ពត ឡែ កងចល័តកម្លាំងទី២
(រតនគិរី)៖ ពត ឡែ មានអាយុ ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត។ សព្វថ្ងៃគាត់រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ពត ឡែ បានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ដោយលំបាកវេទនាបំផុតក្នុងឆាកជីវិតរបស់គាត់។ នៅសម័យនោះ ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការយ៉ាងលំបាក ដោយហួសកម្លាំង និងបរិភោគមិនគ្រប់គ្រាន់។ មនុស្សដែលមានវ័យចំណាស់ត្រូវមើលថែក្មេងតូចៗ នៅពេលឪពុកម្តាយរបស់ក្មេងទាំងនោះត្រូវបានខ្មែរក្រហមបញ្ជាឲ្យទៅធ្វើការរួម ដូចជាលើកភ្លឺស្រែ លើកទំនប់ ភ្ជួរស្រែ និងជីកប្រឡាយ ជាដើម។ ចំណែកកងកុមារត្រូវដើរកាប់ទន្ទ្រានខេត្ត ប្រមូលលាមកសត្វ និងមនុស្សដើម្បីធ្វើជីលេខមួយ។
ពត ឡែ ធ្លាប់ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅខេត្តស្វាយរៀង ដែលកាលនោះ គាត់ធ្វើនៅក្នុងសហករណ៍ ជាកងចល័តកម្លាំងទី២ ដែលមានការងារដូចជា លើកភ្លឺស្រែ ជីកប្រឡាយ និង រែកដីទាំងយប់ទាំងថ្ងៃ តាំងពីម៉ោងបួនទៀបភ្លឺ រហូតដល់ម៉ោងដប់ព្រឹកទើបបានសម្រាកទទួលទានអាហារ។ ប៉ុន្មាននាទីក្រោយមក គាត់ត្រូវបន្តធ្វើការបន្តទៀតរហូតដល់យប់អធ្រាត្រ។
នៅរដូវច្រូតស្រូវ ក្រោយពីការច្រូតស្រូវនៅក្នុងសហករណ៍បានរួចរាល់ គាត់ត្រូវទៅជួយច្រូតស្រូវនៅតាមភូមិផ្សេងដែលច្រូតមិនទាន់ហើយ បន្ទាប់មកទៀតកងចល័តរបស់គាត់ត្រូវទៅជួយច្រូតស្រូវនៅតាមក្រុមរបស់ម្តាយឪពុករៀងៗខ្លួន។
ចំពោះរបបអាហារនៅសម័យនោះ ដោយសារគាត់ធ្វើការនៅកងចល័តកម្លាំងទី២ ដែលធ្វើការមិនរហ័សនិងលំបាកដូចកងចល័តកម្លាំងទី១ ដូច្នេះកងឈ្លបខ្មែរក្រហមឲ្យហូបបាយទៅតាមកម្លាំងនៃកងចល័ត។ គាត់ទទួលបានអាហារតែពីរពេលក្នុងមួយថ្ងៃ ដោយបាយលាយជាមួយដើមចេក និងសម្លទឹកប្រហុក។
នៅសម័យនោះ ពត ឡែ បានបន្តថា ខ្មែរក្រហមមានថ្នាំសម្រាប់បំប៉នកម្លាំង និងថ្នាំផ្សេងទៀតសម្រាប់ប្រជាជនដែលឈឺខ្លាំង។ តែសម្រាប់អ្នកដែលមានជំងឺមិនសូវធ្ងន់ធ្ងរ ត្រូវតែធ្វើការបន្តរហូតទាល់តែឈឺធ្ងន់ធ្ងរទើបខ្មែរក្រហមយកទៅព្យាបាល ប៉ុន្តែជាចុងក្រោយប្រជាជនភាគច្រើនត្រូវបានបាត់បង់ជីវិតដោយសារពេទ្យគ្មានជំនាញច្បាស់លាស់ ឬដោយចាក់ថ្នាំខុស។
នៅថ្ងៃមួយ គាត់ថា ខ្មែរក្រហមបានចាប់មនុស្សពីរនាក់ដែលមានកំហុសតែបន្តិចបន្តួចមានឈ្មោះ ម៉ុក និង ទ្រំ យកទៅរៀនសូត្រដោយសារអ្នកទាំងពីរនាក់បានលួចកាប់ដើមអំពៅដើម្បីហូប។ ដោយសារឈ្មោះ ទ្រំ ជ្រុះក្រមាទើបកងឈ្លបរកឃើញ។ លុះព្រឹកឡើងមានការប្រជុំស្វែងរកម្ចាស់ក្រមា ទើបខ្មែរក្រហមចាប់អ្នកទាំងពីរយកទៅរៀនសូត្រ ឬសម្លាប់ចោល។
ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម ពត ឡែ បានវិលត្រឡប់មកស្រុកកំណើតវិញ ជាអកុសលឪពុកម្តាយ និងបងប្អូនចំនួន២នាក់របស់គាត់ត្រូវបានបាត់បង់ជីវិតនៅក្រោមរបបនោះ។ សព្វថ្ងៃ គាត់មានជំងឺប្រចាំកាយដូចជា ជំងឺក្រពះ និងសន្លាក់ដៃសន្លាក់ជើង ដែលត្រូវទៅទទួលការព្យាបាលនៅមន្ទីរពេទ្យជារៀងរាល់ខែ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤