ឪពុកខ្ញុំត្រូវអង្គការចាប់ខ្លួន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅយប់មួយក្នុងឆ្នាំ១៩៧៦ វេលាម៉ោងប្រហែលជា៨:០០នាទីយប់ អង្គការបានមកចាប់ខ្លួន ឪពុករបស់ ពៅ មឿន។ ខាងក្រោមនេះជាសាច់រឿងរបស់ ពៅ មឿន ៖

ខ្ញុំ​ឈ្មោះ ពៅ មឿន[1] ភេទប្រុស អាយុ៦១ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ ពៅ និង ម្ដាយឈ្មោះទិត្យ រិន។ ខ្ញុំមានបងប្អូន៥នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រីម្នាក់។ ខ្ញុំមានប្រពន្ធឈ្មោះ អំ ផន អាយុ៦១ឆ្នាំ និងមានកូនចំនួន៦នាក់ ក្នុងនោះមានកូន ប្រុស៤នាក់ និងកូនស្រីចំនួន២នាក់។

កាលពីកុមារភាព ខ្ញុំបានចូលរៀននៅសាលាមេមត់បានរយៈពេល២ឆ្នាំ។ ខ្ញុំរៀនក្នុងមួយថ្ងៃពីរ វេន គឺពេលព្រឹក និងពេលរសៀល។ ខ្ញុំទៅរៀនឃើញថា មិនសូវមានសិស្សច្រើនប៉ុន្មានទេ ហើយភាគច្រើនមានតែកុមារាច្រើនជាងកុមារី។ ខ្ញុំរៀនអក្សរប្រកប មិនសូវរៀនគណិតវិទ្យាទេ។ ខ្ញុំរៀនចេះអាន និងចេះសរសេរឈ្មោះឪពុកម្ដាយ។

នៅពេលមានរដ្ឋប្រហារឆ្នាំ១៩៧០ សាលាបានបិទទ្វារ ព្រោះនៅស្រុកមេមត់មានប្រជាជននាំ គ្នាទៅធ្វើបាតុកម្មប្រឆាំងនឹង ទាហាន លន់ នល់។ ខ្ញុំបានឃើញប្រជាជនមួយចំនួន កាន់សម្ភារប្រដាប់ប្រដារ សម្រាប់តវ៉ាប្រឆាំងនឹងទាហាន លន់ នល់។ ពេលនោះ មានការបាតុកម្មខ្លាំង ធ្វើឲ្យមានការតដៃពីសំណាក់ទាហាន លន់ នល់ ដែលបានធ្វើឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម ត្រូវរបួសខ្លះដែរ។

នៅពេលអាមេរិកទម្លាក់គ្រាប់ គ្រួសារខ្ញុំបានរត់មកនៅក្នុងភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់។ ចាន់មូល ជាភូមិដែលមានប្រជាជនរស់នៅច្រើន។ គ្រួសារខ្ញុំគិតថា មានមនុស្សរស់នៅច្រើន យើងអាចមានទំនុកចិត្តក្នុងការរស់នៅ។ គ្រួសារខ្ញុំមករស់នៅក្នុងភូមិចាន់មូលនេះ គ្មានសាច់ញាតិ បងប្អូន ទេ។  គ្រួសារខ្ញុំ បានសុំដីប្រជាជននៅក្នុងភូមិចាន់មូលធ្វើខ្ទមស្នាក់នៅបណ្ដោះអាសន្នសិន។

ពេលស្ងាត់យន្តហោះទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិចាន់មូល បានរៀបចំធ្វើស្រែរួមគ្នា ហើយផលស្រូវដែលទទួលបានត្រូវទុកក្នុងជង្រុករួម។ បន្ទាប់មក ផលស្រូវនឹងត្រូវចែកទៅតាមសមាជិកគ្រួសារ ដើម្បីផ្គត់ផ្គង់តាមផ្ទះរៀងៗខ្លួន។ ពេលដែលយើងហូបស្រូវអស់ យើងអាចដាក់ស្នើទៅប្រធានសហករណ៍បន្ថែមបាន។ កាលនោះ​គ្រួសារខ្ញុំបានហូបបាយឆ្អែតគ្រប់គ្រាន់ មិនសូវពិបាកទេ ។

នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំបានត្រលប់មកនៅក្នុងភូមិជាំអំពិលវិញ។ កាលនោះ នៅក្នុងភូមិមានប្រជាជនប្រមាណជាង៣០គ្រួសារ។ ចូលដល់សម័យខ្មែរក្រហម ប្រជាជននៅក្នុងភូមិជាំអំពិល ត្រូវប្រមូលរបស់ទ្រព្យទាំងអស់ដាក់ជាសម្បត្តិរួម។ នៅក្នុងភូមិ ចាប់ផ្ដើមមានសាងសង់ជារោងបាយនិងជង្រុកស្រូវរួម។ ចំណែកឪពុកខ្ញុំ អង្គការបានចាត់តាំងគាត់ជាប្រធានសហករណ៍នៅក្នុងភូមិជាំអំពិល។ ម្ដាយខ្ញុំទៅធ្វើការងារតាមតែអង្គការបញ្ជា។ នៅក្នុងសម័យខ្មែរក្រហម ទោះបីប្រធានសហករណ៍ក្តី គឺនៅតែទៅធ្វើស្រែចម្ការដូច ប្រជាជនធម្មតាដែរ មិនមែនមេកើយខ្នងទេ ឲ្យតែអង្គការបញ្ជា។ នៅក្នុងភូមិជាំអំពិល មានរោង បាយមួយ និងជង្រុកស្រូវមួយ។

នៅក្នុងសម័យខ្មែរក្រហមប្រជាជន ទាំងអស់មានសិទ្ធស្មើគ្នា ហើយត្រូវបំពេញការងារទៅតាម អង្គការចាត់តាំង។ អង្គការចាត់តាំងឲ្យក្មេងតូចអាយុ៥ទៅ៧ឆ្នាំ ដើររើសអាចម៍គោ-ក្របី និង កាប់ទន្រ្ទានខេត្ត ដើម្បីធ្វើជីដាក់ស្រែនិងដំណាំផ្សេងៗទៀត។ យុវជននិងយុវនារី ត្រូវជ្រើសរើសឲ្យទៅធ្វើជាទាហានឬពេទ្យ តាមបញ្ជារបស់អង្គការ ហើយឪពុកម្ដាយគ្មានសិទ្ធជំទាស់ទេ។ បើសិនជំទាស់ នោះខ្មែរក្រហម​នឹងយកអ្នកនោះ ទៅកសាងទាំងគ្រួសារ។ ប្រជាជនទាំងអស់នៅក្នុងសម័យខ្មែរក្រហមសុទ្ធតែមានការងារធ្វើ និងត្រូវ ហូបបាយរួម, ធ្វើការងាររួមជាក្រុម និងមានមេក្រុមម្នាក់ជាអ្នកមើលការងារខុសត្រូវក្នុងក្រុម។ ប្រធាន ក្រុម តែងតែកោះហៅប្រជុំដាស់តឿនកូនក្រុម ឲ្យខិតខំប្រឹងប្រែងធ្វើការងារឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត មិនលាក់កម្លាំង និងត្រូវស្មោះត្រង់ជាមួយអង្គការ។

ពេលហូបបាយម្ដងៗ អង្គការវាយជួងជាដំណឹងថាដល់ម៉ោងហូបបាយ។ ប៉ុន្តែ ភាគច្រើនប្រជាជន​មិនបានហូបបាយទេ គឺហូបតែបបរឈ្មោលលាយជាមួយដំឡូង, ត្រាវ និងក្ដួច។ ក្នុងមួយថ្ងៃប្រជាជននៅក្នុងភូមិជាំ បានហូបបបរចំនួន២ដង។

នៅឆ្នាំ១៩៧៦ ប្រជាជននៅក្នុងភូមិ ហូបចុកមិនសូវគ្រប់គ្រាន់ និងកាន់តែពិបាកឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។ ឪពុកខ្ញុំជាប្រធានសហករណ៍ ហើយមានប្រជាជនខ្លះនៅក្នុង​សហករណ៍មិនចេញចិត្ត និងនិយាយមិនល្អប្រាប់ថ្នាក់លើ។ នៅយប់មួយម៉ោងប្រហែលជា៨:០០នាទីយប់ អង្គការបានមកចាប់ខ្លួនឪពុកខ្ញុំយកទៅ ប៉ុន្តែមិនបានប្រាប់ថាយកទៅណាទេ។ ក្រោយមក​ខ្ញុំបានដឹងថា អង្គការបញ្ជូនគាត់ទៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ រួចក៏បាត់ដំណឹងរហូតមក។ បន្ទាប់មក គ្រួសារខ្ញុំត្រូវអង្គការចាត់ឲ្យធ្វើស្រែចម្ការធម្មតា ប៉ុន្តែមានឈ្លបនៅចាំតាមដាន ព្រោះយើងជាប់និន្នាការ។ ម្ដាយខ្ញុំ ត្រូវអង្គការចាត់តាំងឲ្យធ្វើស្រែចម្ការជាមួយ ប្រជាជននៅក្នុងភូមិជាំអំពិល ចំណែកខ្ញុំត្រូវអង្គការបញ្ជាឲ្យទៅឃ្វាលគោនិងធ្វើជី។

នៅឆ្នាំ១៩៧៧ អង្គការចាប់ផ្ដើមជម្លៀសប្រជាជនចេញពីភូមិជាំអំពិលទៅស្រែប្រម៉ា ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ រួចអង្គការបន្តជម្លៀសគ្រួសារខ្ញុំទៅដល់ភូមិអាលូច ឃុំស្វាយជ្រះ ស្រុកស្នួល ដើម្បីឲ្យធ្វើការងារគាស់ស្រែ។ ខ្ញុំនៅអាលូចបានរយៈពេល៦ខែ ទើបបានឃើញប្រជាជនស្លាប់យ៉ាងច្រើន ដោយសារអត់បាយ ដែលក្នុងនោះ​ក៏រួមទាំងលោកយាយខ្ញុំម្នាក់ដែរ។

បន្ទាប់មក អង្គការបានជម្លៀសគ្រួសារខ្ញុំទៅនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានរយៈពេល៦ខែ។ ខ្ញុំនៅធ្វើស្រូវជាមួយជនជាតិ ប៉ុន្តែនៅទីនោះ ខ្ញុំបានហូបបាយឆ្អែត។ ក្រោយមក អង្គការបានជម្លៀសគ្រួសារខ្ញុំ តាមកាណូតមកស្រុកស្ទឹងត្រង់។ លុះពេលមកដល់ស្ទឹងត្រង់ អង្គការ ឲ្យយើងឈប់សម្រាកមួយយប់។ ពេលព្រឹកឡើង ទើបអង្គការបន្តជម្លៀសគ្រួសារខ្ញុំ ទៅនៅភូមិស្វាយភ្លើង ឃុំស្វាយ ភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅភូមិស្វាយភ្លើង អង្គការបានឲ្យខ្ញុំនិងម្ដាយខ្ញុំច្រូតស្រូវ។ នៅកន្លែងនេះខ្ញុំពិបាកហូបចុកណាស់ ដោយហូបបានបាយតែមួយវែកៗ។ អង្គការមិនឲ្យហូបឆ្អែតទេ ព្រោះខ្លាចយើងមានកម្លាំងតដៃជាមួយអង្គការ។ ខ្ញុំបានដឹងថា អង្គការបានជីករណ្ដៅមួយ ដែលស្ថិតនៅចម្ងាយ១គីឡូម៉ែត្រពីភូមិស្វាយភ្លើង។

នៅក្នុងមួយថ្ងៃអង្គការ មកស្រង់ស្ថិតិយ៉ាងតិច២ទៅ៣ដង។ នៅក្នុងភូមិស្វាយភ្លើង អង្គការបាន រៀបចំផែនការសម្លាប់ប្រជាជននៅក្នុងភូមិជាំអំពិលបានចំនួន២នាក់។ ពេលសម្លាប់បានសម្រេចហើយ ទើបខ្ញុំទទួលដំណឹងថាកងទ័ពវៀតណាមចូលមករំដោះ។

បន្ទាប់ពីទទួលដំណឹងថាយើងត្រូវបានរំដោះហើយ ខ្ញុំធ្វើដំណើរដោយថ្មើរជើងចេញពីភូមិស្វាយភ្លើង មកឈប់សម្រាកនៅសាលាតាំងគោកមួយយប់។ ប្អូនប្រុសខ្ញុំបានស្លាប់នៅទីនោះ ដោយសារលាប់ជំងឺកញ្ជ្រិល ហើយសពប្អូនប្រុសខ្ញុំត្រូវបានកប់នៅសាលាតាំងគោក។ ខ្ញុំជាមួយម្ដាយបានធ្វើដំណើរបន្តទៀតរហូតមកដល់ភូមិជាំអំពិល។ ពេលមកដល់ភូមិ យើងឃើញមានសុទ្ធតែព្រៃ ដែលមានដើមចេក២ទៅ៣គុម្ព និងផ្ទះបាក់បែក។ ខ្ញុំបានដើរកាប់ឈើមកធ្វើរោងនៅ រួចបានប្រមូលមាសប្រាក់ដែលនៅសល់ទៅដូរយកពូជ ស្រូវពីយួនមកដាំ និងបន្តធ្វើស្រែចម្ការបានមកដល់សព្វថ្ងៃ។

វី ស៊ីថា


[1] មជ្ឈមណ្ឌលឯកសារកោះថ្ម ,បទសម្ភាសន៍ជាមួយ ពៅ មឿន ,ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin