ចម្រៀងពីរបទ ដែលអ្នករស់រានមានជីវិតសម័យខ្មែរក្រហមចងចាំ
(ព្រះវិហារ)៖ ស ដេង អាយុ ៦០ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិម៉ឺនរាជ្យ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។ គាត់មានបងប្អូនចំនួន ៦នាក់ ប្រុស ១នាក់ និងមាន កូនៗចំនួន៥នាក់។ កាលសម័យខ្មែរក្រហម គាត់ធ្វើការនៅតាមកងចល័តដូចជា ធ្វើស្រែ ស្ទូងស្រូវ ជីកទំនប់នៅម៉ឺងរាជ្យ និងអូររំដួលជាដើម។
ការងារទាំងនោះត្រូវការតស៊ូលះបង់ចំពោះអង្គការ ទាំងហូបចុកមិនបានគ្រប់គ្រាន់។ ក្នុងមួយថ្ងៃ ខ្មែរក្រហមតម្រូវឲ្យក្រុមគាត់ជីកឲ្យបាន ១០ម៉ែត្រគូប និងមានជម្រៅប្រហែលជា៥ទឹក។ ដើម្បីគ្រប់ផែនការរបស់ខ្មែរក្រហម គាត់ត្រូវលើកទំនប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង ១១ថ្ងៃត្រង់។ ជួនកាលហួសម៉ោងបាយ ជួនកាលមានតែបបរលាយជាមួយក្រកួនសម្រាប់បរិភោគ។
នៅសម័យនោះ ពេលស្ទូងស្រូវ និងជាន់រហាត់ទឹកតាមទំនប់ម្តងៗ គាត់តែងតែច្រៀងនូវចម្រៀងដែលខ្មែរក្រហមបានបង្រៀនដល់គាត់ ដែលរៀបរាប់ថា៖ «សន្ទូងបៃតង ល្អស្រស់បំព្រង បែកគុម្គស្រងាត់ យើងខ្ញុំកុមារការពារប្រយ័ត្ន មិនឲ្យក្តាមកាត់ បំបាត់ផលច្រូត បានផលច្រើនទ្វេ… តែច្រូតច្រើនក្រៃ មធ្យមបីតោន មួយហិកតាដី …ដឹកថ្នាំប្រជា យើងខ្ញុំកុមារមានចិត្តជ្រះថ្លា រីករាយស្មោះស បេ្តជ្ញារៀនសូត្រ គំរូដ៏ល្អ…………។»
គាត់នៅចងចាំបទចម្រៀងមួយបទទៀតពីកុមារភាពនៅសម័យខ្មែរក្រហម គាត់បានច្រៀងថា៖ «យើងខ្ញុំកុមារស្រលាញ់អង្គការឥតមានព្រំដែន ដោយសារអង្គការយើងខ្ញុំរស់រាន ជីវិតថ្កើងថ្កានរីករាយអស្ចារ្យ មុនបដិវត្តន៍កុមារកំសត់រងទុក្ខវេទនា រស់ដូចសត្វធាតុកំព្រាខ្លោចផ្សា ឲ្យរស់នៅជាសមូហភាព មានស្លៀកមានពាក់ លែងរងាញាក់ លែងរស់ថោកទាប រស្មីបដិវត្ត រស្មីស្មើភាព សិទ្ធិសេរីភាព (ឆ្អិនឆ្អៅ) អូ!អង្គការយើងខ្ញុំស្នេហា យើងខ្ញុំបេ្តជ្ញាដើរតាមផ្លូវត្រូវ ផ្លូវក្រហមឆ្អៅ អង្គការបវរ ខិតខំរៀនសូត្រឲ្យចេះចាំស្ទាត់ លេខនិងអក្សរ ពលកម្មជំនាញ សតិអារម្មណ៍ល្អដើម្បីបន្តបដិវត្ត»។
ទោះបីកន្លងហួសជាច្រើនទសវត្សរ៍ ស ដេងនៅតែចងចាំនូវចម្រៀងដែលគាត់ច្រៀងនៅសម័យខ្មែរក្រហម ក្នុងនាមជាកងចល័ត និងកងសិល្បៈម្នាក់។
គួរបញ្ជាក់ថា ចម្រៀងនេះគ្រាន់តែជាការចងចាំរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមប៉ុណ្ណោះ ការចងចាំទាំងនោះក៏បានបង្ហាញផងដែរនូវទុក្ខវេទនា និងការអត់ឃ្លាន ព្រមទាំងអំពើយ៉ាងឃោរឃៅព្រៃផ្សៃនៃរបបខ្មែរក្រហម ដែលបានចាប់ចងមនុស្សដុតសម្លាប់ទាំងរស់នៅវាលស្បូវមួយកន្លែង។ ជាចុងក្រោយ គាត់នៅតែនឹកឃើញនូវទុក្ខលំបាក ការហូបមិនបានគ្រប់គ្រាន់ និងការធ្វើការហួសកម្លាំងនៅសម័យនោះ៕
សម្ភាសន៍ដោយ តាល់ សុគន្ធា ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤