ឈឺឧបាយកល

(កំពង់ស្ពឺ)៖ សំ ទី មានអាយុ៦១ឆ្នាំ រស់នៅភូមិច្រនាងថ្មី ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី កំព្រាម្ដាយតាំងពីគាត់មានអាយុ៥ឆ្នាំ ហើយគាត់រស់នៅជាមួយឪពុក និងបងប្អូនចំនួន៤នាក់ទៀត។ ឪពុករបស់ ទី មានឈ្មោះ ប៉ែន មានមុខរបរជាកសិករ។ ទី សម្រេចចិត្តមិនរៀបការ និងរស់នៅជាមួយនឹងប្អូនស្រីរបស់គាត់។
នៅក្នុងរបបខ្មែរក្រហម ទី ត្រូវរស់នៅកងដាច់ដោយឡែកពីបងប្អូនរបស់គាត់។ គិតត្រឹមឆ្នាំ១៩៧៥ ទី មានអាយុប្រមាណជា១២ឆ្នាំ ហើយពេលនោះគាត់ធ្វើការងារនៅក្នុងកងកុមារ។ ការងារដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើមានដូចជា ស្ទូងស្រូវ, រែកអាចម៍គោ, រែកដីដំបូក និងកាប់ទន្រ្ទានខេត្ត។ ចំពោះរបបអាហារដែលគាត់ទទួលបាននៅអំឡុងរបបខ្មែរក្រហម គឺមិនដែលបានហូបឆ្អែតឡើយ។ នៅក្នុងរបបនោះ អាហារដែលផ្ដល់ឲ្យប្រជាជនគឺមានតែបបររាវ និងមានសម្លព្រលឹត សម្លត្រកួន ភាគច្រើនមានតែបន្លែមិនសូវមានសាច់ឡើយ។ ទី បាននិយាយថានៅពេលនោះព្រលឹត គឺអង្គការឲ្យស្លទាំងសំបក នៅពេលដែលហូបទៅ គឺគ្មានរសជាតិឡើយ។
ទី បានបញ្ជាក់ថា៖ “នៅក្នុងរបបខ្មែរក្រហម ខ្ញុំទ្រាំទៅធ្វើការងារទាំងឈឺ មិនហ៊ានឈប់សម្រាកទេ ព្រោះខ្លាចគេ[អង្គការ] ចោទប្រកាន់ថាឈឺឧបាយកល លួចខ្ជិលមិនទៅធ្វើការងារ ខ្ញុំខ្លាចគេ[អង្គការ]សម្លាប់ខ្ញុំ”។ ដោយសារតែភាពលំបាកវេទនា ទី ស្ទើរតែលោតទឹកសម្លាប់ខ្លួន ប៉ុន្តែដោយនឹកអាណិតដល់ ឪពុក និងបងប្អូន គាត់ស៊ូទ្រាំរស់នៅបន្តជម្នះភាពលំបាកទាំងអស់នោះ ដើម្បីបានជួបជាមួយនឹងគ្រួសារ។
ទី បានចែករំលែកទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាបន្ថែមថា គាត់ធ្លាប់បានឃើញកងឈ្លបវាយសម្លាប់មនុស្សដោយផ្ទាល់នឹងភ្នែករបស់គាត់។ នៅពេលមួយ ទី ដើរសំដៅទៅស្ទឹងដើម្បីដងទឹកសម្រាប់ទុកប្រើប្រាស់ ពីចម្ងាយ គាត់ឃើញកងឈ្លបកំពុងតែវាយប្រជាជនម្នាក់ទម្លាក់ចូលទៅក្នុងទឹកស្ទឹងនោះ។ បន្ទាប់ពីឃើញបែបនោះ ទី មានភាពតក់ស្លុតជាខ្លាំង ហើយក៏ត្រលប់ទៅកន្លែងស្នាក់នៅរបស់គាត់វិញ។
ទី មិនធ្លាប់គិតទេថា គាត់អាចនឹងមានជីវិតរស់ចេញពីរបបដ៏សាហាវឃោរឃៅមួយនេះ។ ខ្មែរក្រហម តែងតែនាំខ្លួនប្រជាជនដែលស្នាក់នៅសហករណ៍ជាមួយគាត់ចេញទៅស្ទើរតែរាល់ថ្ងៃ។ ប្រជាជនទាំងនោះមិនដែលឃើញវិលត្រលប់ទៅសហករណ៍វិញឡើយ។ ប្រជាជនដែលចេញទៅទាំងប៉ុន្មាន គឺបាត់ដំណឹងតាំងពីពេលនោះមករហូតដល់ពេលបច្ចុប្បន្ន។ ទី តែងតែគិតថាថ្ងៃណាមួយគាត់អាចត្រូវអង្គការនាំខ្លួនទៅ ដូចជាប្រជាជនដែលបាត់ខ្លួនទៅទាំងអស់នោះដែរ។
រហូតដល់ចុងឆ្នាំ១៩៧៨ កងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលមក ទាំងយោធារបស់ខ្មែរក្រហម និងប្រជាជនមួយចំនួនត្រូវរត់ចូលក្នុងព្រៃ ដើម្បីគេចខ្លួន។ រហូតដល់ពេលដែលរបបខ្មែរក្រហមដួលរលំ ទី បានជួបជាមួយនឹងឪពុក និងបងប្អូនរបស់គាត់វិញ៕
សម្ភាសន៍ដោយ៖ ស្រេង ដាណេ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥