ជីវិតថ្លៃ

(ស្វាយរៀង) ៖ ប្រាជ្ញ ធឿន អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ធឿន នៅបួសជាព្រះសង្ឃនៅវត្តទួលសុក្រំ។ នៅឆ្នាំ១៩៧២ ធឿន បានលាចាកសិក្ខាបទ​ពីព្រះសង្ឃមករស់នៅជាមួយឪពុកម្តាយវិញនៅឯស្រុកកំណើត​។ ពេលនោះតំបន់ព្រំដែនខេត្តស្វាយរៀង​មានការទម្លាក់​គ្រាប់បែកធ្វើឲ្យខូចខាតទ្រព្យ​សម្បត្តិ និងបានសម្លាប់មនុស្ស និងសត្វពាហនៈអស់យ៉ាងច្រើន។ ធឿន បានរៀបរាប់ថា ជារឿយៗម៉ោង៥ល្ងាចតែងមានយន្តហោះ ហោះឆ្វែលពីលើផ្ទះប្រជាជនប្រសិនបើឃើញមនុស្ស​គឺទម្លាប់គ្រាប់បែក។ ប្រជាជនឲ្យតែលឺសម្លេងយន្តហោះ​គឺនាំគា្នទៅលាក់ខ្លួននៅតាមរណ្តៅត្រង់សេ ដែលបានជីក​នៅជិតគុម្ពឫស្សី។

ឆ្នាំ១៩៧៥ ជារបបខ្មែរក្រហម ពេលនោះ ធឿន មានអាយុប្រហែល៣០ឆ្នាំ។ ក្នុងភូមិប្រជាជននាំគ្នានិយាយគ្នាថា ប្រទេសជាតិមានសន្តិភាពសម្បូរសប្បាយព្រោះដូររបបពី លន់ នល់ ទៅកម្ពុជាប្រជាធិបតេយ្យដូច្នោះគ្មានការទម្លាក់គ្រាប់បែកទៀតទេ។ ប៉ុន្តែអ្វីៗដែល​ប្រជាជនគិត​បាន​ត្រឹមតែមួយរយៈប៉ុណ្ណោះ ក្រោយមក​ទាហានខ្មែរក្រហមបានចូលមកកាន់កាប់ក្នុងភូមិ និងបានបង្ខំឲ្យប្រជាជនចេញពីផ្ទះដែលធ្លាប់រស់នៅ និងបញ្ជាឲ្យទៅរស់​នៅតាមតំបន់សហករណ៍ និងវាលស្រែ ដើម្បីងាយស្រួល​ជីកទំនប់ លើកប្រឡាយ លើកភ្លឺស្រែ និងទប់ទំនប់ដើម្បីអាចបង្កបង្កើនផលស្រូវ​តាមផែនការ ដែលបានកំណត់។ ចំណែកទ្រព្យសម្បត្តិក៏ត្រូវបានប្រមូលទុក​លែងមានកម្មសិទ្ធិឯកជន។ ធឿន គឺជាយុវជនដែលនៅពេលនោះយុវជនគេបានចាត់ទុកជាកម្លាំងស្នូលឬកម្លាំងស្រួច​ត្រូវទៅធ្វើការនៅឆ្ងាយៗពីភូមិ។ ចាស់ៗនៅក្នុងភូមិត្រូវធ្វើជី និងត្បាញកន្ទេលជាដើម។ ចំណែកកុមារត្រូវមើលគោក្របី និង​រើសគួរស្រូវ។ ធឿន បានប្រាប់​ថា ក្នុងរបបខ្មែរក្រហមគ្មានអ្នកណាម្នាក់ទំនេរទេ គឺត្រូវធ្វើការទាំងអស់គ្នាដើម្បីទទួលបានរបប​អាហារដែលមិនគ្រប់គ្រាន់ ដោយមានតែបបរ ជួនកាលបានបាយ​ពីរវែកក្នុងមួយថ្ងៃសម្រាប់ពីរពេល។

ធឿន ឲ្យដឹងថា លើសពីនេះទៀតប្រជាជនត្រូវបានចោទប្រកាន់ថា ជាខ្មាំងប្រឆាំងនឹងរបបដោយគ្រាន់តែប្រជាជនឃ្លានខ្លាំងពេក ទៅបេះផ្លែឈើឬដំឡូងហូបដែលខ្លួនបានដាំនៅជិតៗផ្ទះ។ ខ្មែរក្រហមបានចាត់ទុកដំណាំទាំងនេះជារបប​អង្គការត្រូវប្រមូលមកទុកក្នុងសហ​ករណ៍​។

ធឿន និយាយថា «តាមខ្ញុំគិតអ្នកដែលមានជីវិតរស់ពី សម័យខ្មែរក្រហមសុទ្ធតែមានជីវិតថ្លៃឬជីវិតមានសំណាងព្រោះ​ប្រជាជនទាំងអស់មិនថាខ្ញុំមិនថាគេទេ គឺរស់មួយថ្ងៃគិតមួយថ្ងៃ ជីវិតមិនដឹងថាត្រូវស្លាប់នៅពេលណាទេ បើមិនស្លាប់ដោយសារគេយកទៅសម្លាប់ក៏ត្រូវស្លាប់ដោយ​សារ​ការអត់ឃ្លាន និងធ្វើការហួសកម្លាំងដែរ»។

ធឿន បានឃើញការរៀបការនៅសម័យខ្មែរក្រហម។ ការរៀបការត្រូវបានរៀបចំឡើងដោយ​អ្នកដឹក​នាំ​សហ​ករណ៍​​ជាមួយនឹងយុវជនយុវនារីដែលត្រូវរៀបការ​គ្មានសាច់ញាតិទាំងសងខាងចូលរួមទេ។

ធឿន ក៏ធ្លាប់ឃើញខ្មែរក្រហមបណ្តើរមនុស្សស្លូតត្រង់យកទៅសម្លាប់ផងដែរ ដោយហេតុថាជនរងគ្រោះគ្រាន់តែធ្វើឲ្យបាក់ចបឬលួចរបស់រួមក្នុងសហករណ៍ហូប។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin