សាន់ យោគ៖ បរទេះដឹកស្រូវ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សាន់ យោគ[1] ភេទប្រុស អាយុ៥៦ឆ្នាំ ក្នុងឆ្នាំ២០០៥។ សាន់ យោគ ជាជនជាតិខ្មែរ-អ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សាន់ យោគ មានឪពុកឈ្មោះ សាន់ រូន និង ម្តាយឈ្មោះ ឡ រៃ។ សាន់ យោគ មានបងប្អូនចំនួន៥នាក់ ស្រី៣នាក់ ហើយគាត់ជាកូនទី២ នៅក្នុងគ្រួសារ។ សាន់ យោគ បានឈប់រៀននៅត្រឹមថ្នាក់ទី៧ ហើយបានមកជួយឪពុកម្តាយ រកស៊ីប្រកបរបរជាអ្នករត់កាណូតពីស្រុកកំពង់ត្របែក ទៅ ព្រំដែនវៀតណាម។ សាន់ យោគ បានរៀបការជាមួយភរិយាឈ្មោះ ឡ ហាលីម៉ាស់ នៅឆ្នាំ១៩៧០។ នៅក្នុងសម័យខ្មែរក្រហម សាន់ យោគ បានបាត់បង់សមាជិកគ្រួសារ ចំនួន ៤នាក់ រួមមាន៖ ឈ្មោះ ឡ រៃ ត្រូវជាម្តាយ ស្លាប់ដោយសារជំងឺ, ឈ្មោះ រូន​ យ៉ាក់កូប ត្រូវជាប្អូនប្រុស ត្រូវខ្មែរក្រហមយកទៅសម្លាប់ដោយសារ ធ្លាប់ធ្វើជាទាហាន លន់ នល់, ឈ្មោះ សាន់ ប៉ាត់ទ្រី ត្រូវជាប្អូនប្រុស ត្រូវខ្មែរក្រហម យកទៅសម្លាប់ អំឡុងពេលជម្លៀស ទៅខេត្តពោធិ៍សាត់ និង ឈ្មោះ ម៉ារីយ៉ាន ត្រូវជាកូនស្រី ស្លាប់ដោយសារជំងឺអំឡុងពេលជម្លៀស ទៅខេត្តពោធិ៍សាត់។ ចំណែកឯឪពុករបស់ សាន់ យោគ ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧០។ ក្រោយបែកឆ្នាំ១៩៧៩ សាន់ យោគ ធ្វើជាប្រធានភូមិខ្មែរអ៊ីស្លាម រហូត គាត់បានទទួលមរណភាព នៅខែកញ្ញា ឆ្នាំ២០០៦។

ខាងក្រោម គឺជាប្រវត្តិរបស់ សាន់ យោគ ឆ្លងកាត់សម័យខ្មែរក្រហម

នៅអំឡុងឆ្នាំ១៩៧២ ដោយសារតែមានការទម្លាក់គ្រាប់បែកខ្លាំងពីរបបសាធារណរដ្ឋខ្មែរ គ្រួសារខ្ញុំបានទៅរស់នៅទីក្រុងភ្នំពេញ និង ចាប់ផ្តើមរកស៊ីប្រកបរបរនេសាទត្រីនៅស្ពានជ្រោយចង្វារ។​ កាលនោះគ្រួសារខ្ញុំបានសង់ខ្ទមតូចមួយនៅម្តុំកាស៊ីណូ ជ្រោយចង្វារ ដើម្បីរស់នៅ។

រហូតមកដល់ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្លោងគ្រាប់ចូលមកក្នុងទីក្រុងភ្នំពេញ ហើយអម្បែងគ្រាប់ទាំងនោះ បានជះមកដល់កន្លែងខ្ញុំរស់នៅ។ ពេលនោះកងទ័ព លន់ នល់ បានទទួលបរាជ័យ។ កងទ័ពខ្មែរក្រហម បានចូលមកពេញទីក្រុងភ្នំពេញ និងបានបង្ខំឱ្យប្រជាជនចេញពីទីក្រុង ដោយប្រជាជនមកពីស្រុកណា ត្រូវត្រឡប់ទៅកាន់ស្រុកនោះវិញ។[2] ចំណែកឯប្រជាជនស្មានថា ស្រុកទេស មានសន្តិភាពឡើងវិញ និងបានវិលត្រឡប់មកកាន់ភូមិកំណើតវិញហើយ ប៉ុន្តែផ្ទុយទៅវិញ ខ្មែរក្រហមមិនឱ្យប្រជាជនមកនៅភូមិកំណើតទេ។ គ្រួសារខ្ញុំ ត្រូវខ្មែរក្រហម បញ្ជូនមករស់នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីធ្វើស្រែ, រែកដី និងជីកប្រឡាយ។ ចំណែកប្អូនប្រុសរបស់ខ្ញុំវិញ ឈ្មោះ រូន​ យ៉ាក់កូប មានអាយុប្រហែល៣០ឆ្នាំ ធ្លាប់ត្រូវបានរដ្ឋាភិបាល លន់ នល់ ចាប់យកទៅធ្វើទាហាន រយៈពេលខ្លីពីមុនមក ត្រូវខ្មែរក្រហមស្រាវជ្រាវដឹងថា មានជាប់ពាក់ព័ន្ធនឹងការធ្វើទាហាន ក៏ត្រូវអង្គការ ចាប់ខ្លួនយកមកមន្ទីរសន្តិសុខទួលម្រិញ[3] ខាងស្រុកកំពង់ត្របែក។ មុននឹងសម្លាប់ អង្គការបានលុតដំប្អូនខ្ញុំឱ្យធ្វើការងារធ្ងន់ៗជាច្រើន។ ពេលខ្ញុំទៅរែកកណ្តាប់ ខ្ញុំឃើញប្អូនប្រុសរបស់ខ្ញុំមានរូបកាយស្គមស្គាំង នៅសល់តែក្បាលជង្គង់ ត្រូវខ្មែរក្រហម បណ្តើរចូលទៅមន្ទីរសន្តិសុខទួលម្រិញ។ ចាប់តាំងពីពេលនោះមក ខ្ញុំពុំបានឃើញប្អូនខ្ញុំទៀតទេ។

នៅឆ្នាំ១៩៧៨ ខ្មែរក្រហម បានជម្លៀសគ្រួសារខ្ញុំ ព្រមទាំងប្រជាជន ជនជាតិចាម ផ្សេងទៀត ប្រហែល៣០ទៅ៤០គ្រួសារទៅកាន់ខេត្តពោធិ៍សាត់។ ប្រជាជនខ្លះត្រូវបានសម្លាប់នៅខេត្តពោធិ៍សាត់ និង ប្រជាជនខ្លះត្រូវឈឺស្លាប់នៅទីនោះតែម្តង។ ទីតាំងដែលខ្ញុំរស់នៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានហៅថា ជាសហករណ៍ទី៤ ភូមិកំពង់ក្រសាំង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ទៅដល់ទីនោះដំបូង អង្គការពុំមានចែកអ្វីឱ្យទេ ក្រៅពីកាំបិតមួយសម្រាប់យកទៅកាប់ឈើ និងកាប់ព្រៃ។ អង្គការប្រើឱ្យខ្ញុំធ្វើជី រែកដី បោកស្រូវ និងការងារមួយទៀតគឺ បរទេះដឹកស្រូវ ឬដឹកអីវ៉ាន់ ផ្សេងៗយកទៅឱ្យខ្មែរក្រហម នៅទីតាំងឫស្សី១០០គុម្ព ឬ ទីតាំងជើងភ្នំ ដែលមានចម្ងាយប្រហែល១០គីឡូម៉ែត្រពីភូមិ។ ខ្ញុំសូមបញ្ជាក់ដែរថា ការបរទេះដឹកស្រូវនេះ ខ្ញុំពុំបានដឹកទៅដល់ទីតាំងនៅឡើយទេ។ ខ្មែរក្រហម បានបញ្ជូនក្មេងម្នាក់មកដឹកបន្តពីខ្ញុំ។ ប្រសិនបើពេលនោះ ខ្ញុំបរទេះដឹកស្រូវ យកទៅដល់ទីតាំង ម្ល៉េះខ្ញុំមិនបានវិលមកជួបគ្រួសារវិញទេ ព្រោះអ្នកបរទេះដឹកអីវ៉ាន់ជាមួយខ្ញុំ ភាគច្រើនមិនសូវបានវិលត្រឡប់មកវិញទេ ហើយបាត់ខ្លួនរហូតមកដល់សព្វថ្ងៃ។

ខ្ញុំនៅចាំឈ្មោះមិនភ្លេច គឺប្រធាន ខ ឈ្មោះ ខន។ គាត់កាចណាស់ ហើយភ្នែកឡើងក្រហម។ ខ្ញុំធ្លាប់ឮគេនិយាយថា ខន ធ្លាប់ហូបសាច់មនុស្ស។ ខន រករឿងប្រជាជនស្ទើរតែរាល់ថ្ងៃ។ ពេលប្រជុំម្តងៗ ខន ចោទអ្នកនេះឬអ្នកនោះថាជាខ្មាំង ជាគិញសម្ងាត់ ឬ ជាយួន កាហ្សេបេ និង ទិតៀនប្រជាជន បោកស្រូវមិនអស់ពីកណ្តាប់។ ចំណែកឯ ស្រេង និយាយ ឱ្យប្រជាជនខិតខំធ្វើការទៅ បើមិនខំទេ នឹងយកទៅរៀនសូត្រ ហើយ ទុកមិនចំណេញ ដកចេញក៏មិនខាតដែរ។ គ្រាន់តែឮដូច្នេះ ទាំងគេទាំងយើងនាំគ្នាភ័យ អស់អារម្មណ៍នៅក្នុងខ្លួន បារម្មណ៍តែពីរឿងស្លាប់។ ប្អូនខ្ញុំឈ្មោះ សាន់ ប៉ាត់ទ្រី មានអាយុប្រហែលជា២៧-២៨ឆ្នាំ ត្រូវ ខន យកទៅសម្លាប់អំឡុងពេលទៅបោកស្រូវ។ កាលនោះ ខន និង កម្មាភិបាលផ្សេងទៀត ប្រុងនាំខ្ញុំទៅសម្លាប់ដែរ ប៉ុន្តែសម្លាប់មិនទាន់។ យប់នោះ កម្មាភិបាលបានបំបែកមនុស្សជា២ក្រុម ដោយ ក្នុង១ក្រុមចែកជា២ខ ក្នុង១ខ មានមនុស្សចំនួន៣២ ទៅ៣៣នាក់ ឱ្យទៅបោកស្រូវម្ខាង ចំណែកក្រុមប្អូនខ្ញុំ អង្គការឱ្យទៅបោកស្រូវនៅម្ខាងទៀត។ ខណៈពេលដែល កំពុងតែបោកស្រូវ កម្មាភិបាលនិយាយថា សភាពការណ៍មិនស្រួល «ខ្មាំងបានមកដល់ហើយ» កម្មាភិបាល ក៏បំបែកក្រុមខ្ញុំឱ្យមកនៅខាងជួរទន្លេ។ ចំណែកឯក្រុមរបស់ប្អូនខ្ញុំវិញ ត្រូវបានកម្មាភិបាលសម្លាប់ទាំងអស់ រួចខ្លួនបានតែម្នាក់ប៉ុណ្ណោះ។ អ្នកដែលរួចជីវិត បានរត់មកប្រាប់ក្រុមខ្ញុំថា យប់មិញ មនុស្សទាំង៣០នាក់ជាងត្រូវសម្លាប់អស់ហើយ រួមទាំងប្អូនខ្ញុំដែរ។ លុះស្អែកឡើង ខន ហៅក្រុមខ្ញុំទៅទៀត ដោយនិយាយថា «ឥឡូវបងប្អូនដែលនៅសល់មួយក្រុមទៀត ត្រូវចូលទៅក្នុងព្រៃវិញ»។ ចំណែកខ្ញុំវិញ បន្ទាប់ពីបានដឹងគោលបំណង កម្មាភិបាលនាំយកទៅសម្លាប់ហើយ។ ខ្ញុំចេះតែដើរគេច ហើយបានដើរមករកក្រុមបងស្រីដែលកំពុងតែជាន់ស្រូវ។ រហូត នៅវេលាម៉ោងប្រហែលជា៩ ព្រឹក កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និង សង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។[4] កងទ័ពរណសិរ្ស​ បានប្រកាសស្រែកថា «បងប្អូន បើសិនជាប្រជាពលរដ្ឋមែន សូមចេញមកខាងក្រៅ កុំនៅក្នុងផ្ទះជាមួយខ្មែរក្រហមទៀត»។ នៅពេលដែលខ្ញុំឃើញកងទ័ព រណសិរ្យ និង កងទ័ពវៀតណាមមកសង្គ្រោះដូច្នេះ ប្រជាពលរដ្ឋទាំងអស់ក៏ដើរចេញមក។ កងទ័ពរណសិរ្យព្យាយាមជម្លៀសប្រជាជនឡើងមកខេត្ត(ពោធិ៍សាត់) ប៉ុន្តែខេត្តពោធិ៍សាត់ពេលនោះ មិនទាន់មានសន្តិភាពនៅឡើយទេ។ កងទ័ពខ្មែរក្រហមដែលនៅសេសសល់ក្បែរភ្នំ បានផ្លោងមកជារៀងរាល់ថ្ងៃ ធ្វើឱ្យប្រជាជនមួយចំនួនបានស្លាប់។ នៅថ្ងៃចុងក្រោយ របស់ ខន និង ស្រេង ត្រូវកងទ័ពរណសិរ្ស និង កងទ័ពវៀតណាម ចាប់ខ្លួនបាន។ ប្រជាជននិយាយថា «ឱ្យសួរវាទៅ វាបានធ្វើអ្វីខ្លះដាក់ប្រជាជន វាដឹងខ្លួនហើយ តើនៅយប់នោះ វា បានសម្លាប់មនុស្សអស់ជាង៣០មែនឬទេ»? ចំណែក ខន ហ៊ានឆ្លើយដោយមិនញញើតថា «សម្លាប់មែនយប់នោះ សម្លាប់អស់ជាង៣០នាក់»។ កងទ័ពវៀតណាម បានសួរមតិប្រជាជនថា តើត្រូវធ្វើយ៉ាងម៉េចចំពោះ ខន និង ស្រេង នេះ? ប្រជាជនលើកដៃទាំងអស់គ្នាដោយកំហឹង និង និយាយថា«យកទៅសម្លាប់»។ បន្ទាប់មក កងទ័ពវៀតណាម ក៏យក ខន និង ស្រេង ចេញទៅ។

បន្ទាប់ពីរឿងរ៉ាវត្រូវបានដោះស្រាយ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៩ អ្នកដែលនៅរស់រានមានជីវិតទាំងប៉ុន្មានក៏ត្រឡប់មកស្រុកកំណើតវិញ។ ពេលខ្ញុំបានមកដល់ផ្ទះដំបូង នៅក្នុងស្រុកភូមិ មានសភាពស្ងាត់ជ្រងំ និង ស្រឡះធេង មិនទាន់មានមនុស្សមករស់នៅច្រើនទេ។ កន្លងផុតអស់រយៈពេលជាច្រើនខែ ច្រើនឆ្នាំ ប្រជាជនពលរដ្ឋ ចេះតែមករស់នៅជាបន្តបន្ទាប់គ្នា រហូតមកដល់សព្វថ្ងៃនេះ៕

ដោយ ថុន ស្រីពេជ្រ /មជ្ឈមណ្ឌលឯកសារកម្ពុជាខេត្តព្រៃវែង


[1] ឯកសារ D១៣៧០ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សាន់ យោគ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិខ្មែរអ៊ីស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០០៥»,២៨ទំព័រ។ សម្ភាសដោយ សូ ហ្វារីណា ជាបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត,សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩),បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី១៥។ ខ្មែរក្រហមបានបង្ខំឱ្យអ្នករស់នៅទីក្រុងភ្នំពេញប្រហែលជា២លាននាក់ ក្នុងនោះរួមបញ្ចូលទាំងអ្នកភៀសខ្លួនចូលទីក្រុងក្នុងអំឡុងពេលសង្គ្រាមចំនួន១លាននាក់ផង ឱ្យចាកចេញទៅកាន់ទីជនបទ។

[3] ឯកសារD៤១៣៦៥ តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«លី យ៉ាស់ ភេទស្រី អាយុ៦០ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម រស់នៅភូមិស្ទឹងស្លូត(ភូមិវ៉ាមី) ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៥»។ សម្ភាសដោយ ហ៊ាង សុគុណ ជានិស្សិតស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកម្ពុជា។ មន្ទីរសន្តិសុខទួលម្រិញ មានទីតាំងស្ថិតនៅក្នុងស្រុកកំពង់ត្របែក គឺជា​មន្ទីរសន្តិសុខសម្រាប់ដាក់អ្នកទោសទាហាន លន់ នល់ ឬ អ្នកទោសត្រូវបានចោទថាជាខ្មាំងផ្សេងៗ។

[4] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin