អ្នកជំងឺត្រូវបានសម្លាប់ដោយសារឈឺយូរពេក

Prak Yin

(ស្វាយរៀង) ៖ ប្រាក់ យិន មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិទួលជ័រ ឃុំត្រពាំង​ស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងរបបខ្មែរក្រហម យិន មានអាយុប្រមាណ១៨ឆ្នាំ។ គាត់ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងចល័តជាមួយ​យុវ​នារីដទៃនៅស្រុកកំណើតដោយត្រូវធ្វើការជាកងចល័តធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយ។ យិន ត្រូវធ្វើការពីម៉ោងប្រាំមួយព្រឹក រហូតដល់ប្រាំល្ងាច និងមានថ្ងៃខ្លះត្រូវបន្តធ្វើពីម៉ោងប្រាំមួយរហូតដល់ម៉ោងដប់យប់។ ដោយសារតែគាត់មានជំងឺខ្វាក់​មាន់គាត់មានការលំបាកក្នុងការធ្វើដំណើរពេលយប់ហើយមានថ្ងៃខ្លះ​គាត់បានដើរដួល។​

នៅថ្ងៃមួយនៅសហករណ៍ទួល​ជ័រ យិន ​មានជំងឺក្តៅខ្លួនខ្លាំងមិនអាចទៅធ្វើការបានត្រូវអង្គការបញ្ជូនទៅសម្រាក​ពេទ្យ។ គាត់សម្រាកបានបីថ្ងៃជំងឺមិនបានធូរស្បើយ ព្រោះគាត់ត្រូវ​បានគ្រូពេទ្យផ្តល់ឲ្យតែទឹកថ្នាំផ្សំពីឫសឈើ និងថ្នាំគ្រាប់ដែលមានរាងមូលដូចអាចម៍ទន្សាយប៉ុណ្ណោះ។ នៅអំឡុងពេល​សម្រាកនៅពេទ្យ យិន បានឃើញអ្នកជំងឺម្នាក់ដែលឈឺយូរមានសភាពហើមមុខ និងក្តៅខ្លួនខ្លាំងត្រូវបានអង្គការនាំយកទៅសម្លាប់នៅមន្ទីរសន្តិសុខក្នុងបរិវេណវត្តស្វាយទទឹម។ យិន និយាយបន្តថា ធ្លាប់ឮទាហានខ្មែរក្រហមក្មេងៗនិយាយថា អ្នកជំងឺទុកក៏មិនចំណេញដកចេញក៏មិនខាត។ ពេលគាត់​បានឃើញហេតុការណ៍នេះ មានការភិតភ័យជាខ្លាំង និងបានគិតក្នុងចិត្តថា ថ្ងៃណាមួយនឹងដល់វេណគាត់។ មួយថ្ងៃក្រោយមកយិន បានស្នើសុំទៅអង្គការដើម្បីអាចទៅធ្វើការងារ​វិញ   បាន។

ក្រោយចេញពីពេទ្យ យិន ត្រូវប្រើឲ្យធ្វើការងារដែលអង្គការគិតថា ជាការងារស្រាលគឺត្រូវទៅប្រមូលលាមក​តាមបង្គន់នានាក្នុងសហករណ៍ ដើម្បីយកមកទុកធ្វើជីលេខមួយសម្រាប់ដាក់ស្រូវ។ គាត់ត្រូវដើរកើបលាមក​តាម​បង្គន់នានាយកមកហាល និងយកមកបុកលាយ​ជាមួយរុក្ខជាតិផ្សេងៗយកទៅដាក់ស្រែ។

នៅឆ្នំា១៩៧៨ យិន និងគ្រួសារត្រូវបានអង្គការជម្លៀសពីស្រុកកំណើតឲ្យទៅ​តំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង​​។ នៅទីនោះ យិន ត្រូវធ្វើការច្រូត និងជញ្ជូនស្រូវយកទៅទុកក្នុងឃ្លាំងស្រូវសហករណ៍។ ក្រោយមក យិន និងយុវនារី១៣នាក់ ត្រូវបានផ្លាស់ឲ្យទៅជីកទំនប់ដែលអង្គការកំណត់ម្នាក់ពីរម៉ែត្រគីបក្នុងមួយថ្ងៃ។ ដើម្បីសម្រេច​បានតាមផែនការនេះគាត់ត្រូវធ្វើការពីម៉ោងប្រាំព្រឹករហូតដល់យប់។

យិន និយាយទាំងសម្តីដើមថា​៖ “តាមកម្លាំង និងរបបអាហារដែលទទួល​បាននៅសម័យនោះ ខ្ញុំមិនអាចជីក និងរែកដីពីរម៉ែត្រគីបក្នុងមួយថ្ងៃបានទេ ប៉ុន្តែដោយសារខ្លាចមិនទទួលបានរបបអាហារ និងត្រូវគេសម្លាប់ខ្ញុំត្រូវខិតខំធ្វើ រហូតបន្សល់ទុកជំងឺដល់សព្វថ្ងៃ”។

បងប្រុស យិន ចំនួនពីរនាក់ជាទាហានខ្មែរក្រហមត្រូវបានសម្លាប់ ដោយអង្គការចោទប្រកាន់ថា បានចូលដៃជាមួយ​វៀតណាម។ គាត់មានការសោកស្តាយ និងសង្វេកជីវិតបងប្រុសជាពន់ពេក។

បច្ចុប្បន្ន យិន មានជំងឺតម្រង់នោម និងជំងឺសន្លាក់ដៃជើង​។ គាត់ត្រូវធ្វើដំណើរដោយប្រើឈើច្រត់ជាជំនួយ។

យិន បានតាមដានដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម​។ គាត់យល់ថា តុលាការខ្មែរក្រហមបានចូលរួម​ទប់ស្កាត់របបដ៏ខ្មៅងងឹតនេះកុំឲ្យ​ត្រឡប់មកវិញជាថ្មី​ម្តង​ទៀតលើទឹកដីប្រទេសកម្ពុជា។

សម្ភាសន៍ដោយ  សេន វាសនា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin