ពយ អ៊ូច៖ រឿងរ៉ាវដែលចងចាំមិនអាចបំភ្លេចបាននៅរបបខ្មែរក្រហម

ពយ អ៊ូច (២០២៤)

ខ្ញុំឈ្មោះ ពយ អ៊ូច ភេទប្រុស សព្វថ្ងៃនេះ មានអាយុ ៦៥ឆ្នាំ។ ខ្ញុំកើតក្នុងឆ្នាំ១៩៥៩ នៅក្នុងភូមិព្រៃស្បូវ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបានមករស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត នៅឆ្នាំ១៩៩៧។ ក្រោយពីមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០  របប លន់ នល់ មួយថ្មី ក៏បានកើតឡើង ស្របពេលនោះខ្ញុំមានអាយុ ១១ឆ្នាំ និងបានរៀនសូត្រត្រឹមថ្នាក់ទី១០។

បន្ទាប់ពីរបប លន់ នល់ បានបង្កើតឡើងក្នុងឆ្នាំ១៩៧០ ប្រទេសទាំងមូលបានផ្ទុះឡើងនូវសង្គ្រាម។ ការទម្លាក់គ្រាប់បែកដោយយន្តហោះក៏ចាប់ផ្តើមកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្តោយជួរជើងភ្នំនារាយណ៍និងតំបន់នានា ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ​៣ ស្ថិតក្នុងស្រុកឈូក ខេត្តកំពត។ នៅពេលនោះ ប្រទេសបានកើតសង្គ្រាម ហើយមានប្រជាជនជាច្រើនត្រូវបានស្លាប់ដោយការទម្លាក់គ្រាប់បែក ដូច្នេះខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី​១០។ ចន្លោះឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ ខ្ញុំបានស្ម័គ្រចិត្តចូលបម្រើកងទ័ពរំដោះខ្មែរក្រហមនៅកងវរលេខ៥៩ កងពលទី​៣០ ឈរជើងនៅភូមិស្វាយស្រែធំ ខេត្តកំពត។

នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីប្រជុំជនតាមបណ្តាទីរួមខេត្តនានា និងទីក្រុងភ្នំពេញទាំងអស់ទៅតាមទីជនបទ។ ខ្មែរក្រហមប្រាប់ថា៖ “ខ្លាចនៅមានសេសសល់កងទ័ព លន់ នល់ និងមានយន្តហោះមកទម្លាក់គ្រាប់បែកជាថ្មីម្តងទៀត។” ក្រោយមកទៀត ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅបម្រើការក្នុងកងវរលេខ៥៥ ដើម្បីទទួលភារកិច្ចយាមការពារនៅតំបន់ខាងលិចជួរភ្នំបូកគោវិញ ពីព្រោះតែខ្លាចមានប្រជាជនចូលក្នុងព្រៃដើម្បីរត់ភៀសខ្លួន។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនទៅប្រចាំការនៅតំបន់ឆ្នេរសមុទ្រតាមជួរព្រៃកោងកាង ចាប់ពីកំពង់ស្មាច់ធំរហូតដល់កោះតូចក្នុងខេត្តកំពត។ ការហូបចុកក្នុងអង្គភាពវិញ គឺពុំមានការខ្វះខាតអ្វីនោះឡើយ ពីព្រោះយើងជាកងទ័ពត្រូវទទួលការពារតាមតំបន់បណ្តោយព្រំដែនកម្ពុជា-វៀតណាម។

រហូតដល់ឆ្នាំ១៩៧៨ នៅពេលដែលកងទ័ពវៀតណាមបានវាយចូលមកក្នុងប្រទេសជាបណ្ដើរៗ ខ្ញុំបានរត់ភៀសខ្លួនចេញពីអង្គភាពទ័ពខ្មែរក្រហម ហើយបានរត់ចូលលាក់ខ្លួន និងរស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ។ ក្រោយឆ្នាំ១៩៧៩ ខ្ញុំបានវិលត្រឡប់មករស់នៅស្រុកកំណើតក្នុងស្រុកឈូក ខេត្តកំពត និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសាររបស់ខ្ញុំវិញ ព្រមទាំងបានប្រកបរបរជាកសិករ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃដោយចាប់ផ្តើមចេញពីបាតដៃទទេ។​ នៅក្នុងចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ ខ្ញុំបានចាកចេញពីស្រុកកំណើតក្នុងស្រុកឈូក ដើម្បីមកកាប់ឆ្ការព្រៃនិងរានយកដីសម្រាប់រៀបចំជាភូមិដ្ឋានរស់នៅជាមួយក្រុមគ្រួសារ ដែលមានទីតាំងនៅក្នុងភូមិបាក់នឹមស្រុកជុំគីរីវិញរហូតមកទល់បច្ចុប្បន្ននេះ។

នៅឆ្នាំ១៩៩៧ នៅភូមិបាក់នឹម គឺមានប្រជាជនប្រមាណជាង១០០គ្រួសារតែប៉ុណ្ណោះ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ គឺមានប្រជាជនកើនឡើងរហូតដល់ជាង៣០០គ្រួសារ។​ ក្នុងចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជាបានព្រមទទួលស្គាល់ជាផ្លូវការថា៖ “នៅតំបន់បាក់នឹមនេះ មានប្រជាជនបានចូលមករស់នៅ និងអាស្រ័យផលយ៉ាងច្រើនកុះករ ហើយបន្ទាប់មកបានជ្រើសរើសរកតំណាងមេភូមិ ២ទៅ៣នាក់ ព្រមទាំងបានបំបែកតំបន់បាក់នឹមនេះ ចេញពីតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តម្លេចផងដែរ។”​ រហូតដល់ឆ្នាំ២០២២ ទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការដាក់ឈ្មោះតំបន់បាក់នឹម នេះឲ្យក្លាយជា “ភូមិបាក់នឹម” ក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

បច្ចុប្បន្ននេះ ខ្ញុំមានជំងឺប្រចាំកាយដូចជា៖ ទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺបេះដូង ដែល ត្រូវទៅពិនិត្យពិគ្រោះនិងព្យាបាលនៅមន្ទីពេទ្យជារៀងរាល់ខែ ដែលនេះគឺជាបន្ទុកដ៏ធំសម្រាប់គ្រួសាររបស់ខ្ញុំ៕

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទដោយ ផាត ពន្លក

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin