ពេជ្រ ជឹម៖ អតីតមេបញ្ជាការទ័ពស្រុកត្រាំកក់ ក្នុងជំនាន់ខ្មែរក្រហម
កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)ខ្ញុំឈ្មោះ ពេជ្រ ជឹម[1] ភេទប្រុស អាយុ៨៩ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ ខ្ញុំបានមករស់នៅតំបន់អន្លង់វែងនៅក្នុងឆ្នាំ១៩៩១។
ខ្ញុំបានចូលរួមក្នុងចលនាតស៊ូចាប់ពីឆ្នាំ១៩៥៣មកម្ល៉េះ។ ខ្ញុំបានចូលក្នុងចលនាទាមទារឯករាជ្យជូនប្រទេសពីសំណាក់អាណានិគមបារាំង។ ខ្ញុំបានចូលចលនានេះ ស្របពេលជាមួយនឹងការបង្កើតបក្សប្រជាជនបដិវត្ដន៍ខ្មែរ។ បងប្រុសរបស់ខ្ញុំបានចូលរួមក្នុងចលនានេះមុនខ្ញុំ ហើយគាត់បានប្រាប់ឲ្យខ្ញុំចូលរួមក្នុងចលនាតស៊ូជាសម្ងាត់នៅក្នុងភូមិដែរ។ ដំបូងឡើយ អ្នកចូលរួមក្នុងចលនាតស៊ូក្នុងឃុំរបស់ខ្ញុំមានចំនួនតែ២នាក់ប៉ុណ្ណោះ។ ប៉ុន្ដែក្រោយមក ម្នាក់ទៀតបានស្លាប់បាត់ហើយ។ ម្ដាយខ្ញុំត្រូវជាម្ដាយមីងរបស់តាម៉ុក។ ភូមិរបស់តាម៉ុកស្ថិតនៅជាប់គ្នាជាមួយភូមិរបស់ខ្ញុំដែរ។ តាម៉ុកគឺជាមនុស្សរហ័សរហួន ហើយជាអ្នកធ្លាប់បួសរៀនទៀតផង។ បន្ទាប់ពីលាចាកសិក្ខាបទ តាម៉ុកបានក្លាយជាដង្ខៅឈើ និងកសិករស្ដុកស្ដម្ភ។ ខ្ញុំបានដឹងពីសកម្មភាពសម្ងាត់ក្នុងចលនាតស៊ូរបស់តាម៉ុកជាយូរមកហើយ ចាប់តាំងពីជំនាន់ខ្មែរឥស្សរៈប្រឆាំងជាមួយបារាំងមកម្ល៉េះ។
នៅពេលបារាំងបានប្រគល់ឯករាជ្យឲ្យប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ សកម្មភាពនៃចលនារបស់យើងបានថមថយចុះ ហើយជនបដិវត្ដន៍បានរស់នៅ និងប្រកបមុខរបររកស៊ីដូចប្រជាជនធម្មតា។ ប៉ុន្ដែ ជនបដិវត្តន៍ទាំងនោះមិនបានផ្ដាច់ខ្សែរយៈ ចលនានេះឡើយ។ ឆ្លងកាត់ការដឹកនាំដ៏ពេញលេញរបស់សម្ដេចព្រះនរោត្ដម សីហនុ ក្នុងសម័យសង្គមរាស្រ្ដនិយម យើងបានឃើញពីភាពប្រសើរឡើងលើគ្រប់វិស័យ។ ខ្ញុំផ្ទាល់បានកាន់តួនាទីជានាយកសាលាបឋមសិក្សាវត្ដអង្គគយ ព្រមទាំងបានទទួលមេដាយប្រាក់ពីព្រះអង្គ នៅពេលដែលព្រះអង្គយាងទៅកាន់ខេត្ដតាកែវ។
ចលនាតស៊ូរបស់ខ្មែរក្រហមបានធំធាត់ឡើងបន្ដិចម្ដងៗ នៅតាមបណ្ដាស្រុកស្រែចម្ការ ដើម្បីប្រឆាំងនឹងសម័យសង្គមរាស្រ្ដនិយម។ ក្រុមជាតិនិយមជ្រុល បានងើបឡើងប្រឆាំងនឹងរបបនាយទុន និងរបបសក្ដិភូមិ។ សម្ដេចព្រះ នរោត្ដម សីហនុ បានទប់ស្កាត់មិនឲ្យចលនានេះផុសផុលឡើយ ហើយក៏បានស្ងៀមស្ងាត់ត្រឡប់ទៅវិញ។
រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ លន់ នល់ បានចេញមុខថា ខ្លួនបានចេញមុខដោះស្រាយវិបត្ដិនៃការលង់ខ្លួនជាមួយបរទេសជិតខាងហើយ សម្ដេចព្រះនរោត្ដម សីហនុ គ្រាន់តែនៅឲ្យស្ងៀមទៅបានហើយ និងមិនបាច់មានសកម្មភាពអ្វីទាំងអស់។ ដោយសារតែភាគច្រើនប្រជាជននៅតែបន្ដគាំទ្រ សម្ដេចព្រះ នរោត្ដម សីហនុ យើងក៏បាននាំគ្នាធ្វើបាតុកម្មនៅតាមបណ្ដាខេត្ដនានា។
ខ្មែរក្រហមបានឆ្លៀតឱកាសនេះ ដើម្បីដុតភ្លើងកំហឹងឲ្យកាន់តែផ្ទុះឡើង និងទាក់ទាញប្រជាជនឲ្យចូលរួមក្នុងចលនាតស៊ូរបស់ខ្លួនថែមទៀត។ ខ្ញុំជឿជាក់ថា កម្លាំងខ្មែរក្រហមដែលរីកដុះដាលខ្លាំងឡើង បានមកពីការរួមបញ្ចូលគ្នានៃប្រជាប្រិយភាពរបស់សម្ដេចព្រះនរោត្ដម សីហនុ។ ព្រឹត្ដិការណ៍នៃការធ្វើរដ្ឋប្រហារបានបណ្ដាលឲ្យប្រជាជន និងកម្លាំងអ្នកស្នេហាជាតិជាច្រើនបានពលីកម្ម។ ខ្ញុំបានឃើញទិដ្ឋភាពជនទាំងនោះ ស្លាប់នៅក្នុងលេណដ្ឋាន តាមផ្លូវ និងលូ ដែលស្ថិតនៅខាងលិចផ្សារអង្គតាសោម ខេត្ដតាកែវ។
នៅពេលនោះ ខ្ញុំត្រូវបានកងកម្លាំងតស៊ូខ្មែរក្រហម ផ្ដល់តួនាទីជាមេបញ្ជាការកងទ័ពស្រុក១០៥ ខេត្ដតាកែវ ដែលមានកម្លាំងប្រមាណ៨ពាន់នាក់។ ខ្ញុំបានទទួលកាំភ្លើងគាំទ្រប្រភេទ១០៤ ដើម្បីវាយប្រហារជាមួយទាហាន លន់ នល់។ ខ្ញុំគឺជាអ្នកបញ្ជាកាំភ្លើងនេះផ្ទាល់។ ការបញ្ជានៅពេលនោះ គឺការអនុវត្ដន៍ជាក់ស្ដែងតែម្ដង ដោយមិនមានជំនាញការណាមួយមកបណ្ដុះបណ្ដាលយើងទេ។ នៅពេលនោះ យុទ្ធសាស្រ្ដបញ្ជាកងទ័ពរបស់យើងមានភាពស្រួចស្រាល់នៅឡើយ។ យើងតែងបើកការប្រជុំអំពីផែនការយុទ្ធសាស្រ្ដនៅតាមទីតាំងដ៏សមស្របមួយ ហើយជាញឹកញាប់ទៀតផង។ ការប្រជុំរបស់យើង គឺមានទិសដៅប្រមែ ប្រមូលកម្លាំងកងទ័ព ដើម្បីវាយប្រហារជាមួយទាហាន លន់ នល់ នៅឯសមរភូមិ និងការផ្លាស់ប្ដូរផែនការនៅសមរភូមិណាមួយដែលបរាជ័យ។ យើងត្រូវផ្លាស់ប្ដូរយុទ្ធសាស្រ្ដថ្មី ដើម្បីអនុវត្ដន៍ឲ្យទទួលបានជ័យជម្នះឡើងវិញ។
ក្នុងដំណាក់កាលណោះ កងទ័ព មានសព្វាវុធគ្រប់ដៃ ទាំងធន់ធំ និងធន់តូច ព្រមទាំងកាំភ្លើងប្រភេទដេកា៨២ដែរ។ នៅពេលយើងជួបប្រយុទ្ធជាមួយទាហាន លន់ នល់ យើងបានប្រើប្រាស់យុទ្ធសាស្រ្ដរំកិលខ្លួនបន្ដិចម្ដងៗ និងជីកលេណដ្ឋានដើម្បីលាក់ខ្លួន។ ចំណុចដែលខ្ញុំមើលឃើញថា ខ្មែរក្រហមអាចយកឈ្នះទាហាន លន់ នល់ បាន គឺដោយសារស្មារតីជាតិនិយមខ្លាំងក្លា និងលេណដ្ឋានរឹងមាំ។ កងពលទី១ ដឹកនាំ ដោយ មាស មុត និងកងពលទី២ ដឹកនាំដោយ កឺត ហៅសឿន បានដឹកនាំកម្លាំងឆ្ពោះទៅពោធិ៍ចិនតុង រហូត ទទួលបានជ័យជម្នះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
នៅពេលនោះ ខ្ញុំកងកម្លាំងរបស់ខ្ញុំមិនមានមុខសញ្ញាទៅកាន់ទីក្រុងភ្នំពេញទេ។ ខ្ញុំកាន់តួនាទីជាមេបញ្ជាការកងទ័ពនៅក្នុងខេត្ដតាកែវដដែល។ គោលដៅដ៏សំខាន់របស់យើង គឺការពារសមរភូមិដែលវាយដណ្តើមបានពីទាហានលន់ នល់។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅទីក្រុងភ្នំពេញ ខ្ញុំមានតួនាទីដឹកនាំទាំងកងទ័ពនៅស្រុក១០៥ (ស្រុកត្រាំកក់)ផង និងគ្រប់គ្រងប្រជាជនផង។
ក្រោយមក កងកម្លាំងកងទ័ពស្រុករបស់ខ្ញុំក៏មានការសង្ស័យលើគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យសមមិត្ដមួយចំនួនត្រូវបានចាប់ខ្លួន។ សមមិត្ដនី គឺជាតំណាងរបស់ខ្ញុំផ្ទាល់ ត្រូវបានថ្នាក់លើទាមទារឲ្យមានការចាប់ខ្លួនពាក់ព័ន្ធប្រវត្ដិមិនស្អាតស្អំទាក់ទងនឹងវណ្ណៈអធន។ ខ្ញុំធ្លាប់បាននិយាយការពារគាត់ម្ដងរួចមកហើយ ប៉ុន្ដែក្រោយមក ថ្នាក់លើនៅតែសម្រេចចិត្ដយកគាត់ទៅវាយចោលនៅឯមន្ទីរខេត្ដកំពតដដែល។ នេះហើយជាមូលហេតុដែលធ្វើឲ្យកម្លាំងខ្មែរក្រហមបានថមថយ និងទទួលបរាជ័យទៅវិញ។
ក្រោយមក នៅពេលកងទ័ពវៀតណាមចូលដល់ទីក្រុងភ្នំពេញ កងទ័ពរបស់យើងបានបំផ្លាស់ទីមកកាន់ព្រំដែន រហូតក្រោយមកយើងបានមកដល់តំបន់អន្លង់វែង។ នៅតំបន់នេះ ខ្ញុំបានជួបនឹងតាម៉ុកយូរៗម្ដងនៅពេលប្រជុំផែនការកងទ័ព។ រហូតដល់ពេលបង្កើតគណៈកម្មាធិការទី១៩ ខ្ញុំត្រូវបានខ្មែរក្រហមដកឈ្មោះចេញមិនឲ្យឈរជើង ដោយសារតែខ្ញុំមិនចុះសម្រុងក្នុងខ្សែសង្វាក់ដឹកនាំ។
ខ្ញុំបានពិការដៃម្ខាងនៅក្នុងឆ្នាំ១៩៩១ (កាត់២ដង) ដោយសារមានកងកម្លាំងក្បត់បង្កប់ខ្លួនបោកគ្រាប់បែកប្រុងធ្វើឃាតខ្ញុំនៅក្នុងព្រៃ ប៉ុន្ដែមិនបានជោគជ័យ។ ខ្ញុំរងរបួសចំដៃ ដើមទ្រូង ក្រលៀន និងជង្គង់។ ចំណែកឯវ៉ាល់លីរបស់ខ្ញុំបានរហែកខ្ទេចខ្ទីអស់។ ក្រោយមក កម្លាំងក្បត់ទាំងពីរនាក់នោះ ត្រូវកងកម្លាំងខ្មែរក្រហមយកទៅសម្លាប់ចោល។ ខ្ញុំយល់ឃើញថា អ្វីដែលជាបទពិសោធន៍តស៊ូរបស់ខ្ញុំកន្លងមកនេះ វាជាស្មារតីតស៊ូដើម្បីជាតិ និងការឆ្លងកាត់ព្រឹត្ដិការណ៍ជាតិ»៕
អត្ថបទដោយ សួត វិចិត្រ
[1] លី សុខឃាង សម្ភាសន៍ជាមួយ ពេជ្រ ជឹម នៅក្នុងវេទិកាប្រវត្ដិសាស្រ្ដគ្រួសារនៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ នៅក្នុងឆ្នាំ២០២២។