ជម្លៀសទៅស្រុកកោះញែក
ខ្ញុំឈ្មោះ ព្លឹក ចីល ភេទប្រុស អាយុ៦៩ឆ្នាំជាជនជាតិដើមភាគតិចព្នង។ បច្ចុប្បន្ន ចីល រស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កាលពីសម័យខ្មែរក្រហមខ្ញុំមានអាយុ២២ឆ្នាំ ពេលនោះខ្ញុំរស់នៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោម្យ ខេត្តមណ្ឌលគិរី ត្រូវបានអង្គការខ្មែរក្រហម ជម្លៀសទៅស្រុកកោះញែកវិញ។ ពេលជម្លៀសទៅកោះញែកក្នុងការធ្វើដំណើរ បើទោះបីជាមានឡាន ឬម៉ូតូក៏អង្គការខ្មែរក្រហមមិនឲ្យជិះដែរ ឲ្យដើរថ្មើរជើងទៅរយៈពេលបួនយប់បានទៅដល់កោះញែក។ ចំពោះទ្រព្យសម្បត្តិ គោ ក្របីអង្គការយកទាំងអស់ឲ្យយើងធ្វើដំណើរតែខ្លួនទេ។ ពេលទៅដល់ស្រុកកោះញែកទើបអង្គការទទួលស្គាល់ថាជាប្រជាជន ហើយបានចែកស្បែកជើងមួយគូរ សម្លៀកបំពាក់មួយកំប្លេរដែលយកពីប្រជាជនដែលអង្គការសម្លាប់ពីភ្នំពេញមកប្រឡាក់សុទ្ធតែឈាម មានជាប់ខួរក្បាល ស្បែកក្បាល សក់មនុស្សប្រុសស្រីចាប់ជាមួយខោអាវមក ហើយត្រូវយកទៅបោកចេញដើម្បីពាក់បន្ដទៀត។ មូលហេតុដែលអង្គការយកខ្ញុំនិងគ្រួសារទៅស្រុកកោះញែក គឺថាខ្ញុំ និងគ្រួសារមានជាប់ដៃជើងជាមួយយួន(វៀតណាម)។ ពេលមកដល់ស្រុកកោះញែក អង្គការបានចាត់តាំងឲ្យខ្ញុំធ្វើជាកងស្រួច នៅពេលបាក់ទំនប់ឬប្រឡាយ អង្គការមិនប្រើគ្រឿងចក្រទៅធ្វើទេ គឺគេប្រើឲ្យប្រជាជន កងស្រួច កងពល ដើម្បីទៅទប់ទំនប់ ។ អំឡុងពេលទប់ទំនប់ខ្ញុំស្ទើរតែស្លាប់ម្ដង ព្រោះនៅពេលនោះខ្ញុំមានរាងតូចស្រាល ហើយទឹកបានហូរនាំខ្ញុំទៅជាប់នៅចុងឬស្សី។ ចំណែកពលទាហានគេមិនប៉ើងទៅទេព្រោះគេមានកាំភ្លើង និងរបស់របរធ្ងន់ៗស្ពៀយ។ ពេលនោះក៏មានអ្នកពូកែហែលទឹក ហែលទៅជួយដោះខ្ញុំមកទេ កុំអីស្លាប់ខ្ញុំបាត់ហើយ។ ខ្ញុំងើបធ្វើការតាំងពីម៉ោង៣ព្រឹករហូតដល់ម៉ោង១២ទើបខ្ញុំបានសម្រាកមួយភ្លេត ហើយក៏ទៅធ្វើការហើយដល់ម៉ោង៥ បានឡើងមកសម្រាកបន្ដិចក៏ទៅធ្វើការទៀតរហូតដល់ម៉ោង១២យប់ទើបបានដេក។
ចំណែកឯទំនប់ដែលខ្ញុំបានលើកបានធ្វើមានទំនប់ស្រែ ទំនប់អរបួនលើ ទំនប់រយ៉លើ បើសិនជាទំនប់ទាំងនេះមិនបាក់ យើងធ្វើស្រែចម្ការ។ សម្រាប់កំលោះក្រមុំនៅស្ទើរៗគេដាក់មួយកន្លែង ហើយអង្គការសង់ផ្ទះមួយប្រហែល៥០ម៉ែត្រហើយគេឲ្យគេងជុំគ្នា។ យប់ឡើងពេលយើងដេកលក់មានមេៗគេមកត្រួតពិនិត្យខ្លាចយើងដេកឡាយឡំគ្នាជាមួយស្រី ព្រោះស្រីដេកផ្សេង ប្រុសដេកផ្សេង មួយបន្ទប់តូចនៅពីរនាក់ ហើយអង្គការយកគោមមកបញ្ជាំងមើលមុខយើងទៀត បើសិនជាឃើញមនុស្សស្រីនៅជាមួយមនុស្សប្រុសនោះ ឈ្លបយកទៅសម្លាប់ចោលហើយ។ ទំនប់ស្រែហ៊ុយដែលខ្ញុំជីកប្រវែងប្រហែល២៣គីឡូម៉ែត្រ ទទឹងប្រហែល២០ម៉ែត្រ កម្ពស់១០ម៉ែត្រ ហើយទំនប់មួយៗជីកមានមនុស្សច្រើនណាស់មើលពីលើទៅដូចជាស្រមោច។ នៅក្នុងពេលនោះមានគ្រឿងចក្រដែលអាចជីកកាយទំនប់បាន ប៉ុន្ដែអង្គការមិនឲ្យប្រើទេ ថាជារបស់ពួកចក្រពត្តិត្រូវយកបំផ្លាញចោល ហើយយើងត្រូវតស៊ូនឹងកម្លាំង។ ពេលបាយមិត្តភក្ដិដែលធ្លាប់នៅជាមួយគ្នា មើលមុខគ្នាហើយស្រក់ទឹកភ្នែករឿងបាយ ងើបតាំងពីម៉ោង៣រហូតដល់ម៉ោង៦ទើបមានចុងភៅ រ៉ែកពោតដែលគេប្រលេះរួចទៅស្ងោររួចចែកឲ្យពួកខ្ញុំ ម្នាក់មួយវែកៗ មិនឲ្យខ្ញុំ និងប្រជាជនឈរចាំយកអាហារនៅលើភ្លឺស្រែទេ ឲ្យនៅចំហៀងភ្លឺស្រែជាជួរៗ ដែលមានភក់ត្រឹមជង្គង់ បន្ទាប់មកធ្វើការដល់ម៉ោង១២ទើបសម្រាកហូបបាយ រួចហើយទៅធ្វើការទៀតដល់ល្ងាចសម្រាកបាយម្ដងទៀត។ អំឡុងពេលដែលយើងសម្រាក យើងប្រលែងគ្នា និយាយជាមួយគ្នា អង្គការថាយើងទាក់ទងជាមួយយួន ហើយស្អែកឡើងធ្វើមីទ្ទីញចាប់យើងចងនឹងទង់ជាតិ ហើយប្រកាសតាមឧគ្ឃោសនសព្ទ (មេក្រូ) ថាម្នាក់នឹងក្បត់កុំឲ្យយកគំរូ ឬធ្វើតាម បើសិនជាមានមេក្រុមទៅធានាឲ្យថាស្មោះត្រង់អង្គការនឹងដោះលែងវិញ។ នៅសម័យខ្មែរក្រហមខ្ញុំបានឃើញអង្គការចាប់គ្នាឯងទៅវិញទៅមកដូចជា ចៅហ្វាយស្រុក ចៅហ្វាយខេត្ត មេបញ្ជាការ…ដោយចោទគ្នាទៅវិញទៅមកថាជាជនក្បត់។ អ្នកទាំងអស់នោះបានរត់គេច។ មួយយប់ៗឮសំឡេងតែបាញ់គ្នាស្លាប់អស់ច្រើន និងមានអ្នកខ្លះបានចងកសម្លាប់ខ្លួនឯង។
អត្ថបទដោយ៖ ធី ស្រីពេជ្រ
កំណែអក្ខរាវិរុទ្ធដោយ៖ គឹម សុវណ្ណដានី