កុមារបុកអង្ករនៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ របបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥-១៩៧៩ ជារបបសាហាវឃោរឃៅ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រជាជនកម្ពុជាមានភាពភ័យខ្លាច និងមិនចង់ឲ្យកើតមានម្ដងទៀតឡើយ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនកម្ពុជាទាំងអស់មិនមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងមិនមានសិទ្ធិក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួនដែរ។ ទ្រព្យសម្បត្តិទាំងអស់ត្រូវអង្គការដាក់បញ្ចូលជារបស់សហករណ៍។

រិន ប៉ុណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ មានកូនពីរនាក់ក្នុងបន្ទុក។ សព្វថ្ងៃគាត់រស់នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់បានប្រាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុជាងដប់ឆ្នាំ។ ពេលនោះគាត់នៅក្នុងកងកុមារ ធ្វើការនៅក្នុងសហករណ៍បុកអង្ករ និងដឹកទឹក សម្រាប់ធ្វើម្ហូប។ គាត់បានបន្ថែមថា អង្គការបានដាក់កំហិតសម្រាប់ប្រជាជនទាំងអស់ត្រូវតែធ្វើការ បើមិនដូច្នោះទេនឹងមិនមានអាហារ ឬទទួលទារុណកម្ម។

ប៉ុណ្ណា បានប្រាប់ថា អង្គការបានចោទប្រកាន់ប្រជាជនកម្ពុជាថា ជាប់ខ្សែស្រឡាយជាមួយជនជាតិវៀតណាម និងជាគិញសម្ងាត់របស់កាហ្សេបេ និង សេអ៊ីអា ហើយបានយកប្រជាជនទាំងអស់នោះទៅធ្វើទារុណកម្ម និងសម្លាប់ចោល។ គាត់បានឃើញអង្គការចាប់បណ្ដើរអ្នកទោសទៅសម្លាប់។

ថ្វីត្បិតតែគាត់បានឃើញអង្គការបណ្ដើរអ្នកទោសទៅមែន ប៉ុន្តែគាត់មិនបានដឹងអំពីទីតាំងដែលខ្មែរក្រហមសម្លាប់មនុស្សនោះទេ សូម្បីតែការធ្វើទារុណកម្មដោយវិធីណាខ្លះក៏មិនមាននរណាដឹងដែរ ព្រោះអង្គការមិនដែលឲ្យប្រជាជនទៅជិតតំបន់សម្លាប់នោះឡើយ។

ប្រជាជនមានភាពលំបាក ដោយសារតែត្រូវរស់នៅជុំគ្នា ហើយមានសមាជិកច្រើន។ ប៉ុណ្ណា បាននិយាយថានៅក្នុងសហករណ៍ដែលគាត់រស់នៅមានកុមារប្រហែលជាជិត ៥០នាក់។ នៅរៀងរាល់ពេលព្រលប់ មានប្រធានកងម្នាក់ ឈ្មោះ តាហ៊ុន តែងតែមើលការខុសត្រូវ ឲ្យកុមារទាំងអស់ចូលដេកនៅពេលយប់ឡើង។

ប៉ុណ្ណា បាននិយាយប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា ឪពុករបស់គាត់ ត្រូវបានអង្គការចាប់ឃុំខ្លួន ដោយសារតែនិយាយខុសនយោបាយរបស់អង្គការ ដោយគ្រាន់តែនិយាយថា៖

«ព្រលឹមឡើងខខ្នុរ ល្ងាចឡើងខខ្នុរ គ្រាន់តែប៉ុណ្ណឹងគេថាទោសក្បត់ជាតិ ល្ងាចឡើងគេចាប់គាត់យកទៅដាក់គុក» 

នៅពេលមានប្រជាជនណាម្នាក់មិនស្ដាប់តាមបញ្ជារបស់អង្គការ និងនឹងត្រូវចាប់យកទៅដាក់គុក ឬអាចឈានដល់ការសម្លាប់ ដូចពាក្យស្លោកមួយបានលើកឡើងថា «ទុកមិនចំណេញ ដកចេញមិនខាត» ។ ចំពោះការរៀបការ អង្គការជាអ្នករៀបចំឲ្យ ដោយហៅប្រជាជនប្រុសស្រីទៅឈរតម្រង់ជួរ បន្ទាប់មកបានចាប់គូឲ្យ នរណាជាគូរជាមួយនរណា។

ការរៀបការម្ដងៗគឺមានចាប់ពីប្រាំគូរឡើងទៅ។ ជាក់ស្ដែងបងរបស់ ប៉ុណ្ណា ផ្ទាល់ ត្រូវបានអង្គការចាប់ផ្សំផ្គុំឲ្យមានគ្រួសារនៅក្នុងរបបនោះ។ ករណីដែលអង្គការរៀបចំឲ្យហើយ គឺត្រូវតែយកតាមអ្វីដែលអង្គការរៀបចំ យើងមិនអាចជ្រើសទៅតាមការស្រឡាញ់របស់យើងនោះទេ។ នៅពេលបច្ចុប្បន្ននេះ គាត់មានជំងឺលើសជាតិស្ករ និងជំងឺបន្ទាប់បន្សំផ្សេងៗទៀត៕

សម្ភាសន៍ដោយ យ៉ុង ផល្លីន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin