ប្រជាជនភូមិភាគបូព៌ាត្រូវបានចោទថាជាខ្មាំង

(ស្វាយរៀង) ៖ ពោន ហន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៣ឆ្នាំ ជាកសិករ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហន មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍។ ហន មានឪពុកឈ្មោះ ពោន អោ និងម្ដាយឈ្មោះ មាស ខាន់ មានបងប្អូន០៧នាក់។

ក្នុងរបប លន់ នល់ ហន បានឃើញសកម្មភាព ទម្លាក់គ្រាប់បែកដែលបានបំផ្លិចបំផ្លាញផ្ទះ វត្ត និងសាលារៀន ព្រមទាំងបានសម្លាប់អាយុជីវិតសត្វ និងមនុស្សអស់យ៉ាងច្រើន។

ក្នុងរបបខ្មែរក្រហម ហន មានអាយុ១៩ឆ្នាំ រស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ត្រូវបានខ្មែរក្រហមឲ្យធ្វើការនៅក្នុងកងចល័តនារី ដោយធ្វើការជីកប្រឡាយ ជីកទំនប់ រែកដី និងធ្វើស្រែ។ ហន ត្រូវរស់នៅរួម ធ្វើការរួម និងហូបរួមក្នុងសហករណ៍ស្រុកស្វាយជ្រំ។ ហន បានរៀបរាប់ថា ក្នុងភូមិមានការចាប់យុវជនឲ្យចូលធ្វើជាទាហាន និងឈ្លបភូមិ។ បងប្រុសរបស់ ហន ផ្ទាល់ក៏ត្រូវបានឲ្យធ្វើឈ្លបខ្មែរក្រហម និងត្រូវទៅធ្វើការឆ្ងាយៗពីភូមិ។

បន្ទាប់មកគេបានជម្លៀស ហន ឲ្យទៅរស់នៅស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។ គ្រួសារ ហន និងអ្នកភូមិ បានធ្វើដំណើរដោយថ្មើរជើងរហូតទៅដល់អ្នកលឿង ខេត្តព្រៃវែង បានស្នាក់នៅទីនោះមួយរយៈ ក៏បន្តដំណើរតាមរថយន្ត ដែលខ្មែរក្រហមបានរៀបចំ។ ហន បានរៀបរាប់ពីស្ថានភាពពេលជម្លៀសថា លំបាកខ្លាំងដោយសារតែប្រជាជនមានចំនួនច្រើន គ្មានជម្រកស្នាក់នៅសមរម្យ គ្មានអាហារ និងគ្មានថ្នាំព្យាបាលជំងឺ ប្រជាជនចាស់ៗ និងអ្នកជំងឺមួយចំនួនបានស្លាប់ ដោយសារទ្រាំទ្រការលំបាកមិនបាន។ ចំណែក ឪពុករបស់ ហន ដោយសារធ្វើដំណើរឆ្ងាយបានធ្លាក់ខ្លួនឈឺ ដើរមិនរួច គាត់ក៏នាំគ្នាគ្រា និងសែងឪពុក បន្តដំណើរទៅមុខ។

ពេលទៅដល់ទីនោះ ហន ត្រូវបានបំបែកឲ្យរស់នៅផ្សេងពីគ្រួសារ។ ខ្មែរក្រហមបានបំបែកប្រជាជន ទៅតាមប្រភេទអាយុ និងកម្លាំង។ ចាស់ៗនៅសហករណ៍រោងបាយឬមើលថែទាំកុមារនៅកងកុមារ យុវជន យុវនារី ត្រូវរស់នៅ និងធ្វើការនៅកងចល័ត ចំណែកកុមាររស់នៅកងកុមារ ដើររើសអាចម៍គោ និងប្រមូលស្លឹករុក្ខជាតិយកទៅធ្វើជីដាក់ស្រែ។ ហន និងសមាជិកកងចល័តប្រមាណ ១០នាក់ ត្រូវបានគេចាត់តាំងឲ្យជីកស្រះដើម្បីស្តុកទឹកទុកប្រើប្រាស់។ ដោយត្រូវកំណត់ជីកឲ្យបានបីម៉ែត្រគីបក្នុង​១ថ្ងៃ ហន ត្រូវក្រោកនៅម៉ោង ៤ព្រឹក ដើម្បីធ្វើការឲ្យគ្រប់តាមផែនការដែលកំណត់។ ក្រោយមក ហន បានដឹងថា គម្រោងជីកស្រះដែលខ្មែរក្រហមប្រើប្រជាជននោះ មិនមែនទុកស្តុកទឹកទេ គឺដើម្បីទុកជាកន្លែងសម្លាប់ និងកប់សាកសពប្រជាជនដែលជម្លៀសទៅពីខេត្តស្វាយរៀង ព្រោះគេបានចាត់ទុកប្រជាជនទាំងនោះថាជាខ្មាំង។

ហន និយាយថាជាសំណាងល្អដែលរបបខ្មែរក្រហមបានដួលរលំនៅដើមឆ្នាំ១៩៧៩ បើមិនដូច្នោះទេគាត់ និងគ្រួសារ ព្រមទាំងប្រជាជនដែលជម្លៀសមកទាំងអស់នឹងត្រូវស្លាប់។

ក្រោយរបបខ្មែរក្រហមដួលរលំ ហន និងគ្រួសារ បាន ធ្វើដំណើរពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករស់នៅស្រុកកំណើតវិញ និងប្រកបរបរធ្វើស្រែចំការរហូតដល់សព្វថ្ងៃ។ ហន បានស្នើឲ្យយុវជនដែលជាក្មេងៗជំនាន់ក្រោយ ចងចាំ និងយល់ដឹងរឿងរ៉ាវក្នុងរបបខ្មែរក្រហមនាំគ្នាបញ្ជៀសកុំឲ្យរបបដូចនេះកើតឡើងសារជាថ្មីលើទឹកដីប្រទេសកម្ពុជា។

ហន មានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម និងជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង គាត់បានទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជារៀងរាល់ខែ។

សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី២៥ សីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin