សាំង ថាញ់៖ កងកុមារដាច់ខាតរបស់ខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សាំង ថាញ់[1]​ ​ភេទ​ប្រុស ​អាយុ​៧​២​ឆ្នាំ ​មាន​ទី​កន្លែង​កំណើត​នៅ​ក្នុង​ភូមិ​រវៀ ​ឃុំ​​ពេជ្រ​ចង្វារ​ ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់​ឆ្នាំង។ បច្ចុប្បន្ន​រស់នៅ​ក្នុង​​ស្រុក​​អន្លង់វែង ​ខេត្ដ​ឧត្ដរមានជ័យ។

សាំង ថាញ់ បាន​និយាយថា៖ «កាល​ពី​កុមារ​ភាព​ ​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​​១០​កាល​ពី​ជំនាន់​​សង្គម​រាស្ដ្រ​និយម។​​ បន្ទាប់​មក​ ខ្ញុំ​ក៏​បាន​​ឈប់​រៀន​ដោយ​សារ​​​ព្រឹត្ដិការណ៍​​រដ្ឋ​​ប្រហារ​​នៅ​ថ្ងៃ​ទី១៨​ ខែ​មីនា ​ឆ្នាំ​១៩៧០។​ ​ក្រោយ​មក​ ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ជ្រើស​រើស​កុមារ​ដាច់​​ខាត​នៅ​ក្នុង​ភូមិ។​ កុមារ​ចំនួន​​២០​នាក់​​បាន​ទៅ​រស់​នៅ​ក្នុង​​កង​កុមារ​ដាច់​ខាត​​ ដែល​​ជា​ប្រចាំ​ថ្ងៃ​​យើង​ត្រូវ​ធ្វើ​ការងារ​កាប់​គាស់​ដី​។ ​ព្រឹក​ឡើង​ យើង​ត្រូវ​​ក្រោក​ទៅ​ធ្វើ​ការ​ងារ​​នៅ​កន្លែង​កាប់​ដីដែ​ល​មាន​ចម្ងាយ​​ប្រមាណ​​៥០០​ម៉ែត្រ​​ពី​ទី​កន្លែង​​ស្នាក់​នៅ​របស់​យើង​។​​ នៅ​ពេល​មួយ ​យើង​ឃើញ​គីង្គក់​​នៅ​ក្នុង​ដី។ ​​យើង​ក៏​បាន​​ជីក​យក​ទៅ​ខ្ចប់​នឹង​​ស្លឹក​​ខ្លុង ដើម្បី​​អាំង​ហូប។ យើងក៏​​​ពុល​​គ្រប់ៗ​គ្នា។​​

រហូត​ដល់​ឆ្នាំ​​១៩៧៥  ​ខ្មែរ​​ក្រហម​ចាប់​​ផ្ដើម​​ជ្រើស​​រើស​​នីរសារ​តាម​ឃុំ​នីមួយៗ​ ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ដ​ចូល​​ធ្វើ​ការ​ងារ​​នេះ​តាំង​ពី​ពេល​នោះ​មក​។​ ខ្ញុំ​បាន​​រស់នៅ​ជា​មួយ​​នារី ​សយ​ ដែល​ជា​ប្រធាន​។​​ ការ​ងារ​របស់​យើង​​នៅពេល​នោះ ​គឺ​រត់​សំបុត្រ​​​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ​ដោយ​យើង​មិន​​ទាន់​មាន​​ប្រព័ន្ធ​​ទំនាក់​ទំនង​គ្នា​បាន​។ ​យើង​មិន​មាន​ទូរស័ព្ទ ​ឬ​តេអូ​ទេ។ ​ខ្មែរក្រហម​បាន​​ឲ្យ​កាំភ្លើង​មួយ​​ដើម​ប្រភេទ​កាហ្គេប៊ីន​ដល់​ខ្ញុំ​ដើម្បី​ដាក់​តាម​​ខ្លួន​។​​ ខ្ញុំ​រត់​សំបុត្រ​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ ​ហើយ​ជួន​កាល​រត់​សំបុត្រ ​(របាយការណ៍)​ពី​ឃុំ​​ទៅ​ស្រុក​ដែរ។​ ​នៅ​ជំនាន់​ខ្មែរក្រហម​​ ខ្ញុំ​បាន​ឃើ​ញ​​ការ​កាប់​សម្លាប់​​ នៅក្នុង​​ភូមិ​ខ្លួនឯង​​តែ​ម្ដង។​ ប្រធាន​ភូមិរបស់ខ្មែរក្រហម ​ក៏​អាចមានអំណាច​​​សម្លាប់​មនុស្ស​​បាន​ដែរ។​​ បន្ទាប់​មក​ មេភូមិ​​​រាយការណ៍​ទៅ​​​ថ្នាក់​ឃុំ​​អំពី​​ការ​កម្ចាត់​ពួក​មូល​ធន​​និយម​​ ខ្សែ​​សេអ៊ីអា ​ឬ​អ្នក​ដែល​ប្រឆាំង​​នឹង​បដិវត្ដន៍​​ខ្មែរក្រហម​។​​

នៅ​ឆ្នាំ​​១៩៧៧ ​ខ្ញុំ​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​​ការ​កាប់​សម្លាប់​​មនុស្សចំនួន​​៤​ទៅ​៥នាក់​។​​ ​ភាគ​ច្រើន​​ជន​រង​គ្រោះ​ គឺ​ជា​ប្រជាជន​​១៧​មេសា។ ​​ខ្ញុំ​ធ្លាប់​​ជិះ​កង់​ឌុប​មេឃុំ​ទៅ​ប្រជុំ​​​។ ​នៅ​ពេល​នោះ​ផ្លូវ​​ដីខ្សាច់​ធ្វើ​ឲ្យ​មាន​សភាព​លំបាកខ្លាំង​​ណាស់​ ដែលលើកលែង​តែ​​ផ្លូវ​ជាតិ​លេខ​៥តែប៉ុណ្ណោះ។​​ មេឃុំ​​ស្រឡាញ់​ខ្ញុំ​ណាស់​ នៅ​ពេល​ទៅ​ណា​ម្ដងៗ​ គាត់​មិន​ចង់​បែក​​ពី​ខ្ញុំ​ទេ។ ​​នៅ​ពេល​សម្រាក​នៅ​ភូមិ​ណា​មួយ​ ខ្ញុំ​ត្រូវ​​សម្រាក​ជាមួយ​​គាត់។​ លើក​លែង​តែម្តងនោះ ​ស្មៀន​ម្នាក់ធ្លាប់​ទាត់​ខ្ញុំ​​មួយ​ជើង​ នៅ​ពេល​​ប្រើ​ខ្ញុំ​​រត់​សំបុត្រ​​ទៅ​ភូមិ​ពេជ្រ​ចង្វារ​ប្រហែល​ម៉ោង​​១០​ទាំង​យប់។ ​នៅ​ពេល​នោះ ​ខ្ញុំ​សុំ​​ទៅ​គ្នា​ពីរ​នាក់​ ដោយ​សារ​​ខ្លាច​សត្វ​​ចចក​​ ប៉ុន្ដែ​គាត់​​មិន​ព្រម។​​  គាត់​បាន​ទាត់​ខ្ញុំ​មួយ​ជើង​ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​​ស្រក់​ទឹក​ភ្នែក។​

​ខ្ញុំ​បាន​ឃើញ​​រូបភាព​​នៃ​ការ​​យក​របាយការណ៍​ទៅ​កាន់​ឃុំ​​ និង​ការ​ចាប់​មនុស្ស​​បញ្ជូន​ទៅ​ឃុំ​។​  មន្ទីរ​ឃុំ​ឃាំង​របស់​​ឃុំ​គឺ​ស្ថិត​នៅ​ក្នុង​វត្ដ​ខាង​កើត​​ផ្សារ​លើ​។ ​ខ្ញុំ​ធ្លាប់​​ឃើញ​ សយ​ ដែល​ជា​ប្រធាន​ឃុំ​មុន ​ត្រូវ​បាន​​ខ្មែរក្រហម​ចាប់​យក​ទៅ​​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នោះ ​នៅ​ពេល​យើង​​អម​​គាត់​យក​ទៅ​។ ​នៅ​ទី​​នោះ ​ខ្មែរក្រហម​​បាន​វាយ​​ខ្នោះ​គាត់​តែ​ម្ដង។​​ បន្ទាប់​ពី​អ​ម​ដំណើរ​ទៅ​ដល់ទីនោះ​​ យើង​ក៏​​ត្រឡប់​មក​វិញ​​ ដោយ​ធាក់​​កង់​​យ៉ាង​លឿន។​​ ក្រោយ​មក​ នៅ​ក្នុង​ឃុំ​​ក៏​ចាប់​ផ្ដើម​បង្កើត​សហករណ៍​​​ឲ្យ​ប្រជាជន​រស់នៅ ​និង​ហូប​រួម។​ ចំណែក​នៅ​ក្នុង​មន្ទីរ​​របស់​ខ្ញុំ​​មាន​មនុស្ស​២០​ទៅ​៣០​នាក់​​រស់​នៅ​រួម។ ​កង​កម្លាំង​របស់​យើង​​មិ​ន​​ជួប​ការ​លំបាក​​ក្នុង​ការ​ហូប​ចុក​ទេ។ ​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ មាន​បាយ​ សាច់​ និង​ត្រី។​ ​តែ​ទោះ​យ៉ាង​ណា​ក៏ដោយ​ ក៏យើង​មាន​ភាព​​ប្រសើរ​ឡើង​ជាង​​អ្នក​ភូមិ​ទូទៅ​ដែរ។​

ក្រោយ​មក​ ខ្ញុំ​បាន​ផ្លាស់​ពី​នីរសារ​ឃុំ​​ នៅ​ពេល​ប៉ះ​ទង្គិច​​ជាមួយ​កង​ទ័ព​វៀតណាម​​ចំនួន​​២​លើក។ ​ខ្ញុំ​ចាំ​បាន​ថា នៅ​ពេល​នោះ​ស្ថិត​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ ដោយ​សារ​​កង​ទ័ព​​ខ្មែរក្រហម​បាន​​ចែក​​តង់​កៅ​ស៊ូ​ដល់​យើង។ ​ចំណែក​​ឯ​​ឡាន​​កង​ទ័ព​​ក៏​ប្រឡាក់​សុទ្ធ​តែ​ភក់​ទៀត។​​ កង​ទ័ព​ខ្មែរក្រហម​​បាន​បញ្ជូន​ខ្ញុំ​ទៅ​ស្វាយរៀង ​បន្ទាប់​ពី​​បញ្ជូន​ទៅ​រៀន​សូត្រ​​ដែល​មាន​គ្នា​ប្រហែល​​៥០០​នាក់​។​​​ ​យើង​បាន​ទៅ​រៀន​ពី​រ​បៀប​វាយ​ប្រយុទ្ធ​ និង​ទស្សនា​កុ​ន​​ដែល​ចាក់​បញ្ចាំង​​ពីស​ង្គ្រាម​​រវាង​ប្រទេស​​ចិន​ និង​អ៊ុង​ម៉ុង ​នៅ​ស្ដាត​អូរ​ឡាំ​​ពិក។​​ ​យើងបាន​​ទស្សនា​រឿង​កុន​ដែល​បង្ហាញ​អំពី​​ការ​តស៊ូ​​របស់​ជន​ជាតិ​ចិន​ និង​ជប៉ុន​​ នៅ​ក្នុង​សង្គ្រាម​លោក​​លើក​ទី២។​ យើង​បាន​​មើល​ឃើញ​ពី​​ការ​តស៊ូ​​ឆ្លង​ទន្លេ​ខ្សាច់​​ និ​ង​មិន​មាន​​អាហារ​ហូប​ចុក​​ទេ។​​ កង​ទ័ព​ចិន​​បាន​យក​ខ្សែ​ក្រវ៉ាត់​​របស់​ខ្លួន​​ទៅ​ស្ងោរ​ហូប​ធ្វើ​ជា​​អាហារ​​ទៀត​ផង។​​ ​​​​ខ្លឹមសារ​​សំខាន់របស់​កុននោះ​ ​គឺ​ការ​តស៊ូ​តែ​ម្ដង។​ ​

ខ្ញុំ​បាន​ទៅ​រៀន​នៅ​​ភ្នំពេញ​រយៈពេល​​១​អាទិត្យ​ ហើយអំឡុង​ពេល​នោះ​ ខ្ញុំ​បាន​​ទស្សនា​កុន​​ចំនួន​​២​ដង។​​ ​យើង​បាន​​ទៅ​រៀន​នៅ​ស្វាយ​រៀង​ ហើយ​នៅ​ទីនោះ​មិន​សូវ​មាន​​អុសសម្រាប់​​ដុត​ភ្លើងទេ។​ យើង​បាន​នាំ​គ្នា​​ដក​​បង្គោល​របង​ដើម្បី​​បង្កាត់​​ភ្លើង​ដាំ​​បាយ​ហូប។​​​ នៅ​ពេល​នោះ​ ខ្ញុំ​​ស្ថិត​នៅ​ក្នុង​កង​​ពល​ធំ​២៨០​ ដឹក​នាំ​ដោយ​ឈ្មោះ​ តាក។​ ខ្ញុំ​បាន​​ធ្វើ​ជា​​នីរសារ​របស់​គាត់។​ ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​នៅ​ក្នុង​កង​វរសេនា​តូច​លេខ​​៣ ​ដឹក​នាំ​ដោយ​​តាស៊ុន។​ ក្រោយ​មក​ ខ្មែរក្រហម​​បាន​រំលា​យ​កង​ពល​​២៨០​ចោល​ ដោយ​សារ​​ជាប់​ពាក់​ព័ន្ធ​​នឹង​ខ្សែ​រយៈ​​ក្បត់​​របស់​ សោ ភឹម​។​​ ​ កង​ពល​ ២៨០​ គឺ​សម្រាប់​​ភូមិ​ភាគ​បូព៌ា​​តែ​ម្ដង។​ ​នៅ​ពេល​នោះ​ឋានៈ​ត្រឹម​កង​ពល​ត្រូវ​បាន​ចាប់​ខ្លួន​​ទៅ​រៀន​ ហើយ​ក៏​បាត់​ខ្លួន​ពី​ពេល​នោះ​មក។​​ មាន​ពាក្យ​ចចាមអារាមខ្លួន​​និយាយ​ថា ​ការ​ចាប់​ខ្លួន​នៅ​ពេល​នោះ ​គឺ​ដើម្បី​យក​ទៅ​ធ្វើ​​ព្រលាន​​យន្ដហោះ​កំពង់​ឆ្នាំង​។​ ក្រោយ​មក​ យើង​ឃើញ​ថា​ កង​កម្លាំង​ដែល​នៅ​សេស​សល់​​ភាគ​ច្រើន ​គឺ​ភូមិ​ភាគ​និរតី​ បស្ចឹម​ និង​ភូមិ​ភាគ​​កណ្ដាល​។​

ក្រោយ​មក​ ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់​នៅ​ជាមួយ​ ជុំ ​ជាតិ។​ ខ្ញុំ​ គឺ​ជា​នីរសារ​របស់​គាត់។​ ក្រោយ​មក​ គាត់​បាន​​ឲ្យ​ខ្ញុំ​​ទៅ​រៀន​ពេទ្យ​​ ប៉ុន្ដែ​ខ្ញុំ​បាន​បដិសេធ។​ ខ្ញុំ​មាន​ការ​​សោក​ស្ដាយ​ដែរ។​ ប្រសិន​បើ​​ខ្ញុំ​ទៅ​រៀន​ពេទ្យ​ ម្ល៉ោះ​រាង​កាយ​របស់​ខ្ញុំ​​ក៏​នៅ​ស្អាត​ដែរ។​ ខ្ញុំ​មិន​រៀន​ពេទ្យ ​ដោយ​សារ​ខ្ញុំ​ខ្ពើម​ខ្ទុះ​ណាស់។​ បន្ទាប់​មក​ ខ្ញុំ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តេអូ​ធំ​វិញ​ម្ដង។​​ ខ្ញុំ​ឈរ​ជើង​នៅ​​ទន្លេ​បាទី​ ក្នុង​ខេត្ដ​តាកែវ។​​  យើង​បាន​ធ្វើ​ដំ​ណើរ​​ឆ្លង​កាត់​ទន្លេ​បាទី​​​ចុះ​ឡើងៗ​រយៈពេល​ប្រមាណ​៣-៤​ខែ។​ ​បន្ទាប់​មក​ ខ្ញុំ​ត្រូវ​បាន​​ផ្លាស់​​មុខ​សញ្ញា​មក​ឈរ​ជើង​នៅ​​ផ្លូវជាតិ​​លេខ​​៧​វិញ​ ដើម្បី​ប្រយុទ្ធ​តទល់​នៅ​ស្រុក​មេមត់។​​  ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​បក​ប្រែ​​សារ​​ ដោយ​យើង​បាន​រៀន​​ពី​​លេខ​ប្រែ​ទៅ​​ជា​​អក្សរ​។​​ ខ្ញុំ​ធ្លាប់​រៀន​អក្ស​រ​នៅ​លើ​​​ដី​ ហើយ​​ពេល​ខ្លះ ​ខ្ញុំ​បក​ប្រែសារ​ដាក់​នៅ​លើ​ស្លឹ​ក​​ខាន់​ម៉ា ​(ស្លឹក​ដែល​ប្រើ​ប្រាស់​សម្រាប់​ប្រក់​​ផ្ទះ)។​ ​នៅ​ពេល​ដែល​​យើង​ចេះ​​បក​ប្រែ​ហើយ​ យើង​បាន​​ប​ក​ប្រែ​ដាក់​​លើ​​ក្រដាស​​រ៉ាម។​

​នៅ​ចុង​ឆ្នាំ​១៩៧៨​ ជុំ​ ជាតិ​ បាន​ឲ្យ​​ខ្ញុំ​ឡើង​កាន់​​កង​ទ័ព ​ដោយ​ធ្វើ​ជា​​ប្រធាន​​កង​ធំ​​ ដោយ​នៅ​ពេល​នោះ​ ​យើង​បានរៀមយុទ្ធ​សាស្រ្ដ​វា​យឈ្លប។​​ កង​ធំ​របស់​ខ្ញុំ​នៅ​ពេល​នោះ​​មាន​កម្លាំង​ប្រមាណ​​ជិត​៥០​​នាក់​ប៉ុណ្ណោះ។ ​យើង​ចាប់​ផ្ដើម​បញ្ជូន​ទៅ​​ចម្រាញ់​​ពួក​ក្បត់​​នៅ​​ស្រុក​មេមត់​​ បន្ទាប់​មក​ទៅ​​ស្រុក​ក្រែក​។​ ប្រធាន​កង​ធំ​​មួយ​ចំនួន​ថែម​ទាំង​​​លេប​ថ្នាំ​ស​ម្លាប់​ខ្លួន​ទៀត​ផង ​ដោយ​សារ​​ភិត​ភ័យ​ពេក​។​​ ការ​ចម្រាញ់​នៅ​ពេល​នោះ ​គឺ​យក​ទៅ​​វាយ​​ចោល​​តែ​ម្ដង។​​ នៅ​ពេល​នោះ ​យើង​ចាប់​បាន​​កម្លាំង​ក្បត់​​ដែល​និយម​ហៅ​ថា​​ ​ចោរ​ព្រៃ ​ភាគ​ច្រើន​ជា​នារីៗ​​​ចេញ​ពី​​ភូមិ​ភាគ​​បូព៌ា។​ កង​នារី​ទាំង​នោះ​បា​ន​សារភាព​មក​កាន់​យើង​នៅ​ពេល​សួរ​ចម្លើយ​ ថា​​មេ​រ​​បស់​ខ្លួន​គឺ​គាំទ្រ​ដោយ​វៀតណាម​។​​ បញ្ហានៅតាម​ព្រំ​ដែន​វៀតណាម​​មាន​​ស្ថានការណ៍​តឹង​តែង​ និង​ធ្វើ​ឲ្យ​ក​ង​ទ័ព​​ស្លាប់​​ជា​ច្រើន​នាក់​នៅ​ពេល​ប៉ះ​ទង្គិច​គ្នា​​រវាង​កង​ទ័ព​​ប្រទេស​ទាំង​​ពីរ។​​ កង​ទ័ព​របស់​យើង​បាន​ស្លាប់​ច្រើន​ណាស់ ​ហើយ​យើង​​ចេញ​បញ្ជា​ឲ្យ​​វាយ​ដណ្ដើម​​ខ្មោច​កងទ័ព​ចេញ​ពី​សមរភូមិ​ ដើម្បី​យក​មក​ដុត។ ​កង​បើក​ឡាន​​របស់​យើង​​ចាំ​ដឹក​សាក​សព​ចេញ​ពី​សមរភូមិ​។​​​  ក្រោយ​មក​ កង​កម្លាំង​​របស់​យើង​ក៏​ចាប់​ផ្ដើម​បាក់​ស្មារតី​​ ដោយសារ​កម្លាំង​បាន​ថម​ថយ​ចុះ​​ និង​​គ្រាប់​ផ្លោង​​ទាំង​ពីរ​មុខ ​និង​ពី​ក្រោយ​ផង។​ កម្លាំង​ទ័ព​របស់​យើង​​ចាប់​ធ្វើ​សង្គ្រាម​​ឈ្លប​ដោយ​ក្នុង​មួយ​ក្រុម​មាន​គ្នា​ចន្លោះ​៤​ទៅ​៥​នាក់​។​​ ​

ក្រោយ​មក​ កង​ទ័​ព​វៀតណាម​​បាន​​ចូល​មក​ដល់​ស្រុក​តំបែរ។​ កង​ឈ្លប​របស់​យើង​​បាន​​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច​​។​ បន្ទាប់​មក​ទៀត ​យើង​រក​តែ​ផ្លូវ​រត់​គេច​ខ្លួន​​មិន​ចង់​រួច​ ដោយ​សារ​កង​ទ័ព​វៀតណាម​​បាន​​ដាក់​កម្លាំង​នៅ​ខាង​ក្រោយ​យើង។​ យើង​បាន​បន្ដ​ដំណើរ​ឆ្លង​កាត់​ទៅ​កំពង់​រាំង​​ យើង​បាន​កាប់​ដើម​​ចេក​ ឫស្សី​ដើម្បី​ហែល​ឆ្លង​ទឹក​កំពង់​រាំង។​​ ក្រោយ​មក​ យើង​បាន​ឆ្លង​​ទន្លេ​ឆ្លូវ​រយៈពេល​មួយយប់​​​ ដោយ​មាន​កប៉ាល់​ជួយ​ចម្លង។

​ព្រឹក​ឡើង​​កម្លាំង​វៀតណាម​បាន​​ដល់​ម្ខាង​​ទន្លេ​ម្នាក់។​​​ កម្លាំង​​របស់​ខ្ញុំ​​បាន​​ដើរ​តាម​​ច្រាំង​​ទន្លេ​មុខ​​ផ្សារ​​ស្ទឹង​​ត្រង់​​ម​ក​ទល់​នឹង​​ស្រុក​ព្រែក​​ប្រសប់។​​ កម្លាំង​របស់​យើង​បា​ន​​នៅ​ជា​ខ្សែៗ​រហូត​ដល់​ភ្នំ​ហាន់​ជ័យ ​និង​ពង្រាយ​នៅ​តាម​មាត់​​ទន្លេ។ ​​នៅពេល​​នោះ​យើង​បាន​វាយ​​គ្នា​កណ្ដាល​ទឹក​​ ដោយ​ប្រើ​ប្រាស់​កាំភ្លើង​ធំ​​ប្រភេទ​៨២​និង៧៥​ បាញ់​ផ្លោង​​ដាក់​គ្នា​​រយៈពេល​​ជាង​១ខែ។​ នៅពេ​ល​នោះ​ ភូមិភាគ​កណ្ដាល​បាន​បាក់​មុន​គេ​នៅ​អំឡុង​ពេល​ទប់​ទល់​នៅ​ផ្សារ​​កំពង់​ចាម​។​ ពេល​នោះ ​កង​រថ​ក្រោះ​រ​បស់​​កង​ទ័ព​វៀតណាម​​បាន​​បើក​យុទ្ធនា​ទ្រង់​ទ្រាយ​ធំ​​មក​កាន់​យើង ​ដែល​ធ្វើ​ឲ្យ​យើង​ផ្លាស់​ប្ដូរ​ផែនការ​ទ័ព​រត់​ចូល​ព្រៃ​ប​ន្ដ​ទៀត។​​

បន្ទាប់​មក​ ខ្ញុំ​បាន​​ទៅ​ដល់​ស្ពឺ ​ហើយ​នៅ​ទី​នោះ ​យើង​ទទួល​បាន​​ព័ត៌មាន​ថា ​កម្លាំង​របស់​យើង​បាន​​ចាញ់​កង​ទ័ព​វៀតណាម​ហើយ​​។ ​មេទ័ព​ដាច់​ខាត​មួយ​​ចំនួ​ន​​បាន​​យក​កាំភ្លើង​​បាញ់​សម្លាប់​ខ្លួន​ឯង​។ ​កង​កម្លាំង​របស់​ខ្ញុំ​ប្រហែល​​៥​០​នាក់​​​នៅ​សេស​សល់​ត្រឹម​តែ​​ចំនួន​​១៧នាក់ បន្ទាប់​ពី​​​​កង​ទ័ព​វៀតណាម​​បាញ់​ប្រហារ​​​មួយ​យប់។ ​អ្នក​ខ្លះ​បាន​​ស្លាប់​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​ចេញ​​សារភាព។​​ ខ្ញុំ​បាន​បក​ទៅ​តស៊ូ​នៅ​ស្ទឹង​ត្រង់​វិញ​​ ​កាំភ្លើង​ដែល​កងទ័ព​សារ​ភាព​បានបោះបង់​ចោល។​

​ក្រោយ​មក​ទៀត​ យើង​បាន​​បន្ដ​រៀប​ចំ​កម្លាំង​​ព្រំដែន​ភាគ​ខាង​ជើង។ ​នៅ​តាម​ផ្លូវ​ ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ច្រើន​ណាស់​ ជា​ពិសេស​នារី​ដេក​នៅ​លើ​អ​ង្រឹង​។ ​ខ្លះ​ស្លាប់​ហើម​នៅ​លើ​អង្រឹង។​ នៅ​ពេល​នោះ​យើង​ត្រូវ​ឯករាជ្យ​ម្ចាស់​ការ​លើ​ខ្លួនឯង។​ ​មិត្ដនារី​ខ្លះបាន​សុំ​អង្វរ​ឲ្យ​យើង​​ជួយ​យក​ខ្លួន​ទៅ​ជា​មួយ​ផង។​ ខ្ញុំ​គិត​ថា​​៖ «ឲ្យ​យក​ទៅ​យ៉ាង​ដូចម្ដេច​ បើ​យើង​ជួយ​ខ្លួន​ឯង​មិន​បាន​ផង​»។​​ កងទ័ព​វៀតណាម​បាន​តាម​ប្រកិត​ពី​ក្រោយ​ខ្នង​ ហើយ​អ្នក​ណា​ដែល​មិន​​អាច​​ទៅ​មុខ​ទៀត​បាន​ កងទ័ព​វៀតណាម​នឹង​​បាញ់​បន្ថែម។​

កង​កម្លាំង​របស់​ខ្ញុំ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​អង្គភាព​៩១២​ ក្រោម​ការ​គ្រប់​គ្រង​​របស់​ ហឿន។​

នៅ​ឆ្នាំ​​១៩៨៥​ ខ្ញុំ​បាន​ពិការ​ជើង​ម្ខាង។​ ​ចាប់​ពី​ពេល​នោះ​មក​ ​ខ្មែរក្រហម​បាន​ឲ្យ​ខ្ញុំ​រស់នៅ​ក្នុង​មន្ទីរ​ ដឹក​នាំ​ដោយ ​សេង។​ លុះ​ដល់​ឆ្នាំ​​១៩៨៦​ ​ខ្ញុំ​បាន​រៀបការ។​ នៅ​ពេល​បញ្ចប់​សង្គ្រាម​នៅ​តំបន់​អន្លង់វែង​នៅ​ឆ្នាំ​​១៩៩៨  ​ខ្ញុំ​ឃើញ​ថា​តំ​បន់​អន្លង់វែង​មាន​ការ​លូតលាស់​​ខុស​ពី​មុន​ឆ្ងាយ​​ណាស់​​។ ​បច្ចុប្បន្ន ​យើ​ង​អាច​ទៅ​ណា​មក​ណា​បាន​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​​ពី​សុវត្ថិភាព​​ដូច​មុន​ឡើយ»៕

អត្ថបទដោយ សួត វិចិត្រ


[1] សួត វិចិត្រ សម្ភាសន៍ជាមួយ សាំង ថាញ់ ភេទប្រុស អាយុ៧២​ឆ្នាំ នៅក្នុងស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin