាមួយ ខ្មែរក្រហម នៅខាង ស្ពានមាស ភ្នំតាងោល បន្តទៅខាងត្បូងភ្នំតាងោល រហូតដល់តាម៉ុកសារភាព។ សាន្ត បានបន្តថា បន្ទាយនៅភ្នំតាងោលគាត់កាន់កាំភ្លើងដេកា១២,៨ ហើយនៅភ្នំដងទង់ គាត់កាន់កាំភ្លើងដេកា៧៥។ សព្វថ្ងៃនេះ សាន្ត គឺជាមន្ត្រីចូលនិវត្តន៍រស់នៅភូមិជំពូរ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ សាន្ត មានកូនចំនួន៧នាក់ ស្រី២នាក់។ បើតាមសម្ដីរបស់ សាន្ត បានឲ្យដឹងថា គាត់ធ្លាប់បានយករឿងរ៉ាវដែលគាត់បានឆ្លងកាត់ប្រាប់ទៅកូនៗ និងមិត្តភក្ដិកូនរបស់គាត់ ប៉ុន្តែគេមិនជឿរលើសម្ដីដែល សាន្ត បាននិយាយនោះទេ ហើយថែមទាំងនិយាយថាគាត់ប្រឌិតរឿងឡើង។ សាន្ត បានឲ្យកូនរបស់គាត់ និងមិត្តរបស់កូនគាត់ទៅសួរចាស់ព្រឹទ្ធាចារ្យផ្សេងទៀតនៅក្នុងភូមិ ទើបក្មេងជំនាន់ក្រោយមានការជឿរជាក់ខ្លះៗ។ សាន្ត បានឲ្យដឹងទៀតថា ចំពោះសៀវភៅទស្សនាវដ្ដីដែលគាត់ទទួលបាននៅថ្ងៃនេះ គាត់នឹងឲ្យកូនៗអានបន្ថែមទៀត ដើម្បីឲ្យមានការជឿរជាក់ទាំងស្រុងអំពីសម្ដីដែលគាត់និយាយ។
អត្ថបទដោយ៖ ភា រស្មី
ឯកសារយោង៖
[1] ឯកសារ K00335 ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង (ឈ្មោះ ភោគ ចឹក ហៅចាន់ ត្រូវបានអង្គការឃាត់ខ្លួននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧៨) ដោយបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី១។
[2] ឯកសារ SVI0055 កិច្ចសម្ភាសន៍ជាមួយឈ្មោះ ភោគ សាវឿន (ម្ដាយឈ្មោះ សិន ម៉ៅ) ដោយ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ទំព័រទី២។
[3] ស្ទូន (នៅចុងឆ្នាំ១៩៧៦ ឈ្មោះ ភោគ ពៅ បានចេញដំណើរទៅធ្វើជាយោធា និងបន្តទៅធ្វើការនៅព្រលានយន្តហោះកំពង់ឆ្នាំង ហើយបានបាត់ខ្លួនមកដល់បច្ចុប្បន្ន)ទំព័រទី១៥ និងទី១៦។