រ៉េម គង់ ៖ ត្រូវជាប់ទោស ក្រោយចោទប្រកាន់ថាធ្វើខុសសីលធម៌

រ៉េត គង់ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១០។

នៅចុងឆ្នាំ១៩៧៨ គង់ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាធ្វើខុសសីលធម៌ ហើយបានចាប់ខ្លួនបញ្ជូនយកទៅដាក់គុកនៅថ្មពួក ដើម្បីសួរចម្លើយ និងត្រៀមយកទៅសម្លាប់។ អំឡុងពេលជាប់គុក គង់​ មានឱកាសរត់គេចខ្លួន និងទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃអស់ជាច្រើនខែ។ គង់ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

រ៉េម គង់[1]​ ភេទប្រុស អាយុ៨១ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ ។  គង់ មានស្រុកកំណើតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ គង់ មានប្រពន្ធឈ្មោះ ព្រីង ជៀម អាយុ៦៩ឆ្នាំ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ គង់ មានកូនចំនួន៣នាក់​ (ប្រុស២នាក់ ស្រី១នាក់)។ គង់ មានឪពុកឈ្មោះ ជួន រ៉េម (ស្លាប់ក្នុងឆ្នាំ១៩៧៩) និងម្ដាយឈ្មោះ មោះ ជុំ (ស្លាប់ក្នុងឆ្នាំ១៩៧៩)។​  គង់ មានបងប្អូនបង្កើតចំនួន៤នាក់(ប្រុស២នាក់ ស្រី២នាក់)។ គង់ ជាកូនទី២នៅក្នុងគ្រួសារ។

កាលពីក្មេង​គង់ បានរៀនត្រឹមថ្នាក់ទី៨ សង្គមចាស់ សាលារៀនស្ថិតនៅភូមិភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ១៩៦៨ គង់​ បានឈប់រៀន ហើយបានសុំឪពុកម្ដាយទៅបួសនៅវត្តផ្គាំ បានចំនួន៤វស្សា។​ បន្ទាប់ពីបួសបានរយៈពេល២វស្សា​ ឧត្ដមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្ដម សីហនុ នៅថ្ងៃទី១៨​ ខែមីនា ឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរបានវាយចូលមករំដោះភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅក្នុងអំឡុងពេលនោះ ព្រះចៅអធិការ និងព្រះសង្ឃទាំងអស់ដែលបួសនៅក្នុងវត្តផ្គាំ ត្រូវបានខ្មែរក្រហមចាប់ឲ្យសឹក ​ដើម្បីប្រមូលកម្លាំងយកទៅធ្វើការងារនៅក្នុងកងចល័ត ដែលគ្រប់គ្រងដោយ តា        ប៉ើយ (មកពីខាងនារតី) ដែលមានស្រុកកំណើតនៅស្រុកថ្មពួក។ បន្ទាប់ពីធ្វើការងារនៅកងចល័តបានប្រហែលកន្លះឆ្នាំ គង់ ត្រូវបាន​ តា ប៉ើយ ចាប់គូឲ្យរៀបការជាមួយនារីម្នាក់ឈ្មោះ ព្រីង ជើម។ បន្ទាប់ពីរៀបការរួច គង់​ ត្រូវបាន តា ប៉ើយ បញ្ជូនឲ្យទៅលើកទំនប់ត្រពាំងថ្ម។ ចំណែកប្រពន្ធត្រូវបាន តា ប៉ើយ បញ្ជូនទៅកន្លែងចុងភៅ ដើម្បីឲ្យជួយដាំបាយនិងធ្វើម្ហូប ទុកសម្រាប់ឲ្យកងចល័តបរិភោគ។ ពេលផ្លាស់ទៅលើកទំនប់ត្រពាំងថ្មដំបូង គង់ និងប្រជាជនជាច្រើនទៀត ជួបការលំបាកជាខ្លាំងព្រោះការងារលើកទំនប់នៅត្រពាំងថ្មធ្វើមិនសូវបានសម្រាក និងគ្មានអាហារហូបចុកគ្រប់គ្រាន់។

នៅឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ គង់ ត្រូវបាន តា ប៉ើយ ផ្លាស់ចេញពីទំនប់ត្រពាំងថ្ម បញ្ជូនឲ្យទៅធ្វើការងារនៅទួលជើងគ្រោះវិញ។ ពេលមកដល់ទួលជើងគ្រោះ គង់ ត្រូវបាន តា​ ប៉ើយ ចាត់តាំងឲ្យធ្វើជាមេក្រុមចល័ត ដើម្បីដឹកនាំកូនក្រុមចំនួន១០នាក់ ចុះទៅកាប់ឈើធ្វើផ្ទះចំនួន១០០ខ្នង ដើម្បីទុកសម្រាប់ឲ្យប្រជាជនថ្មីស្នាក់នៅ។​ បន្ទាប់ពីធ្វើផ្ទះរួចរាល់ តា ប៉ើយ បានបញ្ជាឲ្យ គង់ ដឹកនាំកូនក្រុមចំនួន១០នាក់ ចល័តទៅជួយធ្វើស្រែនៅស្វាយស ដោយស្នាក់នៅស្វាយអស់រយៈពេល១ខែ។ ក្រោយមក គង់ និងកូនក្រុមចំនួន១០នាក់ ត្រូវបាន តា ប៉ើយ បញ្ជូនបន្តឲ្យទៅនៅព្រែកចង្ហារជើងគ្រោះ ដើម្បីឲ្យទៅជួយស្ទូងស្រូវ និងភ្ជួរស្រែ អស់រយៈពេល៣ខែបន្ថែមទៀត​។ គង់ បាននិយាយបន្តថា ប្រជាជនដែលខ្ជិលឬងងឹតមាន់ត្រូវបាន តា ប៉ើយ ចោទប្រកាន់ថាជាមនុស្សខូចសតិអារម្មណ៍ភាគច្រើនត្រូវបានចាប់យកទៅសម្លាប់។ ប្រជាជនដែល​យកទៅសម្លាប់ភាគច្រើនសុទ្ធតែជាប្រជាជនថ្មី ប្រជាជនជាប់ខ្សែវៀតណាម​ ជាប់ខ្សែទាហាន និងមានជំងឺងងឹតមាន់ សរុបប្រហែលជា៤៩ គ្រួសារត្រូវបាន តា ប៉ើយ បញ្ជាឲ្យកងទ័ពចាប់យកសម្លាប់នៅគោកខ្មោច ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្គាំ។

នៅចុងឆ្នាំ១៩៧៨ គង់ និងប្រជាជនចំនួន៤នាក់ទៀត មានទាំងប្រុស ទាំងស្រី​ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថា​បានធ្វើខុសសីលធម៌។ បន្ទាប់មក គង់ និងប្រជាជនចំនួន៤នាក់ ត្រូវបានបញ្ជូនយកទៅដាក់គុកនៅថ្មពួកចំនួន៣ថ្ងៃ ដើម្បីត្រៀមសួរចម្លើយ ហើយយកទៅសម្លាប់។ ដោយសារតែគុកនៅថ្មពួកមិនទាន់ជួសជុលរួច គង់​ និងអ្នកទោសចំនួន៥នាក់ទៀត ដែលជាប់ឃុំនៅក្នុងគុកថ្មពួកបានមានឱកាសរត់គេចខ្លួនចេញពីក្នុងគុកទៅសម្ងំលាក់ខ្លួនក្នុងព្រៃអស់រយៈពេលមួយថ្ងៃ ដោយគ្មានអ្វីហូបចុកសូម្បីតែបន្តិច។ បន្ទាប់ពីស្នាក់នៅក្នុងព្រៃបានរយៈពេលមួយថ្ងៃ គង់ បានរត់ចេញពីក្នុងព្រៃត្រឡប់មករកប្រពន្ធនៅក្នុងភូមិកំណើតវិញ ប៉ុន្តែត្រូវបាន តា​  រីន​ ដែលជាកងទ័ពខ្មែរក្រហមតាមបាញ់ពីក្នុងភូមិរត់ទៅសម្ងំលាក់ខ្លួនក្នុងព្រៃវិញ ដោយរស់នៅក្នុងព្រៃអស់រយៈពេល៦ទៅ៧ខែ។

នៅឆ្នាំ១៩៧៩ កងរណសិរ្យសាមគ្គីសង្រ្គោះជាតិ សហការណ៍ជាមួយកងទ័ពវៀតណាមបានវាយចូលមករំដោះភូមិផ្គាំ​ ។ បន្ទាប់ពីដឹងថានៅក្នុងភូមិមានសន្តិភាព គង់ ត្រូវបានកងទ័ពវៀតណាមបញ្ជូនចេញពីក្នុងព្រៃឲ្យត្រឡប់មកជួបជុំប្រពន្ធក្នុងភូមិវិញ ហើយបានជួយប្រពន្ធប្រកបមុខរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។

នៅឆ្នាំ១៩៨៦ គង់ បានចូលធ្វើជានគរបាលឃុំផ្គាំ។ បន្ទាប់មក គង់ ត្រូវបានបញ្ជូនទៅរៀននៅបាត់ដំបងខាងមុខជំនាញផ្នែកបច្ចេកទេស ហើយត្រឡប់មកវិញបានក្លាយជានាយរងបុស្តិ៍ឃុំផ្គាំ។ បន្ទាប់ពីធ្វើបាន២ឆ្នាំ គង់ ត្រូវ មេឃុំផ្គាំ ឈ្មោះ ឡាយ ស្រអែម ចោទប្រកាន់ថាបាន ប្លន់ តា ពិន មកពីគោកកប្បាស ដែលជាមេនិងស្គាល់ជិតស្និតជាមួយកងទ័ពខ្មែរក្រហម។ បន្ទាប់ពីមានការចោទប្រកាន់ គង់ បានរត់គេចខ្លួនចេញពីភូមិផ្គាំទៅនៅប៉ោយប៉ែតបានមួយរយៈពេល ហើយត្រូវបាន ឡាយ ស្រអែម ឡើងទៅចាប់ពីប៉ោយប៉ែតបញ្ជូនឲ្យទៅធ្វើការងារនៅកន្លែងយោធាដោយបិទសិទ្ធសេរីភាពអស់រយៈពេល២ខែបានដោះលែងទៅវិញ។​ បន្ទាប់ពីដោះលែង គង់ មិនហ៊ានចូលភូមិដោយសារតែខ្មាសអ្នកភូមិ បានសម្រេចចិត្តស្ម័គ្រចិត្តចូលធ្វើកងទ័ពស្រុកខាងរដ្ឋកម្ពុជានៅស្រុកស្វាយចេករហូតចូលនិវត្តន៍៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ឯកសារលេខ BMI0079  , បទសម្ភាសន៍ជាមួយ រ៉េត គង់ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១០ សម្ភាសន៍ដោយ ឡុង ដានី , បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin