សាន់ ថា៖ ខ្ញុំរត់គេចពីការសម្លាប់របស់ខ្មែរក្រហម

ខ្ញុំឈ្មោះ សាន់ ថា គឺជាកសិករ និងសិល្បៈករលេងភ្លេងបុរាណខ្មែរក្នុងជំនាញផ្នែកទ្រ ដែលបានរស់រានមានជីវិតក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃ ខ្ញុំនៅបន្តលេងភ្លេងខ្មែរប្រចាំភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំបានកើតនៅក្នុងគ្រួសារកសិករនៅឆ្នាំ១៩៦០ នៅភូមិចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ ចំនួន៦នាក់ ប៉ុន្តែបានស្លាប់២នាក់ក្នុងរបបខ្មែរក្រហម។ ខ្ញុំបានសិក្សារៀនសូត្រដល់ថ្នាក់ទី៤ចាស់នៅ សាលាបឋមសិក្សាចំការគួយ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្លួន។ ដោយសារតែមានជីវភាពក្រីក្រ ខ្ញុំបានសម្រេចចិត្តឈប់រៀនត្រឹមថ្នាក់ទី៤នៅអាយុ១០ឆ្នាំ និងបានចាប់ផ្តើមរៀនលេងភ្លេងបុរាណខ្មែរ និងប្រកបរបរលក់ទឹកត្នោត។ ខ្ញុំបានឡើងទៅលេងភ្លេងទ្រសោនៅទីរួមខេត្ត ក្នុងពិធីឆ្លងព្រះវិហារទើបសាងសង់ថ្មី ពិធីបុណ្យទាន ឬកម្មវិធីផ្សេងៗ។
នៅដើមឆ្នាំ១៩៧០ ខ្ញុំបានទៅលេងភ្លេងបុរាណជាមួយក្រុមភ្លេងប្រចាំភូមិ ក្នុងពិធីបុណ្យមួយនៅទីរួមខេត្តព្រៃវែង។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ខ្ញុំបានធ្វើដំណើរវិលត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវខ្ញុំបានឃើញសិស្ស និងពលរដ្ឋធ្វើបាតុកម្មនៅទីរួមខេត្តព្រៃវៃង។ នៅពេលមកដល់ផ្ទះវិញ ខ្ញុំបាននិយាយប្រាប់ឪពុកម្ដាយយ៉ាងភ័យតក់ស្លុតចំពោះព្រឹត្តិការណ៍ដែលបានឃើញនោះ។ ពីរខែក្រោយមក គឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារ លន់ នល់ បានកើតឡើង។ ខ្ញុំបានឮអំពីការអំពាវនាវឲ្យចូលព្រៃម៉ាគីដើម្បីតស៊ូជាមួយទាហាន លន់ នល់។ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមបានផ្ទុះឡើង។ ទោះបីជាយ៉ាងណាក៏ដោយខ្ញុំនៅតែបន្តលេងភ្លេងតាមកម្មវិធីបុណ្យទាន និងលក់ទឹកត្នោតជាធម្មតានៅ តាមផ្សារ ដើម្បីទទួលបានកម្រៃចិញ្ចឹមគ្រួសារ។ រហូតដល់ ឆ្នាំ១៩៧៣ កងទ័ពតស៊ូខ្មែរក្រហមបានចូលមកដល់ភូមិ។ ខ្ញុំ និងគ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីផ្ទះយកទៅភូមិវាលតូច ស្ថិតនៅក្នុងតំបន់រំដោះខ្មែរក្រហម។ បន្ទាប់ពីបានមកដល់មូលដ្ឋានតំបន់រំដោះខ្មែរក្រហម ខ្ញុំត្រូវបានបញ្ជូនឲ្យទៅធ្វើស្រែចំការ និងដាំដំណាំកសិកម្មផ្សេងៗ ក្នុងពេលនោះគឺពុំមានការបែងចែកជាកងចល័តនៅឡើយទេ។ សង្គ្រាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម គឺកាន់តែខ្លាំងឡើងៗនៅតាមផ្លូវគោក។ ខ្ញុំបានឃើញរថក្រោះទាហាន លន់ នល់ បើកចេញពីភ្នំឈើកាច់ ស្រុកបាភ្នំ ទៅកាន់ស្រុកស្វាយអន្ទរ។ ក្នុងពេលនោះដែរ កងទ័ពខ្មែរក្រហមបានបើកការវាយឆ្មក់ទៅលើកងរថក្រោះទាហាន លន់ នល់ ជាញឹកញាប់នៅម្ដុំវត្តព្រះជី។ បន្ទាប់ពីទទួលរងការវាយប្រហារពីកងទ័ពខ្មែរក្រហម យន្តហោះចំនួន១២គ្រឿង ដែលបានដឹកទាហានថ្មើរជើង លន់ នល់ ជាច្រើននាក់ត្រូវបានបញ្ជូនមកធ្វើការអន្តរាគមន៍។ សមរភូមិ រវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម បានបណ្ដាលឲ្យមានការស្លាប់ និងរងរបួសទាំងសងខាង រួមទាំងប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បែរហ្នឹងដែរ។
នៅពេលដែលកងទ័ពខ្មែរក្រហម ទទួលបានជ័យជម្នះលើទាហាន លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនទៅកាន់ភូមិដំរីពួន ដើម្បីធ្វើការនៅក្នុងកងចល័តជីកដីព្រែកមានបណ្តោយជាង ២០០០ម៉ែត្រ។ ខ្ញុំទទួលរងការលំបាកចេញពីការជីកដីព្រែក ដោយមិបានជួបមុខឪពុកម្តាយ និងបងប្អូន និងការហូបចុកមិនគ្រប់គ្រាន់។ នៅដើមឆ្នាំ១៩៧៦ ខ្ញុំត្រូវបានអង្គការចល័តទៅលើកភ្លឺស្រែនៅសហករណ៍ ផ្សេង និងធ្វើជាឈ្លបបានរយៈពេល៣ខែ។ នៅឆ្នាំ១៩៧៦ដដែល ខ្ញុំបានចូលក្នុងកងសិល្បៈខ្មែរក្រហម ប៉ុន្តែមិនដែលបានទៅលេងភ្លេងអ្វីនោះទេ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើជាកងទ័ពខ្មែរក្រហម និងបានហ្វឹកហ្វឺននៅវត្តព្រៃជ្រាំង បានតែ១សប្ដាហ៍តែប៉ុណ្ណោះ។ ខ្ញុំត្រូវបានបញ្ជូនទៅសមរភូមិត្រពាំងផ្លុង ប្រយុទ្ធជាមួយកងទ័ពវៀតណាម និងទទួលបានជ័យជម្នះ។ នៅឆ្នាំ១៩៧៨ មាននិន្នាការនយោបាយ ដកអាវុធទៅវិញនៅ និងការប្រមូលផ្ដុំកងទ័ពភូមិភាគបូព៌ា ដើម្បីយកទៅធ្វើព្រលានយន្តហោះថ្មីនៅ ខេត្តកំពង់ឆ្នាំង។ ខ្ញុំត្រូវបានបង្ខំឲ្យធ្វើការទាំងថ្ងៃទាំងយប់នៅការដ្ឋានព្រលានយន្តហោះ គ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។
នៅដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានចាប់ខ្លួនយកទៅស្ថានីយរថភ្លើងរមាស ស្ថិតនៅខេត្តកំពង់ឆ្នាំង។ ដោយសារតែដឹងខ្លួនមុន ខ្ញុំបានរត់ភៀសខ្លួនទៅភ្នំឱរ៉ាល់ដើម្បីរួចផុតពីការកាប់សម្លាប់។ ខ្ញុំបានសង្ងំរស់នៅក្នុងព្រៃលើភ្នំ រហូតដល់ឆ្នាំ១៩៨០ ទើបខ្ញុំបានរត់ចុះពីភ្នំមកស្រុកគគរ។ ខ្ញុំបានជាប់ឃុំរយៈពេល៣ខែ ពីព្រោះខ្ញុំត្រូវបានចោទប្រកាន់ថាជាកងទ័ពខ្មែរក្រហម។ សព្វថ្ងៃនេះ ខ្ញុំមានជំងឺប្រចាំកាយ ហើយទៅពិនិត្យនៅពេទ្យ ពេលខ្ញុំធ្លាក់ខ្លួនឈឺម្តងៗ។ [1]
អត្ថបទដោយ ទូច វណ្ណេត
[1] បទសម្ភាសន៍ជាមួយ សាន់ ថា នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នៅឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា