ភួង ស្រឿន រំឭកពីបទពិសោធន៍លើកទំនប់កែប្រែក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ភួង ស្រឿន[1] អាយុ ៦៧ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងភូមិព្រែកគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុក ឈ្មោះ ភួង បានស្លាប់ដោយសារជំងឺ នៅក្នុងឆ្នាំ១៩៧៣ និងមានម្តាយឈ្មោះ យឹម  បានសម្លាប់ ក្រោយសម័យខ្មែរក្រហម ដោយសារតែជំងឺ។ ខ្ញុំ មានបងប្អូន ចំនួន៤បងស្រីទី១ ភួង យឿន (ស្លាប់) បងប្រុសទី២ ឈ្មោះ ភួង ធឿន ទី៣ ភួង ស្រឿន ផ្ទាល់ និងប្អូន​ប្រុស​ទី៤ ឈ្មោះភួង ស្រេង។ កាលពីវ័យកុមារខ្ញុំ មិនបានរៀនសូត្រនោះទេ ដោយសារ​តែ​ផ្ទះនៅឆ្ងាយ និង​ ប្រទេសមានសង្គ្រាមស៊ីវិលកើតឡើង។

នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០, ប្រជាជន​នៅក្នុង​ភូមិ មាន​ឪពុករបស់ ខ្ញុំ និងអ្នកភូមិប្រហែល ១០នាក់​ទៀតបាននាំគ្នាទៅចូលរួមធ្វើបាតុកម្ម នៅក្នុង​ទី​រួម​ខេត្តកំពង់ចាម ​ដើម្បីទាមទារអំណាច​ថ្វាយ​សម្តេចព្រះ ​នរោត្តម សីហនុ វិញ។ នៅពេលដែលឪពុក និង​អ្នក​ភូមិផ្សេងទៀត ធ្វើដំណើរបាន​ពាក់​កណ្ដាល​ផ្លូវ​ក៏ត្រឡប់​មក​វិញ​ដោយសារតែមានការបាញ់ប្រហារ ហាម​ឃាត់​ប្រជាជនពីសំណាក់កងទ័ព លន់ នល់។

នៅឆ្នាំ១៩៧០-១៩៧៣ នៅក្នុងភូមិ មានការទម្លាក់គ្រាប់បែកខ្លាំងដែលធ្វើឲ្យ​ខូតខាត​ផ្ទះរងរបួសប្រជាជន និងធ្វើឱ្យ​ប្រជាជន​ស្លាប់ផងដែរ។ ពេលដែលមានការទម្លាក់គ្រាប់បែកកើតឡើង ខ្ញុំ​មិនបាននៅក្នុងភូមិនោះទេព្រោះខ្ញុំ និងគ្រួសារបាន​ចេញ​ទៅរស់​នៅតាមវាលស្រែ ដែលទោះបីនៅ​វាល​ស្រែ​ក៏ពិតមែន តែខ្ញុំនៅតែរត់គេចចូលក្នុងលេណដ្ឋានដើម្បីការពារជីវិត ទោះបី​មានភ្លៀងធ្លាក់ក៏ត្រូវតែរត់ចូល លេណ​ដ្ឋានដែរ។​ នៅចន្លោះឆ្នាំ ១៩៧៣-១៩៧៥ នៅក្នុងភូមិ ខ្ញុំឃើញ​មានកង​ទ័ពខ្មែរក្រហមចូលមកសុំ ផ្ទះអ្នកភូមិរស់នៅផងដែរ។ ទាហានដែលឆ្លងកាត់ភាគច្រើនបានប្រាប់យើងថា ជា​ចលនាតស៊ូ​ប្រឆាំង​នឹ​ង​របប លន់ នល់ ។

នៅឆ្នាំ១៩៧៥ គឺជាពេលដែលខ្មែរក្រហមបានចូលកាន់កាប់អំណាចបានពេញលេញ ខ្ញុំត្រូវបាន​ខ្មែរក្រហមជម្លៀសទៅ​លើក​ប្រព័ន្ធ​ភ្លឺ​ស្រែ នៅមូលដ្ឋានស្រុកព្រៃឈរ ប្រមាណជាង៣ខែ ទើបបានខ្មែរក្រហមឱ្យទៅលើកទំនប់កែប្រែ នៅក្នុងឃុំស្រក ស្រុកកំពង់សៀមនេះវិញ។ នៅការដ្ឋានទំនប់នេះ ខ្ញុំបាន​លើក​ចាប់តាំងពីគ្រឹះរបស់ទំនប់ រហូតដល់បញ្ចប់ការដ្ឋានទំនប់នេះក្នុងពេលវេលា​ប្រហែល​១ឆ្នាំ។ កាលពីពេលដែលនៅការដ្ឋានលើកទំនប់នេះ​ ខ្ញុំត្រូវធ្វើការចាប់តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង ១១​ថ្ងៃ ទើបបានសម្រាប់អាហារថ្ងៃត្រង់។ នៅវេលាម៉ោង១រសៀល ត្រូវចុះធ្វើការបន្តទៀត រហូត​ដល់​ម៉ោង៥ ឬពេល​ខ្លះ​ដល់ម៉ោង ៦ល្ងាច ហើយនៅក្នុងថ្ងៃខ្លះត្រូវលើកដល់ម៉ោង ១១យប់។ រាល់ព្រឹកមុន​ពេលដែល​ចេញទៅធ្វើ ការមេ​កងតែង​តែប្រ​​​ជុំជួរ ដើម្បីឱ្យប្រជាជនខិតខំធ្វើការងារលើកទំនប់​ឲ្យ​សម្រេច​ តាម​ផែន​ការ ដែលអង្គការបានកំណាត់។ ​ក្រោយពេល​បាន​ឡើងទំនប់កែប្រែរួច​ ខ្ញុំក៏ត្រូវ​បាន​ខ្មែរ​ក្រហម​ចល័ត មក​ទំនប់ត្រួយចេក ដើម្បីបន្តការងារលើកទំនប់ត្រួយចេកនេះ​ទៀត​រហូត​​ដល់កងទ័ពរណ​សិរ្ស​​ចូលមក​រំដោះ​ប្រជាជន ទើបខ្ញុំអាចរួចផុតជីវិតពីសេចក្ដីស្លាប់។ ខ្ញុំបានរួចផុតពីទុកវេទនា និងសេចក្ដីស្លាប់ គឺនៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។[2]

អត្ថបទដោយ លី ដេវីត


[1] ភួង ស្រឿន «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ សម្ភាសន៍ដោយ លី ដេវីត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកក្កដា ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin