ខ្មែរក្រហមបានបំបាត់វត្ត និងផ្សឹកព្រះសង្ឃ

រស់ យ៉ែម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្វាយរៀង) ៖ រស់ យ៉ែម ៧៦ឆ្នាំ រស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៦៩ យ៉ែម រស់នៅភូមិសំរោងជើង បានរៀបការ និងមានកូនប្រុសស្រីចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ គាត់ជាអ្នកការពារព្រំដែនវៀតណាម ការពារទឹកដីរហូតដល់ខែមេសា ឆ្នាំ១៩៧៥។

នៅក្នុងរបបខ្មែរក្រហមយ៉ែមបានត្រឡប់មកភូមិកំណើតវិញ។ យ៉ែម បានឃើញខ្មែរក្រហមហាមមិនឲ្យចាយលុយ ដោយផ្សារត្រូវបានលុបបំបាត់ វាយកម្ទេចវត្តអារាម ព្រះពុទ្ធបដិមាករ ផ្សឹកព្រះសង្ឃ និងបានប្រើព្រះសង្ឃឲ្យធ្វើស្រែចម្ការដូចប្រជាជនដទៃទៀត។

ប្រជាជនទាំងអស់តំរូវឲ្យរស់នៅរួមគ្នាក្នុងសហករណ៍ ទៅតាមកងនានាដូចជា កងកុមារ កងនារី កងយុវជន និងកងមនុស្សចាស់។ ចំណែកការងារក៏បានបែងចែកដែរ បុរសត្រូវកាប់ដី លើកភ្លឺស្រែ និងជីកប្រឡាយ។ នារីត្រូវលាយជីពីលាមកសត្វ និងលាមកមនុស្សដើម្បីយកទៅដាក់ស្រែ។ កុមារត្រូវមើលគោក្របី និងប្រមូលផ្លែឈើទុកក្នុងសហករណ៍។

យ៉ែម ក៏ដូចប្រជាជនទូទៅដែរ គឺទទួលបានអាហារមិនគ្រប់គ្រាន់។ យ៉ែមទទួលបានបបរពីរកូនចានសម្រាប់របបពីរពេលក្នុងមួយថ្ងៃ។ យ៉ែម បន្តប្រាប់ថា គាត់ធ្វើការធ្ងន់ក្នុងកងចល័ត ដោយត្រូវជីកទំនប់ និងលើកប្រឡាយគ្មានពេលសម្រាក។ ពេលឈឺមិនបានឈប់សម្រាក និងទទួលការព្យាបាលត្រឹមត្រូវ ហើយអ្នកជំងឺដែលឈឺយូរៗប្រឈមនឹងការយកទៅសម្លាប់ចោល។

យ៉ែម បានឃើញការរៀបការដោយបង្ខំ ដែលធ្វើឡើងនៅសហករណ៍គាត់រស់នៅ។ ការរៀបការតាមការរៀបចំរបស់ប្រធានសហករណ៍គ្មានអ្នកណាហ៊ានប្រកែកចំពោះការរៀបចំនោះទេ។ ការរៀបការម្តងៗមានចាប់ពី២០រហូតដល់៣០គូ។ ការរៀបការមានតែសម្លៀកបំពាក់ពណ៌ខ្មៅ និងគ្មានសាច់ញាតិទាំងសងខាងចូលរួមទេ។ ប្តីប្រពន្ធដែលរៀបការរួចត្រូវរស់នៅ និងធ្វើការបែកពីគ្នា។ យ៉ែម ថ្លែងថា ក្នុងរបបខ្មែរក្រហមប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព។ ប្រសិនបើក្នុងគ្រួសារមានសមាជិកណាម្នាក់ធ្វើខុស នឹងត្រូវបានយកទៅសម្លាប់ចោល ដោយសមាជិកផ្សេងគ្មានសិទ្ធិសួររកខុសត្រូវ ឬតវ៉ាអ្វីនោះទេ ប្រសិនបើហ៊ានតវ៉ា នោះនឹងត្រូវយកទៅសម្លាប់ចោលទាំងគ្រួសារ។
នៅចុងឆ្នាំ១៩៧៨ អង្គការបានជម្លៀស យ៉ែម និងគ្រួសារឲ្យទៅរស់នៅឯខេត្តព្រៃវែង និងគ្រោងជម្លៀសទៅខេត្តពោធិ៍សាត់។ ពេលនោះស្ថានការណ៍រស់នៅខេត្តព្រៃវែងមានការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពរណសិរ្សរំដោះជាតិប្រជាជនខ្មែរព្រមទាំងមានការទម្លាក់គ្រប់បែកពីវៀតណាមមកលើទាហានខ្មែរក្រហម។ ពេលធ្វើដំណើរដល់កំពង់ចម្លងអ្នកលឿងបម្រុងឆ្លងទៅត្រើយម្ខាង យ៉ែម និងប្រជាជនជម្លៀសផ្សេងទៀតបានតវ៉ាមិនព្រមឆ្លង ដោយសារទទួលព័ត៌មានថាខ្មែរក្រហមគ្រោងសម្លាប់ដោយការដកឆ្នុកកប៉ាល់ឲ្យលិច។ ពេលនោះ ស្ថានការណ៍ជ្រួលច្របល់ ក្រុមគ្រួសាររបស់ យ៉ែម បានបែកគ្នាអស់នៅសល់តែ យ៉ែម និងម្តាយបាននាំគ្នារត់គេចមកជំរុំភ្នំឈើកាច់ ខេត្តព្រៃវែង ជាបណ្តុះអាសន្ន រហូតដល់របបខ្មែរក្រហមដួលរលំទើបគាត់បានវិលត្រឡប់មករស់នៅស្រុកកំណើតជួបជុំគ្រួសារវិញរហូតដល់ពេលបច្ចុប្បន្ននេះ។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin