ការធ្វើបដិវត្តន៍ក្នុងរបបខ្មែរក្រហមស្ទើរតែធ្វើឲ្យអ្នកដើរតាមម្នាក់បាត់បង់ជីវិត

បដិវត្តន៍ ជាពាក្យមួយដែលមេដឹកនាំខ្មែរក្រហមយកមកប្រើដើម្បីអូសទាញកម្លាំងប្រជាជន ពិសេសកសិករ​ក្រីក្រនៅតាមទីជនបទ ដើ​ម្បី​ឲ្យស្ម័គ្រចិត្តចូលរួមជាមួយចលនាខ្មែរក្រហម ក្នុងការផ្លាស់ប្តូរ​ប្រទេសជាតិចេញពីសង្គ្រាម ការទម្លាក់គ្រាប់បែក ប្រទេសទទួលបានឯករាជ្យ និងប្រជាជនរស់នៅស្មើភាពគ្នានៅក្នុងសង្គម។ បើយោងតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យបដិវត្តន៍ មានន័យថាគឺជាការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស​នូវ​របប​គ្រប់គ្រង​ចាស់ ដែល​មិន​ចម្រើន​ឲ្យ​បាន​ចម្រើន​លូតលាស់​ទាន់​សម័យកាល​។

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់ជនបដិវត្តន៍ម្នាក់ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបន្ទាប់ពីគាត់បានដើរតាមកាលពីអតីតកាល។ នៅគ្រានោះគាត់មានបំណងរួមចំណែករំដោះប្រ​ទេស​ជាតិពីភ្នក់​ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងលុបបំបាត់វណ្ណៈជិះជាន់នៅក្នុងសង្គម​៖

ប្រាក់ សឿន ហៅ សែ ភេទស្រី អាយុ៤៨ឆ្នាំ (ឆ្នាំ២០០៥) ទីកន្លែងកំណើត និងរស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកឈ្មោះ ប្រាក់ មុត ម្តាយឈ្មោះ រស់ អ៊ុន​។ អ្នកទំាងពីរសុទ្ធតែបានចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម។[1] សឿន ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន៤នាក់​។ បងប្រុសទី១ឈ្មោះ ប្រាក់ សាវ៉ាន់ ជាប្រធានដឹកជញ្ជូនស្រុកត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៧៧ ដោយសារការចោទប្រកាន់ថាខុសសីលធម៌ ក្រោយមកបានស្លាប់ក្នុងគុក ដោយសារជំងឺ។ បងប្រុសទី២ ឈ្មោះ ប្រាក់ សាម៉ន ជាគូ្រពេទ្យស្រុក។ បងស្រីទី៣ ឈ្មោះ ប្រាក់ សន ជាកងនារីស្រុក​។​អ្នកទាំងបីសុទ្ធតែជាជនបដិវត្តន៍ខ្មែរក្រហម​។[2] កាលពីកុមារភាព សឿន រៀនបានត្រឹមថ្នាក់អក្ខរកម្ម។ គាត់អាចអាន និងសរសេរអក្សរខ្មែរបានខ្លះ។

ឆ្នាំ១៩៧០ ក្នុងរបប លន់​ នល់ សឿន បានឃើញក្នុងភូមិមានសង្គ្រាម ការទម្លាក់គ្រាប់បែក និង កងទ័ពវៀតណាមបានចូលមករស់នៅព្រមទាំងបានបង្កអំពើអសន្តិសុខផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងចាប់រំលោភយុវនារី។ ប្រជាជនមួយចំនួនត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃឆ្ងាយពីភូមិ​។ ឆ្នាំ១៩៧១ សឿន ឃើញយួនធីវគី (វៀតណាមខាងត្បូង) សហការណ៍គា្នជាមួយទាហាន លន់ នល់ បានចាប់យុវជន និងយុវជន​ក្នុងភូមិឲ្យចូលធ្វើជាកងទ័ព។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៧២ សឿន មានអាយុប្រហែល ១២ឆ្នាំ បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមក្នុងនាមជាវណ្ណៈកសិករកណ្តាល តាមរយៈការណែនាំរបស់ឪពុកខ្លួនឈ្មោះ ប្រាក់ មុត ដែលធ្វើការនៅមន្ទីរឃោសនាការ នៃស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង​​។ ការចូលបដិវត្តន៍របស់ សឿន ធ្វើឡើងនៅកងកុមារ ឃុំស្វាយយារ ស្រុកមានជ័យថ្មី ខេត្តស្វាយរៀង​។ សឿន និយាយថានៅពេលនោះក្នុងឃុំស្វាយយារ ឃុំស្វាយជ្រំ និងឃុំផ្សេងៗទៀត នៃស្រុកមានជ័យថ្មី ខ្មែរក្រហមបានចូលគ្រប់គ្រងហើយ។ ឪពុកម្តាយរបស់គាត់ដែលជាអ្នកឃោសនាអប់រំម្នាក់នៅស្រុកមានជ័យថ្មី នៃមន្ទីរ និងភូមិភាគបូព៌ា ក៏បានដើរអូសទាញ​ក្មេងៗ យុវជន និងយុវនារីផ្សេងៗទៀត ឲ្យស្ម័គ្រចិត្តចូលរួមជាមួយចលនាកម្លាំងបដិវត្តន៍ខ្មែរក្រហមដើម្បីរួមគា្នរំដោះប្រទេសជាតិពីសង្គ្រាម ការទម្លាក់គ្រាប់បែក និងការជិះជាន់វណ្ណៈសក្តិភូមិ។ បន្ទាប់ពីចូលបដិវត្តន៍ សឿន ទទួលបានការបណ្តុះបណ្តាលអប់រំពីរបៀបដើរនិយាយឃោសនាកុមារៗឲ្យស្រឡាញ់មាគ៌ាបដិវត្តន៍។ ក្រោយមកគាត់អូសទាញបានកុមារក្នុងភូមិឃុំមួយចំនួន​ចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម។

ឆ្នាំ១៩៧៣ សឿន និងកុមារ៦នាក់ទៀត ត្រូវបានផ្លាស់ប្តូរការងារមកក្រុមសិល្បៈស្រុកមានជ័យថ្មីវិញ។ គាត់ទទួលបានការបណ្តុះបណ្តាលពីការសម្តែងល្ខោន និងសម្តែងយីកេ រយៈពេល៤ខែ ពីគ្រូជាជនជាតិខ្មែរ និងគ្រូជនជាតិចិន។ សឿន និងកុមារទាំង៦នាក់ត្រូវក្រោកពីដេកនៅម៉ោង៤ទៀបភ្លឺ ដើម្បីទៅហាត់សិល្បៈដោយហាត់ពីរបៀបពត់ដៃ ពត់ជើង និងការសម្តែងធ្វើត្រាប់តាមគ្រូ។ បន្ទាប់ពីហាត់រៀនសិល្បៈចេះចាំស្ទាត់គាត់ និងក្រុមសិល្បៈបានចេញទៅសម្តែងតាម​ ភូមិ ឃុំ ក្នុងស្រុកមានជ័យថ្មី នៅពេលមានកម្មវិធីជួបជុំ និងកម្មវិធីជប់លៀងរបស់ថ្នាក់ដឹកនាំខ្មែរក្រហមម្តងៗ។ រៀងរាល់ការសម្តែងស្ថិតក្រោមការដឹកនាំរបស់ឈ្មោះ នួល ដែលជាប្រធានសិល្បៈស្រុកមានជ័យថ្មី។ ការសម្តែងសិល្បៈរបស់ សឿន រយៈពេលប្រហែល ៣ឆ្នាំ របបខ្មែរក្រហមក៏ទទួល​បានជ័យជម្នះទាំងស្រុងលើ របប លន់ នល់។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សឿន មានអាយុប្រហែល ១៥ឆ្នាំ ខ្មែរក្រហមបានឲ្យគាត់ទៅរស់នៅខេត្តព្រៃវែង រយៈពេល ២ខែ ដើម្បីហាត់រៀនពីការងារកងទ័ព និងរៀនពីគោលនយោបាយមាគ៌ាបក្ស និងបដិវ​ត្តន៍​។ ក្រៅពីរៀនសូត្រ សឿន ក៏ត្រូវទៅជួយធ្វើស្រែប្រាំងប្រជាជននៅភាគខាងត្បូងទន្លេខេត្តព្រៃវែង គឺតំបន់ទួលសារាយអណ្តែត។ ខែកក្កដា ឆ្នាំ១៩៧៥  អង្គការបានផ្លាស់ប្តូរ សឿន ឲ្យទៅធ្វើការនៅភ្នំពេញ។ សឿន បានសួរពីការផ្លាស់ប្តូរនេះ ថ្នាក់លើបានប្រាប់គាត់ថា ជាបញ្ជាមកពីមជ្ឈិមតម្រូវឲ្យជ្រើសរើសកម្មាភិបាលខ្មែរក្រហមពីគ្រប់តំបន់ និងភូមិភាគឲ្យទៅដើម្បីបំពេញកម្លាំងដែលខ្វះខាតនៅតាមអង្គភាព និងក្រសួង នៅភ្នំពេញ។ សឿន និងកម្មាភិបាលខ្មែរក្រហម៦នាក់ផ្សេងទៀតបានធ្វើដំណើរទៅខេត្តកំពង់ចាម និងបន្តដំណើរជុំគ្នាជាមួយកម្មាភិបាលខ្មែរក្រហមរាប់រយនាក់ទៀតពីកំពង់ចម្លងទន្លេបិទឆ្ពោះមកភ្នំពេញ នៅពេលយប់​។ ពេលមកដល់ សឿន និងកម្មាភិបាលខ្មែរក្រហមទាំងអស់បានសម្រាកនៅម្តុំចាក់អង្រែមួយរយៈ មុនពេលដែលអង្គការបញ្ជូលអ្នកទាំងអស់នោះទៅតាមមន្ទីរ និងក្រសួងនានានៅភ្នំពេញ។ សឿន ត្រូវបញ្ជូនទៅធ្វើការនៅក្រសួងពាណិជ្ជកម្ម។ ពេលទៅដល់ សឿន ទទួលបន្ទុកដាំបាយ និងចម្អិនម្ហូបអាហារឲ្យកម្មាភិបាលខ្មែរក្រហមដែលមកពីភូមិ​ភាគផ្សេង​ៗមកប្រជុំនៅ​ក្រសួងពាណិជ្ជកម្ម។ អ្នកមកប្រជុំទាំងអស់ សឿន ដឹងថាសុទ្ធតែថ្នាក់ដឹកនាំតំបន់ និងភូមិភាគនៅទូ​ទំាងប្រទេស។ កិច្ចប្រជុំធ្វើឡើងនៅភ្នំពេញមានរយៈពេលពី៣ថ្ងៃ ទៅ១សប្តាហ៍។ សឿន ត្រូវមានភារកិ​ច្ច​រៀបចំអាហារ៣ពេលក្នុង១ថ្ងៃ គឺព្រឹក ថ្ងៃត្រង់ និងល្ងាច សម្រាប់គណៈប្រតិភូដែលមកចូលរួមប្រជុំ​។

ក្រៅពីការងារនេះ សឿន ក៏ទទួលបន្ទុកខាងដឹកជញ្ជូនស្បៀងអាហារ ពីគីឡូម៉ែត្រលេខ៦ទៅ តាមមន្ទីរ និងក្រសួងនានានៅភ្នំពេញ។ គាត់ត្រូវដឹកជញ្ជូន ស្រូវ អង្ករ និងកន្ទក់ ជាមួយអ្នកបើកបរម្នាក់យកទៅផ្គត់ផ្គង់តាមកន្លែងទាំងនោះជារៀងរាល់ខែ។ សឿន ត្រូវកត់ត្រាចំនួនស្បៀងអាហារដែលបានផ្គត់ផ្គង់ដើម្បីរាយការណ៍ទៅឲ្យប្រធានរបស់គាត់ជារៀងរាល់ល្ងាច។ ក្រៅពីការងារដឹកជញ្ជូនស្បៀងអាហារនេះ សឿន ក៏មានតួនាទីមួយទៀតគឺជាអ្នកបោសសម្អាតបរិស្ថានទីក្រុង បោសសម្អាតផ្លូវ និងបោសសម្អាតផ្ទះផ្សេងៗនៅម្តុំផ្សារថ្មីដែលម្ចាស់បានបោះបង់ចោល។

ឆ្នាំ១៩៧៧ អង្គការបានផ្លាស់ប្តូរការងារ សឿន និងមនុស្ស៦នាក់ជាបន្តទៀតឲ្យទៅធ្វើជាអ្នកវាយអង្គុលីលេខឬអ្នកវាយអត្ថបទនៅផ្នែកនាំចេញនាំចូលទំនិញក្រៅប្រទេស ស្ថិតក្រោយក្រសួងពាណិជ្ជកម្មដដែល​។ សឿន និងអ្នកទាំង៦នាក់ទទួលបានការបណ្តុះបណ្តាលរយៈពេល១ខែពីរបៀបប្រើប្រាស់ម៉ាស៊ីនវាយអង្គុលេខលេខ​។ តាមរយៈការរៀបរាប់របស់ សឿន មានទំនិញដូចជាអង្ករ សណ្តែក អំពៅ និងកៅស៊ូត្រូវបានរបបខ្មែរក្រហមនាំចេញទៅក្រៅប្រទេសដូចជា ទៅប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសភូមា។ គាត់ត្រូវកត់ត្រារាល់ចំនួនទំនិញទាំងអស់ដែលបាននាំចេញដោយប្រើប្រាស់ម៉ាស៊ីនវាយអង្គុលីលេខ តាមឯកសារសរសេរដោយដៃពីអ្នកធ្វើការនៅក្រសួងពាណិជ្ជកម្មនេះ។  កន្លែងការងារថ្មីរបស់ សឿន ស្ថិតនៅម្តុំផ្សារថ្មី។  ក្រៅពីកត់ត្រាតួលេខទំនិញនាំចេញ សឿន ក៏ត្រូវវាយអង្គុលីលេខឯកសារក្រដាសសរសេរដៃផងដែរ ដែលមានជាភាសាខ្មែរ និងភាសាបារាំង។ សឿន មិនចេះភាសាបារំាងទេគ្រាន់តែគាត់អាចអានស្រៈ និងព្យញ្ជនៈបាន។ នៅកន្លែងធ្វើការ សឿន ឧស្សាហ៍ឃើញ អៀង ធារិទ្ធ អ​តីត​មេ​ដឹក​នាំ​​ខ្មែរ​ក្រ​ហមចេញចូលកន្លែងធ្វើការរបស់គាត់នៅក្រសួងសង្គមកិច្ច ដែលនៅជិតកន្លែងវាយអង្គុលីលេខនៃក្រសួងពាណិជ្ជកម្ម។ គាត់ក៏ធ្លាប់ឃើញ អៀង សារី នាំគណៈប្រតិភូជនជាតិចិនមកធ្វើទស្សនកិច្ចនៅក្រសួងពាណិជ្ជកម្មម្តងផងដែរ។

នៅជិតចុង ឆ្នាំ១៩៧៨ សឿន និងកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាជាច្រើនដែលធ្វើការក្នុងក្រ​សួង និងមន្ទីរ នៅភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅការដ្ឋានធ្វើផ្លូវរថភ្លើង នៅផ្លូវជាតិលេខ៤ តំបន់ពេជ្រនិល ក្រុងព្រះសីហនុ។ ការងារនៅការដ្ឋានធ្វើផ្លូវរថភ្លើងនេះគឺជាការងារដែលគាត់ទទួលរងការលំបាកខ្លាំងជាងគេក្នុងជីវិតរស់ឆ្លងកាត់របបខ្មែរក្រហម។ គាត់ស្ថិតនៅក្នុងក្រុមដែលមានសមាជិក២០នាក់ត្រូវជួសជុលផ្លូវដែកពីតំបន់ពេជ្រនិល ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។ ការជួសជុលផ្លូវដែកនេះមានកន្លែងខ្លះត្រូវធ្វើឆ្លងកាត់ព្រៃ និងឆ្លងកាត់អូរ និងស្ទឹងជាដើម។ ចំណែកការស្នាក់នៅយប់កន្លែងណាចងអង្រឹង និងក្រាលតង់សម្រាកនៅកន្លែងនោះ។ នៅពេលយប់ សឿន បានលឺ សំឡេងខ្លា សំឡេងចចក និងសត្វសាហាវផ្សេងៗនៅស្ទើរតែពាសពេញព្រៃ។ របបអាហារគាត់ទទួលបានមិនគ្រប់គ្រាន់ទេខុសប្លែកគ្នាស្រឡះកាលពីនៅក្រសួងពាណិជ្ជកម្ម។

ចុងឆ្នាំ១៩៧៨ អង្គការបានរៀបការ សឿន ជាមួយនឹងបុរសកម្មាភិបាលខ្មែរក្រហមម្នាក់ដែលធ្វើការនៅការដ្ឋានផ្លូវរថភ្លើងជាមួយគ្នា។ សឿន យល់ព្រមរៀបការដោយសារខ្លាចអង្គការបញ្ជូលគាត់ឲ្យទៅធ្វើជាយោធាវាយប្រយុទ្ធគា្នជាមួយកងទ័ពវៀតណាម ព្រោះគាត់ឮព័ត៌មានអ្នកនៅលីវទាំងអស់នៅការដ្ឋាននេះត្រូវទៅភ្នំពេញដើម្បីជួយធ្វើសង្រ្គាម​។ សឿន បានរៀបរាប់ពីពិធីរៀបការនៅពេលនោះថាប្រធានការដ្ឋានធ្វើផ្លូវរថភ្លើងជាអ្នករៀបចំ និងធ្វើជាគណៈអធិបតី។ ពិធីរៀបការមានចំនួន២០គូ។ គណៈអធិបតីបានណែនាំឲ្យប្តីប្រពន្ធទាំងអស់ដែលអង្គុយ២ជួរទល់មុខគ្នាត្រូវ​ចេះស្រឡាញ់គ្នាអស់មួយជីវិត។ សឿន រៀបការបានប្រហែលកន្លះខែ ក៏មានកងទ័ពរំដោះប្រទេសវៀតណាមចូលមកតំបន់ដែលគាត់រស់នៅ។ ប្រធានការដ្ឋានបានជម្លៀស សឿន និងអ្នកនៅការដ្ឋានទាំងអស់ឲ្យទៅកាន់ខេត្តភាគខាងលិចប្រទេសកម្ពុជា។ គាត់បានធ្វើដំណើរដោយថ្មើរជើង និងដោយរថយន្តជាមួយកម្មា​ភិបាល​ខ្មែរក្រហមជាច្រើនឆ្លងកាត់ព្រៃ និងភ្នំ រហូតទៅដល់ខេត្តពោធិ៍សាត់។ អំឡុងពេលធ្វើដំណើរនោះ សឿន និងប្តី ​បានបែកគ្នាដោយសារតែមានភាពច្របូកច្របល់ និងមានការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងកងទ័ពរំដោះប្រទេសវៀតណាម។ ពេលទៅដល់ខេត្តពោធិ៍សាត់កម្មាភិបាលខ្មែរក្រហមទាំងអស់បានរស់នៅក្នុងព្រៃដោយគ្មានអាហារហូបគ្រប់គ្រាន់។ ជាពិសេសទៀតនោះកម្មាភិបាលខ្មែរក្រហមចាប់ផ្តើមលែងទុកចិត្ត និងសង្ស័យគ្នាដោយធ្វើការចោទប្រកាន់គ្នាឯងថាជាគិញសម្ងាត់របស់ប្រទេសវៀតណាម និងបានសម្លាប់គ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀតកម្មាភិបាលខ្មែរក្រហមដែលរត់ចូលព្រៃបានជួបការលំបាកគ្មានអាហារហូបចុកជួនកាលបេះស្លឹកឈើហូប ផឹកទឹកតាមស្ទឹង ខ្លះមានជំងឺគ្រុនចាញ់ ស្លាប់តាមផ្លូវជាបន្ដបន្ទាប់។ ឃើញដូច្នោះ សឿន ក៏បានរត់គេច និងត្រឡប់ទៅស្រុកកំណើតវិញ។

ឆ្នាំ១៩៨១ ទើប សឿន បានមកដល់ខេត្តស្វាយរៀង និងបានរៀបការម្តងទៀតជាមួយប្តី ឈ្មោះ គួង និងមានកូនចំនួន ២នាក់ ស្រី១ ប្រុស១។ ទោះបីជា សឿន បានចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហមតាំងពីនៅស្រុកភូមិរហូតបានធ្វើការក្នុងក្រសួងពាណិជ្ជកម្មនៅភ្នំពេញ ប៉ុន្តែគាត់យល់ឃើញថារបបកម្ពុជាប្រជាធិបតេយ្យជារបបមួយដែលមានអ្នកដឹកនាំបានប្រព្រឹត្តកំហុស គ្មានទស្សនវិស័យ និងផែនការច្បាស់​លាស់ទើបធ្វើឲ្យប្រជាជនស្លាប់ដោយសារការអត់ឃ្លាន ការធ្វើការងារហួសកម្លាំង និងការសម្លាប់ប្រជាជនខ្លួនឯង។ ក្នុងរបបនោះបន្ទាប់ពីចាកចេញពីស្រុកកំណើតក្នុងនាមជាជនបដិវត្តន៍ថ្នាក់ក្រោមម្នាក់ទៅរស់នៅខេត្តព្រៃវែង និងភ្នំពេញ សឿន មិនដែលទទួលបានការអនុញ្ញាតពីអង្គការដើម្បីមកលេងស្រុកកំណើតម្តងណាឡើយ។ ផ្ទុយទៅវិញ សឿន ទទួលរងទារុណកម្ម និងការលត់ដំខ្លួនចំនួនពីរដងដែលស្ទើរតែបាត់បង់ជីវិត។ លើកទី១ ឆ្នាំ១៩៧៧ ក្រសួងពាណិជ្ជកម្ម ដកយកទៅលត់ដំឲ្យធ្វើស្រែនៅជិតស្ទឹងមានជ័យ រយៈពេល១ខែ និងលើកទី២ ជិតចុងឆ្នាំ១៩៧៨ ដកពីក្រសួងពាណិជ្ជកម្មយកទៅលត់ដំនៅពេជ្រនិលឲ្យទៅធ្វើផ្លូវដែកនៅការដ្ឋានផ្លូវរថភ្លើង។ សឿន គិតថាការផ្លាស់ប្តូរនេះគឺក្នុងគោលបំណងដើម្បីសម្លាប់គាត់ដែលជាអ្នកខេត្តស្វាយរៀងព្រោះពេលនោះអង្គការកំពុងតែបោសសម្អាតកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ា។ មុនការផ្លាស់ប្តូរ សឿន មកពេជ្រនិល នៅកន្លែងវាយអង្គុលីលេខរបស់គាត់នៅក្រសួងពាណិជ្ជកម្មក៏មានការបាត់ខ្លួនមនុស្សចំនួន៦នាក់ ដែលមកពីភូមិភាគបូព៌ាជាមួយគាត់ផងដែរ៕

—x—

អត្ថបទដោយ អេង សុខម៉េង

ឯកសារយោង

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ សារិន វីរៈ, ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ, ឆ្នាំ២០០៥ (Promoting Accountability) លេខឯកសារ SVI0០២២ ដែលមាន៥១ ទំព័រ។

[2] ប្រវត្តិរូបចូលបដិវត្តន៍របស់ ប្រាក់ សឿន ហៅ សែ, លេខឯកសារ I០២៩៨៤, ទំព័រទី១១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin