ភី អេង រំឭកអំពីបទពិសោធន៍ជីវិតជាកម្មាភិបាលនៅរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ភី អេង[1] អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានទីកន្លែងកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំរស់នៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ ចាម។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកក្នុងភូមិ។ ខ្ញុំនៅវ័យជំទង់ដែលមានអាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំត្រូវប្រឡងចូលរៀននៅវិទ្យាល័យព្រែកតាមាក់ ប៉ុន្តែនៅពេលនោះ ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិបាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ចេញភៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពនៅភូមិថ្មពូន ស្រុកចំការលើ ដោយហេតុថាខ្ញុំមានបងប្អូនរស់នៅទីនោះ។ ខ្ញុំរៀនសូត្របាន់ថ្នាក់ទី៧ (សង្គមចាស់)។ នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។
នៅតាមតំបន់រំដោះ កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។ នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវណែនាំឲ្យចូលបដិវត្តន៍ តាមរយៈ តា ស្រេង ដែលជាអ្នកបំផុសបំផុល និងរៀបចំឲ្យខ្ញុំចូលធ្វើកងឈ្លប ហើយក្រោយមកទៀត ចូលកងទ័ពក្នុងព្រៃតស៊ូ។ នៅពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហានលន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលទាហាន លន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកនេះ មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។ ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យអ្នកភូមិបន្ត ស្ម័គ្រចិត្តចូលបដិវត្តកាន់តែច្រើនឡើង ហើយមិត្តនារីៗក៏ស្ម័គ្រចិត្តចូលផងដែរ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនមកខាងមុខបន្តទៀត រហូតមកដល់ស្រុកព្រៃឈរ ដែលមានប្រធានគ្រប់គ្រងឈ្មោះ មិត្ត អឿន នៅមន្ទីរ-ក២៥។
ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ចូលចូលរៀនវគ្គបណ្ដុះបណ្ដាលផ្នែកកម្មាភិបាលមានតា អឿន ជ្រើសរើសតែមិត្តនារីៗ ៥០នាក់តែប៉ុណ្ដោះ។ នៅពេលដែលខ្ញុំរៀនវគ្គបណ្ដុះបណ្ដាលផ្នែកកម្មាភិបាលអស់រយៈពេល១ខែ និងរៀនចេះដឹងច្រើនមក, តា អឿន បានតម្រូវឲ្យខ្ញុំទៅធ្វើការងារ និងរស់នៅជាមួយថ្នាក់លើ។ ខ្ញុំត្រូវបានស្រាវជ្រាវប្រវត្តិរូបយ៉ាងលម្អិត ពីព្រោះខ្មែរក្រហមបានចម្រាញ់យកតែអ្នកដែលមានប្រវត្តិត្រឹមត្រូវ ហើយមានសមត្ថភាពល្អក្នុងការកសាងខ្លួនដើម្បីទៅធ្វើការងារ និងរស់នៅជាមួយថ្នាក់លើ។ ខ្ញុំត្រូវបានបញ្ចូនមកធ្វើការ និងរស់នៅជាមួយ មិត្ត សោ ភឹម និងមិត្តិ ទៀ សុខន។ ក្នុងការធ្វើ ប្រវត្តិរូបខ្ញុំត្រូវឆ្លើយសំណួរទី១ ថា «ធ្វើបដិវត្តន៍ហ្នឹងដើម្បីអី្វ ហើយរំដោះជាតិហ្នឹងដើម្បីអី្វ»។ ខ្ញុំបានឆ្លើយថា «ការរំដោះជាតិ គឺដើម្បីចង់ឲ្យប្រជាជនមានសេរីភាព»។ ខ្មែរក្រហមបានជ្រើសរើសតែអ្នកមានសមត្ថភាពប៉ុណ្ណោះដែលត្រូវទៅរៀនវគ្គបណ្ដុះបណ្ដាល និងទៅធ្វើការឲ្យថ្នាក់លើបែបនេះ ពីព្រោះចាប់តាំងពីខ្ញុំចូលបដិវត្តន៍ ខ្ញុំធ្វើជាប្រធានក្រុម និងប្រធានកង។ ខ្ញុំត្រូវទទួលការងារដែលថ្នាក់លើដាក់ឲ្យធ្វើ និងដឹកនាំកម្លាំងប្រជាជនទៅធ្វើការ ដើម្បីសម្រេចការងារពលកម្មកន្លែងការងារ។ ខ្ញុំបានធ្វើការនៅកន្លែងដាំបាយឲ្យកងទ័ព ហើយត្រូវធ្វើម្ហូបឲ្យ មិត្ត ភឹម, មិត្តខៀវ និងមិត្តហាន បន្ថែមទៀត។ ក្រោយមកទៀត ខ្ញុំត្រូវបានបញ្ចូនទៅធ្វើជាពេទ្យកងទ័ព នៅសមរភូមិចេនឡាទី២ ស្ថិតនៅភូមិសាស្ត្រកំពង់ថ្ម។ សមរភូមិកំពង់ថ្ម គឺជាសមរភូមិក្ដៅ ហើយការវាយប្រយុទ្ធគ្នាគឺខ្លាំងក្លាណាស់ ដែលមានអ្នករបួស និងស្លាប់ច្រើនណាស់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ប្ដីខ្ញុំត្រូវបានផ្លាស់មកនៅភ្នំពេញមុនខ្ញុំ។ ប្ដីខ្ញុំបាន មកយកខ្ញុំទៅនៅទីក្រុងភ្នំពេញ ដើម្បីធ្វើជាពេទ្យកងពលរបស់តា អឿន វិញ។ តា អឿន បានឲ្យខ្ញុំទៅគ្រប់គ្រងសហករណ៍ ហើយខ្ញុំមិនបានមកទេ ពីព្រោះប្រពន្ធតា អឿន បានប្រាប់ខ្ញុំថា មិនបាច់មកទេ នៅធ្វើពេទ្យចុះ។ ប្រពន្ធតា អឿន ថា ខ្ញុំមានសមត្ថភាពធ្វើពេទ្យ ហើយខ្ញុំព្យាបាលតែ កម្មាភិបាល ។ ខ្ញុំមិនដែលរុញរាទេ ខ្ញុំមិនគិត យប់ព្រលប់អីទេ គ្រាន់តែថា មានអ្នករបួសមកដល់ខ្ញុំទៅភ្លាម។ ខ្ញុំនឹកឃើញថាបង ប្អូនគេក៏ដូចបងប្អូនយើង។
នៅឆ្នាំ១៩៧៦ ខ្ញុំធ្វើជាពេទ្យនៅមន្ទីរពេទ្យអង្គឌួង ដើម្បីដើរចាក់ថ្នាំព្យាបាលអ្នកជំងឺ និងអ្នកត្រូវរបួស។ នៅថ្ងៃមួយ ខ្ញុំទទួលបានដំណឹងថា ប្ដីរបស់ខ្ញុំជាប់នៅមន្ទីរឃុំឃាំងខ្មែរក្រហម និងទទួលរងការធ្វើទារុណកម្ម។ ខ្ញុំសម្រេចិត្តទៅតស៊ូតាមទៅយកម្ដីមកវិញ។ នៅពេលនោះ ខ្មែរក្រហម ធ្វើការចោទប្រកាន់ប្ដីខ្ញុំថា គាត់មានជាប់និន្នាការ និងត្រូវតែចាប់ខ្លួនយកលត់ដំនៅបឹងបាយ៉ាប។
យើងទាំង២នាក់រួចផុតពីទុកវេទនា និងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។[2] ខ្ញុំ និងប្ដីបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ៕
អត្ថបទដោយ ទូច វណ្ណេត
[1] ឯកសារលេខ KCI0100, បទសម្ភាសន៍ជាមួយ ភី អេង នៅខេត្តកំពង់ចាម នៅឆ្នាំ២០០២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា, ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១