ប៉ោ សំអុន៖ សកម្មភាពកសាងកម្លាំង សេ. អ៊ី. អា និងតាមដានសកម្មភាពខ្មែរក្រហម

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ប៉ោ សំអុន[1] ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងប្រិយ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ សំអុន បានបន្តការសិក្សានៅវិទ្យាល័យ អង្គតាសោម។ លុះពេល ​រៀនដល់ថ្នាក់ទី៣ សំអុន ត្រូវបានសាស្ត្រាចារ្យចំនួន២នាក់ អប់រំបញ្ចូលជា សេ. អ៊ី. អា ដោយឈ្មោះ គិត និងឈ្មោះ យូ អយ។ អ្នកទាំងពីរបានអប់រំ សំអុន​ ​ពីការកសាងកម្លាំង សេ. អ៊ី. អា ​និងរក្សាការសម្ងាត់។

នៅឆ្នាំ១៩៦៨ សំអុន ទទួលបានផែនការពីឈ្មោះ គិត ឲ្យធ្វើសកម្មភាព​​ ​កសាងកម្លាំង សេ. អ៊ី. អា នៅក្នុងសាលារៀន និងពង្រឹងខ្សែទាក់ទងថ្មីៗ។ ​បន្ទាប់ពី ទទួលផែនការណ៍នេះ សំអុន កសាងកម្លាំងបានចំនួន២នាក់ និងតាមដានខ្មែរក្រហមជាបន្តបន្ទាប់។ នៅខែមេសា ឆ្នាំ១៩៧០ ឈ្មោះ យូ អយ បានចាត់តាំង សំអុន ឲ្យចូលបង្កប់ខ្លួនក្នុងតំបន់រំដោះ នៅស្រុកកំណើតវិញ។ សំអុន បានទាក់ទងជាមួយឈ្មោះ ហឿន ជាខ្សែ របស់ឈ្មោះ ហូ អយ។ តាមរយៈឈ្មោះ ហឿន បានណែនាំ សំអុន ឲ្យទាក់ទងជាមួយ ឈ្មោះ ឆេង ជាខ្សែរបស់ខ្លួន។

នៅខែកក្កដា ឆ្នាំ១៩៧០ ឈ្មោះ ឆេង បានណែនាំ សំអុន ​បញ្ចូលក្នុងជួរបដិវត្តន៍ ​ទទួលស្គាល់ដោយ​ឈ្មោះ ប៊យ។  នៅខែតុលា ឆ្នាំដដែល សំអុន បានដាច់ខ្សែរយៈពី ប៊យ ​ព្រោះត្រូវទៅហាត់រៀនជាមួយអង្គភាពវៀតណាមនៅក្នុងតំបន់១៣ ខេត្តតាកែវ[2] ដើម្បីចូល​បង្កប់ខ្លួនក្នុងអង្គការបក្សបដិវត្តន៍។ ​ មុនពេល សំអុន ចេញទៅរៀន​ ឈ្មោះ ប៊យ បានដាក់ផែនការ ឲ្យធ្វើសកម្មភាពកសាងកម្លាំង សេ. អ៊ី. អា ​និងសម្របខ្លួនកុំឲ្យមានទំនាស់ជាមួយវៀតណាម។ ​សកម្មភាពទាំងអស់ត្រូវរក្សាការសម្ងាត់។ បន្ទាប់មក សំអុន បានចេញទៅរស់នៅក្នុងអង្គភាពវៀតណាម ​និងបានភ្ជាប់​ជាមួយខ្សែឈ្មោះ បាសុង មានតួនាទី វរសេនាតូច និងឈ្មោះ សៅ ឆាន អនុ​វរសេនាតូច (វៀតណាម)។ ​ នៅទីនោះ សំអុន កសាងកម្លាំងបានចំនួន២នាក់។ នៅខែកុម្ភៈ ឆ្នាំ១៩៧១ អង្គការ បានដក សំអុន ពីអង្គភាពវៀតណាម ឲ្យមកនៅវរសេនាតូច ១៦០ ប្រចាំភូមិភាគនិរតី ខេត្តតាកែវ[3] ក៏ជួបជាមួយ ឈ្មោះ ប៊យ ដែលជាខ្សែចាស់។

​នៅខែកក្កដា ឆ្នាំ១៩៧២ អង្គការ បានដក សំអុន មកនៅអង្គភាពវរសេនាតូច ១១១ ប្រចាំភូមិភាគពិសេស ជាមួយឈ្មោះ សោម។ រហូតដល់ខែ វិច្ឆិកា ក្នុងឆ្នាំដដែល សោម ​បានអប់រំ សំអុន បញ្ចូល ជា សេ. អ៊ី. អា ​​និងបានណែនាំឲ្យស្គាល់​ខ្សែ សេ. អ៊ី. អា ចំនួន៣នាក់។ តាមរយៈឈ្មោះ សោម ដដែលបាន​ណែនាំ ​ សំអុន ​ជាមួយកម្លាំងចំនួន៣នាក់ ដាក់ផែនការឲ្យកសាងកម្លាំង សេ. អ៊ី. អា និងបំផុសយុវជន​​បន្ត​ធ្វើទំនាក់ទំនងទៅកាន់ទាហាន។​ តាម​ផែនការនេះ សំអុន កសាងកម្លាំងបានចំនួន២នាក់។ សកម្មភាពបន្ទាប់ សំអុន ក៏ធ្វើទំនាក់​ទំនងតាមរយៈ តេអូ សេ ២៥ ទៅកាន់ឈ្មោះ ងួន លីឃាង ដើម្បីរាយការណ៍ពីផែនការ វាយនៅភូមិភាគនិរតី។

នៅខែឧសភា ឆ្នាំ១៩៧៥ សោម បានដាក់ផែនការ ឲ្យរៀបចំកម្លាំងអាវុធ និងគ្រាប់ឲ្យបានច្រើន សម្រាប់ត្រៀមធ្វើរដ្ឋប្រហារនៅខែ មិថុនា ឆ្នាំ១៩៧៥។ ជាពិសេស ត្រូវកសាងកម្លាំង សេ. អ៊ី. អា និងរក្សាការសម្ងាត់។ បន្ទាប់ពី ទទួលផែនការនេះ សំអុន បានចាក់សាំងដុតផ្ទះ ធ្វើឲ្យ​ឆេះអស់ចំនួន៣ខ្នង និងឆេះសាំងអស់ចំនួន៥០ពុយ។ ថែមទាំងកសាងកម្លាំងបានចំនួន៤នាក់ទៀត។ នៅខែមិថុនា ឆ្នាំដដែល អង្គការ បានបង្កើតសន្និបាទ​មួយនៅកងពល៦០៥។ ក្នុងកម្មវិធីនេះ សំអុន ​មានតួនាទីជំនួយការផងដែរ។ មុនរយៈពេលមួយថ្ងៃ នៃការធ្វើសន្និបាត ឈ្មោះ សោម បានដាក់ផែនការ ឲ្យសំអុន ចាត់តាំងកម្លាំងក្បត់​ឲ្យចាំកម្ទេចអង្គការបដិវត្តន៍។ តាមផែនការនេះ សំអុន បានចាត់តាំងឈ្មោះ សាវ៉ន និងឈ្មោះ នៅ ​ឲ្យយាមការពារក្នុង​កម្មវិធីនេះ។ មួយរយៈក្រោយមក សំអុន ​ទទួលផែនការពីឈ្មោះ សោម ឲ្យបង្ក ភាព​ជ្រួលច្របល់នៅទីក្រុងភ្នំពេញ នៅពេលបុណ្យខួបនៅខែកញ្ញា ឆ្នាំ១៩៧៦។ ​តាមផែនការនេះ សំអុន កសាងកម្លាំងបានចំនួន៣នាក់។ នៅខែធ្នូ ឆ្នាំ១៩៧៥ អង្គការបានចាត់តាំង សំអុន ឲ្យទៅនៅកង​ពល៨០១ ប្រចាំនៅខេត្តរតនគិរី។ មុនពេល​ទៅ សោម បានដាក់ផែនការ សំអុន ឲ្យទាក់ទងទៅវៀតណាម និងក្ដោបក្ដាប់កម្លាំង សេ. អ៊ី. អា ឲ្យបានជាប់។ ​​នៅទីនោះ សំអុន​ បានស្គាល់កម្លាំង ខ្សែ សេ. អ៊ី. អា ​បានចំនួន៣នាក់។ ​

នៅខែមករា ឆ្នាំ១៩៧៦ សំអុន បានទាក់ទងបញ្ជាការវៀតណាមឈ្មោះ ហាយ ប៊ិញ ប្រចាំការនៅបន្ទាយលេខ២៣ ​ផ្លូវលំលេខ១៩ នៅតាមព្រំដែន ដើម្បីសុំ​ធ្វើជា​បង្អែក និងសុំចចារកុំឲ្យមានការបាញ់គ្នាទៀត។ នៅខែមីនា ​ឆ្នាំដដែល សំអុន បានត្រឡប់មកពីខេត្ត រតនគិរីវិញ ក៏ចាត់តាំងខ្សែ សេ. អ៊ី. អា ចំនួន៤នាក់ ឲ្យទាក់ទងនៅតាមព្រំដែនវៀតណាម និងបានរាយការណ៍ឲ្យវៀតណាមចំនួន៤នាក់ ពីគោល​ការណ៍​​ឈប់បាញ់គ្នា និងទាក់ទងជាមួយកម្លាំងវៀតណាម មកអុកឡុក នៅកម្ពុជា។ នៅខែកក្កដា ឆ្នាំដដែល សំអុន ​ត្រូវឡើងមករៀននៅភ្នំពេញ ​ហើយ​រាយការណ៍ទៅឲ្យឈ្មោះ សោម ​​ពីសកម្មភាពដែលបានអនុវត្តនាពេលកន្លងមក។ អស់រយៈពេលមួយខែ​ សំអុន ត្រឡប់មក​វិញ ​ក៏រាយការណ៍ទៅឲ្វៀតណាម ​ឈ្មោះ លី យ៉ាង និងហាយ ប៊ិញ នៅតាមមុខសញ្ញា ​​ពីសភាពការណ៍ នៅតាមផ្លូវលេខ១៩ ​ និងកន្លែងបោះទ័ព។ ពេលនោះ លី យ៉ាង និងប៊ិញ បានស៊ើបការណ៍ ឃើញថានៅតាមសហករណ៍ ​មានមនុស្ស​រស់នៅជុំគ្នា ធ្វើការរួមគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដរួមគ្នា[4] នៅទំនប់ ១០៧ (ខេត្តរតនគិរី) នៅតាមសហករណ៍ ៣៥, ៣៦, ២៨, និង​២៩។ នៅខែតុលា ឆ្នាំដដែល សំអុន បានត្រឡប់មករៀននៅភ្នំពេញម្ដងទៀត ក៏ជួបជាមួយឈ្មោះ សោម និងបានរាយការណ៍ពីខ្លឹមសារខាងលើ។ លុះពេល រាយការណ៍ចប់ សោម បានដាក់ផែនការឲ្យ សំអុន ស៊ើបកម្លាំងវៀតណាមដើម្បីបម្រើផែនការធ្វើរដ្ឋប្រហារ នៅតាមអង្គភាព និងត្រូវទាក់ទងជាមួយវៀតណាម ឲ្យបានជាប់លាប់។

នៅខែមករា ឆ្នាំ១៩៧៧ សំអុន បានមកនៅពេទ្យ ព៩៨ ​ក៏ជួបជាមួយឈ្មោះសោម។ មួយខែក្រោយមក ក៏ផ្លាស់មកនៅវត្តទួលទំពូង។ សោម ក៏ដាក់ផែនការចំនួន៥ គឺ ១) វាយនៅសេនាធិការ  ២) នៅរោងឃោសនាការ ៣) រៀបចំកម្លាំងទប់ទល់ពេលធ្វើរដ្ឋប្រហារ ៤) វាយមន្ទីរស២១ ដើម្បីរំដោះបក្ខពួក និងទី៥) សំអុន ត្រូវនាំវៀតណាមមកអុកឡុក​ ដើម្បីឲ្យបក្សចាប់អារម្មណ៍ទៅកាន់ខេត្តរតនគិរី។ នៅខែ មីនា ឆ្នាំ១៩៧៧ សំអុន បានធ្វើដំណើរទៅខេត្តរតនគិរី​ និងបាននាំវៀតណាមចំនួន៣០នាក់ ដឹកនាំដោយ ឈ្មោះ ហាយ ប៊ិញ។ ​លុះពេលទៅដល់ អូយ៉ា ដាវ គណៈកងពលក៏ហៅប្រជុំ។ ពេលនោះ​វៀត​ណាម ក៏ត្រឡប់ទៅវិញអស់។ ​ នៅមេសា ឆ្នាំ១៩៧៧ អង្គការបាន​បញ្ជូន សំអុន មកនៅមន្ទីរកងពល ៨០១ វិញ។ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៧៧ សំអុន ត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៧៕

អត្ថបទដោយ ជីម សុគា


[1] ឯកសារ (J០០​២២៦)  តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង៖ «ប៉ោ សំអុន៖ សកម្មភាពកសាងកម្លាំង សេ. អ៊ី. អា និងតាមដានសកម្មភាពខ្មែរក្រហម»។ ​​ឯកសារភាពនេះសរសេរដោយដៃ មានចំនួន២១ទំព័រ។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៣៤។

[3] ឯកសារដូចគ្នា

[4] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា,២០២០),៤០។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin