អង្គការវាយខ្ញុំ ដោយសារពោតប្រាំផ្លែ

(ក្រចេះ) ៖ រាជ យូ ភេទប្រុស មានអាយុ៥៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

គាត់បានរៀបរាប់ពីរឿងរ៉ាវដែលគាត់បានចងចាំមិនភ្លេចគឺការបរិភោគអាហារ និងការរស់នៅ។ រាល់របស់របរដែលឪពុកម្ដាយរបស់គាត់ដាំបាននៅជុំវិញផ្ទះ គឺមិនអាចហូបបាននោះទេ ដោយសារអង្គការបានចាត់ទុកថាជារបស់សហមូហភាព។ គាត់បាននិយាយថាសូម្បីតែដំឡូងមួយមើមក៏មិនអាចហូបបានដែរ។ ប្រសិនបើប្រជាជនលួចដកដំឡូងបានត្រូវហូបទាំងឆៅ មិនអាចចម្អិនបាននោះទេ ព្រោះខ្លាចអង្គការចាប់បាន យកទៅធ្វើទារុណកម្ម ឬអាចសម្លាប់ចោល។

នៅអំឡុងដើមខែមិថុនា ឆ្នាំ១៩៧៨ យូ មានអាយុប្រាំបីឆ្នាំ និងរស់នៅតំបន់ឫស្សីចារដោយធ្វើការនៅក្នុងកងកុមារ។ អង្គការបានឲ្យគាត់ទៅកាច់ពោតនៅពេលព្រឹក ដើម្បីយកទៅដាក់នៅសហករណ៍ និងពេលថ្ងៃបន្ទាប់ពីហូបអាហារថ្ងៃត្រង់រួចរាល់ គាត់បានចេញទៅឃ្វាលគោបន្ត។ មុននឹងចេញទៅគាត់បានលួចយកពោត៥ផ្លែដែលបេះមកពីចម្ការ ដាក់លើរទេះគោ ស្រាប់តែមេកងកុមារបានឃើញ ហើយចោទ យូ ថាលួចផ្លែពោតហូប។ មេកងបានវាយគាត់ចំនួនប្រាំដំបងឫស្សី។ គាត់បានរៀបរាប់ពាក្យសម្ដីដែលមេកងបាននិយាយទៅកាន់គាត់ថា៖

«មិត្តប្អូនឯងក្បត់! ក្បត់ពីសមូហភាព»

គាត់ក៏បានបន្ថែមថា នៅក្នុងរបបខ្មែរក្រហមពិតជាឃោរឃៅដូចពាក្យដែលប្រជាជនផ្សេងបាននិយាយ។ ចំពោះគាត់ផ្ទាល់ អង្គការបានវាយគាត់ជាខ្លាំង ទាំងដែលគាត់នៅតូច គាត់បាននិយាយទាំងទឹកភ្នែកថា៖

«ពិតត្រង់ខ្លួនអ៊ំផ្ទាល់ អ៊ំនិយាយទាំងអួល! អាយុ៨ឆ្នាំ គេវ៉ៃហាស៎!»

រាជ យូ បាននិយាយបន្ទាប់ទៀតថា នៅក្នុងរបបដ៏សាហាវមួយនោះគឺមានការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កុមារជាខ្លាំង ព្រោះអង្គការបានបញ្ជាឲ្យធ្វើការលើសពីសមត្ថភាពរបស់កុមារដែលអាចទ្រាំទ្របាន។ របបអាហារមិនទទួលបានគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ អាហារបានត្រឹមតែពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។

អង្គការបានកំណត់ពេលសម្រាប់ការផ្ដល់អាហារដោយការវាយជួង នៅពេលដែលឮសម្លេងជួងគ្រប់ប្រជាជនទាំងអស់ត្រូវតម្រង់ជួរ នៅខាងមុខរោងអាហារ។ យូ មានសាច់ញាតិពីរនាក់ ដែលអង្គការបានសម្លាប់។ កងឈ្លបបានចងស្លាបសេកសាច់ញាតិរបស់គាត់នោះ រួចរុញទម្លាក់ទឹក។

មូលហេតុដែលអង្គការសម្លាប់សាច់ញាតិរបស់គាត់ ដោយសារតែពូរបស់គាត់មានតួនាទីជាទាហាននៅក្នុងរបប លន់ នល់។ អង្គការបានបំបែក យូ ចេញពីឪពុកម្ដាយ ឲ្យគាត់ទៅរស់នៅក្នុងសហករណ៍ឆ្ងាយពីឪពុកម្ដាយ។ ប្រសិនបើខ្ញុំចង់ទៅជួបសមាជិកគ្រួសារត្រូវធ្វើដំណើរទៅឆ្ងាយ ហើយត្រូវធ្វើដំណើរដោយមិនមានមធ្យោបាយអ្វីក្រៅតែពីថ្មើរជើងឡើយ។

គាត់មិនចង់ឲ្យរបបនោះកើតមានឡើងម្ដងទៀតឡើយ ព្រោះរបបនោះមានភាពសាហាវឃោរឃៅ បានសម្លាប់មនុស្សអស់ជាច្រើន។ គាត់មិនចង់ឲ្យក្មេងៗជំនាន់ក្រោយបានជួបរឿងរ៉ាវដែលកើតមាននៅក្នុងរបបនោះទៀតឡើយ៕

សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី១១  ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin