ឈឺច្រើនត្រូវខ្មែរក្រហមចោទថាទម្រុឌ

រាត ឡាត់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ រ៉ាត ឡាត់ មានអាយុ ៦៥ ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ នៅកុមារភាពដែលត្រូវការសិក្សារៀនសូត្រ គាត់បែរជាត្រូវធ្វើការងារធ្ងន់ ដោយហូបតែបបរផិលាយពីគល់ចេក ហើយពេលឈឺម្តងៗ ខ្មែរក្រហមចោទគាត់​ថា ជាមនុស្សទម្រុឌ។

ខ្មែរក្រហមបានប្រើប្រជាជនឲ្យលើកទំនប់ជីកប្រឡាយទាំងមានជំងឺ។ ដោយសារខ្លាចគេយកគាត់ទៅវាយសម្លាប់ចោល គាត់ក៏ដូចអ្នកឯទៀតពុំហ៊ានតវ៉ានោះទេ ទោះបីខ្មែរក្រហមថាគាត់មានជំងឺសតិអារម្មណ៍យ៉ាងណាក៏ដោយ។ ក្រៅពីអ្នកមូលដ្ឋានចាស់ មានអ្នកថ្មីដូចជាជនជាតិខ្មែរ ចិន យួន ឬចាម ឲ្យតែខ្មែរក្រហមថ្នាក់លើមិនពេញចិត្ត គេចាប់យកអ្នកទាំងនោះទៅក្នុងព្រៃដើម្បីវាយសម្លាប់ចោល ដែលអ្នកទាំងនោះភាគច្រើនមកពីស្រុកគគីរ។ នៅសម័យនោះគ្មានទេប្រព័ន្ធយុត្តិធម៌ អាយុជីវិតគឺសម្រេចទៅលើអារម្មណ៍របស់ថ្នាក់លើខ្មែរក្រហមប៉ុណ្ណោះ។

ប្រជាជនក្នុងតំបន់ត្រូវទៅលើកទំនប់នៅវាលព្នៅ ដែលបន្សល់ទុកជាស្ទឹងរហូតមកដល់សព្វថ្ងៃ។ នៅសម័យ​នោះ អ្នកស្រុកឬអ្នកស្រែ ចាត់ទុកថាជាវណ្ណៈល្អ រីឯអ្នកចំណូលថ្មីឬមូលធននិយមថាជាវណ្ណៈមិនល្អ។ ដោយឡែក ឡាត់ ជាខ្មែរលើមកពីប្រទេសថៃនៅជំនាន់ លន់ នល់។ ពេលអ្នកស្ម័គ្រកម្ពុជាសួរគាត់ថាមានបានប្រាប់អ្នកជំនាន់ក្រោយអំពីរឿងខ្មែរក្រហមដែរឬទេ គាត់ថាប្រាប់ហើយគ្មានអ្នកជឿគាត់នោះទេ។

ឡាត់បន្តថា៖ «សម័យនេះគេមិនជឿ បើគេឃើញទើបគេដឹង»។ បច្ចុប្បន្ន ឡាត់ រស់នៅចិញ្ចឹមជីវិត ដោយពឹងផ្អែកទៅលើការធ្វើស្រែចម្ការ៕​

សម្ភាសន៍ដោយ អ៊ុន រក្សា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin