សរ ឆៃអ៉ីម រំឭកពីការចងចាំនៅក្នុងសម័យខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សរ ឆៃអ៉ីម[1] មានអាយុ ៧០ឆ្នាំ, មានស្រុកកំណើត និងមានទីលំនៅ នៅក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឆៃអ៉ីម មានឪពុកឈ្មោះ ប៊ត និងមានម្តាយឈ្មោះ អុំ។ ឆៃអ៉ីម មានបងប្អូន សរុបចំនួន ៩នាក់ បងប្រុសទី១ឈ្មោះ ស្រ៊ាន់ បងស្រីទី២ឈ្មោះ ឡេង បងស្រីទី៣ឈ្មោះ លាង ឆៃអ៉ីុម ជាកូនទី៤ ប្អូនស្រីទី៥ឈ្មោះ គឹមហេង ប្អូនប្រុសទី៦ឈ្មោះ ប៊ុនម៉េង ប្អូនស្រីទី៧ មួយអេង ប្អូនស្រីទី៨ ប៊ុនសេង និងប្អូនប្រុសទី៨ តាំងឆេង។ ឆៃអ៉ីម បានរៀបការជាមួយប្តីឈ្មោះ ទន់ តាំ នៅ ឆ្នាំ ១៩៧០ និងមានកូនប្រុសស្រីចំនួន ៩នាក់។ កាលពីកុមារភាព ដោយសារជីវភាពនៅក្នុងគ្រួសារមានការលំបាក និងមានបងប្អូនច្រើនទៀតផងនោះ ៃឆអ៉ីម បានឈប់រៀនត្រឹមថ្នាក់ទី៤ ចាស់ នៅសាលារៀនឃុំព្រែកបាក់។​ ក្នុងភូមិដែល ឆៃអ៉ីម រស់នៅក្នុងឆ្នាំ១៩៧០ ក្រោយមកមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុកើតឡើង មានចលនាតស៊ូមួយចំនួនបានកើតមានរួចទៅហើយ នៅក្នុងភូមិ។ អ្នកដឹកនាំចលនាតស៊ូប្រឆាំង នឹង​រដ្ឋប្រហារបាននាំគាត់ចូលទៅតាមភូមិ និងតាមខ្នងផ្ទះនីមួយៗ ដើម្បីប្រមូលប្រជាជនឡើងទៅធ្វើចលនាបាតុកម្មប្រឆាំងរដ្ឋប្រហារមួយនេះ នៅទីរួមខេត្តកំពង់ចាម។ ឆៃអ៉ីម ឮក្រុមចលនាតស៊ូប្រឆាំងនោះបានស្រែក ថា «ជយោ! សម្តេចឪ នរណាមិនទៅសម្លាប់ចោល» ។ នៅពេលដែលមានចលនាធ្វើបាតុកម្មនេះកើតឡើង ឪពុករបស់ឆៃអ៉ីម និងមនុស្សប្រុស នៅក្នុងភូមិមួយចំនួនធំបានចេញទៅធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាមផងដែល តាមរយៈផ្លូវទឹកដោយប្រើប្រាស់កាណូត។ ពេលដែល ឪពុក និងអ្នកភូមិបានធ្វើដំណើរចេញពីភូមិដែលខ្លួនបានរស់នៅដល់ ម្ដុំឃុំរអាង ស្រុកកំពង់សៀម ស្រាប់តែអ្នកភូមិនៅទីនោះបានហាមឃាត់មិនឱ្យបន្តដំណើរទៅមុខទៀតនោះទេ ដោយសារតែកាណូតដឹកអ្នកចូលរួមធ្វើបាតុកម្មដែលបានធ្វើដំណើរមកមុន ជាច្រើនគ្រឿង ត្រូវបានកងទ័ពរបស់លន់ នល់បានបាញ់ និងមានខ្លះលិចចូលទន្លេទៀតផង។

នៅក្នុងឆ្នាំ ១៩៧៣ ពេលដែលកងទ័ពរំដោះខ្មែរក្រហមបានចូលកាន់កាប់ នៅក្នុងភូមិ ឆៃអ៉ីម រស់នៅ ខ្មែរក្រហម ចាប់ផ្តើមបង្កើតជាសហការណ៍មួយឡើងនៅក្នុងភូមិដោយប្រមូលគោក្របី និងសម្ភារខ្លះទៀតចូលជារបស់ប្រើប្រាស់រួមនៅក្នុងភូមិ។​ ការងារនៅពេលនោះខ្មែរក្រហមបានប្រើ ឆៃអ៉ីម និងអ្នកភូមិឱ្យធ្វើស្រែ និងចម្ការ។

ក្រោយពេលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់អំណាច នៅ ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានចាប់ផ្ដើមឱ្យប្រជាជនប្រមូលយកសម្ភារទាំងអស់ មិនអនុញ្ញតឱ្យប្រជាជនមានអ្វីក្រៅពីខោអាវ មួយកំផ្លេជាប់នឹងខ្លួន ចប១ បង្គី១ ចានបាយ១ និងស្លាបព្រា១។ នៅក្នុងឆ្នាំ ១៩៧៥ នោះ ឆៃអ៉ីម ដំបូងមិនទាន់បានចេញទៅធ្វើការនៅឆ្ងាយនោះទេ ដោយសារតែខ្លួន ទើបនឹងសម្រាលកូន បាន ២ខែ ដូចនេះ ខ្មែរក្រហម អនុញ្ញតឱ្យសម្រាកនៅផ្ទះ មើលថែកូនបានមួយរយៈសិន។ ទោះបីជានៅផ្ទះមើលថែកូន ក៏ ខ្មែរក្រហមប្រើឱ្យមើលក្មេងៗ តូចៗ ប៉ុន្មាននាក់ទៀតនៅក្នុងភូមិជាមួយជីដូនៗ ដែលមានវ័យចំណាស់នៅក្នុងភូមិផ្សេងទៀតផងដែរ។

ក្រោយពីពេលដែលនៅមើលកូនខ្លួនឯងបាន ២ខែក្រោយមក ឆៃអ៉ីម ក៏ត្រូវបានខ្មែរក្រហមឱ្យទៅធ្វើការនៅទួលឃ្លាំង ហើយកូនរបស់ ឆៃអ៉ីម ត្រូវបានដាក់ឱ្យម្តាយមើលវិញ ហើយនៅពេលដែលដល់ម៉ោងសម្រាប់នៅម៉ោង ១១ ថ្ងៃត្រង់ ឆៃអ៉ីម ត្រូវដើរពីវាលត្នោត នៅម្តុំទួលឃ្លាំងមកផ្ទះ ដើម្បីឱ្យបំបៅដោះកូន រួចទើបត្រឡប់ទៅកាន់ការដ្ឋានវាលត្នោតនោះវិញ រហូតដល់ម៉ោង ៥ល្ងាចទើបបានត្រឡប់មកផ្ទះវិញ។ នៅ ឆ្នាំ​១៩៧៥-១៩៧៦​ ឆៃអ៉ីម ក៏ត្រូវបានខ្មែរក្រហមតាមដានរហូតដែល ដោយសារតែគ្រួសារ ជាប់ខ្សែស្រឡាយវៀតណាម ហើយឪពុករបស់ ឆៃអ៉ីម ដែលជាកូនចិនកាត់វៀតណាម ត្រូវបានខ្មែរក្រហមសម្លាប់ទំលាក់ចូលក្នុងទឹកទន្លេ កោះតុតកែ ហូររហូតចូលមកក្នុងភូមិ ដែលមានអ្នកភូមិបានឃើញរួចមកប្រាប់ម្តាយ និងប្រាប់ ឆៃអ៉ីម ពីការសម្លាប់របស់ឪពុក ដោយត្រូវបានខ្មែរក្រហមវះ​ យកគ្រឿងក្នុងផងដែរ។

ក្រោយពីធ្វើការវាលត្នោតរួចហើយ ឆៃអ៉ីម ក៏ត្រូវបានខ្មែរក្រហមបញ្ជូនទៅកាន់ការដ្ឋាន នានា នៅក្នុងស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម ដូចជា ទំនប់ ដៃស្វា វាលត្នោត និងធ្វើជាអ្នកស្ទូងស្រូវ ច្រូតស្រូវ នៅតាមវាល នៅក្នុងស្រុកស្ទឹងត្រង់ផងដែរ។ អ្វីដែល ឆៃអ៉ីម ចង់ចាំមិនភ្លេចពីរបបខ្មែរក្រហមគឺ ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការហួសកម្លាំង និងការបែកបាក់ក្រុមគ្រួសារ ដូចជា ឪពុក ម្តាយមីង និងយាយរបស់ខ្លួន ដែលត្រូវបានខ្មែរក្រហមសម្លាប់យ៉ាងសាហាវនៅក្នុងសម័យនោះ។ ឆៃអ៉ីម ចង់ឱ្យក្មេងជំនាន់បន្តសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ពីរបបខ្មែរក្រហម និងរួបរួមគ្នាការពារកុំឱ្យមានរបបមួយនេះកើតមានឡើងម្ដងទៀតនៅក្នុងប្រទេសកម្ពុជា។

អត្ថបទដោយ លី ដេវីត


[1] សរ ឆៃអ៉ីម «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ លី ដេវីត ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin