ធ្វើម្ហូបជាមួយទឹកថ្លុកក្របី

(តាកែវ) ៖ ពុយ ភឿន ភេទស្រី មានអាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃរស់នៅក្នុងភូមិ-ឃុំដដែល។

អំឡុងពេលរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា២៧ឆ្នាំ មានស្វាមី និងមានកូនបីនាក់។ គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីកន្លែងកំណើតរបស់គាត់ឲ្យទៅនៅសហករណ៍ ដែលនៅឆ្ងាយពីផ្ទះរបស់គាត់។ គាត់ត្រូវប្រមូលកូនរបស់គាត់រត់ទៅជាមួយ ព្រោះពេលនោះអង្គការតម្រូវឲ្យចេញទៅជាគ្រួសារ។ ភឿន មានកូនស្រីម្នាក់ដើរមិនរួច ដូច្នេះស្វាមីរបស់គាត់បានដាក់កូនស្រីរបស់គាត់នៅក្នុងអម្រែក រែកទៅជាមួយនឹងអង្ករ ព្រមទាំងសម្ភារផ្សេងៗទៀត។

នៅពេលដែលជម្លៀសទៅនោះ ស្វាមីរបស់ ភឿន មានពូថៅមួយ ដែលគាត់តែងតែសៀតជាប់នៅចង្កេះ។ ពេលដែលមានសត្វសេះ ឬសត្វក្របីណាដែលងាប់ដោយសារតែស៊ីចំណីឆ្អែតជ្រុល ស្វាមីរបស់គាត់តែងតែទៅជាមួយប្រជាជនដទៃទៀត ដើម្បីពន្លះយកសាច់ទាំងអស់នោះមកឲ្យ ភឿន ធ្វើម្ហូប។ នៅជំនាន់នោះមិនសូវមានទឹកសម្រាប់ប្រើបា្រស់បានគ្រប់គ្រាន់នោះទេ សូម្បីតែទឹកសម្រាប់ធ្វើម្ហូបក៏មិនមានប្រើដែរ។ ពេលខ្លះ ភឿន បានយកទឹកថ្លុកដែលក្របីដេកនៅក្នុងនោះ មកស្លក៏មានដែរ។

ភឿន បានប្រាប់ថា ពេលខ្មែរក្រហមកាន់កាប់អំណាច គាត់ធ្វើការក្នុងរោងបាយ អង្គការបានប្រើឲ្យគាត់ពុះអុស ដាំបាយ ធ្វើម្ហូប និងបររទេសសេះដឹកកម្មករទៅធ្វើការនៅរោងចក្រផលិតកែវ។ នៅពេលនោះកើតមានការបែងចែក វណ្ណៈគ្នាសម្រាប់ការហូបអាហារដែរ។ ប្រជាជនធម្មតាហូបផ្សេង ប្រធានកងហូបផ្សេង។ គាត់បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម នៅក្នុងតំបន់គាត់រស់នៅ អង្គការបានផ្ដល់បាយសម្រាប់ឲ្យបរិភោគ។ ថ្វីត្បិតតែមានបាយសម្រាប់បរិភោគ តែប្រជាជននៅតែមិនបានហូបគ្រប់គ្រាន់ដែរ។

របបអាហារ ដែលប្រជាជនទទួលបានគឺត្រឹមតែបាយមួយដុំ ដែលប្រធានរោងបាយ បានពូតជាដុំៗ ប្រៀបដូចជានំអាកោដាក់ក្នុងចាន។ សូម្បីតែទឹកក៏ហូបមិនបានគ្រប់គ្រាន់ដែរ។ អង្គការបានចាត់ប្រជាជនចាស់ម្នាក់ ចាំដងទឹកសម្រាប់ចែកឲ្យប្រជាជនផ្សេងទៀត ព្រោះខ្លាចមានអ្នកដែលហូបច្រើនលើសពីអ្វីដែលអង្គការបានកំណត់។ ទាំងអស់នោះគឺសម្រាប់ប្រជាជនទូទៅ។ ប៉ុន្តែសម្រាប់របបអាហារដែល ភឿន ទទួលបានគឺគ្រប់គ្រាន់ ព្រោះគាត់ជាអ្នកធ្វើការនៅក្នុងរោងបាយដូច្នេះមិនសូវមានការខ្វះខាតអាហារនោះទេ។

នៅក្នុងរបបខ្មែរក្រហម ភឿន មានបងប្អូនប្រុសស្រីទាំងអស់ចំនួនប្រាំមួយនាក់ ស្លាប់អស់បីនាក់។ ប្អូនប្រុសម្នាក់បានស្លាប់ដោយសារខ្មែរក្រហមចាប់ទៅធ្វើទាហាន ហើយបានសម្លាប់ចោល។ ប្អូនម្នាក់ទៀតស្លាប់ដោយសារតែចុះឆ្លងទឹកស្ទឹង ព្រោះការឆ្លងទឹកស្ទឹងនៅពេលនោះគឺអង្គការបានចងខ្សែពីមាត់ស្ទឹងម្ខាង ទៅមាត់ស្ទឹងម្ខាងទៀតដើម្បីឆ្លង។

នៅពេលដែលប្អូនរបស់គាត់ឆ្លងស្រាប់តែខ្សែនោះបានដាច់ ទឹកក៏បានគួចយកប្អូនរបស់គាត់ទៅបាត់។ បងស្រីរបស់គាត់ម្នាក់ស្លាប់ដោយសារតែសម្រាលកូន និងមិនមានអាហារដែលមានជីវជាតិគ្រប់គ្រាន់សម្រាប់បរិភោគ។ ពេលដែលរបបខ្មែរក្រហមត្រូវបានបញ្ចប់ ភឿន បាននិយាយថាគាត់មានចិត្តសប្បាយរីករាយណាស់ ព្រោះបានត្រឡប់ទៅកាន់ស្រុកកំណើតរស់នៅជួបជុំជាមួយគ្រួសារ និងសាច់ញាតិបងប្អូនរបស់គាត់វិញ៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin