អ្នកនេសាទជនជាតិថៃជាច្រើននាក់ត្រូវបានកងទ័ពខ្មែរក្រហមចាប់ខ្លួន

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចន្លោះក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) អ្នកនេសាទជនជាតិថៃជាច្រើននាក់ត្រូវបានកងទ័ពខ្មែរក្រហមចាប់ខ្លួនបញ្ជូនមកក្រុងកំពង់សោម នៅខណៈពេលអ្នកនេសាទជនជាតិថៃទាំងនោះចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រកម្ពុជា។ សំ សោម អតីតកងទ័ពជើងទឹកនៃរបបខ្មែរក្រហមបានរៀបរាប់ដូចខាងក្រោម៖

សំ សោម[1] អាយុ៧០​ឆ្នាំ រស់នៅខេត្តព្រះសីហនុ។  សោម មានប្រពន្ធឈ្មោះ សៀង នី អាយុ៦៩ឆ្នាំ សោម និងមានកូនប្រុស២នាក់។ សោម មានស្រុកកំណើតនៅភូមិស្រម៉ុកពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង សោម រៀនបានត្រឹមថ្នាក់ទី៩ចាស់ នៅសាលាបឋមសិក្សាស្រម៉ុកពន្លៃ។ សោម បានឈប់រៀនបន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០។ បន្ទាប់មក សោម បានរស់នៅជាមួយឪពុកម្តាយ និងជួយធ្វើការងារស្រែចម្ការ។

នៅឆ្នាំ១៩៧៣ សោម បានស្ម័គ្រចិត្តចូលធ្វើកងទ័ពខ្មែរក្រហម។ នៅគ្រាដំបូង សោម ធ្វើឈ្លបឃុំពន្លៃរយៈពេល៣ ទៅ៤ ខែ។ នៅឆ្នាំ១៩៧៤ សោម ត្រូវបានខ្មែរក្រហមបញ្ជូនឡើងមកធ្វើកងទ័ពភូមិភាគនិរតី នៅក្នុងកងពលទី៣ ដែលមាន មាស មុត ជាប្រធានកងពល។ កងពលទី៣ រួមមានកងវរសេនាធំលេខ២០ កងវរសេនាធំលេខ២១ និងកងវរសេនាធំលេខ២២។ សោម ស្ថិតនៅក្នុងអង្គភាពកងវរសេនាតូចលេខ៤២០ នៃកងវរសេនាធំលេខ២១។ ប្រធានកងវរសេនាធំលេខមានឈ្មោះ មាញ ចំណែកកងវរសេនាតូចលេខ៤២០ មានឈ្មោះ ទន និង មឿន។ កងពលលេខ៣បានធ្វើប្រតិបត្តិការវាយទាហាន លន់ នល់ នៅខាងជើងផ្លូវជាតិលេខ៤។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពលទី៣បានវាយចូលទៅភ្នំពេញដល់ចំណុចត្រង់កំបូល ក៏ទទួលបញ្ជាឲ្យទៅឈរជើងប្រចាំការនៅកំពង់សោមវិញ។ សោម និងកងទ័ពផ្សេងទៀតបានជិះឡានតាមផ្លូវលេខ៤ពីកំបូលទៅដល់ដោះកញ្ជរក៏មានការរារាំងពីទាហាន លន់ នល់​ នៅបន្ទាយដោះកញ្ជរ។ នៅខណៈពេលនោះកងទ័ពតំបន់៣៧ បានកំពុងវាយបោសសំអាត ទាហាន លន់ នល់​ នៅបន្ទាយដោះកញ្ជរ។ សោម និងកងទ័ពនៃកងពលទី៣ បានជិះឡានវាងមកតាមផ្លូវជាតិលេខ៣ បន្ទាប់មកចូលមកផ្លូវជាតិលេខ៤វិញ និងបានឈប់នៅព្រលានយន្តហោះកងកេង និងកំពង់ផែរាម។ ពេលនោះទាហាន លន់ នល់ និងក្រុមគ្រួសារបានកំពុងស្នាក់នៅតំបន់កំពង់ផែរាមដែរ។ កងទ័ពនៃកងពលទី៣បានបែងចែកកម្លាំង នៅតាមផែ្នកកាំភ្លើងធំ ផ្នែកវិទ្យុទាក់ទង និងផ្នែកផ្សេងៗទៀត។ ទាហាន លន់ នល់ ជាអ្នកបង្ហាត់បង្រៀនកងទ័ពខ្មែរក្រហមតាមផ្នែកទាំងនោះ។ ពេលរៀនហ្វឹកហាត់ជាមួយទាហាន លន់ នល់ ប្រមាណ១០ថ្ងៃ មេបញ្ជាការខ្មែរក្រហមបានបញ្ជូនកងវរេសនាតូច ៤២០ របស់ សោម ទៅឈរជើងប្រចាំការនៅតាមកោះដូចជា កោះតាង កោះព្រីង កោះពូលូវ៉ៃ និងទៅវាយដណ្តើមយកកោះក្រចកសេះ និងកោះត្រល់ពីប្រទេសវៀតណាម។ សោម បានឈរជើងនៅកោះតាងបានរយៈពេល៤ ទៅ៥ថ្ងៃ ក៏បានជិះកប៉ាលល្បឿនលឿនអមដំណើរថ្នាក់ដឹកនាំកងពលទី៣ រួមមាន៖ មាស មុត និង សារឿន ទៅត្រួតពិនិត្យនៅលើកោះក្រចកសេះ និងកោះត្រល់ នៅពេលដែលកងទ័ពខ្មែរក្រហមឈរជើងនៅលើកោះទាំងពីរនេះ។ បន្ទាប់មក សោម និងកងទ័ពនៃកងវរសេនាតូចលេខ​៤២០ មួយចំនួនបានត្រឡប់មកប្រចាំការនៅកំពង់ផែរាមវិញ។

សោម បានដឹងថានៅកោះក្រចកសេះមានអ្នកនេសាទជនជាតិវៀតណាមរាប់រយនាក់រស់នៅ។ ពេលកងទ័ពខ្មែរក្រហមទៅដល់កោះក្រចកសេះ ក៏បានដឹកអ្នកនេសាទទាំងនោះមកកំពង់សោមដែរ។ ក្រោយមកវៀតណាមបាននាំទ័ពទៅវាយដណ្តើមយកកោះក្រចកសេះ និងកោះពូលូវ៉ៃពីកងទ័ពខ្មែរក្រហម។ នៅខណៈពេលនោះកងទ័ពវៀតណាមបានចាប់កងទ័ពខ្មែរក្រហមនៅលើកោះទាំងពីរនេះប្រហែល៦០០នាក់យកទៅដាក់គុកនៅកោះត្រល់រហូតដល់មានកិច្ចចរចារវាងថ្នាក់ដឹកនាំខ្មែរក្រហម និងវៀតណាម ទើបភាគីវៀតណាមដោះលែងកងទ័ពខ្មែរក្រហមទាំងនោះឲ្យត្រឡប់មកប្រទេសកម្ពុជា និងក្រុងកំពង់សោមវិញ។

នៅខណៈពេលទាហានអាមេរិ កាំងមកទម្លាក់គ្រាប់បែកនៅក្រុងកំពង់សោម និងកំពង់ផែរាម ក្នុងខែឧសភា ឆ្នាំ១៩៧៥  សោម និងកងទ័ពខ្មែរក្រហមដទៃទៀតកំពុងនៅផែរាមជាមួយអតីតទាហាន លន់​ នល់ និងក្រុមគ្រួសារប្រមាណជាង១០០គ្រួសារ។ នៅពេលទាហានអាមេរិ កាំងទម្លាក់គ្រាប់បែកនោះ ក៏មានទាហាន លន់ នល់ និងក្រុមគ្រួសារមួយចំនួនបានស្លាប់ និងឆេះផ្ទះសម្បែងអស់។​

បន្ទាប់ពីមានការទម្លាក់គ្រាប់បែករួច មេបញ្ជាការខ្មែរក្រហមបានបញ្ជូន សោម និងកងទ័ពនៃកងវរសេនាតូច៤២០ មួយចំនួនទៅជួយអន្តរាគមន៍កងទ័ពខ្មែរក្រហមដែលបានប្រចាំការនៅកោះតាង។ ពេលទៅដល់កោះតាង សោម បានឃើញឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅក្នុងទឹកក្បែរឆ្នរ និងមួយគ្រឿងទៀតបានធ្លាក់នៅក្នុងទឹកសមុទ្រ។ ពេលនៅលើកោះតាង សោម បានឮកងទ័ពខ្មែរក្រហមប្រចាំការនៅលើកោះតាំងនិយាយថា បានឃើញសាកសពអាមេរិកកាំងអណ្តែតក្បែថ្មនៅឆ្នេរខាងលិច​ ប៉ុន្តែ សោម មិនបានឃើញផ្ទាល់ភ្នែក និងដឹងកន្លែងកប់សាកសពឡើយ។ ក្រោយមកទៀត សោម ក៏បានដឹងថា មានទាហានអាមេរិ កាំងចំនួន៣នាក់បានរស់នៅលើកោះតាងពេលដែលឧទ្ធម្ភាគចក្ររបស់ទាហានអាមេរិកកាំងបានឡើងត្រឡប់ទៅវិញ។ កងទ័ពខ្មែរក្រហមបានឃើញទាហានអាមេរិ កាំងទាំង៣នាក់ចេញមកក្រៅ ដើម្បីស្វែងរកអាហារ និងបាយហូប។ សោម ក៏មិនបានដឹងច្បាស់ថា ទាហានទាំង៣នាក់ត្រូវបានកងទ័ពខ្មែរក្រហមបាញ់សម្លាប់ ឬអត់បាយស្លាប់ឡើយ។ សោម ក៏មិនបានដឹងពីទីតាំងដែលទាហានទាំង៣នាក់នោះស្លាប់នៅទីណាឡើយ។

បន្ទាប់មកសោម និងកងទ័ពខ្មែរក្រហមផ្សេងទៀត ត្រូវបានមេបញ្ជាការបញ្ជូនមករៀនផ្នែកកាំភ្លើងធំ និងផ្នែកផ្សេងៗទៀតនៅក្រុងកំពង់សោម និងនៅស្ទឹងហាវ។ សោម បានហ្វឹកហាត់ពីរបៀបប្រើប្រាស់កាំភ្លើងធំដេកា៣៧។

នៅឆ្នាំ១៩៧៦ សោម និងកងទ័ពនៃកងវរសេនាតុច៤២០ ត្រូវបានមេបញ្ជាការបញ្ជូនទៅប្រចាំការនៅកោះតាងម្តងទៀត។ នៅពេលនោះទីបញ្ជាការកងវរសេនាធំលេខ២១​ ក៏ស្ថិតនៅកោះតាងដោយមាន តាមាញ និងជន ជាអ្នកដឹកនាំបញ្ជា។ ចំណែកកងវរសេនាតូចលេខ​៤១០ និង​៤៣០​​​ចំណុះកងវរសេនាធំ​លេខ​២១ បានឈរជើងនៅកោះព្រីង កោះពូលូវ៉ៃចាស់ និងថ្មី។

នៅចន្លោះពីឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ កងទ័ពខ្មែរក្រហមប្រចាំនៅកោះតាងចាប់បានអ្នកនេសាទជនជាតិថៃដែលបានចូលមកនេសាទខុសច្បាប់នៅក្នុងដែនទឹកកម្ពុជាជាច្រើនទូក។ បន្ទាប់មកកងទ័ពខ្មែរក្រហមបញ្ជូនអ្នកនេសាទថៃទាំងនោះមកទីបញ្ជាការកងពលនៅក្រុងកំពង់សោម។  កងទ័ពខ្មែរក្រហមក៏បានចាប់ទូកជនភៀសខ្លួនវៀតណាមដែលបានឆ្លងកាត់តាមកោះតាងជាច្រើនគ្រឿងដែរ។ ជនជាតិវៀតណាមមួយចំនួនត្រូវសម្លាប់នៅកោះតាង និងមួយចំនួនទៀតត្រូវបញ្ជូនមកកំពង់សោម។

អត្ថបទដោយ ឡុង ដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា ឡុង ដានី សម្ភាសជាមួយ សំ សោម អាយុ៧០ឆ្នាំ ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin