ព្រំ នាង៖ បានត្រឹមតែឃើញប្រវត្តិរូបប្អូនប្រុស

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនដែលបានរស់នៅក្នុងប្រទេសកម្ពុជា ភាគច្រើនមានកូនចៅចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហម ទាំងប្រុសទាំងស្រី ជាច្រើននាក់ ជាពិសេសអ្នករស់នៅតាមទីជន បទ ស្រុកស្រែចម្ការ អ្នកខ្លះបានធ្វើជាយោធា អ្នកខ្លះធ្វើពេទ្យ អ្នកខ្លះចូលក្រុមសិល្បៈ និងមានខ្លះទៀតធ្វើជាកម្មករ។ល។ នៅពេលយុវជន យុវនារី ទាំងអស់បានចូលធ្វើការងារនៅតាមអង្គភាពនានា កម្មាភិបាលខ្មែរក្រហម ក៏ចាប់ផ្តើមស្រាវជ្រាវប្រវត្តិរូប បងប្អូនម្នាក់ៗ ដែលបានចូលបម្រើចលនាខ្មែរក្រហម នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ របបខ្មែរក្រហម បានដួលរលំប្រវត្តិរូបស្ទើរតែទាំងអស់ ត្រូវបានបន្សល់ទុក និងបានរកឃើញ នៅតាមក្រសួងមន្ទីរនានា ដូច​ជា នៅមន្ទីរឃុំឃាំងទួលស្ត្លង នៅក្រសួងមហាផ្ទៃ និងរកឃើញកន្លែងផ្សេងៗទៀត។

នៅដើមឆ្នាំ២០០៣ ក្រុមការងារមជ្ឈមណ្ឌលឯកសារ ដែលមានលោកឆាំង យុ ជានាយកមជ្ឈម ណ្ឌលឯកសារកម្ពុជា លោកមានទស្សនវិស័យវែងឆ្ងាយ ក្នុងកិច្ចការសង្គមជាតិ បានខិតខំប្រឹងប្រែង ធ្វើកិច្ចការស្រាវជ្រាវប្រវត្តិរូបទាំងអស់នេះឡើង ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រ និងស្វែងរកយុត្តិ ធម៌ ជូនប្រជាជនដែលរងគ្រោះ។ នៅពេលនោះ បុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មួយចំនួន បានចុះធ្វើការស្រាវជ្រាវ និងសម្ភាសន៍ទៅតាមប្រវត្តិរូប បងប្អូនម្នាក់ៗ នៅតាមបណ្តាលខេត្ត-ក្រុងទាំង២៤ ទូទាំងប្រទេសកម្ពុជា។ ក្រុមការងារ បានធ្វើការបែងចែកគ្នាជាក្រុមៗ ដោយបានចំណាយកម្លាំង ពេលវេលា និងសម្ភារ ដើម្បីចុះទៅធ្វើកិច្ចការទាំងអស់នេះ។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៥ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា  បានចុះទៅដល់ខេត្តព្រៃវែង និងបានជួបជាមួយឈ្មោះ ព្រំ នាង ត្រូវជាបងស្រីម្ចាស់ប្រវត្តិរូប។

ព្រំ នាង[1] បានរៀបរាប់ពីប្រវត្តិរឿងរ៉ាវដែលកើតមានឡើងរបស់ប្អូនឈ្មោះ ហ៊ួត អង ភេទប្រុស រស់នៅភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបានបាត់ខ្លួនរហូតមកដល់ពេលនេះ។ គាត់ បានរៀបរាប់បន្តថា អង មានឪពុកឈ្មោះ ព្រុំ ព្រិញ ម្តាយឈ្មោះ ហ៊ួត អុន (ស្លាប់) អង មានបងប្អូនចំនួន៨នាក់ ចូលបម្រើចលនាខ្មែរក្រហម ចំនួន៣នាក់ បាត់ខ្លួនទាំងអស់។

អង ជាកូនទី៣ កាលពីកុមារភាព បានសិក្សារៀនសូត្របន្តិចបន្តួច នៅសាលាបឋមសិក្សាវត្តតាម៉ៅ ក្នុងភូមិកំណើត មិនយូរប៉ុន្មាន ក៏សម្រេចចិត្តឈប់រៀន មកជួយធ្វើស្រែ ចម្ការ និងប្រកបមុខរបរនេសាទត្រី ដូចជា រាយមង រាយសន្ទូច(ដាក់មង ដាក់សន្ទូច) តាមដងទន្លេមេគង្គ ដើម្បីបានត្រីខ្លះ យកមកហូប និងសល់មួយចំនួនទៀត យកទៅលក់ដូរនៅទីផ្សារ គ្រាន់បានថវិកាខ្លះ សម្រាប់ជួយទ្រទ្រង់ជីវភាពឪពុកម្តាយ ពីព្រោះ ពេលនោះកំពុងតែជួបបញ្ហាខ្វះខាតខ្លាំង ដោយសារតែម្តាយមានកូនច្រើននាក់ ពិបាកក្នុងការរកទទួលទាន ណាមួយប្រទេសជាតិកើតមានសង្រ្គាម។

នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ ដោយស្នាដៃឧត្តមសេនីយ៍លន់ នល់។ នៅមិនយូរប៉ុន្មាន ក្រុមចលនាខ្មែរក្រហម បានចូលមកកាន់កាប់ភូមិស្រុកមួយចំនួនធំ នៅក្នុងខេត្តព្រៃវែង និងរស់នៅក្នុងភូមិ ថែមទាំងមានប្រជាជន ជួយគាំទ្រ ផ្តល់នំចំណី អាហារ ដល់ក្រុមចលនាខ្មែរក្រហមទាំងនេះ។ នៅពេលនោះកូនចៅអ្នកស្រុកមួយចំនួនបានស្ម័គ្រចិត្ត ចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហម តាមរយៈការឃោសនា របស់ប្រធានភូមិឈ្មោះ ឆាង និងប្រធានឃុំ ឲ្យយុវជន យុវនារី ចូលព្រៃម៉ាគី ដើម្បីរំដោះជាតិ។ នៅពេលនោះ បងប្រុសរបស់ អង ចំនួនពីរនាក់ បានស្ម័គ្រចិត្តចូលបម្រើចលនាខ្មែរក្រហម បងប្រុសទី១)ឈ្មោះ អ៊ុយ ចូលដំបូង កាន់ខាងសេដ្ឋកិច្ច និងបងប្រុសទី២)ឈ្មោះ សំអុល ធ្វើជាយោធាខ្មែរក្រហម។

នៅឆ្នាំ១៩៧២ អង មិនបានស្ម័គ្រចិត្ត ចូលបម្រើចលនាខ្មែរក្រហមទេ ពីព្រោះ ខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ខំរត់ទៅលាក់ខ្លួនក្នុងព្រៃ ដេកសម្រាក នៅតាមដងព្រែក តាមស្ទឹង ដល់យូរៗទៅ ទ្រាំមិនបាន ពិបាកលាក់ខ្លួន ក៏សុខចិត្តត្រឡប់មកផ្ទះវិញ ព្រមចូលធ្វើជាយោធាខ្មែរក្រហម តាមបងៗតែម្តងទៅ ម្តាយ បានត្រឹមតែ យំអាណិតកូន មានអារម្មណ៍ក្តុកក្តួលក្នុងចិត្តលែងនិយាយកើត មិនដឹងធ្វើយ៉ាងម៉េច បើប្រទេសជាតិ កើតមានសង្រ្គាម។ អង ចេញពីផ្ទះដំបូង បានថ្វាយបង្គំលាឪពុកម្តាយត្រឹមត្រូវ ម្តាយបានត្រឹមតែអាណិតកូន មិនចង់ឲ្យកូនឃ្លាតឆ្ងាយទេ។ អង ចូលដំបូង ធ្វើជាយោធាខ្មែរក្រហម នៅក្នុងភូមិភាគបូព៌ា ដែលមានលោកសោ ភឹម ជាប្រធាន។ អង បានហាត់រៀនយុទ្ធសាស្រ្ត យោធានៅត្រឹមស្រុកបាភ្នំ ខេត្តព្រៃវែង ។ បន្ទាប់មកឈ្មោះ នាង ត្រូវជាបងស្រី បានទទួលដំណឹងថា ប្អូនប្រុសឈ្មោះ អង អង្គការបានបញ្ជូនទៅសមរភូមិមុខ ដែលមានទីតាំង នៅខេត្តកណ្តាល នៅក្នុងតំបន់២៥ ។ កម្លាំងខ្មែរក្រហម ដែលបញ្ជូនទៅនោះ បានចូលសមរភូមិ វាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ៍លន់ នល់។ ចាប់ពីពេលនោះមកមិនដែលបានទទួលដំណឹង ពីប្អូនប្រុសឈ្មោះ អង ទេ។

លុះដល់ ឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហម ឡើងកាន់អំណាច បានជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ និងប្រជាជនរស់នៅតាមទីប្រជុំជន នៅទូទាំងប្រទេស ឲ្យមករស់នៅតាមស្រុកស្រែចម្ការ ដើម្បីធ្វើកសិកម្មទាំងអស់គ្នា លុបបំបាត់វណ្ណៈជិះជាន់ វណ្ណៈមូលធន លែងមានអ្នកមាន លែងមានអ្នកក្រ រស់នៅមានសិទ្ធិស្មើគ្នា ហូបបាយរួមតាមសហករណ៍ លែងមានទ្រព្យសម្បត្តិឯកជនជាដើម។ នៅឆ្នាំ១៩៧៥ ដដែល អង បានមកលេងស្រុកកំណើតម្តង មានគ្នាពីរនាក់ ស្លៀកពាក់ជាយោធាខ្មែរក្រហម ដើម្បីសួររកឪពុកម្តាយ បងប្អូន ក៏បានជួបសួរសុខទុក្ខគ្នាទៅវិញទៅមក។ អង មកលេងបានតែមួយថ្ងៃក៏ត្រឡប់ទៅអង្គភាពវិញ បាត់ដំណឹងរហូតដល់សព្វថ្ងៃនេះ។ បើយើងមើលតាមប្រវត្តិរូប យើងឃើញថា ឈ្មោះ  ហ៊ួត អង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំរាធរ ខេត្តព្រៃវែង។ នៅមុខឆ្នាំ១៩៧៥ ជាយុទ្ធជននៅកងពល១៧០ វរសេនាតូច៨២២។ ហ៊ួត អង ត្រូវអង្គការ ចាប់ឃាត់ខ្លួននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៨[2]ដែលមានភិនភាគកម្ពស់១ម៉ែត្រ៥២ ប្រវែងដងខ្លួន០ម៉ែត្រ៧៧។

នៅឆ្នាំ១៩៧៩ នៅពេលប្រទេសជាតិ បានរួចផុតពីរបបខ្មែរក្រហម ព្រំ នាង សង្ឃឹមថា បានជួបបងប្អូនឡើងវិញ តែការដែលសង្ឃឹមរងចាំមើលផ្លូវប្អូន ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែអស់សង្ឃឹមរហូតមកពេលនេះ។ នៅឆ្នាំ២០០៥ នាង បានឃើញក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ចុះមកស្រាវជ្រាវដល់ផ្ទះរក ឈ្មោះ ប្អូនប្រុស ហ៊ួត អង បងប្អូនរស់នៅក្នុងភូមិជាមួយគ្នា មានការរីករាយសប្បាយចិត្ត នឹកស្មានថា ប្អូននៅមានជីវិតរស់ តែមិននឹកស្មានថា បានឃើញត្រឹមប្រវត្តិរូបប្អូន តែទោះបីជាយ៉ាងណា ក៏បានសប្បាយចិត្តខ្លះដែរ ពីព្រោះបានដឹងថា ប្អូនត្រូវបានចាប់ខ្លួននៅឆ្នាំណា? នៅកន្លែងណា? ចាប់ពេលនេះទៅ នាង ឈប់គិតខ្វាយខ្វល់ទៀត ធ្វើដូម្តេចបើប្រទេសជាតិ កើតមានសង្រ្គាម  ស្លាប់ និងបាត់ខ្លួននៅក្នុងភូមិនេះស្ទើរទាំងអស់ អ្នកដែលបានត្រឡប់មកស្រុកកំណើតវិញ មានភាគតិចតួចណាស់។ នាង បាននិយាយបន្តថា ចាប់ពេលនេះទៅ មានតែការធ្វើបុណ្យបញ្ជូនកុសលដល់សាច់ញាតិ ដែលបានបាត់បង់ជីវិតទៅ នៅក្នុងសម័យខ្មែរក្រហម។

សរសេរដោយ សុខ វណ្ណៈ


ឯកសារយោង

[1] ឯកសារលេខ (PVI0016) សម្ភាសន៍ ដោយ ផាន់ សុជា ជាមួយព្រំ នាង ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៥ មជ្ឈមណ្អលឯកសារកម្ពុជា

[2] ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង នៅគុកទួលស្តែង ឈ្មោះ ហ៊ួត អេង ភេទប្រុស អាយុ២០ឆ្នាំ មុនចាប់ខ្លួន នៅក្នុងកងពល១៧០ ជាយុទ្ធជន នៅភូមិភាគបូព៌ា អង្គការចាប់ឃាត់ខ្លួន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៨។ ហ៊ួត អង មានកម្ពស់១ម៉ែត្រ៥២ ប្រវែងដងខ្លួន០ម៉ែត្រ ៧៧

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin