ក្មេងៗ និងទារកស្លាប់ច្រើននៅក្នុងភូមិរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ភួង ពៅ[1] អាយុ៥៩ឆ្នាំរស់នៅក្នុងភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ឌឿន គឹមសាន និងមានកូនប្រុសស្រីសរុបចំនួន៤នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ខ្ញុំមានបងប្អូនចំនួន៨នាក់ប្រុស៤ស្រី៤។ ខ្ញុំជាកូនទី៥។ នៅពីក្មេង ខ្ញុំមិនបានរៀនសូត្រអ្វីនៅសាលានោះទេ ពីព្រោះនៅពេលខ្ញុំអាយុ៦ឆ្នាំ ប្រទេសជាតិមានសង្រ្គាម។

បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ ទម្លាក់សម្ដេចឪ អ្នកភូមិជាច្រើនចូលរួមបាតុកម្មដង្ហែទៅទីរួមខេត្តកំពង់ចាម។ ខ្ញុំនៅផ្ទះជាមួយឪពុកម្ដាយ និងភ័យខ្លាចពេលឃើញមានអ្នកភូមិជាច្រើនចូលរួមបាតុកម្ម។ មិនយូរប៉ុន្មានបន្ទាប់បាតុកម្មត្រូវបានបង្រ្កាបដោយទាហាន​លន់ នល់ កងទ័ពរំដោះខ្មែរក្រហមបានចាប់ផ្ដើមចូលមកដល់ភូមិ និងសុំផ្ទះប្រជាជនស្នាក់នៅ។

នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ កងទ័ពរំដោះខ្មែរក្រហមចូលមកភូមិកាន់តែច្រើនឡើង និងទទួលរងការវាយប្រហារពីទាហានលន់ នល់។ ភូមិរបស់ខ្ញុំក្លាយទៅជាសមរភូមិប្រទាញប្រទង់យ៉ាងខ្លាំងរវាងទាហាននល់ នល់ និងកងទ័ពរំដោះខ្មែរក្រហម។ ទាហានលន់ នល់ តែងតែបើកការវាយប្រហារទាំងផ្លូវគោក និងផ្លូវទឹកដោយការទម្លាក់គ្រាប់បែក និងបាញ់ផ្លោង។ ម្ដាយខ្ញុំបាននាំកូនៗរត់ចូលទៅពួននៅរណ្ដៅត្រង់សេ រហូតដល់មានភាពស្ងប់ស្ងាត់ ទើបម្ដាយខ្ញុំនាំកូនៗចេញពីរណ្ដៅវិញ។ នៅឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះ និងហ៊ុមព័ទ្ធទីរួមខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧៤ មិនមានការវាយប្រយុទ្ធនៅភូមិទៀតទេ ពីព្រោះភូមិសាស្រ្តដែលខ្ញុំរស់នៅ ត្រូវបានកងទ័ពខ្មែរក្រហមគ្រប់គ្រង។

នៅឆ្នាំ១៩៧៥ ខ្ញុំមានអាយុ១០ឆ្នាំត្រឹម។ នៅពេលដែលសហករណ៍ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានដាក់ចូលធ្វើការនៅកងកុមារ ចំណែកឯឪពុកម្ដាយរបស់ខ្ញុំត្រូវបានឲ្យទៅធ្វើការងារនៅតាមកងរៀងៗខ្លួន ហើយបងប្រុសខ្ញុំទៅធ្វើការងារនៅកងចល័តយុវជន។ ប្អូនរបស់ខ្ញុំត្រូវយកទៅទុកឲ្យយាយៗមើលថែនៅផ្ទះ។ ខ្ញុំត្រូវក្រោកម៉ោង៣ទៀបភ្លឺ ដើរប្រមូលអាចម៍គោនៅតាមផ្ទះរបស់អ្នកភូមិ ដែលចញ្ចឹមគោ។ កុមារីត្រូវកាន់បង្គី ចំណែកឯកុមារាគឺជាអ្នកកើបអាចម៍ដាក់បង្គី រហូតដល់ពេលព្រឹក និងពេលរសៀល ខ្ញុំត្រូវដើរកាត់ផ្ទីយកមកលាយជាអាចម៍គោធ្វើជាជីធម្មជាតិ។ ឪពុកម្ដាយ បងប្រុស និងខ្ញុំអាចរួចផុតជីវិតពីសេចក្ដីស្លាប់នៅពេលនោះ ប៉ុន្តែអ្វីដែលខ្ញុំនៅតែចងចាំនោះគឺ ប្អូនរបស់ខ្ញុំបានស្លាប់ដោយជំងឺរាករូស។ ខ្ញុំនៅតែស្រណោះគ្រានោះណាស់ ពីព្រោះខ្ញុំតែងតែទៅមើលប្អូនដែលត្រូវបានថែរក្សាដោយយាយៗនៅភូមិ។ ខ្ញុំដឹងថា មិនមែនមានតែប្អូនខ្ញុំទេដែលបានស្លាប់ គឺមានក្មេងៗ និងទារក ជាច្រើននៅភូមិបានស្លាប់ ដោយសារតែកង្វះភាពកក់ក្ដៅ និងការថែទាំពីម្ដាយ។

នៅថ្ងៃមួយ នៅពេលដែលខ្ញុំទៅមើលប្អូន ខ្ញុំឃើញទារកស្ថិតនៅសភាពទន់ខ្សោយ និងស្លេកស្លាំង។ មានកូនក្មេង និងទារក ស្លាប់ច្រើននៅភូមិ ហើយខ្មែរក្រហម ឬឪពុកម្ដាយគ្រាន់តែយកសាកសពកូនក្មេង និងទារកទៅកប់ចោល។ ប្អូនខ្ញុំដែលបានស្លាប់ គឺមានអាយុទើបតែ៨ខែតែប៉ុណ្ណោះ។ ខ្ញុំបានត្រឹមតែទៅយកប្អូនដែលបានស្លាប់យកទៅកប់។ បើទោះបីជាខ្ញុំអាចមានជីវិតនៅរស់ក៏ដោយ ខ្ញុំនៅតែនឹករឭក និងស្រណោះដល់ប្អូនរបស់ខ្ញុំដែលមានអាយុ៨ខែ រួមទាំងកូនក្មេង និងទារកផ្សេងទៀតដែលស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារតែកង្វះការថែទាំ និងភាពកក់ក្ដៅពីម្ដាយ៕

ដោយ សាំង ចាន់ធូ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម


[1] ពៅ ភួង, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ស៊ាង ចិន្ដា នៅ ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin