សំ សាបូរ៖ ក្លាយជាកូនចិញ្ចឹមមេភូមិក្នុងតំបន់ពាយ័ព្យ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅឆ្នាំ១៩៧៨ បន្ទាប់ពីមានព្រឹត្តការណ៍ សោ ភឹម ប្រធានភូមិភាគបូព៌ា ត្រូវចោទប្រកាន់ថាក្បត់អង្គការមជ្ឈិមបក្ស គ្រួសារខ្ញុំក៏ត្រូវអង្គការខ្មែរក្រហមជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ហើយត្រូវធ្វើដំណើរចេញពីភូមិបឹងវែង ឃុំដំរីពួន ឆ្ពោះមកឃុំអង្គរទ្រេត រួចឡើងជិះកាណូតមកកាន់ច្បារអំពៅ ក្រុងភ្នំពេញ ដើម្បីបន្តដំណើរតាមផ្លូវរថភ្លើងបន្ត។ គ្រួសារខ្ញុំត្រូវអង្គការចាត់តាំងឱ្យចុះនៅតំបន់ស្វាយដូនកែវ ខេត្តពោធិ៍សាត់។ ពេលចុះពីលើរថភ្លើង អង្គការបានបែងចែកសមាជិកគ្រួសារខ្ញុំតាមផ្នែកផ្សេងៗគ្នា។ បងប្រុស បងស្រីខ្ញុំដែលមិនទាន់មានគ្រួសារត្រូវចូលក្នុងកងចល័តស្រួច និងបងស្រីខ្ញុំពីរនាក់ដែលមានគ្រួសារហើយ ត្រូវទៅធ្វើការក្នុងសហករណ៍។ ចំណែកខ្ញុំត្រូវចូលក្នុងកងកុមារ ដែលត្រូវបែកពីម្តាយរបស់ខ្ញុំ។ ជាសំណាងល្អសម្រាប់ខ្ញុំ ពេលធ្វើការក្នុងកងកុមារចល័ត មានមេភូមិដែលគ្មានកូនបានយកខ្ញុំធ្វើជាកូនចិញ្ចឹម។ ចាប់ពីពេលនោះមក ខ្ញុំមានអាហារហូបគ្រប់គ្រាន់ ថែមទាំងអាចលួចបាយ ម្ហូបយកទៅឱ្យ មិត្តភក្តិ និងពូរបស់ខ្ញុំដែលធ្លាប់រស់នៅក្នុងភូមិបឹងវែង។

ខ្ញុំឈ្មោះ សំ សាបូរ[1] អាយុ៥៥ឆ្នាំ(នៅក្នុងឆ្នាំ២០២០) មានមុខងារជាមន្រ្តីបម្រើការងារផ្នែកហិរញ្ញវត្ថុនៃមជ្ឈមណ្ឌលគុរកោសល្យភូមិភាគខេត្តព្រៃវែង។ ខ្ញុំកើតនៅភូមិវាល(បច្ចុប្បន្នភូមិទី៧) ឃុំកំពង់លាវ ស្រុកព្រៃវែង ខេត្តព្រៃវែង។  បច្ចុប្បន្នខ្ញុំរស់នៅភូមិទី២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន៨នាក់ ក្នុងនោះមានស្រី៤នាក់។ ខ្ញុំជាកូនពៅក្នុងគ្រួសារ។ ក្នុងរបបខ្មែរក្រហម ឪពុករបស់ខ្ញុំ និងបងខ្ញុំចំនួន៥នាក់ ត្រូវខ្មែរក្រហមយកទៅសម្លាប់។

រំឭកកាលពីកុមារភាព ខ្ញុំចូលរៀននៅសាលាបឋមសិក្សាព្រៃវែងក្រុង។ ក្នុងឆ្នាំ១៩៧០ ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ សង្គមចាស់ ក៏ឈប់រៀន ប៉ុន្ដែកាលនោះសាលារៀនខ្ញុំនៅមានគ្រូបង្រៀនធម្មតា។ ក្រោយពីមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីដំណែងក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ ប្រទេសកម្ពុជាក៏ផ្លាស់ប្តូរទៅជារបបថ្មីឈ្មោះរបបសាធារណរដ្ឋខ្មែរ។ ចាប់តាំងពីពេលនោះមក កងទ័ពខ្មែររំដោះ ឬ ខ្មែរក្រហមក៏លេចមុខលេចមាត់ឡើងនៅតាមមូលដ្ឋាន ស្របជា

មួយកងទ័ពវៀតកុង[2] ក៏ចូលមកតាមភូមិឃុំមួយចំនួនក្នុងខេត្តព្រៃវែង។ បន្ទាប់ពីនោះក្រុងព្រៃវែងមានសភាពតូចជាងមុន ព្រមទាំងមានការហ៊ុំព័ទ្ធទៅដោយកម្លាំងកងទ័ពខ្មែរក្រហម និងវៀតកុង នៅជុំវិញ     ខេត្ត។ ហើយនៅតាមព្រំប្រទល់នីមួយៗក៏មានការយាមល្បាតដោយកងស្វ័យត្រាយ មិនតែប៉ុណ្ណោះតែងតែការប្រយុទ្ធប្រទាយប្រទង់គ្នារវាងទាហានលន់ នល់ និងខ្មែរក្រហមជាប់ជានិច្ច។

ចាប់តាំងពីពេលនោះមក ប្រជាជនមិនអាចធ្វើដំណើរចេញចូលដោយសេរីបានទៀតបានឡើយ។ រីឯមធ្យោបាយធ្វើដំណើរគឺមានតែមួយគត់គឺយន្តហោះ។ ប្រជាជនដែលមានដីស្រែនៅជិតៗទីរួមខេត្តអាចទៅធ្វើស្រែបានដូចធម្មតា តែក៏ប្រឈមជាមួយការផ្លោងគ្រាប់បែកចូលបណ្ដាលឱ្យមានប្រជាជនស្លាប់។ ប៉ុន្ដែប្រជាជនមានតែអង្ករបរិភោគ ចំពោះគ្រឿងទេស និង​ថ្នាំសង្កូវសម្រាប់ព្យាបាលគឺគ្មានឡើយ។ ជាហេតុធ្វើឱ្យមានការលំបាកក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ហេតុនេះស្ថានភាពនៅពេលនោះ គឺត្រូវពឹងពាក់លើយន្តហោះដឹកជញ្ជូនស្បៀង។ ក្នុងរយៈពេលមួយខែម្ដង យន្តហោះដឹកជញ្ជូនស្បៀង តែងតែហោះមកទម្លាក់សម្ភារតាមឆ័ត្រយោង ប៉ុន្ដែក្រោយមកទៀត មានការរារាំងពីកងទ័ពខ្មែរក្រហម។

នៅចុងឆ្នាំ១៩៧០ ឪពុកម្តាយខ្ញុំឃើញថាស្ថានភាពរស់នៅក្នុងខេត្តកាន់តែចលាចល និងហាក់គ្មានសុវត្ថិភាពចំពោះកូនស្រីៗ គាត់ក៏សម្រេចចិត្តនាំកូនចៅរត់ទៅរស់នៅជាមួយកូនប្រុសច្បងរបស់គាត់នៅភូមិបឹងវែង ឃុំដំរីពួន ស្វាយអន្ធរ ខេត្តព្រៃវែង។ បងប្រុសខ្ញុំគាត់គឺជាអ្នកស៊ើបការណ៍យកព័ត៌មានពីកងកម្លាំងខ្មែរក្រហមទៅរាយការណ៍ឱ្យទាហាន លន់ នល់ និង យកពីទាហានលន់ នល់ ទៅរាយការណ៍ឱ្យកងទ័ពខ្មែរក្រហមនៅមូលដ្ឋាន។  គ្រួសារខ្ញុំរស់នៅក្នុងភូមិបឹងវែង រហូតខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ បងប្រុសច្បងខ្ញុំ រួមទាំងប្រពន្ធកូន ត្រូវអង្គការចាប់យកទៅសម្លាប់នៅទីតាំងភូមិទឹកថ្លា ស្រុកស្វាយអន្ធរ។ គ្រួសារខ្ញុំត្រូវស្ថិតក្នុងបញ្ជីតាមដានពីឈ្លប ភូមិ។ ដល់ឆ្នាំ១៩៧៧ អង្គការក៏ចាប់យកឪពុកខ្ញុំយកទៅសូត្រមួយទៀត ដោយសម្អាងថាគាត់ជាអ្នកមាន ចំណេះដឹង ធ្លាប់ធ្វើជាចៅអធិការវត្តពោធិ៍រៀងជំនាន់មុន។

 

ឆ្នាំ១៩៧៨ គ្រួសារខ្ញុំទាំងអស់ត្រូវបានអង្គការជម្លៀសឱ្យចាកចេញពីភូមិបឹងវែង ឃុំដំរីពួន ស្រុកស្វាយអន្ធរ ខេត្តព្រៃវែង យកមកដាក់នៅត្រង់ ចំណុចកំពង់សាឡាងអ្នកលឿង រួចបង្ខំគ្រួសារសាច់ញាតិខ្ញុំ និង ប្រជាជនក្នុងភូមិ ភាគបូព៌ាឯទៀត ឡើងលើកាណូត។ ពេលកាណូតដាក់ប្រជាជនជម្លៀសគ្រប់ ចំនួនហើយកម្មាភិបាលខ្មែរក្រហម ចាប់ដើមចែកក្រមាដែលមានក្រឡាពណ៌ខៀវលាយស ព្រមទាំងមានចែក បាយ និងត្រីកាម៉ុងចំហ៊ុយ ឱ្យហូបទាំងខ្ញុំ និងអ្នកឯទៀត ខំប្រឹងហូបៗរហូតមានអ្នកស្លាប់ដោយសារការ ឆ្អែតពេក។ កាណូតមកដល់ទីក្រុងភ្នំពេញនៅចំណុចច្បារអំពៅ អង្គការឱ្យឡើងលើច្រាំង និងដើរសំដៅទៅ ចំណតរថភ្លើងដើម្បីបន្ដដំណើរទៅតំបន់ដីខ្លាញ់ (ភូមិភាគពាយ័ព្យ)។ រថភ្លើងចេញទៅដល់ចំណតស្វាយ ដូនកែវ ខេត្តពោធិ៍សាត់ អង្គការក៏បញ្ជាឱ្យប្រជាជនចុះ ព្រមទាំងមានការបែងចែកជាបួនក្រុម។ មានដូចជា  កងកុមារ កងយុវជន កងយុវនារី និង ក្រុមអ្នកមានគ្រួសារហើយ ត្រូវនៅមួយក្រុម កងចាស់ៗមួយ ក្រុមទៀត។

ពេលនោះសមាជិកក្រុមគ្រួសារខ្ញុំមានគ្នាចំនួន៨នាក់ ត្រូវបែកគ្នា ក្រោមការចង្អុលបង្ហាញពីកង ទ័ពខ្មែរក្រហម ទៅគោលដៅខុសៗគ្នា។ នេះជាពេលវេលាដែលខ្ញុំចងចាំ និងមិនអាចបំភ្លេចបាន ទីបំផុត សម្រាប់រូបខ្ញុំនិងគ្រួសារ ព្រោះត្រូវជាប់មានឈ្មោះថាជា ខ្មាំងរបស់អង្គការ ត្រូវធ្វើការជូនអង្គការ តែហូបមិនបានគ្រប់គ្រាន់។ ហេតុនេះខ្ញុំ និងកងកុមារឯទៀត មានតែលួចទៅគាស់មើមរកា ផ្លែគរខ្ចីៗយក មកដុតហូបដើម្បីបំពេញក្រពះ។  រយៈពេលពីរខែក្រោយមកខ្ញុំ ត្រូវបានដូរទៅរស់នៅភូមិមួយទៀត ដែល មានគ្រួសារមេភូមិខ្មែរក្រហមទទួលយកខ្ញុំទៅចិញ្ចឹម ព្រោះគាត់គ្មានកូន។ នេះជាពេលវេលារីករាយ ជាទីបំផុតក្នុងរបបខ្មែរក្រហមសម្រាប់ខ្ញុំ។ ពីព្រោះខ្ញុំមានអាហារបរិភោគគ្រប់គ្រាន់ មានសម្លៀកបំពាក់ របស់ប្រើប្រាស់ ហើយក៏មិនបានទៅធ្វើការជាមួយក្មេងឯទៀត។ មួយវិញទៀតក្នុងនាមជាកូនចិញ្ចឹមរបស់ មេភូមិ ខ្ញុំបានលួចបាយម្ហូបពីផ្ទះមកជួយដល់មិត្តភក្តិ និងពូរបស់ខ្ញុំដែលជម្លៀសពីភូមិភាគបូព៌ា ដែលកំពុង អត់ឃ្លាន ដោយការបង្អត់អាហារពីអង្គការខ្មែរក្រហម។

ចុងឆ្នាំ១៩៧៨ ខ្ញុំសម្រេចចិត្តដើរស្វែងរកបងៗ និងម្ដាយរបស់ខ្ញុំ។ ប៉ុន្ដែខ្ញុំទទួលដំណឹងថា បងប្រុសបងស្រីរបស់ខ្ញុំ ត្រូវទាហានខ្មែរក្រហមយកទៅសម្លាប់។ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ សមាជិកគ្រួសារខ្ញុំចំនួន៧នាក់ ត្រូវស្លាប់ក្រោយស្នាដៃអង្គការខ្មែរក្រហម ហើយខ្ញុំក្លាយជាក្មេងកំព្រាឪពុក  ម្តាយខ្ញុំ និងបងស្រីខ្ញុំពីរនាក់ក្លាយជាស្រ្តីមេម៉ាយ។

អត្ថបទដោយ មីន សាណាស់


[1] បទសម្ភាសន៍របស់ សំ សាបូរ ជាមួយ មីន សាណាស់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិទី២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

[2] មានឈ្មោះជាផ្លូវការថា រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង។ គឺជាអង្គការបដិវត្តន៍នយោបាយកុម្មុយនីស្តប្រដាប់អាវុធនៅវៀតណាមខាងត្បូង និងប្រទេសកម្ពុជា

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin