អ្នកចូលរួមចលនាតស៊ូរបស់ខ្មែរក្រហម

ពៀម ប្រាំង រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ពៀម ប្រាំង មានអាយុ ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅសម័យ លន់ នល់ ពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ ពៀម ប្រាំង បានចូលរួមចលនាតស៊ូនយោបាយនៅក្នុងព្រៃជាមួយខ្មែរក្រហម។ នៅពេលនោះខ្មែរក្រហមបានសហការជាមួយកងទ័ពវៀតណាមខាងជើងដើម្បីផ្តួលរលំរបប លន់ នល់។ នៅពេលខ្មែរក្រហមឡើងកាន់អំណាច គាត់បានចូលរួមធ្វើការនៅក្នុងកងប្រវាស់ដៃ នៅពេលនោះខ្មែរក្រហមបានចាប់ផ្តើមបង្កើតសហករណ៍សម្រាប់ឲ្យប្រ​ជា​ជនរស់នៅរួម ធ្វើការរួម និងហូបរួម។ សម្ភារផ្ទះបាយរបស់ប្រជាជនត្រូវបានប្រមូលដាក់ជាសម្ភារប្រើប្រាស់រួមនៅក្នុងសហករណ៍។

របបអាហារត្រូវបានបែងចែក ដោយក្នុងមួយនាក់ទទួលបានបបរមួយកូនចានតូច។ ចំពោះការងារវិញ ប្រជាជនត្រូវធ្វើការរួម ដូចជាជីកប្រឡាយ លើកទំនប់ និងធ្វើស្រែជាដើម។ ប្រសិនបើបុគ្គលណាមានការត្អូញត្អែរចំពោះការងារដែលអង្គការខ្មែរក្រហមដាក់ឲ្យធ្វើនោះ បុគ្គលនោះនឹងត្រូវចោទថាបានក្បត់អង្គការ ដោយមិនធ្វើតាមការបញ្ជាដែលអង្គការដាក់ឲ្យ នោះបុគ្គលនោះនឹងត្រូវនាំខ្លួនយកទៅរៀនសូត្រ។ ប្រាំង បានបន្តថា បុគ្គលទាំងនោះមិនដែលឃើញត្រឡប់មកវិញនោះទេ ប្រជាជនបានបាត់ខ្លួនបន្តិចម្តងៗពីភូមិ តែគាត់មិនដែលឃើញមានការសម្លាប់មនុស្សរបស់ខ្មែរក្រហមដោយផ្ទាល់ភ្នែកនោះទេ។

ខ្មែរក្រហមបានលុបបំបាត់វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច ដោយមិនឲ្យមានការសែនព្រេន ការប្រារព្ធ​ពិធីបុណ្យសព ឬមានជំនឿសាសនាផ្សេងៗ។ ខ្មែរក្រហមក៏បានលុបបំបាត់ផងដែរនូវរូបិយប័ណ្ណ។

នាសម័យខ្មែរក្រហម ពៀម ប្រាំង មានវ័យ ២៥ឆ្នាំ និងធ្វើជាទាហានតំបន់ការពារព្រំដែន។ កាលនោះ គាត់ប្រាប់ថា មានការប៉ះទង្គិចជាមួយកងទ័ពវៀតណាម និងក្រោយមកទៀតការឈ្លានពានរបស់កងទ័ពវៀតណាមមកលើប្រទេសកម្ពុជា ដែលបន្តរីករាលដាលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅទីបញ្ចប់ខ្មែរក្រហមក៏ដកថយនិងកែនប្រជាជនឲ្យរត់ចូលព្រៃ ធ្វើឲ្យប្រជាជនមានការលំបាក ព្រាត់ប្រាសគ្រួសារ និងបងប្អូនសាច់ញាតិ។

នៅក្នុងព្រៃ ប្រជាជនមានតែដំឡូង និងបន្លែផ្លែឈើព្រៃប៉ុណ្ណោះសម្រាប់បរិភោគ មានប្រជាជនខ្លះបានរស់រានមានជីវិត ខ្លះបានបាត់បង់ជីវិតដោយសារពុលមើមក្តួច និងខ្លះដោយសារអត់អាហារបរិភោគ។

នៅសម័យខ្មែរក្រហមប្រជាជនទាំងអស់ត្រូវធ្វើការទាំងថ្ងៃទាំងយប់ដោយគ្មានពេលឈប់សម្រាក ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានទិន្នផលស្រូវបីតោនក្នុងមួយហិចតា។ គាត់បានបន្តថាទោះបីជាទទួលបានទិន្នផលតាមការកំណត់ ក៏ការហូបចុកនៅតែមិនគ្រប់គ្រាន់ដដែល។

សម្រាប់ទាហានតំបន់ដូចរូបគាត់ គាត់ទទួលបានអង្ករក្នុងមួយព្រឹកកន្លះកំប៉ុង និងល្ងាចកន្លះកំប៉ុង។ ប្រសិនបើគាត់មានជំងឺធ្ងន់ធ្ងរ ខ្មែរក្រហមចែកថ្នាំប៉ារ៉ាសេតាម៉ុល និងថ្នាំចាក់ ឬព្យួរសេរ៉ូម ព្រមទាំងថ្នាំបង្ការការពារជំងឺជាដើម។

ជាចុងក្រោយ ចំពោះការរស់នៅសព្វថ្ងៃរបស់គាត់ ដោយសារវ័យចាស់ជរា គាត់មានជំងឺប្រចាំកាយដូចជា គ្រុនចាញ់ គ្រុនក្រពះពោះវៀន និងមានជំងឺសន្លាក់ឆ្អឹង៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃ៥ ខែមីនា ឆ្នាំ២០២៣

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin