របបខ្មែរក្រហមបានបន្សល់ជំងឺឈឺចង្កេះដល់សព្វថ្ងៃ

(ស្វាយរៀង) ៖ ប៉ុល ហេង អ្នក​រស់រាន​មាន​ជីវិត​ពីរបប​ខ្មែរ​ក្រហម​អាយុ​៨០ឆ្នាំ រស់​នៅ​ភូមិ​ស្វាយ​ក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀង។

ហេង និយាយថា ក្នុង​រ​បបខ្មែរ​ក្រហម​គាត់​ត្រូវ​ធ្វើ​ការងារ​ធ្ងន់ៗ គ្មានពេល​សម្រាក ជំងឺឈឺចង្កេះបាន​បន្សល់ទុករហូតដល់ពេលបច្ចុប្បន្ន។

ក្នុងរបប លន់ នល់ ហេង បានឃើញការទម្លាក់គ្រាប់​បែកពីសំណាក់ទាហានអាមេរិកកាំង ក្នុងភូមិជាញឹក​ញាប់​។​ ការទម្លាក់គ្រាប់បែកបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសម្លាប់​សត្វពាហនៈ ព្រមទាំង​បន្សល់​រ​ណ្តៅ​ធំៗក្នុងភូមិ​។ ហេង បន្តថា ក្នុងភូមិ​មានអំពើអសន្តិសុខកើតមានជារឿយៗ ដោយសារតែមានទាហានមិនស្គាល់អត្តសញ្ញាណដើរ​ធ្វើ​បាបប្រជាជនពិសេសស្រីៗ។

មុនរបបខ្មែរក្រហម ហេង រស់នៅភូមិកំណើតនៅភូមិស្វាយក្អែរជាមួយកូនៗ និងប្តី។ ក្រោយមកគាត់ និងគ្រួសារ ត្រូវបានខ្មែរក្រហមបញ្ជាឲ្យយកទ្រព្យសម្បត្តិដែលមានទាំងអស់យកមកទុកប្រើប្រាស់រួម ព្រមទាំងឲ្យទៅរស់នៅ និងហូបរួមក្នុងសហករណ៍ដែលនៅឆ្ងាយពីផ្ទះគាត់ធ្លាប់រស់នៅ។

ហេង ប្រាប់ថា ក្នុងមូលដ្ឋានដែលគាត់រស់នៅផ្ទាល់ មានកន្លែងសម្លាប់មនុស្ស។ ហេង ឃើញទាហាន​ខ្មែរក្រហម បណ្តើរមនុស្សយកទៅសម្លាប់​ជារឿយៗ ហើយការបណ្តើរមនុស្សម្តងៗចាប់ពីប្រាំ រហូតដល់ដប់នាក់។ ហេង រៀបរាប់ថា មានប្រជាជនជាច្រើន​ក្នុងភូមិបានស្លាប់​និងខ្លះទៀតត្រូវជម្លៀសទៅឆ្ងាយៗពីភូមិ។ ខ្មែរក្រហមមិនបានគិតគូរពីសុខទុក្ខ ការលំបាក​ក្នុងការស់នៅរបស់ប្រជាជនទេ។ អ្នកជម្លៀ​ស​ចេញ​ពីភូមិ​ខ្លះបានស្លាប់ និងបាត់ដំណឹងដល់សព្វថ្ងៃ។

​ ហេង រៀបរាប់ថា នៅពេលយប់តែងមានឈ្លបដើរ ស្តាប់​​តាមផ្ទះប្រជាជនឲ្យតែមានសមាជិកគ្រួសារផ្ទះណា​ពិភាក្សាគ្នា ឬនិយាយមិនល្អពីការដឹកនាំក្នុងមូលដ្ឋានហើយ​​ឈ្លបបានឮដឹងតែពីបាត់ខ្លួនហើយ។ ហេង ទទួលបានរបបអាហារតែបបររ៉ាវៗមួយវែកក្នុងមួយពេលលាយជា មួយដើមចេក។ គាត់មិនដែល​បរិភោគបានឆ្អែតមួយពេលណាទេពេញមួយរបបខ្មែរ​ក្រហម។ រីឯការងារវិញត្រូវធ្វើធ្ងន់ៗ ដោយគ្មានពេល​សម្រាកពីព្រឹករហូតដល់យប់ជ្រៅដើម្បីបានគ្រប់តាមផែនការកំណត់។ ហេង និងប្រជាជនផ្សេងទៀតពេលឈឺម្តងៗគ្មានថ្នាំព្យាបាលត្រឹមត្រូវទេ មានតែថ្នាំរាងមូលៗ ដូចអាចម៍ទន្សាយដែលប្រជាជននៅមូលដ្ឋានផ្សំពីឫសឈើ ដើម្បីព្យា​បាលប៉ុណ្ណោះ។ ហេង ក៏បានឃើញគេចាប់ផ្សឹកព្រះសង្ឃ វាយកម្ទេចវត្តអារាម ព្រះពុទ្ធបដិមាករ និងព្រះវិហារ ជាដើម។ ក្រោមមក ហេង និងគ្រួសារត្រូវបានជម្លៀសតាម​រទេះគោឲ្យទៅរស់នៅកន្លែងផ្សេង ដោយទៅបានមួយរយៈក៏ត្រឡប់មកវិញដោយសារតែរបបខ្មែរក្រហមដួលរលំ។ ហេង និងគ្រួសារនាំគ្នាមករស់នៅស្រុកកំណើតវិញ អាជ្ញាធរក៏បានចែករបបដីស្រែឲ្យប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។

ហេង ពេញចិត្តចំពោះការកាត់ទោសដាក់គុកមួយជីវិតលើអតីតមេ​ដឹកនាំខ្មែរក្រហម ដែល​បានធ្វើឡើងដោយតុលាការខ្មែរក្រហម​។ ហេង គិតថា ការកាត់ទោសនេះមានសារសំខាន់ណាស់​ដើម្បី​ការពាររបបនេះកុំឲ្យត្រឡប់​មកវិញម្តងទៀត។

សម្ភាសន៍ដោយៈ អ៊ុក សារ៉ែន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ អេង សុខម៉េង 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin