ប្រាក់ តាំង ៖ មនុស្សប្រមាណ៤០នាក់ត្រូវបានសម្លាប់ទម្លាក់ក្នុងអណ្តូង

អង្គការចាប់ផ្តើមសួរនាំអ្នកជម្លៀសមកពីភ្នំពេញរកអ្នកដែលមានចំណេះដឹង មានបុណ្យស័ក្តិ និងអតីតអ្នកធ្វើការកាលពីជំនាន់មុនឲ្យទៅរៀនសូត្របន្ថែម ដើម្បីចូលបម្រើការងារវិញ។ អ្នកដែលឆ្លើយថា មានស័ក្តិ ធ្លាប់ធ្វើជាទាហាន លន់ នល់ ធ្វើគ្រូបង្រៀន និងមានចំណេះដឹង ប្រមាណ៤០នាក់ ត្រូវខ្មែរក្រហមចាប់ខ្លួន និងយកទៅវាយទម្លាក់នៅក្នុងអណ្តូង៤០[1] ស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មនុស្សពីរនាក់ប៉ុណ្ណោះបានរត់រួចខ្លួនពីអណ្តូង៤០ ហើយត្រឡប់មកនៅក្នុងភូមិវិញ។
ខ្ញុំឈ្មោះ ប្រាក់ តាំង[2] ភេទប្រុស កើតនៅឆ្នាំ១៩៤១ នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្តាយឈ្មោះ ជា ហឿន និងឪពុកឈ្មោះ ប្រាក់ តុប។ ខ្ញុំមានបងប្អូនចំនួន៦នាក់(ស្រី២នាក់)។ ខ្ញុំគឺជាកូនទី២នៅក្នុងគ្រួសារ។
កាលពីកុមារ ខ្ញុំមិនសូវបានរៀនជាប់លាប់ទេ។ សម័យមុននៅក្នុងភូមិមានផ្ទះប្រជាជនត្រឹមតែ២០ ទៅ៣០ខ្នងប៉ុណ្ណោះ។ ប្រជាជនទាំងអស់នៅក្នុងភូមិរំចេកត្រូវបានបារាំងកេណ្ឌចេញពីភូមិឲ្យទៅរស់នៅខាងកំពង់រាំង ខេត្តត្រាវិញ (កម្ពុជាក្រោយ) ព្រោះមានមេទ័ពរបស់បារាំងម្នាក់ឈ្មោះ ពាំង សេនា ត្រូវបានខ្មែរឥស្សរលួចសម្លាប់ចោល។ ខ្ញុំរស់នៅកំពង់រាំង បានមួយឆ្នាំ ក្រុមខ្មែរឥស្សរចូលមកវាយប៉ុស្តិ៍របស់បារាំងទៀត។ ប្រជាជនប្រមាណជាង១០០នាក់ មានការភ័យខ្លាច បាននាំគ្នាទៅរស់នៅក្នុងព្រៃ។ នៅពេលខ្ញុំអាយុ២៣ឆ្នាំ ខ្ញុំបានរៀបការ និងកូនចំនួន៣នាក់។ រហូតដល់ឆ្នាំ១៩៧០ ក៏មានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពេលនោះនៅក្នុងភូមិរំចេក មិនមានការធ្វើបាតុកម្មឡើយ ព្រោះជាភូមិដាច់ស្រយាល។ ប៉ុន្តែខ្ញុំធ្លាប់បានឮប្រជាជននិយាយឃោសនាតៗគ្នាថា “ជយោសម្តេចឪអ្នកណាមិនទៅសម្លាប់ចោល”។ ប្រជាជនដែលរស់នៅក្នុងភូមិរំចេក ភាគច្រើនធ្វើការងារកាប់ឫស្សី, កាប់ឈើ, កាប់វល្លិ, រកត្រី និងធ្វើស្រែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្រៅពីនោះប្រជាជនប្រកបមុខរបរធ្វើឈ្នាង ធ្វើទ្រូ ល្អី និងចងសន្ទូច ។ កាលពីមុន នៅក្នុងភូមិសម្បូរសាច់ សម្បូរត្រីណាស់ ប្រជាជនចេញទៅរកមួយថ្ងៃ អាចហូប២ទៅ៣ថ្ងៃមិនទាន់អស់ផង។ ក្នុងឆ្នាំ១៩៧០ នៅក្នុងភូមិរំចេក មានការទម្លាក់គ្រាប់បែកស្ទើរគ្រប់កន្លែងក្នុងភូមិ ដែលធ្វើឲ្យផ្ទះសំបែងប្រជាជនចំនួន៣ខ្នងត្រូវភ្លើងឆេះ និងស្លាប់ឈ្មោះ ម៉ន ម្នាក់។ ការទម្លាក់គ្រាប់បែកមិនមានបំណងសម្លាប់ប្រជាជនខ្មែរនោះទេ គឺសំដៅទៅលើកងទ័ពវៀតកុងព្រោះមានកងទ័ពវៀតកុងច្រើនបានចូលមកលាក់ខ្លួនក្នុងព្រៃនៅឃុំរំចេក។ កងទ័ពវៀតកុងខ្លះបានចូលមកនៅក្នុងភូមិ ប៉ុន្តែមិនបានប៉ះពាល់ប្រជាជនខ្មែរទេ គឺគ្រាន់តែចូលមកសុំកន្លែងស្នាក់នៅ និងរកម្ហូប។ កងទ័ពវៀតកុងមានសម្លៀកបំពាក់ពណ៌ស្លឹកចេក ហើយនៅពេលចេញដើរកងទ័ពវៀតកុងទាំងនោះយកស្លឹកឈើមកគ្របលើក្បាល ដើម្បីការពារកុំឲ្យសត្រូវមើលឃើញ។ នៅពេលនោះ ប្រជាជនរស់នៅក្នុងភូមិរំចេក ហូបចុក និងរស់នៅតាមផ្ទះរៀងៗខ្លួន។ ប្រជាជនធ្វើការងារប្រវាស់ដៃគ្នាទៅវិញទៅមក។ ធ្វើការទាល់រួចរាល់មួយកន្លែង ទើបនាំគ្នាទៅធ្វើមួយកន្លែងទៀត ដែលជាទូទៅប្រជាជនហៅថា «ក្រុមសាមគ្គីគ្នា»។ បន្ទាប់ពីធ្វើការងារប្រវាស់ដៃបានមួយឆ្នាំ ស្រាប់តែខ្មែរក្រហមចាប់ផ្តើមប្រមូលប្រជាជនឲ្យហូបរួម។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែក្រហមជម្លៀសប្រជាជនប្រមាណ២០០នាក់ចេញពីទីក្រុងភ្នំពេញឲ្យមករស់នៅក្នុងភូមិរំចេក ឃុំរំចេក។ ចំពោះនារីៗនៅក្នុងភូមិត្រូវបានជ្រើសរើសឲ្យធ្វើជាគ្រូពេទ្យ ចំណែកប្រុសៗឲ្យចូលធ្វើជាយោធា។ ពេលនោះប្រជាជនជម្លៀសមកពីភ្នំពេញពុំមានផ្ទះសម្រាប់ស្នាក់នៅទេ។ ដូច្នេះប្រជាជនទាំងនោះត្រូវទៅស្នាក់នៅតាមផ្ទះបណ្តោះអាសន្នជាមួយអ្នកភូមិ។ ផ្ទះរបស់ខ្ញុំក៏មានអ្នកជម្លៀសមកពីភ្នំពេញស្នាក់នៅដែរ។ ទម្រាំអង្គការសង់ខ្ទមសម្រាប់ប្រជាជនថ្មីរស់នៅ។ ពេលហូបបាយអ្នកជម្លៀសមកថ្មីត្រូវហូបជាមួយប្រជាជនថ្មីដូចគ្នា។ ចំណែកប្រជាជនមូលដ្ឋានហូបជាមួយអ្នកនៅក្នុងភូមិ។ ខ្មែរក្រហមជម្លៀសប្រជាជនថ្មីស្នាក់នៅបានមួយខែ ចាប់ផ្តើមមានជំងឺចាញ់ទឹកដី ហើយឈឺគ្រុនចាញ់ស្លាប់អស់ជាច្រើននាក់ ព្រោះគ្មានថ្នាំសម្រាប់ព្យាបាល។ ប្រជាជនជម្លៀសមកថ្មី និងប្រជាជនមូលដ្ឋានត្រូវចេញទៅធ្វើការគ្មានពេលឈប់សម្រាកឡើយ។ ប្រជាជនថ្មីមកពីភ្នំពេញមិនសូវចេះធ្វើស្រែដូចប្រជាជនមូលដ្ឋាន។ យូរៗទៅទើបប្រជាជនថ្មីទាំងនោះអាចធ្វើស្រែបានដូចអ្នកភូមិ។ ប្រជាជនជម្លៀសមកពីភ្នំពេញស្លាប់ច្រើននាក់ណាស់ ដោយសារ អត់បាយ, គ្រុនចាញ់ និងខ្មែរក្រហមយកទៅសម្លាប់ចោល។ អ្នកស្លាប់ទាំងនោះត្រូវបានខ្មែរក្រហមយកទៅកប់ចោលនៅខាងក្រោយវត្ត ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ ចាម (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។ មួយរយៈក្រោយមក អង្គការចាប់ផ្តើមសួរនាំអ្នកជម្លៀសមកពីភ្នំពេញរកអ្នកដែលមានចំណេះដឹង មានបុណ្យស័ក្តិ និងអតីតអ្នកធ្វើការកាលពីជំនាន់មុនឲ្យទៅរៀនសូត្របន្ថែម និងចូលធ្វើការងារវិញ។ ពេលនោះ អ្នកដែលឆ្លើយថា មានស័ក្តិ ធ្វើជាទាហាន លន់ នល់ ធ្វើគ្រូបង្រៀន និងមានចំណេះដឹង ប្រមាណ៤០នាក់ ត្រូវខ្មែរក្រហមចាប់ខ្លួន និងយកទៅវាយទម្លាក់នៅក្នុងអណ្តូង៤០ ស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មនុស្សពីរនាក់ប៉ុណ្ណោះបានរត់រួចខ្លួនពីអណ្តូង៤០ ហើយត្រឡប់មកនៅក្នុងភូមិវិញ។
ចំណែកខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាមេក្រុម ប៉ុន្តែខ្ញុំបានប្រកែកព្រោះខ្ញុំមិនចេះប្រើមនុស្ស ហើយម្យ៉ាងទៀតខ្ញុំមិនចេះអក្សរ។ បន្ទាប់ពីបដិសេធមិនព្រមធ្វើតាម ខ្មែរក្រហមមិនបានរករឿង ហើយជ្រើសរើសអ្នកផ្សេងទៀតឲ្យធ្វើជាប្រធានក្រុមជំនួស។ ក្រោយមក ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើការនៅកងចល័ត និងលើកទំនប់នៅបឹងក្រចាប់ ភូមិភាគបូព៌ានៅតំបន់២១។ ខ្មែរក្រហមចាប់ផ្តើមរឹត បណ្តឹងទៅលើប្រជាជនរូបណាប្រកែកមិនធ្វើតាមការចាត់តាំងរបស់អង្គការនឹងយកទៅសម្លាប់ចោលភ្លាម។ ពេលនោះប្រជាជនមកពីគ្រប់ស្រុកបានទៅលើកទំនប់នៅបឹងក្រចាប់ ស្រុកត្បូងឃ្មុំ។ នៅទីនោះពុំមានអាហារហូបចុកគ្រាប់គ្រាន់ទេ គឺក្នុងមួយថ្ងៃហូបបបរពីរពេលតែប៉ុណ្ណោះ ពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងមួយថ្ងៃប្រជាជនត្រូវតែធ្វើឲ្យហើយរួចរាល់លើផ្ទៃដីដែលអង្គការបានកំណត់។ សម្រាប់ខ្ញុំអាចធ្វើបាន ប៉ុន្តែមានអ្នកផ្សេងនៅក្នុងក្រុមជាមួយគ្នាធ្វើមិនរួច ដូច្នេះដល់ពេលម៉ោងហូបបាយគឺអង្គការអត់ឲ្យគាត់ហូបទេ។ ខ្ញុំជីកប្រឡាយនៅបឹងក្រចាប់រយៈពេល៤ខែ។ កម្មាភិបាល និងកងកម្លាំងខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកភូមិភាគបូព៌ា មានការវាយប្រយុទ្ធគ្នា ធ្វើឲ្យប្រជាជនមានការច្រួលច្របល់។ ពេលនោះខ្ញុំបានរត់ត្រឡប់មកផ្ទះធ្វើស្រែជាមួយប្រជាជននៅក្នុងភូមិវិញ។ ខ្ញុំមកនៅផ្ទះបានបីខែ កងទ័ពមជ្ឈិមចូលមកទៀត ធ្វើឲ្យប្រជាជនរស់នៅភូមិភាគបូព៌ារត់ចូលព្រៃលាក់ខ្លួន ហើយខ្លះទៀតបានគេចខ្លួនទៅប្រទេសវៀតណាម។ ពេលនោះ ប្រជាជនទៅដេកនៅព្រំដែនមួយយប់ បន្ទាប់មកកងទ័ពវៀតណាមយកឡានមកដឹកប្រជាជនទាំងនោះទៅដាក់នៅជើងអណ្តែង នៃប្រទេសវៀតណាម។ វៀតណាមចែកអង្ករ ម្ហូប ស្រូវសាឡី ឲ្យប្រជាជនហូបចុកគ្រប់គ្រាន់។ ខ្ញុំរស់នៅប្រទេសវៀតណាមរយៈពេល៤ខែ ក្រោយមកវៀតណាមបានបញ្ជូនខ្ញុំនិងប្រជាជនភៀសខ្លួនត្រឡប់មកស្រុកំណើតវិញ ។
ពេលត្រឡប់មកភូមិវិញ ផ្ទះសំបែងខ្លះបានបាក់បែកស្ទើរតែទាំងអស់ ចំណែកផ្ទះខ្ញុំមិនមានខូចឡើយ។ ក្រោយមកខ្ញុំចាប់ផ្តើមកាប់ឆ្ការព្រៃដាំដំណាំ និងធ្វើស្រែ ទម្រាំមានអាហារហូបគ្រប់គ្រាន់។ នៅក្នុងរបបខ្មែរក្រហមប្អូនរបស់ខ្ញុំម្នាក់ឈ្មោះ ប្រាក់ សឿន ត្រូវបានខ្មែរក្រហមចាប់ធ្វើជាទាហាន ហើយត្រូវបានខ្មែរក្រហមសម្លាប់ចោល។
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, អត្ថបទ ឡុង ដានី នាយកមជ្ឈមណ្ឌលឯកសារកោះថ្ម ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ អណ្តូង៤០ គឺជាឈ្មោះអណ្តូងមួយកន្លែងស្ថិតនៅក្នុង ភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អណ្តូង៤០ ជាទីតាំងមួយដែលខ្មែរក្រហមវាយសម្លាប់អតីតទាហាន លន់ នល់ ប្រមាណ៤០នាក់ទម្លាក់ចូលក្នុងអណ្តូង។
[2] មជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា, លើគម្រោង ការលើកកម្ពស់សិទ្ធិនឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ឡុង ដានី សម្ភាសជាមួយ ប្រាក់ តាំង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។