លះបង់ឪពុកម្ដាយទៅរស់នៅក្នុងកង

កុមារនៅក្នុងរបបខ្មែរក្រហម ត្រូវលះបង់គ្រួសារចេញទៅរស់នៅ និងធ្វើការងារក្នុងកង ដូចជា កងចល័ត ឬកងកុមារជាដើម ដើម្បីបម្រើអង្គការ។ កុមារទាំងអស់ត្រូវបានបង្រៀនឲ្យគោរពស្រឡាញ់អង្គការខ្មែរក្រហមខ្លាំងជាងឪពុកម្ដាយរបស់ខ្លួន។ យោងតាមឯកសារលេខ TKI0009 បទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តតាកែវ ដែលជួបសម្ភាសន៍ដោយ គឹម កែវកន្និដ្ឋា ជាមួយជា រុំ[1] មានទីកន្លែងកំណើតនៅភូមិក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ រុំ ឈ្មោះ ជា ងឹម និងម្ដាយឈ្មោះ គីម។ រុំ មានបងប្អូនទាំងអស់ប្រាំបួននាក់ ក្នុងនោះមានស្រីប្រាំពីរនាក់ គាត់ជាកូនពៅ។
រុំ ចូលបដិវត្តន៍នៅឆ្នាំ១៩៧៤ នៅភូមិក្រាំងបន្ទាយ តាមរយៈឈ្មោះ ខាវ ជាប្រធានភូមិក្រាំងបន្ទាយ។ មូលហេតុដែល រុំ ចូលបម្រើបដិវត្តន៍គឺដោយសារតែមានការឈឺចាប់ចំពោះចក្រពត្តិសក្ដិភូមិនាយទុន ដែលតែងតែជិះជាន់សិទ្ធិរបស់ប្រជាជន។ យុទ្ធជន-យុទ្ធនារី ដែលចូលបម្រើបដិវត្តន៍ទាំងអស់គឺសុទ្ធតែមានបំណងចង់កម្ចាត់របបសក្ដិភូមិនាយទុនចេញពីប្រទេស ដើម្បីលុបបំបាត់ការជិះជាន់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមកាន់កាប់អំណាចបានទូទាំងប្រទេស រុំ មានអាយុ១៥ឆ្នាំ ត្រូវបានមេកងកុមារឈ្មោះ សុង និង ញឿន នាំទៅធ្វើការងារនៅក្នុងកងកុមារ ឲ្យ រែកដីដំបូកនៅអង្គនារាយណ៍។ ក្នុងកងកុមារដែលគាត់ធ្វើការងារ គឺមានកុមារសរុបចំនួន១០០នាក់ និងមានប្រធានកងចំនួនបីនាក់។ ប្រធានកងទាំងបីនាក់នោះមានតួនាទីដឹកនាំកុមារទៅរែកដីដំបូកយកទៅចាក់នៅក្នុងវាលស្រែ ដើម្បីឲ្យដីស្រែមានជីវជាតិ។ ចំពោះម៉ោងធ្វើការងារ គឺចាប់ផ្ដើមធ្វើពីម៉ោង៧ព្រឹក សម្រាកហូបអាហារពេលថ្ងៃត្រង់ហើយបន្តធ្វើការងារទៀតរហូតដល់ម៉ោង៦ល្ងាចទើបឈប់សម្រាក។ ប្រជាជនគ្រប់រូបក្នុងរបបខ្មែរក្រហម ត្រូវបានចាត់តាំងឲ្យធ្វើការងារទាំងអស់។ កុមារត្រូវបានប្រើឲ្យធ្វើការងារស្រាលៗ។ ចំណែកមនុស្សចាស់ៗ ត្រូវទទួលតួនាទីមើលថែទាំកុមារតូចៗ និងសត្វពាហនៈ ព្រមទាំងត្បាញកញ្ច្រែងល្អី។ មនុស្សដែលមានអាយុចាប់ពី១៤ឡើងទៅ (កុមារវ័យជំទង់) ត្រូវទទួលការងារធ្ងន់ៗ និងលំបាក។ កុមារជំទង់ៗទាំងនេះ ត្រូវបញ្ជាឲ្យជីកប្រឡាយ ឬអាងស្តុកទឹក លើកទំនប់ កាប់ឈើធ្វើផ្ទះ រានដីដើម្បីធ្វើស្រែចម្ការ ក៏ដូចជាស្ទូង និងច្រូតកាត់ស្រូវ។[2]
នៅក្នុងរបបខ្មែរក្រហម ក្រៅពីធ្វើការងារ កុមារនៅក្នុងកងក៏ទទួលបានការរៀនអក្សរខ្លះដែរ ប៉ុន្តែរៀនមិនបានច្រើនឡើយ។ រុំ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួចនឹងមានគ្រូម្នាក់ដែលតែងតែដឹកនាំកុមាររៀនអក្សរចំនួនពីរ ទៅបីតួ។ តាមការលើកឡើងរបស់ រុំ ចំពោះគ្រូបង្រៀនមិនមានវិជ្ជាជីវៈ ឬសញ្ញាប័ត្រជាគ្រូបង្រៀនឡើយ ភាគច្រើនគឺជាប្រជាជនធម្មតាដែលអាចអានអក្សរបានមួយចំនួន ហើយអង្គការក៏ចាត់តាំងឲ្យអ្នកទាំងនោះទៅបង្រៀនកុមារ។ នៅអំឡុងពេលនោះ មិនមានថ្នាក់រៀនអ្វីត្រឹមត្រូវនោះទេ សិស្សទាំងអស់ត្រូវរៀននៅក្រោមដើមឈើ ព្រោះតែសាលារៀនស្ទើរតែទាំងអស់ត្រូវវាយកម្ទេច និងខ្លះទៀតត្រូវយកទៅធ្វើជាឃ្លាំងសម្រាប់ផ្ទុកសម្ភារ។ កុមារទាំងអស់មានសិទ្ធិទទួលបានការសិក្សា ប៉ុន្តែនៅក្នុងរបបខ្មែរក្រហមកុមារទាំងនោះ បែរជាត្រូវបោះបង់ការសិក្សាស្ទើរតែទាំងស្រុងចេញទៅធ្វើការងារឲ្យអង្គការ។ យោងតាមសៀវភៅ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) សរសេរថា “ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនមានសាលារៀនជាផ្លូវការទេ។ កុមារត្រូវបានបញ្ជូនឲ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះប្រជាជន។ គ្រូភាគច្រើន គឺជាកសិករក្រដែលអាចអាន និងសរសេរបានតែបន្តិចបន្តួចប៉ុណ្ណោះ។ ទោះបីជាការអប់រំនៅតាមតំបន់មួយចំនួន មានការរីកចម្រើនក្នុងឆ្នាំ១៩៧៨ (កុមារទទួលបានការសិក្សាថ្នាក់បឋម ពីពីរ ទៅបីម៉ោងក្នុងមួយថ្ងៃ) ក៏ដោយ នៅតែមិនទាន់មានសាលារៀនដែលមានដំណើរការពេញលេញសម្រាប់សិក្សាដែរ។ ខ្មែរក្រហមនិយាយថា “អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ” ហើយថា “ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍””។[3]
នៅពេលដែល រុំ បែកចេញពីឪពុកម្ដាយ ទៅធ្វើការងារនៅក្នុងកងកុមារ គាត់មិនសូវត្រលប់ទៅលេង និងសួរសុខទុក្ខសមាជិកគ្រួសាររបស់គាត់ឡើយ។ នៅក្នុងមួយខែ រុំ អាចទៅជួបជាមួយនឹងគ្រួសាររបស់គាត់ចំនួនពីរដង នៅពេលដែលមានប្រជុំធំៗ។ រុំ បាននិយាយថា ចំពោះរបបអាហាររបស់ដែលកុមារទទួលបាននៅក្នុងរបបខ្មែរក្រហម គឺពីរពេលក្នុងមួយថ្ងៃ ពេលថ្ងៃត្រង់ និងពេលល្ងាច។ ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅក្នុងរបបខ្មែរក្រហម គឺមិនមានការព្យាបាលត្រឹមតាមវេជ្ជសាស្រ្តរបស់គ្រូពេទ្យឡើយ សូម្បីតែថ្នាំពេទ្យសម្រាប់ព្យាបាលប្រជាជនគឺប្រើប្រាស់ថ្នាំបុរាណដែលផលិតនៅក្នុងស្រុក។
នៅចុងឆ្នាំ១៩៧៨ រុំ ត្រូវបានអង្គការចាត់តាំងឲ្យទៅរៀនពេទ្យនៅទីក្រុងភ្នំពេញ។ នៅពេលដែលគាត់រៀនជំនាញជាគ្រូពេទ្យ គាត់ជ្រើសជំនាញចាក់ថ្នាំ។ ជំនាញជាគ្រូពេទ្យ រុំ មិនទាន់បានអនុវត្ត នៅឡើយទេ រៀនរយៈពេលពីរខែ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ៕[4]
អត្ថបទដោយ នេន ស្រីមុំ
[1] ឯកសារលេខ TKI0009 , ជា រុំ (ជាប្រធានកងកុមារ), បទសម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯការកម្ពុជា, ២០២០), ទំព័រ៤៧។
[3] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯការកម្ពុជា, ២០២០), ទំព័រ៤៤។
[4] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រ៤១។