ភី ជុំ ៖ ទ័ពនារី ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ជុំ នៅ និង មានឈ្មោះ បដិវត្តន៍ ភី ជុំ[1] អាយុ៥៦ឆ្នាំគិតត្រឹមឆ្នាំ២០០៥ មានស្រុកកំណើតនៅភូមិវាល(បច្ចុប្បន្នភូមិទី៤) ឃុំកំពង់លាវ ស្រុកព្រៃវែង បច្ចុប្បន្នស្រុកកំពង់លាវ ខេត្តព្រៃវែង។ ឪពុកឈ្មោះ មាឃ ជុំ ស្លាប់ដោយសារជំងឺនិង ម្ដាយឈ្មោះ វ៉ែក សុខ គាត់បាត់ដំណឹងក្នុងរបបខ្មែរក្រហមពេល ជម្លៀងទៅកាន់ ខេត្តពោធិ៍សាត់។ ឪពុកខ្ញុំប្រកបមុខរបរជាអ្នករត់រ៉ឺម៉កនិងឆ្លៀតធ្វើស្រែងប្រាំងនៅខាងលិចក្រុងព្រៃវែងដើម្បីចិញ្ចឹមគ្រួសារ។ ខ្ញុំរៀននៅសាលាបឋមសិក្សាក្រាំងក្អែកថ្នាក់ទី៧[2] ក្រោយមកឆ្នាំ១៩៦៤ ខ្ញុំឈប់រៀនជួយការងារឪពុកម្ដាយ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ហើយខ្ញុំគឺជាកូនទី៣។ នៅរបបខ្មែរក្រហមបងស្រីខ្ញុំចូលខាងកាត់ដេរ ចំណែកបងប្រុសមានប្រពន្ធរស់នៅសហករណ៍ ហើយប្អូនពៅរស់នៅជាមួយម៉ែ។
ខ្ញុំចូលបដិវត្តន៍តាមការឃោសនារបស់ខ្មែរក្រហមនិងចូលតាមគេព្រោះមានអ្នកភូមិចូលច្រើនណាស់។ ពេលកើតមានព្រឹត្តិការណ៍ឆ្នាំ១៩៧០ ប្អូនប្រុសខ្ញុំឈ្មោះ ជុំ ម៉ៅ ចូលរួមធ្វើបាតុកម្មជាមួយគេដើរដល់វាលស្បូវទាហាន លន់ នល់ បាញ់បោះវាបាក់ស្បាត និងរួមទាំងមានការបាញ់គ្នារវាងខ្មែរក្រហមនិង លន់ នល់ នៅព្រៃវែងផង ក៏បបួលទាំងគ្រួសារមកនៅស្រុកខាងម្ដាយ នៅភូមិព្រៃឫស្សី ឃុំជាខ្លាង ស្រុកព្រៃវែង (បច្ចុប្បន្នស្រុកស្វាយអន្ទរ) តំបន់២០ ភូមិភាគបូព៌ា។ ពេលខ្ញុំមកនៅស្រុកខាងម្ដាយគ្រួសារខ្ញុំចាត់ជាប្រជាជនមូលដ្ឋាននិងជាតំបន់រំដោះរបស់ខ្មែរក្រហម។ ខ្មែរក្រហមរៀបចំឱ្យអ្នកភូមិតំបន់រំដោះបោះឆ្នោតឱ្យខ្ញុំធ្វើប្រធាននារីភូមិដឹកនាំកម្លាំងដឹកជញ្ជូនយុទ្ធជនត្រៀមវាយនៅសមរភូមិ។ ឧទាហរណ៍ថា កម្លាំងយុទ្ធជនត្រូវទៅបំពេញតួនាទីនៅសមរភូមិណាមានត្រៀមកង់ឱ្យជិះ។ ពេលនាំយុទ្ធជនខ្ញុំជិះពីក្រោយប៉ុន្តែបើយុទ្ធនារីខ្ញុំអ្នកឌុបដល់គោលដៅហើយខ្ញុំជិះកង់ត្រឡប់មកវិញហើយមានពេលខ្លះដឹកស្បៀងឱ្យកងទ័ព។ កង់ដឹកអង្គការចាត់តាំងជាដំណាក់ មានដឹកពីភូមិព្រៃឫស្សីមកដល់ស្វាយអន្ទរ ស្រុកព្រៃវែង អង្គការមិនបានប្រើយើងរាល់ថ្ងៃទេ ក្នុងមួយសប្ដាហ៍ដល់វេនខ្ញុំទៅតែម្ដងទេ។ ក្នុងមួយភូមិអង្គការមានចាត់តាំងអ្នកចាំដឹកយុទ្ធជនតាមកង់ចំនួន៥នាក់ សម្រាប់ប្រើប្រាស់ក្នុងពេលមិនមានឡានឬ ម៉ូតូជិះ។
ឆ្នាំ១៩៧២ ខ្ញុំមកខាងឃុំធ្វើជាប្រធាននារីឃុំមានតួនាទីគ្រប់គ្រងកម្លាំងយុវជននារីពេញមួយឃុំជាខ្លាង ស្រុកព្រៃវែង (បច្ចុប្បន្នស្រុកស្វាយអន្ទរ) និងមានការងារច្រើនទៀតជាពិសេសការងារអប់រំសីលធម៌គេហៅ១២យ៉ាង[3] ហើយខ្ញុំចងចាំជាងគេគឺសីលធម៌ទី៦។ មុនខ្ញុំចុះអប់រំក៏មានខាងស្រុក តាសុខ និងតាចង្កូម[4] ចុះមកអប់រំហៅទាំងគណៈឃុំចូលរួម ហើយយើងចុះទៅផ្សព្វផ្សាយតាមមូលដ្ឋាន។
ដល់ពាក់កណ្ដាលឆ្នាំ១៩៧៣ ខ្ញុំធ្វើជានារីទ័ពស្រុកព្រៃវែង នាទីជាប្រធានក្រុមដឹកជញ្ជូនស្បៀង និងគ្រាប់ ទៅសមរភូមិផ្ទាល់។ បន្តមកទៀតឆ្នាំ១៩៧៤ ខ្ញុំឡើងជាកងទ័ពនារីភូមិភាគបូព៌ា ដែលមាន៣វរសេនាតូចហើយខ្ញុំនៅអនុសេនាតូចលេខ២ មាន៣អនុសេនា និង៤អនុសេនាធំ។ កាលនោះមិនទាន់បង្កើតទ័ពតំបន់ទេ មានទ័ពនារីភូមិភាគតែម្ដង។ ដល់ជាកងទ័ពនារីភូមិភាគខ្ញុំមានកាំភ្លើងទុកសម្រាប់ការពារខ្លួន។ ខ្ញុំធ្លាប់នាំកម្លាំង និងស្បៀងឱ្យកងទ័ពត្រៀមសមរភូមិ បារាយណ៍ និង ស្វាយសុខោ។ ខ្ញុំមិនទាន់ចុះបម្រើការងារពេញលេញទេ បានតែដឹកស្បៀងឱ្យកងទ័ព ព្រោះនៅសិក្សាក្បួនយុទ្ធសាស្រ្តនៅសាលា ស២០០ ឬហៅសាលាស្លពល ដែលយុវជន-យុវនារី សុទ្ធតែធ្លាប់ឆ្លងកាត់សាលានេះ មានទីតាំងធំនៅស្រែស្ពៃពាមជាំង អូររាំងឪ។ បន្ទាប់ពីហាត់ចប់រយៈពេល៦ខែក៏បែកភ្នំពេញ។
ខែកក្កដា ឆ្នាំ១៩៧៥ ខ្ញុំត្រូវអង្គភាពបញ្ជូនមកភ្នំពេញ នៅអង្គភាព ស៨០ ភស្ដុភារសេនាធិការ គ្រប់គ្រងឃ្លាំងគ្រាប់ទីតាំងនៅទួលគោក។ ចំណែកក្រុមខ្លះទៅខាងរោងចក្រ ខ្លះខាងស្បៀង និង ខ្លះទៀតយានយុទ្ធខាងជួសជុលកាំភ្លើង។ ខ្ញុំនៅអង្គភាព ស៨០ មានស្រីមានប្រុស ប៉ុន្តែស្រីនិងប្រុសមិនធ្វើការជាមួយគ្នាទេបែកចែកកន្លែងគ្នាមើលការខុសត្រូវខាងទួលគោកមានតែស្រីៗ និង ចែកវេនគ្នាយាម ទុកដាក់សម្ភារដឹកមកពីខេត្ត កំពង់ឆ្នាំង និងក្រចេះពីរមុខព្រួញនេះ។ អ្នកគ្រប់គ្រងឃ្លាំងឈ្មោះ ធឹប និងក្រោមការមើលខុសត្រូវរួមរបស់ សុន សេន គឺជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកខាងកិច្ចការការពារប្រទេស[5]។
នៅចុងឆ្នាំ១៩៧៦ ខ្ញុំរៀបការជាមួយយុទ្ធជនអង្គភាពជាមួយគ្នាដែលមាន៣គូរៀបការដំណាលខ្ញុំ ។ ប្ដីខ្ញុំឈ្មោះ មឿន អតីតជាទាហានខាងភូមិភាគឧត្ដរ។ ទោះខ្ញុំនិងប្ដីមិនបានរស់នៅផ្ទះជាមួយគ្នាប៉ុន្តែ យើងអាចចេញចូលកន្លែងយើងស្នាក់នៅទៅវិញទៅមកបានគ្រាប់ពេល។ ប្ដីខ្ញុំធ្លាប់ប្រាប់ខ្ញុំថាយើងប្រហែលជាមិនសុខទេ អង្គការចាប់ឧត្ដរហើយ ព្រោះធុច ត្រូវបានចាប់ខ្លួន។ ប្ដីខ្ញុំដឹងថាអង្គការនឹងចាប់គាត់ប៉ុន្តែមិនរត់ទេព្រោះខ្លាចអង្គការសម្លាប់ខ្ញុំនិងកូនដែលកាលនោះខ្ញុំមានផ្ទៃពោះ៥ខែ។ បន្ទាប់ពីអង្គការចាប់ប្ដីខ្ញុំ ខ្ញុំមានអ្នកតាមដានប្រវត្តិរូប។ ក្រោយមក ឆ្នាំ១៩៧៧ ខ្ញុំត្រូវអង្គការចាប់ទៅលត់ដំនៅព្រៃស ដោយសារតែខ្ញុំមានបងថ្លៃមកពីហាណូយ និងជាគណៈតំបន់២០ ដែលរួមមានស្រុកមេសាង[6] ស្រុកកំចាយមារ[7] ស្រុកព្រៃវែង[8] ស្រុកកញ្ជ្រៀច[9] និង ស្រុកពញាក្រែក[10]។ កូនខ្ញុំកើតនៅព្រៃសមានពេទ្យជួយសម្រាលក្រោយមកកូនខ្ញុំកើតជំងឺកញ្រ្ជឹលខ្មែរក្រហមយកវាទៅព្យាបាលនៅភ្នំពេញដល់ពេលកូនខ្ញុំយំលួងមិនបាត់ អង្គការហៅខ្ញុំទៅ។ កូនខ្ញុំពេលកើតមិនបានបៅដោះខ្ញុំទេដល់ពេលខ្ញុំទៅឱ្យវាបៅដោះលាប់ជំងឺកញ្ជ្រឹលវិញក្រោយមកកូនខ្ញុំបានស្លាប់។ នៅព្រៃសខ្ញុំធ្វើស្រែតាំងពីព្រឹកទល់ព្រលប់ និងសម្រាកតែពេលហូបបាយប៉ុណ្ណោះព្រោះជាកន្លែងលត់ដំ។ ពេលសម្រាកពេលយប់នៅផ្ទះអ្នកទោសដេកទល់ក្បាលគ្នានិងមានកន្ថោរម្នាក់មួយដាក់ចុងជើងហើយអង្គការចាក់សោរពីក្រៅនិងមានអ្នកយាមនៅក្រោមផ្ទះ យើងមិនអាចចេញពេលយល់បានទេ។ ពេលធ្វើស្រែក៏មានអ្នកយាមដែរ នារីៗឈរលើភ្លឺស្រែ មានកាំភ្លើងរង់ចាំបាញ់ប្រសិនមានសកម្មភាពខុសធម្មតា។ របបអាហារនៅព្រៃសហូបគ្រប់គ្រាន់មួយថ្ងៃទទួលបាន៣ពេលហើយពេលព្រឹកភាគច្រើនដំឡូងស្ងោរ។ ខ្ញុំធ្វើការនៅព្រៃសរហូតដល់កងទ័ពរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើតនិងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់[11]។
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ ជាមួយ ជុំ នៅ រស់នៅភូមិឯមរាម ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៥។
[2] ឯកសារលេខ K០៨៦០០ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, មានចំណងជើង«ជុំ នៅ» សរសេរវាយអង្គលីលេខចំនួន១ទំព័រ។
[3] ឯកសារ D២១៤០៨ «យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្ត» យុវជន និង យុវនារីបដិវត្ត លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។
[4] ឯកសារលេខ I០២៣៤៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, មានចំណងជើង«ប៊ូ ភឿន» ចូលបដិវត្តន៍តាមរយៈ ចាប រុន ហៅ តាចង្កូម និងឯកសារ D០៦៦៧៦ ចឹក ហៅ ចង្កូម លេខាស្រុកព្រៃវែង,១ទំព័រ។
[5] ឯកសារលេខD២១២៨០ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សុន្ទរកថា របស់សមមិត្ត សុន សេន» សរសេរដោយវាយអង្គលីលេខចំនួន១២ទំព័រ។
[6] ឯកសារលេខD៤១៦៩៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ដួង ត្រេង លេខាស្រុកមេសា តំបន់២០ ភូមិភាគបូព៌ា» វាយអង្គលីលេខចំនួន៣៣ទំព័រ។
[7] ឯកសារលេខ K០៧១១៦ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង» សរសេរ វាយអង្គលីលេខចំនួន១ទំព័រ។
[8] ឯកសារលេខ D១០៤៨៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«គណៈស្រុកព្រៃវែងតំបន់២០ » សរសេរ វាយអង្គលីលេខចំនួន១ទំព័រ។
[9] ឯកសារលេខ D១០៤៨៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«គណៈស្រុកកញ្ជ្រៀច » សរសេរ វាយអង្គលីលេខចំនួន១ទំព័រ។
[10] ឯកសារលេខ I០៧២៦៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបសង្ខេប» សរសេរដោយដៃនិងវាយអង្គលីលេខចំនួន១ទំព័រ។
[11] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។