ការបាត់បង់ភ្លេងអារក្ខ នៅក្នុងរបបខ្មែរក្រហម
នៅចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ជាសម័យកាលមួយយ៉ាងឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ខ្មែរក្រហមបានលុបបំបាត់ សាសនា ជំនឿ ទំនៀមទម្លាប់ ព្រពៃណី រួមទាំងសម្លាប់អ្នកមានចំណេះដឹង។ នៅក្នុងនោះមានភ្លេងអារក្ខត្រូវបានពួកខ្មែរក្រហមមិនអនុញ្ញាតឱ្យប្រគំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ភ្លេងអារក្ខចេះតែថមថយចាប់ពីរបបកម្ពុជាប្រជាធបតេយ្យ។
[1]ឈ្មោះ ព្រាប វិហ៊ាន ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិតាម៉ៅជើង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូឃ្មុំ។ ឪពុលឈ្មោះ ព្រាន ហ៊ន ម្តាយឈ្មោះ ធូរ ឆែម។ ខ្ញុំមានបងប្អូនចំនួន៥នាក់ (ស្រី២)និងជាកូនទី៣ក្នុងគ្រួសារប្រពន្ធឈ្មោះ ប្លោក ស្រីអឿន មានកូនចំនួន៥នាក់ (ស្រី៣)។ នៅក្នុងចំណោមបងប្អូនខ្ញុំ៥នាក់ ម្នាក់បានស្លាប់ឈ្មោះ ព្រាប សុធន់ ដោយសារជំងឺ។ ព្រាប សុធន់ ជាព្រះសង្ឃ សុគតនៅវត្តតាសូត្រ ស្ថិតនៅស្រុកមេមត់។
កាលពីកុមារភាព ខ្ញុំធ្លាប់បានរៀនសូត្រនៅវត្តកន្ទួត កាលពីដើមដោយរាប់ចាប់ពីចាប់ពីថ្នាក់ទី១២ចុះក្រោមរហូតដល់ថ្នាក់ទី១។ បើប្រៀបជាមួយការសិក្សាបច្ចុប្បន្ន ខ្ញុំបានរៀនត្រឹមថ្នាក់ទី៨។ បន្ទាប់ពីឈប់រៀនខ្ញុំធ្វើស្រែចម្ការ ចំណែកម្តាយឪពុកយកគាត់ចេញទៅកាប់ឫស្សីពីព្រៃ ដើម្បីយកទៅលក់ឱ្យឈ្មួញ ព្រោះសម័យនោះមានឈ្មួញចូលមកទិញឈើព្រៃ របស់របរផ្សេងៗនៅក្នុងភូមិជាពិសេសដើមឫស្សី។ ដោយសារតែជីវភាពគ្រួសារក្រលំបាក បណ្តាលឲ្យចិត្តម្តាយ ឪពុក ខ្ញុំចង់ចាកចេញពីភូមិកន្ទួតជាស្រុកកំណើត មករស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ខ្ញុំនៅកុមារមិនទាន់ចេះធ្វើការងារទេ។ ម្តាយ ឪពុកខ្ញុំកាប់ឫស្សីឱ្យឈ្មួញម្នាក់ឈ្មោះ ឡៃអ៊ីន។ ឡៃ អ៊ីន ជាឈ្មួញទិញឫស្សី ឈើ និងរបស់របរផ្សេងៗទៀត ហើយមានមុខងារជាប្រមុខរដ្ឋ។ ប្រជាជនមានការគោរពស្រឡាញ់ ឡៃអ៊ីន ជាខ្លាំង ព្រោះគាត់ជាមនុស្សចិត្តល្អ ចេះជួយមនុស្សក្រខ្សត់ ចែកអំណោយ ដូចជាសម្លៀកបំពាក់ និងអង្ករជាដើម។ គ្រួសារខ្ញុំលក់ឫស្សីមួយដើមថ្លៃ១កាក់ នៅក្នុងមួយគ្រួសារខ្ញុំរកលុយបានចំនួន១៥រៀល។ លុយ១៥រៀលជំនាន់នោះមានតម្លៃថ្ងៃ យើងអាចទិញរបស់ប្រើប្រាស់បានច្រើនប្រភេទ។ ចំណែកកម្មករចៀរជ័រឱ្យបារាំង បានតម្លៃត្រឹមតែ១២រៀលរយៈពេលពីរសប្តាហ៍។
អំឡុងសម័យបារាំង ឪពុកនិងជីតាខ្ញុំធ្លាប់និយាយប្រាប់ពីប្រវត្តិបារាំងចូលមកទឹកដីខ្មែរ កាលនោះហ៊ានជា កុមារ។ បារាំងចូលមកស្រុកខ្មែរ ជាពិសេសនៅស្រុកមេមត់ភាគច្រើនដាំកៅស៊ូទាំងអស់។ ចំណែកប្រជាជនធ្វើជាកម្មករឱ្យបារាំងទាំងប្រុស ស្រី។ ម្តាយឪពុកខ្ញុំក៏ធ្លាប់ធ្វើជាកម្មករចៀរជ័រឱ្យបារាំង។ កម្មកររបស់បារាំងមានច្រើនជាតិសាសន៍ ដូចជាខ្មែរ វៀតណាម និងចាម មកធ្វើចម្ការកៅស៊ូនៅស្រុកមេមត់។ ជាក់ស្តែងភូមិភូមិខ្ជាយ ស្ថិតនៅឃុំជាំក្រវៀន និងភូមិឡាំប៉ៅ កាលជំនាន់មុនអត់មានភូមិឬមនុស្សមករស់នៅទេ។ ចាប់តាំងពីបារាំងចូលមកគ្រប់គ្រងបារាំងបានបង្កើតផ្ទះសម្រាប់កម្មករ ក្រោយមកក្លាយទៅជាភូមិ មានប្រជាជនមករស់នៅច្រើន។
ឆ្នាំ១៩៧០ មានការធ្វើបាតុកម្មយ៉ាងខ្លាំង ប្រជាជនតាមភូមិ ឃុំ ស្រុកទាំងអស់ ត្រូវបានកេណ្ឌឡើងទៅស្រុកមេមត់ ដើម្បីធ្វើបាតុកម្ម។ ប្រជាជនដែលស្ថិតនៅភូមិឆ្ងាយ មានឡានទៅដឹកមកកាន់ស្រុកមេមត់ទម្លាក់នៅភូមិខ្នងក្រពើ ចំណែកប្រជាជននៅជិតទីតាំងស្រាប់ ត្រូវធ្វើដំណើរដោយថ្មើរជើង។ ខ្ញុំនៅក្មេង តែខ្ញុំចង់ជិះឡានទៅធ្វើបាតុកម្ម ប៉ុន្តែមិនបានបានទៅជាមួយប្រជាជននភូមិភូមិតាម៉ៅជើងទេ ដោយសារឪពុកហាមឃាត់។ ឪពុកថា «កូន មិនបាច់ទៅធ្វើបាតុកម្មទេ ព្រោះអីក្មេង ខ្លាចគេរត់ជាន់»។ ក្រោយពីនិយាយចប់ ប្រហែល៣ម៉ោងក្រោយ មានឡានមួយគ្រឿងបានចូលមកដឹងប្រជាជនឡើងទៅធ្វើបាតុកម្មនៅឯទីរួមស្រុកមេមត់។ នៅក្នុងពេលនោះឪពុកខ្ញុំបានឡើងឡានទៅជាមួយប្រជជនដៃទៀត ដើម្បីធ្វើបាតុកម្ម។ ក្នុងការធ្វើបាតុកម្មមានរយៈពេលចំនួនមួយថ្ងៃ បន្ទាប់ពីចប់រួចរាល់ឪពុកខ្ញុំបានត្រឡប់មកវិញ។ ឪពុកខ្ញុំនិយាយប្រាប់ថា អំឡុងពេលបាតុកម្ម មានប្រជាជនស្លាប់ និងរងរបួសដោយផ្ទះអាវុធរវាងប្រជាជននិងទាហាន លន់ នល់។
នៅឆ្នាំ១៩៧៣ មានយន្តហោះមកទម្លាក់គ្រាប់ បេ-៥២ ជាច្រើនគា្រប់នៅតាមព្រំដែនជាប់ជាមួយប្រទេសវៀតណាម។ ពេលយប់មានយន្តហោះមួយគ្រឿងបានហោះសំដៅមកស្រុកមេមត់។ សំឡេងកាន់តែជិតមកភូមិខ្ញុំកំពុងរស់នៅ មួយម៉ោងក្រោយមកមានការទម្លាក់គ្រាប់នៅភូមិជ្រៃ។ ខ្ញុំនិងគ្រួសារនាំគ្នារត់ចូលក្នុងរណ្តៅលេណដ្ឋានដើម្បីលាក់ខ្លួនមួយរយៈ។ សំឡេងយន្តហោះនៅតែបន្លឺឡើងជាថ្មី សំឡេងបេ៥២បានបន្លឺម្តងទៀតនៅភូមិកូនក្រពើ ឃុំជាំតាម៉ៅ។ គ្រួសារខ្ញុំ បានពួនក្នុងរណ្តៅទាល់មេឃភ្លឺ។
នៅឆ្នាំ១៩៧៤ នៅភូមិតាម៉ៅជើង រួមទាំងឃុំជាំតាម៉ៅទាំងមូលត្រូវបានបង្កើតជាក្រុមប្រវាស់ដៃ។ ប្រធានភូមិ ងឹល ហ៊ឹន ជាអ្នកគ្រប់គ្រងភូមិតាម៉ៅជើង។ រដូវស្រូវទុំចូលមកដល់ប្រជាជននៅក្នុងភូមិទាំងអស់ត្រូវត្រូវប្រមូលផលស្រូវរួមគ្នា។ ពេលទៅច្រូតស្រូវស្រែកន្លែងណាមួយ ប្រជាជននាំគ្នាទៅទាំងគ្នា មនុស្សប្រមាណ៥០-៦០នាក់ ច្រូតស្រូវរយៈពេល១ថ្ងៃឬផ្ទៃដីស្រែមានទំហំធំត្រូវប្រើពេលពីរថ្ងៃ ទាល់ច្រូតរួចរាល់ ទើបទៅកន្លែងមួយផ្សេងទៀត ធ្វើបែបនេះទាល់ច្រូតកាត់ហើយគ្រប់គ្នា។
ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ការបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នា នៃសង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេកលប្រាំឆ្នាំនៅកម្ពុជា[2]។ ខ្មែរក្រហមបានចូលកាប់កាប់ទីក្រុងភ្នំពេញ។ ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញត្រូវបានជម្លៀសចេញឱ្យមកនៅតាមទីជនបទ ដើម្បីធ្វើស្រែ ចម្ការ។ នៅក្នុងឃុំជាំតាម៉ៅ ប្រធានកងធំ ឈ្មោះ ឡាច ឬហៅថាតាភូមិ ជាអ្នកគ្រប់គ្រង។ សហករណ៍ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៧០ ខ្មែរក្រហមមានគោលបំណងលុបបំបាត់របបសក្តិភូមិ មូលធននិយម។ ប្រជាជនទាំងអស់ត្រូវរស់នៅរួម ហូបរួម និងធ្វើការងាររួម។
ឆ្នាំ១៩៧៦ ប្រជាជន១៧ មេសា ឬប្រជាជនជម្លៀសពីភ្នំពេញមកនៅឃុំជាំតាម៉ៅ ត្រូវបានខ្មែរក្រហមចោទថាក្បត់ជាមួយអង្គការទាំងគ្រួសារ។ បន្ទាប់ពីខ្មែរក្រហមប្រើមនុស្សនៅចាំសង្កេតការណ៍គ្រួសារនោះ កម្មាភិបាលថ្នាក់លើរបស់ខ្មែរក្រហម ចាប់មនុស្សដឹកជាមួយរទេះសំដៅទៅភូមិជំនុំពល ឃុំជាំតាមម៉ៅ ជាកន្លែងសម្លាប់មនុស្សនៅក្នុងសម័យខ្មែរក្រហម។
ខ្មែរក្រហមបានជ្រើសរើសខ្ញុំធ្វើជាគ្រូពេទ្យនៅឃុំជាំតាម៉ៅ ដោយសារខ្ញុំអាចសរសេរនិងអានអក្សរបាន។ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៧ ខ្ញុំធ្វើជាគ្រូពេទ្រប្រចាំឃុំជាំតាម៉ៅ។ ខ្ញុំអត់បានទៅសិក្សាផ្នែកពេទ្យពីមុនមកទេ ប៉ុន្តែនៅក្នុងឃុំមិនសូវមានមនុស្សចេះអក្សរ ប្រធានពេទ្យឃុំជាំតាម៉ៅ ឈ្មោះ យ៉ូន បាននាំខ្ញុំទៅសិក្សាផ្ទាល់ពេលគ្រូពេទ្យចុះទៅព្យា បាលប្រជាជននៅតាមសហករណ៍ និងបន្ទាប់ពីបានយល់ដឹងពីការចាក់ថ្នាំ ប្រើប្រាស់ថ្នាំទៅកាន់អ្នកជំងឺ និងយល់ដឹងពីវត្ថុធាតុដើមមុនបានក្លាយជាគ្រាប់ថ្នាំ។
នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវប្រធានពេទ្យ យ៉ូន បានបញ្ជូលឈ្មោះទៅព្យាបាលជំងឺប្រជាជននៅក្នុងសហករណ៍ នៃឃុំជាំតាម៉ៅ។ នៅក្នុងសម័យខ្មែរក្រហមមនុស្សភាគច្រើនឈឺរាគ គ្រុនចាញ់ គ្រុនក្តៅការផ្តល់ថ្នាំគ្រាប់ជូនសម្រាប់លេបក៏ធូរស្បើយ។ ចំពោះអ្នកឈឺខ្លាំងហើយមិនអាចព្យាបាលបាន គឺត្រូវបញ្ជូនទៅកាន់ឃុំ ដើម្បីពិនិត្យ តែជំងឺនោះខ្លាំងត្រូវបញ្ជូនទៅថ្នាក់ស្រុក ជាគ្រូពេទ្យនៅសហករណ៍ខ្ញុំគ្មានកន្លែង វះកាត់ទេ។ ជាក់ស្តែងនៅក្នុងឃុំជាំតាម៉ៅ ប្រជាជនត្រូវខ្មែរក្រហមជម្លៀសតាំងពីចុងឆ្នាំ១៩៧៥ ប៉ុន្តែខាងពេទ្យមិនទាន់ជម្លៀសចេញពីមូលដ្ឋាន។
ដើមឆ្នាំ១៩៧៨ បន្ទាប់ពីកងទ័ពមជ្ឈិមឬខាងនិរតីចូលមក ខ្មែរក្រហមបានជម្លៀសខ្ញុំទៅធ្វើជាកងចល័តនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ប្រជាជនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះខ្មែរក្រហមជម្លៀសភូមិភាគបូព៌ាមកកាន់ខេត្តក្រចេះ ជាពិសេសស្រុកមេមត់។ ខ្ញុំធ្វើជាកងចល័តកាប់គាស់ដីស្រែ រានព្រៃ គល់ឈើធំៗ ត្រូវប្រើកម្លាំងកាប់ដីរាល់ថ្ងៃ។ ចំពោះអាហារហូបចុកមិនបានគ្រាប់គ្រាន់ទេ នៅក្នុងមួយថ្ងៃហូបបបរពីរពេល គឺថ្ងៃត្រង់ និងល្ងាច។ ខ្ញុំនៅភូមិស្រែរនាម បានចំនួនបីខែ ឈប់ធ្វើជាកងចល័តមកធ្វើជាគ្រូពេទ្យវិញ។ ប្រជាជនស្លាប់ភាគច្រើនអត់មានអាហារហូបចុកគ្រប់គ្រាន់ និងឈឺគ្រុនចាញ់។ ពេទ្យសម័យខ្មែរក្រហមមិនមានថ្នាំគ្រប់គ្រាន់ ហើយគ្រូពេទ្យមិនមានជំនាញ។
នៅចុងឆ្នាំ១៩៧៨ ដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានជម្លៀសចេញពីស្រុកស្នួល ទៅកាន់ភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្តបុរី ខេត្តក្រចេះ។ ខ្ញុំត្រូវឈប់សម្រាប់រយៈពេលបីថ្ងៃដើម្បីរងចាំសាឡាងមកទទួលឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបានជិះរថយន្ត មួយគ្រឿង ទៅនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ រយៈពេល១ខែ បន្ទាប់មកមានការប្រកាសតាមវិទ្យុ និងប្រជាជនប្រកាសតាមផ្លូវ ឱ្យ ត្រឡប់ទៅស្រុកកំណើតវិញ។
សម័យខ្មែរក្រហមភ្លេងអារក្ខត្រូវបានបោះបង់ទាំងស្រុងស្ទើរតែបាត់បង់ ទើបក្រោយពីសម័យខ្មែរក្រហមបញ្ចប់ ភ្លេងអារក្ខត្រូវបានចាប់ផ្តើមម្តងទៀត។ សម័យមុន ជនជាតិស្ទៀងមានប្រពៃណីលេងភ្លេងអារក្ខសម្រាប់កំសាន្តភូមិ លេងភ្លេងអារក្ខកំដរខ្មោច និងលេងភ្លេងអារក្ខបញ្ចូលរូប សម្រាប់ព្យាបាលជំងឺ ដែលខុសមេបា ឬគ្រូ បាធ្យាយ ។ រហូតមកដល់សព្វថ្ងៃនេះ ភ្លេងអាក្ខនៅតែបន្តលេង។
លោក ព្រាប វិហ៊ាន មានប្រសាសន៍ថា ភ្លេងអារក្ខ កើតចេញពីប្រជាជន ដែលមានទំនាក់ទំនងផ្សាភ្ជាប់ ទៅនឹងជំនឿតាមចំណូលចិត្តរបស់ប្រជាជនដើម នាសម័យបុរេប្រវត្តិ។ សព្វថ្ងៃនេះភ្លេងអារក្ខក្រុមខ្ញុំមានចំនួន១១នាក់ មានដូចជា វាយស្គរ៤នាក់ កូតទ្រ១នាក់ វាយគង១នាក់ ស្នំ១នាក់ និងច្រៀងចំនួន៤នាក់។
សំណឹងអារក្ខ មានន័យថា អ្នកដែលត្រូវអារក្ខចូលរូប ដើម្បីដឹងពីថាមនុស្សដែលឈឺបណ្តាលមកពីអ្វី ដឹងឈ្មោះគ្រូអារក្ខ គ្រូបាធ្យាយ ជីដូន ជីតា ដែលជាប់ជាខ្សែរយៈគ្រូអារក្ខ។ ស្នំអារក្ខ សំដៅលើអ្នកបម្រើ អ្នកលួងលោម ចាំសួរនាំ។
បទភ្លេងអារក្ខចែកចេញជាបីប្រភេទ គឺបទភ្លេងគ្រូគុណដាវ គ្រូបាធ្យាយ គ្រូដំបង បទភ្លេងគ្រូអារក្ខ(អារក្ខតាមជំពូជ) និងបទភ្លេងកំដរខ្មោច(លេងពេលមនុស្សស្លាប់)។
បទភ្លេងគ្រូគុណដាវ គ្រូគុណដំបង គ្រូបាធ្យាយ រួមមានបទកងសោយ សំពោង ផាត់ជាយ កន្សែងក្រហម ចំបក់រោយ ស្វាយបង្គួរ និងបទកែវរាប់បាត្រ។
បទភ្លេងគ្រូអារក្ខ មានបទគ្រូអារក្ខ នាងផ្តាំ សារិកាកែវ ជំទាវម៉ៅ អន្លង់ក្រាយ អណ្ទើបកន្ទុយព្រែក មាន់រងាវ សារ៉ាយ ម្លប់ដូង ក្របីជល់ចេក និងបទភ្លេងជើត។
បទគ្រូភ្លេងកំដរខ្មោច គេភាគច្រើនយកបទភ្លេងគុនគ្រូដាវ គ្រូបាធ្យាយ គ្រូដំបង និងបទភ្លេងគ្រូអារក្ខ ប៉ុន្តែប្រើលំនាំច្រៀងខុសគ្នា។ បទភ្លេងគ្រូកំដរខ្មោច គឺមានភាពសោកស្តាយ កម្សត់ ធ្វើឱ្យអារម្មណ៍មានការនឹករលឹកដល់មនុស្សបានស្លាប់។
ចំពោះបាយសីសម្រាប់រៀបលំដាប់អារក្ខ មានចាប់ពី បាយសី១ជាន់ បាយសី៣ជាន់ បាយសី៥ជាន់ បាយសី៨ជាន់ បាយសី៩ជាន់ និងបាយសី១២ជាន់រួមមានធូប ទៀន ម្លូ ស្លា ផ្កា និងលាជ សម្រាប់ធ្វើបាយសី។ គ្រូស្តោះ គ្រូចាក់ទឹក ត្រូវរៀបធូប៥ ទៀន៥ ម្លូ៥ ចំណែកគ្រូថ្នាក់ទាបឬគ្រូក្រុងឆេះឬគ្រូថ្នាក់តូច មានស្លាធម៌១គូ ធាង១គូ និងបះឆាប១គូ ហើយអ្វីដែលខ្វះមិនបានគឺធូប៥ ទៀន៥ និងម្លូ៥។
អំឡុងសម័យខ្មែរក្រហមភ្លេងអារក្ខទាំងស្រុងត្រូវបានខ្មែរក្រហមបំបាត់ចោលមិនឱ្យប្រជាជនគំលេងភ្លេងអារក្ខ។ ទោះបីជាខ្មែរក្រហមលុបបំបាត់ ខ្ញុំបានលួចច្រៀងស្ងាត់ៗមិនឱ្យឮសំឡេងមកខាងក្រៅខ្លាំងព្រោះកាលណាពួកខ្មែរក្រហមដឹងថាខ្ញុំនៅច្រៀងបទភ្លេងអារក្ខច្បាស់ជានឹងត្រូវចាប់ទៅកសាងឬចោទថាជាខ្មាំងរបស់អង្គការ ព្រោះមិនបានស្តាប់តាមបញ្ជាឬចាប់ទៅសម្លាប់តែម្តង។ មកដល់ពេលបច្ចុប្បន្ននេះមនុស្សមិនសូវនិយមលេងភ្លេងអារក្ខដូចកាលជំនាន់មុនៗទេព្រោះមានការថមថយទាំងអ្នករៀនភ្លេងអារក្ខ ខ្វះខាតឧបករណ៍ ដូចជា ប៉ីពក និងប៉ីអ។ គេមិនដឹងថាមានអ្នកចេះធ្វើដែរអត់ បានប៉ីពក និងប៉ីអមកអត់មានមករហូត ហេតុនេះបានធ្វើឱ្យភ្លេងអារក្ខមានការថមថយ។ ក្នុងនាមខ្ញុំជាវង់ភ្លេងអារក្ខ ផ្នែកកូតទ្រ នៅតែចែកចំណេះដឹងពីភ្លេងអារក្ខទៅកាន់មនុស្សជំនាន់ក្រោយឱ្យបានយល់ដឹងពីជំនឿ ប្រពៃណី និងទំនៀមទម្លាក់ ដើម្បីចូលរួមថែរក្សាកុំឱ្យបាត់បង់។
លោក ព្រាប វិហ៊ាន បាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិ នៃភ្លេងអារក្ខ។
«គុណសម្បត្តិ មនុស្សឈឺ ក្រោយពីរៀបចំលេងភ្លេងអារក្ខរួចរាល់ចាប់ផ្តើមជាពីជំងឺ បង្កើតទំនាក់ទំនងជាមួយគ្នាឱ្យមានភាពស្និទ្ធស្នាល បង្កើតការជួបជុំគ្រួសារ បងប្អូន មិត្តភក្តិ នឹករលឹកដល់គ្រូអារក្ខ។ ឯគុណវិបត្តិ ចំណាយពេលវេលា ក្រុងភ្លេងអារក្ខគេងមិនបានគ្រប់គ្រាន់ និងចំណាយថវិកា»។
អត្ថបទដោយ ឈុំ រ៉ា
[1] បទសម្ភាសន៍ឈ្មោះ ព្រាប វិហ៊ាន សម្ភាសន៍ដោយ ឈុំ រ៉ា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៤-១៩៧៩) បោះពុម្ពលើកទី២ ក្នុងឆ្នាំ២០២០ នៅទំព័រទី១៣ ត្រង់កថាខណ្ឌទី១។