រួស បុប្ផា៖ អង្គការពិន័យឲ្យអត់អាហារ និងឈរហាលថ្ងៃ

រួស បុប្ផា អាយុ៥៥ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានបញ្ជូន បុប្ផា ឲ្យចូលទៅក្នុងកងកុមារ ធ្វើការងារនៅជិតវត្តអង្គធ្លក, វត្តឈើទាល និងនៅព្រៃលើ។ នៅក្នុងកងកុមារ ក្មេងៗមិនត្រូវបានអនុញ្ញាតឲ្យទៅលេងម្ដាយ-ឪពុកនោះទេ ហើយប្រសិនបើអង្គការចាប់បានថាកុមារណាលួចទៅលេងផ្ទះ កុមារនោះត្រូវទទួលពិន័យ។

ជាក់ស្ដែង បុប្ផា គឺជាក្មេងស្រីម្នាក់ដែលអង្គការដាក់ពិន័យដោយបង្អត់អាហារ និងឲ្យឈរហាលថ្ងៃ នៅពេលដែលគាត់លួចទៅផ្ទះ។ ក្រៅពីនេះ បុប្ផា ធ្លាប់ឃើញអង្គការចាប់ក្មេងម្នាក់ដែលជាកូនកាត់ចិន-យួន ទៅកប់ត្រឹមករហូតដល់ស្លាប់ ដោយគ្រាន់តែគាត់ត្រលប់ទៅផ្ទះ ឬលួចអាហារហូប។ មួយវិញទៀត បុប្ផា ធ្លាប់ឃើញម្ដាយរបស់ សាន ដែលជាកុមាររួមកងជាមួយគាត់ ត្រូវបានអង្គការដាក់ពិន័យឲ្យត្រាំក្នុងទឹករយៈពេល១ថ្ងៃ១យប់។ បុប្ផា បានបន្តថា កុមារទាំងអស់នៅក្នុងកង ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ។ ហេតុនេះ ក្មេងៗជាច្រើននាក់ រួមទាំងគាត់ ត្រូវលួចផ្លែត្រប់, ល្ពៅ ឬក៏បន្លែផ្សេងៗទៀត ដែលខ្លួនបានជួបហូបបន្ថែមទៀត បើទោះបីជាដឹងថាអង្គការដាក់ទោសធ្ងន់ធ្ងរនៅពេលចាប់បានក៏ដោយ។​

មួយវិញទៀត ដោយសារតែការអត់ឃ្លាន ទើបធ្វើឲ្យ បុប្ផា បាត់បង់ជីតា២នាក់ និងជីដូនម្នាក់។ លោកតាខាងឪពុករបស់បុប្ផា ត្រូវបានអង្គការជម្លៀសទៅទល់ដែនវៀតណាម ដើម្បីធ្វើការងារ ប៉ុន្តែដោយសារគាត់ហូបមិនបានគ្រប់គ្រាន់ គ្មានកម្លាំង ទើបធ្វើឲ្យគាត់លង់ទឹកស្លាប់ ហើយសាកសពក៏រកមិនឃើញ។ ចំពោះជីដូន-ជីតាខាងម្ដាយរបស់គាត់ គឺស្លាប់ដោយសារអត់ឃ្លានខ្លាំងពេក។ នៅថ្ងៃដែលលោកយាយរបស់បុប្ផាស្លាប់ គាត់បានយកក្រមែលទៅយកបបរនៅរោងបាយដូចរាល់ដង ប៉ុន្តែនៅពេលដែលគាត់ឃ្លានខ្លាំងពេក ហើយណាមួយបបរសុទ្ធតែទឹក ទើបយាយសម្រេចចិត្តសុំអង្គការបន្ថែម។ អង្គការបានបដិសេធមិនឲ្យរបបអាហារបន្ថែមទៀតទៅយាយរបស់បុប្ផានោះទេ ប៉ុន្តែដោយសារលោកយាយចង់ហូបបបរគោកបន្តិច ទើបគាត់យកចំណែកបបរដែលគាត់ទទួលបានទៅដាំឲ្យគោកបន្តិច។ អំឡុងពេលចាំបបរពុះគោកបន្តិច លោកយាយរបស់បុប្ផា បានដាក់ខ្លួនសម្រាន្ត និងស្លាប់បាត់បង់ជីវិតក្នុងពេលនោះតែម្ដង។ បន្ទាប់ពីយាយស្លាប់ អង្គការមិនបានឲ្យបងប្អូនគាត់ទៅធ្វើបុណ្យ ឬក៏ទៅក្បែរសពនោះទេ។​ កងឈ្លបយកកន្ទេលស្លឹកត្នោតទៅរុំសាកសព រួចសែងយកទៅកប់នៅស្រែក្បែរមាត់ស្ទឹង ខាងជើងផ្ទះតាសុទ្ធ ជាមួយសាកសពផ្សេងទៀត។ ក្នុងពេលសែងសាកសពចេញ ម្ដាយរបស់បុប្ផា បានលួចទៅតាមកងឈ្លប ដើម្បីឲ្យដឹងពីទីកន្លែងកប់សព។

ម្ដាយរបស់បុប្ផា មិនអាចជួយអ្វីឪពុកម្ដាយរបស់គាត់នោះទេ ព្រោះអង្គការចាត់តាំងឲ្យគាត់ធ្វើការងារ ស្ទូង, ច្រូត និងរែកដី នៅភូមិខ្វាវ  និងក្បែរៗភូមិផ្សេងទៀត រហូតដល់ពេលយប់ទើបបានត្រលប់មកផ្ទះវិញ។ ចំណែក ឪពុករបស់បុប្ផា ត្រូវបានអង្គការចាប់ចង ហាលភ្លៀង ហាលក្ដៅ ដោយសារតែគាត់មានជំងឺសរសៃប្រសាទ។ ឪពុករបស់បុប្ផា ត្រូវជាប់ចំណងរហូតដល់ថ្ងៃដែលកងទ័ពរណសិរ្សរំដោះជាតិវាយចូលក្នុងភូមិប្រសៀត។

មុនពេលកងទ័ពរណសិរ្សចូលមកដល់ក្នុងភូមិ ប្រជាជនទាំងអស់រួមទាំងគ្រួសារបុប្ផា បាននាំគ្នាចូលទៅយកសម្ភារនៅក្នុងរោងបាយ រួចភៀសខ្លួនចូលទៅពួនក្នុងលេណដ្ឋានក្នុងព្រៃ។ មិនយូរប៉ុន្មាន ដោយសារតែមានសង្គ្រាមទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ប្រជាជនទាំងអស់បាននាំគ្នារត់ចេញបន្តទៀត។ គ្រួសាររបស់បុប្ផា រត់ទៅដល់វត្តអង្គរង្សី ហៅវត្តអាចម៍កុក ទើបកងទ័ពរំដោះតាមទាន់ និងឲ្យត្រលប់មកផ្ទះវិញ។ នៅពេលដែលរួចផុតពីការគ្រប់គ្រងរបស់ខ្មែរក្រហម គ្រួសាររបស់បុប្ផា បានទៅគាស់យកសពជីដូន-ជីតា យកមកធ្វើបុណ្យតាមប្រពៃណី។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី១១ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី០៦ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin