កុមារត្រៀមឈានមុខក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ពុធ ខេង មានអាយុ៥៨ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ខេង មានបងប្អូនប្រាំបីនាក់គាត់ជាកូនទីបីក្នុងគ្រួ​សារ​​។

នៅរបប លន់ នល់ ខេង បានចាកចេញពីស្រុកកំណើតមកបន្តការសិក្សាជាមួយឪពុកម្តាយនៅទីក្រុងភ្នំពេញ។ គាត់និយាយថា នៅស្រុកកំណើតមានការទម្លាក់គ្រាប់​បែក​ជាញឹកញាប់ រីឯនៅភ្នំពេញក៏មានការទម្លាក់គ្រាប់បែកម្តងម្កាលដែរ។

ពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ខេង មានអាយុប្រមាណ១0ឆ្នាំ កំពុងរៀនថ្នាក់ទី៩។ គាត់ត្រូវបានទាហានខ្មែរក្រហមបង្ខំឲ្យចាកចេញពីទីក្រុងឲ្យទៅទីជនបទ។ ខេង បានឃើញព្រឹត្តិការណ៍ច្របូកច្របល់ និងការបាញ់ប្រហារពីសំណាក់ទាហានមកលើប្រជាជនមិន​ព្រមចាកចេញពីផ្ទះសម្បែង។ ប្រជាជនត្រូវ​ធ្វើដំណើរពាសពេញផ្លូវទាំងក្តីភ័យខ្លាច។ គ្រប់ផ្លូវជាតិទាំងអស់កកស្ទះមនុស្ស ខ្លះដើរ ខ្លះទូល និងខ្លះរែកសម្ភារៈប្រើប្រាស់ផ្សេងៗ។ គាត់ក៏បានឃើញសាកសពស្លាប់ និងត្រូវបានសម្លាប់នៅពេសពេញផ្លូវផងដែរ។​

ខេង និងគ្រួសារបានសម្រេចចិត្តចាកចេញពីភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខមួយ ឆ្ពោះទៅស្រុករមាសហែក ខេត្តស្វាយរៀង។ ពេលមកដល់ស្រុកកំណើតខ្មែរក្រហម បានឲ្យគាត់ និងគ្រួសាររស់នៅផ្សេងពីប្រជាជនមូលដ្ឋាន។ ប្រជាជនមកពីភ្នំពេញជាប្រជាជនថ្មីត្រូវធ្វើការច្រើន និងទទួលបានរបបអាហារតិចជាងប្រជាជនចាស់ដែលធ្លាប់រស់នៅក្នុងភូមិតាំងពីរបបមុន។ ខេង ត្រូវ​រស់នៅក្នុងកងកុមារត្រៀមឈានមុខ។ កងនេះត្រូវធ្វើការជំនួសកន្លែងអ្នកដែលឈឺ​មិនអាចធ្វើការបាន ឬកន្លែងណាខ្វះកម្លាំង។​ អង្គការបានឲ្យកងកុមារត្រៀមឈានមុនទៅជួយ ដូច្នោះគាត់តែងតែផ្លាស់ប្តូរកន្លែងធ្វើការជាញឹកញាប់ដូចជាត្រូវមើលគោ មើលក្របី ធ្វើស្រែ និងជីក រែកដី…។ល។

ឪពុករបស់ ខេង អង្គការប្រើឲ្យធ្វើជាជាងដែក ដំកាំបិតពូថៅ និងចបកាប់។ ក្រោយមកអង្គការឲ្យឪពុកគាត់ធ្វើជាជាងឈើធ្វើ តុ ទូ គ្រែ និងកៅអី។

មានពេលយប់ខ្លះ ខេង និងយុវជនឯទៀតមិនបានសម្រាកទេ។ អង្គការបានឲ្យគាត់ទៅដើរល្បាត ដើរលបស្តាប់តាមផ្ទះប្រជាជនថ្មី បើមានប្រជាជនណានិយាយាមិន​ល្អពីអង្គការត្រូវ​មកប្រាប់មេក្រុម។ អ្នកដែលនិយាយអាក្រក់ពីអង្គការត្រូវបានយកទៅអប់រំ ឬយកទៅសម្លាប់។

ខេង ធ្លាប់ឃើញខ្មែរក្រហមបណ្តើរយុវជនយកទៅសម្លាប់ដោយសារខុសសីលធម៌។ គាត់ក៏ធ្លាប់ឃើញខ្មែរក្រហមបំផ្លាញវត្តអារាម និងបានប្រែក្លាយបរិវេណវត្តទៅជា​ឃ្លាំងស្តុកស្រូវ និងជាកន្លែងសម្រាប់ផលិតជីធម្មជាតិសម្រាប់ដាក់ស្រែ។ ពេលទៅធ្វើការ ខេង ក៏ធ្លាប់​​ឃើញ​រណ្តៅ​សាក​សពដែលគេទើបសម្លាប់កប់មិនត្រឹមត្រូវ​នៅហើម​រលួយ​។

ខេង ឃើញនៅសហករណ៍បង្កបង្កើនផលស្រូវបានច្រើនប៉ុន្តែស្រូវត្រូវបានដឹកចេញស្ទើរអស់ពីឃ្លាំងដែលនាំឲ្យប្រជាជនហូបមិនឆ្អែត។ ប្រជាជនដែលមានបងប្អូនជាអ្នកដាំបាយនៅសហករណ៍ បានយកកន្ទក់ទៅពូនចំហុយដើម្បី​ហូបចម្អែកក្រពះ។

ក្រោយរបបខ្មែរក្រហមដួលរលំ ខេង បានត្រឡប់ពីសហករណ៍មករស់នៅផ្ទះកំណើតវិញរហូតសព្វថ្ងៃ។

បច្ចុប្បន្ន ខេង មានជំងឺក្រពះ ជំងឺលើសឈាម និងធ្លាប់មានជំងឺគ្រុនចាញ់។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin