បាត់បង់ឪពុកដោយសារជាអតីតអ្នកបើកបរយន្តហោះក្នុងរបប លន់ នល់
(ស្វាយរៀង) ៖ ស នាង រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ នាង ត្រូវតែប្រមូលទ្រព្យសម្បត្តិទាំងអស់ទុកប្រើប្រាស់រួមក្នុងសហករណ៍។
នៅពេលខ្មែរក្រហមឡើងកាន់អំណាច នាង មានអាយុ១១ឆ្នាំ ត្រូវបានជម្លៀសទៅស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះ នាង ត្រូវដើរប្រមូលស្លឹករុក្ខជាតិ និងដើមទន្ទ្រានខេត្តដើម្បីយកមកធ្វើជីសម្រាប់ដាក់ស្រែ។ នាង ត្រូវមើលគោ ក្របី ព្រមទាំងប្រមូលលាមកសត្វផងដែរ។ ដើម្បីទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ នាង ត្រូវធ្វើការតាមផែនការដែលប្រធានសហករណ៍បានកំណត់។ ខ្មែរក្រហមមិនបានគិតថា ការរៀនសូត្រសំខាន់សម្រាប់កុមារទេ ផ្ទុយទៅវិញកុមារត្រូវធ្វើការងារដូចទៅនឹងមនុស្សធំដែរដូច្នោះ នាង មិនទទួលបានការសិក្សាអប់រំទេ។ ។ នាង ក៏បានឃើញការបំផ្លាញវត្តអារាម កម្ទេចព្រះពុទ្ធបដិមាករ និងផ្សឹកព្រះសង្ឃ។ នាង រៀបរាប់ថា មានព្រះសង្ឃដែលមិនព្រមផ្សឹកត្រូវបានខ្មែរក្រហមធ្វើគុត។
ក្នុងរបបខ្មែរក្រហម នាង បានដឹងពីការសម្លាប់អ្នកចេះដឹងដោយខ្លាចអ្នកទាំងនោះបះបោរប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។ ឪពុករបស់ នាង ក៏ត្រូវបានសម្លាប់ផងដែរដោយសារតែគាត់ជាអតីតអ្នកបើកយន្តហោះក្នុងរបប លន់ នល់។
ក្នុងរបបខ្មែរក្រហម នាង ត្រូវបានខ្មែរក្រហមធ្វើទារុណកម្មដោយសារតែបានលួចបេះផ្លែប៉េងប៉ោះរបស់អង្គការហូប ដោយសារតែគាត់ឃ្លានខ្លាំងពេក។ ពេលនោះទាហាន តាមទាន់ក៏បានដាក់ទោស និងបានបង្អត់បាយគាត់ចំនួនពីរថ្ងៃ។
បន្ទាប់មកដោយសារ នាង មានសម្លេងពិរោះ គាត់ត្រូវបានជ្រើសរើសឲ្យចូលក្នុងក្រុមអ្នកចម្រៀងខ្មែរក្រហម។ បទចម្រៀងដែលគាត់ឧស្សាហ៍ច្រៀងមានចំណងជើងថា «ចម្រៀងចម្រើន» នាង បានឲ្យដឹងថា ប្រសិនបើអ្នកណាច្រៀងខុសអាចត្រូវយកទៅកសាង ឬសម្លាប់ចោល។
នាង បានឃើញការរៀបការក្នុងរបបខ្មែរក្រហម។ ពិធីធ្វើឡើងនៅការដ្ឋានការងារ រៀបចំដោយប្រធានសហករណ៍ និងអ្នករៀបការមានចំនួនចាប់ពី៣០ រហូតដល់៤០គូ។ អ្នករៀបការមកពីកន្លែងផ្សេងៗមួយចំនួនមិនពេញចិត្តប៉ុន្តែមិនហ៊ានប្រកែកតវ៉ា។
ប្អូនស្រីរបស់ នាង បានស្លាប់ដោយសារតែជំងឺកញ្ជ្រឹល ដោយសារតែគ្មានថ្នាំព្យាបាលត្រឹមត្រូវ។
នៅពេលរបបខ្មែរក្រហមដួលរលំ នាង បានធ្វើដំណើរដោយថ្មើរជើងត្រឡប់ពីខេត្តពោធិ៍សាត់ មករស់នៅខេត្តស្វាយរៀងវិញរហូតដល់សព្វថ្ងៃ។
នាង ពេញចិត្តក្នុងការចែករំលែករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់ដល់អ្នកជំនាន់ក្រោយ។ នាង និយាយថា របបខ្មែរក្រហមជារបបមួយដែលជូរចត់ និងឃោរឃៅបំផុត។ គាត់បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយឲ្យសិក្សាស្វែងយល់ពីរបបខ្មែរក្រហមបន្ថែម និងចូលរួមបញ្ជៀសរបបនេះកុំឲ្យកើតឡើងវិញម្តងទៀត។
បច្ចុប្បន្ន នាង មានជំងឺប្រចាំកាយគឺ ជំងឺបេះដូង និងជំងឺតម្រង់នោម។
សម្ភាសន៍ដោយ គី សុភ័ណ្ឌ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង