កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ
(ព្រៃវែង)៖ រៀល សារឹម មានអាយុ៧២ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់សមាជិកគ្រួសារពីរនាក់ កូនម្នាក់អាយុពីរខែស្លាប់ដោយសារគ្មានទឹកដោះ និងបងថ្លៃប្រុសស្លាប់ដោយសារជាគ្រូបង្រៀនសម័យ លន់ នល់។
សារឹម ពេញមួយរបបខ្មែរក្រហមគាត់មិនត្រូវបានជម្លៀសនោះទេ។ អង្គការបានឲ្យរស់នៅភូមិវាលដែលជាភូមិកំណើត។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីធ្វើទំនប់ផងដែរ។
អង្គការបានឲ្យ សារឹម រៀបការមានគ្រួសារនៅសហករណ៍ភូមិវាល។ ការរៀបការនោះជាការស្ម័គ្រចិត្ត ប៉ុន្តែគ្មានសាច់ញាតិណាម្នាក់របស់គាត់បានចូលរួមពិធីទេ ក្រៅតែពីប្រធានសហករណ៍ដែលជាអធិបតី និងប្តីប្រពន្ធជាច្រើនគូផ្សេងទៀត។ ក្រោយរៀបការរួច សារឹម សម្រាលបានកូនមួយប៉ុន្តែកូនបានស្លាប់ដោយសារតែគ្មានការថែទាំត្រឹមត្រូវ និងគ្មានទឹកដោះ។
ក្នុងរបបខ្មែរក្រហម សារឹម ស្ទើរតែបាត់បង់ជីវិតដោយសារតែជំងឺរាគធ្ងន់ធ្ងរគ្មានថ្នាំព្យាបាល។ សារឹមឲ្យដឹងថា ដោយសារតែគ្មានកម្លាំងធ្វើការ គាត់បានស្នើសុំអង្គការដើម្បីសម្រាកប៉ុន្តែត្រូវបានបដិសេធ អង្គការបានចោទប្រកាន់គាត់ថាខ្ជិល និងចង់គេចវេសពីការងារ។ សារឹម នៅរស់រានមានជីវិតដល់សព្វថ្ងៃដោយសារបានថ្នាំពីអ្នកជិតខាងដែលធ្វើជាទាហានខ្មែរក្រហមឲ្យគាត់លេបប៉ុណ្ណោះ។
ចំណែកប្តីរបស់សារឹមត្រូវទៅរែកដីនៅសហករណ៍ព្រៃព្នៅដែលនៅឆ្ងាយពីគាត់។
គ្រួសារបងស្រីរបស់សារឹមដែលធ្វើជាគ្រូបង្រៀននៅភ្នំពេញត្រូវបានជម្លៀសមករស់នៅស្រុកកំណើត។ ពេលមកដល់គ្រួសារបងស្រីត្រូវបានខ្មែរក្រហមធ្វើប្រវត្តិរូប និងត្រូវបានរើសអើងដោយសារតែបងថ្លៃរបស់សារឹមជាគ្រូបង្រៀនក្នុងរបប លន់ នល់។ បងស្រី និងបងថ្លៃរបស់សារឹម ត្រូវបានខ្មែរក្រហម បង្ខំឲ្យធ្វើការងារធ្ងន់ និងផ្តល់របបអាហារតិចជាងប្រជាជនមូលដ្ឋាន។
បងថ្លៃត្រូវទាហានខ្មែរក្រហមនាំយកទៅសម្លាប់ដោយចោទប្រកាន់ថាជាខ្មាំង។ ចំណែកបងស្រីត្រូវបានអង្គការតាមដានបន្ត បន្ទាប់ពីឪពុកម្តាយរបស់សារឹមបានខិតខំអង្វរប្រធានសហករណ៍បានទុកជីវិត។
ក្នុងរបបខ្មែរក្រហមរឿងរ៉ាវដែល សារឹម ចងចាំមិនអាចបំភ្លេចបានគឺការដែលគាត់ត្រូវទៅជីក និងរែកដីទាំងសរសៃខ្ចី ព្រមទាំងកូនត្រូវស្លាប់ដោយសារបាក់ទឹកដោះ។ គាត់រៀបរាប់ទៀតថាការងារធ្ងន់ពីរបបខ្មែរក្រហមបានបន្សល់ទុកជំងឺក្រពះ និងជំងឺលើសសម្ពាធឈាមដល់សព្វថ្ងៃ។
ក្រោយរបបខ្មែរក្រហមដួលរលំ សារឹម និងប្តីបានត្រឡប់ពីសហករណ៍មករស់នៅស្រុកកំណើតវិញ។
សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤